ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ​សង្ឃរា Dorian ដ៏​មហន្តរាយ បោកបក់​ចំ​កោះ Bahamas


ដើម​ត្នោត​ដួល ដោយសារ​តែ​ព្យុះ Dorian នៅ​លើ​កោះ Grand Bahama ប្រទេស​បាហាម៉ា កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។
ដើម​ត្នោត​ដួល ដោយសារ​តែ​ព្យុះ Dorian នៅ​លើ​កោះ Grand Bahama ប្រទេស​បាហាម៉ា កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

ចំណុច​កណ្ដាល​នៃ​ខ្យល់​ព្យុះ​សង្ឃរា Dorian កំពុង​ធ្វើ​ដំណើរ​កាត់​តាម​កោះ Grand Bahama ដោយ​មាន​កម្លាំង​ខ្យល់​ព្យុះ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ខ្យល់​ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ និង​ខ្យល់​បោកបក់​ខ្លាំង ដែល​អ្នក​ព្យាករណ៍​អាកាសធាតុ​ហៅ​ថា​ជា​ខ្យល់ «មហន្តរាយ‍»។

ខ្យល់​ព្យុះ Dorian នេះ​បង្ក​ជា​គ្រោះថ្នាក់​បន្ថែម​ទៀត​ដល់​កោះ Grand Baham ដោយសារ​វា​មាន​ល្បឿន​យឺតៗ។ ខ្យល់​ព្យុះ​នេះ​រំកិល​យឺតៗ​ទៅ​កាន់​ទិស​ខាង​លិច​ក្នុង​ល្បឿន​តែ ៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង​បំផុត​មាន​ល្បឿន ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អ្នក​ព្យាករណ៍​អាកាសធាតុ​នៃ​មជ្ឈមណ្ឌល​ខ្យល់​ព្យុះ​សង្ឃរា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ពួកគេ​រំពឹង​ថា ខ្យល់​ព្យុះ Dorian នេះ នឹង «បន្ត​ល្បឿន​យ៉ាង​ខ្លាំង​ទៅ​កាន់​កោះ Grand Bahama កាល​ពី​យប់​មិញ និង​ភាគ​ច្រើន​បំផុត​នៅ​ថ្ងៃ​ចន្ទ​នេះ‍»។

ពួកគេ​បាន​និយាយ​ថា ខ្យល់​ព្យុះ​នេះ​អាច​បង្អុរ​ភ្លៀង​កម្ពស់​ពី ៣០ ទៅ ៦០ សង់ទីម៉ែត្រ នៅ​ទូទាំង​ភាគ​ពាយ័ព្យ​នៃ​កោះ Bahamas ដោយ​តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​កម្ពស់ ៧៥ សង់ទីម៉ែត្រ។

នាយករដ្ឋមន្ត្រី​ប្រទេស​ដី​កោះ Bahamas លោក Hubert Minnis បាន​និយាយ​ថា ថ្ងៃ​អាទិត្យ​ម្សិលមិញ​គឺ​ជា «ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក‍»។

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង Nassau ដូច្នេះ​ថា៖ «មនុស្ស​ភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស​ព្រមាន​នេះ។ មនុស្ស​ភាគ​ច្រើន​មិន​ព្រម​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង។ ខ្ញុំ​ត្រឹមតែ​អាច​ប្រាប់​ពួកគេ​ថា ខ្ញុំ​សង្ឃឹម​ថា នេះ​មិន​មែន​ជា​ពេលវេលា​ចុង​ក្រោយ​ដែល​ពួកគេ​ឮ​សម្ដី​របស់​ខ្ញុំ​នោះ​ទេ‍»។

អាជ្ញាធរ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​ការ​ព្រមាន និង​បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញ​ពី​តំបន់​ដែល​ងាយ​រងគ្រោះ​បំផុត។ បទ​បញ្ជា​ជម្លៀស​ចេញ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ Georgia និង​រដ្ឋ South Carolina៕

XS
SM
MD
LG