ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​គាំទ្រ​លោក Trump


លោក Ben Carson អតីត​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​ប្រកាស​ថា លោក​នឹង​គាំទ្រ​លោក Donald Trump ក្នុង​សន្និសីទ​កាសែត​មួយ​នៅ Mar-A-Lago Club កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុង​រដ្ឋ Florida។
លោក Ben Carson អតីត​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​ប្រកាស​ថា លោក​នឹង​គាំទ្រ​លោក Donald Trump ក្នុង​សន្និសីទ​កាសែត​មួយ​នៅ Mar-A-Lago Club កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុង​រដ្ឋ Florida។

កាល​ពី​ថ្ងៃ​សុក្រ​ លោក Ben Carson អតីត​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​គាំទ្រ​លោក Donald Trump បេក្ខជន​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​រដ្ឋ Florida លោក Carson ដែល​ជាវេជ្ជបណ្ឌិត​វះ​កាត់​សរសៃ​ប្រសាទ​ចូល​និវត្តន៍​បាន​និយាយ​ថា​ លោក​បាន​និយាយ​ជាមួយ​លោក​ Trump ហើយ​យល់​ថា «មាន​ការ​ត្រូវ​គ្នា​ទាំង​ខាង​ទស្សនវិជ្ជា​ និងខាង​ជំនឿ​សាសនា​ច្រើន​ជាង​ការ​ខ្ញុំ​បាន​គិត​ពី​ពេល​មុន»។

លោក​ Trump បាន​ណែនាំ​ខ្លួន​ទៅ​លោក​ Carson ដោយ​បាន​ពណ៌នា​លោក​ថា​ជា «បុគ្គល​ពិសេស» ម្នាក់​និង​ជា «មិត្ត» ម្នាក់។​

បុរស​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ​ថា ​អស់​លោក​បាន​ធ្វើ​ចលនា​ហួស​ពី​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត។ លោក Carson បាន​ថ្លែង​ថា «យើង​ត្រូវ​គ្នា​វិញ​ហើយ។ នោះ​ជា​រឿង​នយោបាយ»។

នៅ​ពេល​នេះ​លោក Trump បាន​ទទួល​ការ​គាំទ្រ​ពី​អតីត​អ្នក​ប្រជែង​ពីរ​នាក់។​លោក​ Chris Christie អតីត​អភិបាល​រដ្ឋ​ New Jersey បាន​គាំទ្រ​លោក Trump កាល​ពី​ខែ​មុន។

លោក Carson បាន​បញ្ឈប់​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​ដើម​ខែ​មីនា​នៅ​ក្រោយ​លោក​បាន​ទទួល​លទ្ធផល​នាំ​ឱ្យ​ស្រងាកចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

ការ​គាំទ្រ​របស់់​លោក Carson ដល់​លោក Trump ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ Florida នៅ​ថ្ងៃ​អង្គារ​ក្រោយ។​ រដ្ឋ​នេះ​ជា​រង្វាន់​ធំ​មួយ​ក្នុង​បណ្តា​រង្វាន់​ធំៗ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​ស.រ.អា.​នៅ​ឆ្នាំ២០១៦។​បេក្ខជន​ណា​ម្នាក់​ដែល​មាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​នឹង​ទទួល​ប្រតិភូ​ទាំង​អស់​របស់​រដ្ឋ​នេះ​ដែល​ជា​ការ​ចាំបាច់​សម្រាប់​ទទួល​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ។ ​ការ​ស្ទង់​មតិ​បញ្ជាក់​ថា​លោក​ Trump ​នាំ​មុខ​គេ​នៅ​ក្នុង​រដ្ឋ​ Florida ខាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG