«កម្ពុជាសម្លឹងទៅមុខ»៖ គោលនយោបាយសារពើពន្ធ
សម្ភាសដោយ ផន បុប្ផា ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសប្រទេសមានប្រាក់ចំណូលខ្ពស់ និងមធ្យម យើងឃើញថា រដ្ឋាភិបាលទាំងនោះអនុវត្តគោលនយោបាយសារពើពន្ធ ដោយយកពន្ធស្ទើរតែគ្រប់វិស័យ ដូចជាពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងអចលនទ្រព្យជាដើម។ ការយកពន្ធទាំងនេះ មានសារៈសំខាន់ ព្រោះវាអនុញ្ញាតឲ្យរដ្ឋាភិបាលមានធនធានទប់ទល់នឹងការចំណាយជាតិទូទៅ ដូចជាលើសេវាកម្មសាធារណៈ និងគម្រោងអភិវឌ្ឍក្នុងប្រទេសជាដើម។
ដោយឡែក នៅកម្ពុជាដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបមួយ គោលនយោបាយសារពើពន្ធ និងការអនុវត្តគោលនយោបាយនេះ មានសភាពថ្មីថ្មោងដែលកំពុងឆ្លងកាត់កំណែទម្រង់នានា ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលបានប្រាក់ចំណូលច្រើនពីការប្រមូលពន្ធ។ សំខាន់ តើកម្ពុជាគួរធ្វើអ្វីខ្លះ ដើម្បីអនុវត្តគោលនយោបាយពន្ធដារមួយ ដែលផ្តល់ផលប្រយោជន៍ដល់ទាំងរដ្ឋ និងទាំងពលរដ្ឋ នាពេលអនាគត?
ស្តាប់ភាគទី ៦ លើបណ្តាញ Apple Podcasts និង Google Podcasts
លោក ជាន សិទ្ធិគុណ អ្នកស្រាវជ្រាវឯករាជ្យនិងអ្នកនិពន្ធមួយរូបក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ថ្លែងថា៖ « ដើម្បីឲ្យមានការចូលរួមរវាងប្រជាជននិងរដ្ឋ ក៏បានទទួលចំណូលនោះ គឺ ទី១ យើងត្រូវ promote [លើកកម្ពស់] វប្បធម៌ស្ម័គ្រចិត្តក្នុងការបង់ពន្ធ ប៉ុន្តែដើម្បីឲ្យប្រជាជនមានការស្ម័គ្របង់ពន្ធ ក៏យើងត្រូវមានតម្លាភាព good governance [អភិបាលកិច្ចល្អ] របស់រដ្ឋាភិបាលដែរ។ នៅពេលដែលខ្ញុំបង់ពន្ធ ១ ដុល្លារដែលខ្ញុំបង់ពន្ធហ្នឹង ថាតើគាត់យកចាយវាយទៅលើរបស់អ្វី បាទ។ នៅពេលដែលខ្ញុំបង់ពន្ធហ្នឹង តើនៅពេលដែលខ្ញុំចូលនិវត្តន៍ទៅ ខ្ញំុនឹងបានអ្វីមកវិញ»។
ការប្រមូលពន្ធរបស់រដ្ឋាភិបាលលើអាជីវកម្ម សហគ្រាស មូលធន និងពលរដ្ឋ គឺជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការអនុញ្ញាតឲ្យរដ្ឋាភិបាលមានប្រាក់ចំណូល ដើម្បីទប់ទល់នឹងការចំណាយលើសេវាសាធារណៈ ប្រាក់បៀរវត្សដល់បុគ្គលិករដ្ឋ គម្រោងអភិវឌ្ឍនានាដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ និងទូរគមនាគមន៍ជាដើម។ នៅកម្ពុជា ដំណើរការប្រមូលពន្ធដោយរដ្ឋ បានចាប់ផ្តើមឡើងជាបណ្តើរៗពីឆ្នាំ ១៩៩៨ មក បន្ទាប់ពីកម្ពុជាបានរួចផុតពីជម្លោះនយោបាយផ្ទៃក្នុង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយកំណែទម្រង់ពន្ធដារ ដោយផ្តោតលើប្រសិទ្ធភាពនៃការប្រមូលពន្ធ។ កាលពីខែកក្កដាកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រមូលពន្ធក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ១,៦៨ ពាន់លានដុល្លារអាមេរិក លើពន្ធជាច្រើនប្រភទនៅកម្ពុជាដូចជា ពន្ធលើអចលនទ្រព្យ ពន្ធអាករ ពន្ធលើប្រាក់ចំណូល។
លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីអប់រំរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីខែកុម្ភៈថា៖ «ពន្ធលើប្រាក់ចំណូលនេះ ជាទូទៅ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលគ្រប់ប្រភព និងជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា»។
ហើយថ្មីៗនេះ រដ្ឋាភិបាលបានចេញប្រកាសមួយ អនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារចាប់ផ្តើមអនុវត្តគោលនយោបាយពន្ធចំណេញមូលធនក្នុងអត្រា ២០ភាគរយ នៅឆ្នាំ ២០២១ខាងមុខនេះ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ Fresh News កាលពីខែសីហា ថា៖ «ពន្ធចំណេញមូលធននេះ ជារឿងអចលនទ្រព្យ។ អចលនទ្រព្យ និងមូលធនផ្សេងៗទៀត ដែលមាននៅក្នុងអាជីវកម្ម ឧទាហរណ៍ថា Stock Market ក៏ជាមូលធនដែរ បាទ។ សួរថា នៅក្នុងបណ្តាប្រទេសទូទៅនៅក្នុងពិភពលោក ថាមានគេយកអត់? គឺគេយក ពន្ធមូលធននេះ បើនៅប្រទេសបារាំង នៅអូស្ត្រាលីនៅអី ពន្ធចំណេញមូលធននេះ គឺគេយកច្រើន»។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០១៩ រកឃើញថា កម្ពុជាទទួលបានប្រាក់ចំណូលល្អប្រសើរជាងការរំពឹងទុក សម្រាប់ឆ្នាំ ២០១៨ ដែលជាលទ្ធផល នាំឲ្យមានអតិរេកថវិកា ឬថវិកាសល់ពីការចំណាយជិតស្មើនឹង ១ ភាគរយនៃផលិតផលសរុបក្នុងស្រុក ឬ GDP ប្រមាណ ២៤ ពាន់លានដុល្លារ។ របាយការណ៍នេះក៏រំពឹងថានឹងមានអតិរេកថវិកា ឬថវិកាសល់ពីការចំណាយ ក្នុងឆ្នាំ២០១៩ផងដែរ ដោយផ្អែកលើចំណូលពន្ធដ៏ល្អ ដែលបានកើនដល់ ១៨,៧ ភាគរយនៃផលិតផលសរុបក្នុងស្រុក ឬ GDP ។
កាលពីខែធ្នូឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពីភាពជោគជ័យនៃការអនុវត្តកែទម្រង់គោលនយោបាយសារពើពន្ធ ថា៖ «ខ្ញុំអាចនិយាយដោយមោទនភាពថា កំណែទម្រង់ដែលយើងបានធ្វើ បានទទួលផលល្អណាស់។ សម្រាប់ចំណូលខាងផ្នែកពន្ធដារ គឺត្រូវរកឲ្យបាន ២២៨៨លានដុល្លារ ប៉ុន្តែឥឡូវនេះ រកបាន ចំណូលបាន ២៦៣៤លាន រួចស្រេចទៅហើយ ដែលលើសការគ្រោងទុកចំនួន ៣៤៥ លាន។ នេះជាថវិកាដែលល្អ។ នេះជាចំណូលសារពើពន្ធ »។
ទោះជាយ៉ាងណាក្តី របាយការណ៍របស់ IMF បានសន្និដ្ឋានថា ប្រាក់ចំណូលរបស់កម្ពុជា អាចថមថយនៅឆ្នាំ ២០២០ ដោយសារតម្រូវការនៃការចំណាយច្រើន ជាពិសេសក្នុងគ្រាវិបត្តិសុខភាពជំងឺកូវីដ១៩។ IMF ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជាឱ្យផ្អាកការចំណាយរបស់ខ្លួនលើអ្វីដែលមិនទាក់ទងនឹងការអភិវឌ្ឍ និងបន្តពង្រឹងចំណូលពន្ធ តាមរយៈយុទ្ធសាស្ត្រប្រមូលចំណូលថ្មីឆ្នាំ ២០១៩-២០២៣ របស់ខ្លួន ដែលផ្តោតខ្លាំងលើការប្រមូលពន្ធអចលទ្រព្យ ពន្ធអាករ ពន្ធលើប្រាក់ចំណូល តាមរយៈការបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
អំពីវាគ្មិន៖ លោក ជាន សិទ្ធិគុណ
មានដើមកំណើតនៅខេត្តបាត់ដំបង លោក ជាន សិទ្ធិគុណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ ផ្តោតលើគោលនយោបាយសេដ្ឋកិច្ច ពីសាកលវិទ្យាល័យជាតិអូស្ត្រាលី Australian National University កាលពីឆ្នាំ ២០១៧ បន្ទាប់ពីលោកបានចំណាយពេលជាច្រើនឆ្នាំប្រឡូកនិងដកស្រង់បទពិសោធន៍ការងារក្នុងវិស័យហរិញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយបម្រើការងារឲ្យស្ថាប័នរដ្ឋ និងឯកជនជាច្រើនឆ្នាំ។ ការទទួលបានការអប់រំជាន់ខ្ពស់ពីប្រទេសអូស្ត្រាលីនេះ ដែលលោកបានរស់នៅទីនោះរយៈពេលប្រមាណ ២ ឆ្នាំ បានជំរុញឲ្យលោក សិទ្ធិគុណ យកចិត្តទុកដាក់លើគោលនយោបាយសារពើពន្ធ និងការអនុវត្តគោលនយោបាយនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយ។ ខណៈកម្ពុជាកំពុងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបកែទម្រង់ជាច្រើន តាមរយៈការស្រាវជ្រាវរបស់លោក លោក សិទ្ធិគុណ សង្ឃឹមថា តាមរយៈការអនុវត្តគោលនយោបាយសារពើពន្ធដែលមានតម្លាភាព និងគណនេយ្យភាពក្រោមការដឹកនាំដែលមានអភិបាលកិច្ចល្អ កម្ពុជាអាចសម្រេចមានប្រព័ន្ធគោលនយោបាយសារពើពន្ធមួយ ដែលផ្តល់ប្រយោជន៍ដល់ទាំងរដ្ឋាភិបាល និងទាំងប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ៕