គណបក្សភ្លើងទៀនបានប្រតិកម្មទៅនឹងការព្រមាននានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) និងក្រសួងមហាផ្ទៃ ដោយថា គណបក្សមិនបានប្រើប្រាស់មធ្យោបាយទុច្ចរិត គាបសង្កត់ គំរាមកំហែង លួងលោម ទិញដូរសន្លឹកឆ្នោតពីអង្គបោះឆ្នោតរបស់ខ្លួន ឲ្យបោះឆ្នោតគាំទ្រគណបក្សណាមួយនោះទេ ដោយសារតែវាជាទង្វើផ្ទុយនឹងច្បាប់។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយនេះ។
គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោតជាង ២.០០០នាក់ បានបាត់បង់សិទ្ធិចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ព្រោះគណបក្សនៅមិនអាចបង្ហាញឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃជុំវិញការគាបសង្កត់អង្គបោះឆ្នោត អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា គណបក្សគ្មានបំណងទុច្ចរិតទៅគាបសង្កត់ គំរាមកំហែង ឬលួងលោមទិញដូរសន្លឹកឆ្នោតនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់រូបនេះក៏អះអាងដូចគ្នានេះផងដែរ ទាក់ទិនការព្រមានរបស់ស្ថាប័ន គ.ជ.ប។ លោកថា គណបក្សបានផ្តល់សិទ្ធិសេរីភាពដល់អង្គបោះឆ្នោតជាង ២ ពាន់នាក់ ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ ២០២២ ឲ្យធ្វើការសម្រេចចិត្តលើសន្លឹកឆ្នោតទៅតាមឆន្ទៈនយោបាយរបស់ពួកគេ។
លោកប្រាប់វីអូអេថា៖ «ជាទូទៅ គណបក្សភ្លើងទៀន ក៏ដូចជាបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សដៃគូរបស់យើង តែងតែគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយច្បាប់ផ្សេងៗទៀត ដែលកំពុង[មាន]ជាធរមាន នៅក្នុងកម្ពុជាយើង។ យើងមិនដែលប្រើប្រាស់មធ្យោបាយគំរាមកំហែង ឬបំភិតបំភ័យលើអង្គបោះឆ្នោត ឬក៏ជំរុញ ឬក៏បង្ខំឲ្យអង្គបោះឆ្នោតរបស់យើងបោះឆ្នោតឲ្យគណបក្សនេះ ឬគណបក្សនោះទេ»។
កាលពីថ្ងៃព្រហស្បតិ៍ គ.ជ.ប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានប្រើ ចំណាត់ការផ្លូវច្បាប់ចំពោះគណបក្សនយោបាយណាដែលធ្វើសកម្មភាពគំរាម និងទិញទឹកចិត្តអង្គបោះឆ្នោត ដោយហេតុថា សកម្មភាពទាំងនោះជាការរំលោភសិទ្ធិសម្រេចចិត្តរបស់អ្នកបោះឆ្នោត និងប៉ះពាល់ការសម្ងាត់ក្នុងដំណើរការបោះឆ្នោត។
ក្រសួងមហាផ្ទៃក៏ចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ដោយបានរៀបរាប់ថា ក្រសួងសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត ឲ្យបោះឆ្នោតជូនគណបក្សដែលខ្លួនបានជ្រើសរើស។
ទាំងស្ថាប័ន គ.ជ.ប និងក្រសួងមហាផ្ទៃមិនបានបញ្ជាក់ចំឈ្មោះគណបក្សណាមួយនោះទេ។
ប៉ុន្តែក្រសួងមហាផ្ទៃ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គណបក្សខ្លះបានគំរាមកំហែងលើអ្នកបោះឆ្នោតថា៖ «បើនរណាមិនបោះឆ្នោតឲ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះនឹងត្រូវប្រឈមនឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកហូតតួនាទីក្រុមប្រឹក្សាឃុំសង្កាត់»។
ក្រសួងមហាផ្ទៃថា រូបភាពនេះជាទម្រង់នៃការគំរាមកំហែងលើអ្នកបោះឆ្នោត និងជាអំពើដែលត្រូវបានផ្តន្ទាទោសតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងលោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាននៅឡើយទេ។
មាត្រា ១៤២ ថ្មីនៃ«ច្បាប់ស្តីពីវិសោធនកម្មបោះឆ្នោត» ដែលព្រះមហាក្សត្រឡាយព្រះហស្ថកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ ចែងថា ចំពោះជនណា ដែលធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាស ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត និងឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃជាដើមនោះ ជននោះត្រូវផាកពិន័យជាប្រាក់ពី ៥ លានរៀលទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលដែលតាមដានការបោះឆ្នោតនៅកម្ពុជា លោក កន សាវាង្ស ថ្លែងថា ការឃោសនាបោះឆ្នោត គឺសំដៅដល់ការបញ្ចុះបញ្ចូល អំពាវនាវ លើកទឹកចិត្ត និងពន្យល់អំពីគោលនយោបាយរបស់គណបក្សនីមួយៗឲ្យអង្គបោះឆ្នោតសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សនោះ។ លោកបន្ថែមថា ការធ្វើដូច្នេះជាការអនុវត្តស្របតាមច្បាប់ ប៉ុន្តែបើមានការធ្វើសកម្មភាពទិញសន្លឹកឆ្នោត ការប្រើអំពើហិង្សា និងការគំរាមកំហែងដល់អ្នកបោះឆ្នោតនោះ ទង្វើនោះត្រូវបានចាត់ទុកថា ខុសច្បាប់។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «កន្លងមក គណបក្សនយោបាយមួយៗក៏ធ្លាប់ដែរ មានការបញ្ចុះបញ្ចូល មានការអំពាវនាវ មានការឃោសនាឲ្យបោះឆ្នោតឲ្យគណបក្សនយោបាយខ្លួន។ អាហ្នឹងកន្លងមកគឺមាន។ ហើយវាមិនមែនជារឿងខុសច្បាប់ទេ។ អ្វីដែលចាត់ទុកថា ខុសច្បាប់គឺជាការទិញសន្លឹកឆ្នោត ការប្រើអំពើហិង្សា ការគំរាមកំហែង ការបង្ខំអ្នកបោះឆ្នោត ការធ្វើឲ្យមានការភាន់ច្រឡំ អាហ្នឹងបានជាអំពើមួយ ដែលវាខុសជាមួយច្បាប់»។
ការបោះឆ្នោតព្រឹទ្ធសភា ឬហៅថា ការបោះឆ្នោតអសកល នាពេលដ៏ខ្លីខាងមុខនេះនឹងមានគណបក្សចំនួន៤ចូលប្រកួតប្រជែង ដណ្តើមអាសនៈដែលមានចំនួន៦២នៅព្រឹទ្ធសភា។ គណបក្សកាន់អំណាចមានអង្គបោះឆ្នោតច្រើនជាងគេចំនួនជាង៩០០០នាក់។ ចំណែកគណបក្សភ្លើងទៀនដែលគ្មានសិទ្ធិចូលរួមការបោះឆ្នោតមានអង្គបោះឆ្នោតជាង ២.០០០នាក់។ ទោះបីគណបក្សនេះមិនអាចចូលប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាបាននៅពេលនេះក៏ដោយ តែគណបក្សប្រឆាំងមួយនេះបានប្រគល់សិទ្ធិឲ្យគណបក្សឆន្ទៈខ្មែរ ដែលចងសម្ព័ន្ធភាពជាមួយខ្លួនឈរឈ្មោះជំនួស។
គណបក្សពីរទៀត គឺរួមមានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សចាស់វស្សាមួយ មានអង្គបោះឆ្នោតជាង ២០ នាក់ ចំណែកគណបក្សថ្មី ដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ គឺគណបក្សកម្លាំងជាតិ មិនមានអង្គបោះឆ្នោតរបស់ខ្លួននោះទេ។ ដូច្នេះ អង្គបោះឆ្នោតសរុប មានចំនួន ១១.៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង ដែលកើតចេញពីការបោះឆ្នោតសកលចំនួនពីរលើក នៅឆ្នាំ ២០២២ និង ២០២៣៕
វេទិកាបញ្ចេញមតិ