កាលពីថ្ងៃព្រហស្បតិ៍ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណានៅតែកើនឡើងច្រើនថែមទៀតនៅក្នុងប្រទេសចិននៅពេលគេរាយការណ៍ថាអាជ្ញាធរក្រុង Wuhan បានត្រូវបញ្ជាឱ្យប្រមែប្រមូលអ្នកស្រុកដែលមានផ្ទុកមេរោគនៅក្រុងនេះ។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៥៦៣នាក់បានស្លាប់ដោយសារវីរុសនេះ កើនឡើង៧៣នាក់ពីចំនួនជិត៥០០នាក់កាលពីមួយថ្ងៃមុននោះ ហើយថាចំនួនអ្នកមានផ្ទុកមេរោគនេះបានកើនឡើងដល់២៨,០១៨នាក់ហើយ។ ចំនួនមនុស្សស្លាប់កាលពីថ្ងៃព្រហស្បតិ៍ជាចំនួនមនុស្សបាត់បង់ជីវិតច្រើនបំផុតក្នុងពេលមួយថ្ងៃចាប់តាំងពីមានការរាតត្បាតជំងឺនេះកាលពីខែធ្នូមក។
មានករណីមនុស្សផ្ទុកវីរុសនេះប្រមាណ១៥០នាក់នៅក្នុងប្រទេស២៣ដោយមានអ្នកជំងឺម្នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន ដែលជាអ្នកស្លាប់ដំបូងគេនៅខាងក្រៅប្រទេសចិននិងមានមនុស្សម្នាក់ទៀតបានបាត់បង់ជីវិតនៅហុងកុង។
បើតាមរាយការណ៍ជាច្រើននៅក្នុងបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនថាវេជ្ជបណ្ឌិតចិនដែលបានព្រមានជាសាធារណៈអំពីវីរុសមួយកាលពីខែធ្នូបានទទួលអនិច្ចកម្មហើយដោយសារវីរុសកូរ៉ូណា។ នៅក្រោយការព្រមានរបស់លោក ប៉ូលិសបានចោទប្រកាន់លោកវេជ្ជបណ្ឌិត Li Wenliang ថា«ផ្សព្វផ្សាយពាក្យចចាមអារាមតាមអ៊ីនធឺណិត» និង «បង្អាក់ធ្ងន់ធ្ងរដល់របៀបរៀបរយសង្គម»។
បើតាមសារព័ត៌មាន The New York Times ថាលោកឧបនាយករដ្ឋមន្ត្រីចិន Sun Chunlan បានបញ្ជាដល់អាជ្ញាធរក្រុង Wuhan ឱ្យប្រមែប្រមូលអ្នកស្រុកដែលមានជំងឺនេះទាំងអស់នៅក្នុងក្រុងនេះដែលមានប្រជារាស្ត្រ១១លាននាក់ហើយដាក់ពួកគេឱ្យនៅដាច់ពីគេឬដាក់ពួកអ្នកជំងឺទាំងនេះនៅក្នុងមន្ទីរពេទ្យពិសេស។
អាជ្ញាធរសុខាភិបាលជប៉ុននិយាយថាមនុស្ស១០នាក់ថែមទៀតនៅក្នុងនាវាដឹកអ្នកដំណើរកម្សាន្តឆ្លងកាត់សមុទ្រមួយគ្រឿងបានត្រូវរកឃើញថាមានផ្ទុកវីរុសនេះដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់នៅក្នុងប្រទេសចិននិងនាំឱ្យមានការប្រកាសភាពអាសន្នខាងសុខភាពសាកលផងដែរ៕