ក្បួនដើររបស់ពួកជនចំណាកស្រុកដែលធ្វើដំណើរមកពីប្រទេសនៅតំបន់អាមេរិកកណ្តាលបានបន្តដំណើរដ៏គ្រោះថ្នាក់របស់ពួកគេឆ្ពោះទៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បន្ទាប់ពីបានឈប់សំចតកាលពីថ្ងៃអង្គារ ដើម្បីកាន់ទុក្ខអ្នករួមដំណើរម្នាក់ដែលបានស្លាប់ដោយសារគ្រោះថ្នាក់នៅតាមផ្លូវ និងឧបសគ្គជាច្រើនទៀតនៅអំឡុងពេលនៃការធ្វើដំណើររបស់ពួកគេ។
ក្បួនដើររបស់ជនចំណាកស្រុកបែបនេះបានត្រូវធ្វើឡើងជាច្រើនឆ្នាំដោយគ្មានការចាប់អារម្មណ៍ពីសាធារណៈ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រើប្រាស់បញ្ហាជនចំណាកស្រុកនេះ ដើម្បីធ្វើការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ខែវិច្ឆិកាខាងមុខនេះ។
លោក TrumpបានសរសេរសារតាមTwitter កាលពីថ្ងៃពុធថា រដ្ឋបាលលោកនឹងមិនទទួលយកជនចំណាកស្រុកចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ទាំងនេះទេ។ លោកបានស្នើឲ្យអ្នកដែលមានបំណងធ្វើការតស៊ូមតិដើម្បីការធ្វើអន្តោប្រវេសន៍ខុសច្បាប់នេះគួរក្រលេកមើលវិបត្តិជនអន្តោប្រវេសន៍នៅទ្វីបអឺរ៉ុប ដោយលោកបានពណ៌នាការណ៍នេះថាជា វិបត្តិដ៏ធ្ងន់ធ្ងរមួយ។
លោក Trump បានរិះគន់ចំពោះភាពចម្រូងចម្រាសនៃបញ្ហាជនចំណាកស្រុកទាំងនេះចាប់តាំងពីថ្ងៃចន្ទមក ដោយលោកបាននិយាយទាំងគ្មានអំណះអំណាងថា ក្រុមឧក្រិដ្ឋជន និងជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ាកំពុងនៅលាយឡំជាមួយនឹងពួកជនចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាលទាំងនេះដែលមានបំណង់ចូលក្នុងសហរដ្ឋអាមេរិក។
ទីប្រឹក្សាប្រធានាធិបតីលោកស្រី Kellyanne Conway បានថ្លែងការពារការលើកឡើងទាំងនេះរបស់លោកប្រធានាធិបតី និងបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា ពួកគេមិនបានដឹងថា លោកបានទទួលព័ត៌មានអ្វីខ្លះនោះទេ ប៉ុន្តែលោកស្រីបាននិយាយថា«ខ្ញុំអាចសន្យាចំពោះបានអ្នកថា លោកប្រធានាធិបតីដឹងច្រើនជាងអ្វីដែលអ្នក និងខ្ញុំបានដឹងអំពីព័ត៌មាននេះ»៕