ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ដែល​ថា«ប្រជាធិបតេយ្យ​កាន់តែ​ចុះខ្សោយ»


រូបឯកសារ៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វអូអេ)
រូបឯកសារ៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វអូអេ)

រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធ​នឹងការ​ចុះ​ផ្សាយ​នា​ពេលថ្មីៗ​របស់​សារព័ត៌មាន​ក្នុង​ប្រទេស​ជប៉ុន​មួយ ដែល​បាន​សម្ភាស​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​។

រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល អំពី​ប្រជាធិប​តេយ្យ​កាន់​តែ​ចុះ​ខ្សោយ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ​មាន​លក្ខណៈ​ជា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ទាំង​បំពាន និង​ខុស​ពី​ការ​ពិត។ នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល ដែលត្រូវបានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ដ​កស្រង់​នូវការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន Nikkei Asia ​របស់​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​កុម្ភៈ និង​ការ​ផ្សាយ​បន្ត​ដោយ​វិទ្យុ​បារាំង ជា​ភាសាខ្មែរ​ថា​៖ «តាម​រយៈ​ការ​ដក​ស្រង់​សម្តី​របស់​សារព័ត៌មាន​ទាំង​ពីរ ​លោក ទាវ វណ្ណុល ​បាន​អះអាង​ថា​រាជរដ្ឋា​ភិបាល​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក ដើម្បី​ឃ្លាំមើល​សកម្មភាព​២៤​ម៉ោង​។ លោក ទាវ វណ្ណុល ក៏​បាន​និយាយ​ទៀតថា​រាជ​រដ្ឋា​ភិបាល​ដឹកនាំ​ដោយ​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត​ កាន់​តែ​អាក្រក់​ទៅ​ទាក់ទង​នឹង​ប្រជាធិប​តេយ្យ ​ដោយ​បាន​បន្ត​ចាប់​ខ្លួន​ក្រុម​ប្រកួត​ប្រជែង​នយោបាយ និង​ប្រជា​ពល​រដ្ឋ​ដែល​រិះគន់​រាជរដ្ឋាភិបាល​»។

អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល​បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​អះ​អាង​របស់​លោក ទាវ វណ្ណុល ​និង​ចោទ​លោក ទាវ វណ្ណុល​ ថា​មាន​«ចេតនា​អាក្រក់» ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រាជ​រដ្ឋាភិបាល។

សេចក្តីថ្លែង​ការណ៍​បញ្ជាក់​ថា​៖ «អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល ​ពិតជា​មាន​ចេតនា​អាក្រក់ ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រាជ​រដ្ឋា​ភិបាល ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ខិត​ជិត​ចូល​មក​ដល់ ហើយ​នេះ​គឺជា​ការ​សម្តែង​របស់​លោក ទាវ វណ្ណុល ដើម្បី​ទាក់​ទាញ​ការ​អាណិត​អាសូរ​ពី​សាធារណ​មតិ​ប៉ុណ្ណោះ។ នេះ​គឺជា​ភស្តុតាង​មួយ ដែលបញ្ជាក់​ពី​ការ​បញ្ចេញ​មតិ​ដោយ​រំលោភ​បំពាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា​ ប្រាប់​វីអូអេ​បន្ថែម​ថា ​ការ​ដាក់​កាមេរ៉ា​តាម​ទីសាធារណៈ ​គឺ​ដើម្បី​ត្រួត​ពិនិត្យ​ចរាចរណ៍ ​សុវត្ថិ​ភាព​ សណ្តាប់​ធ្នាប់​សង្គម មិន​មែន​ឃ្លាំ​មើល​សកម្មភាព​របស់​អ្នក​នយោបាយ​ណា​ម្នាក់​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ហើយ​បើ​គេ​ចង់​តាម​ដាន​គាត់ ​មាន​អ្នកណា​ទៅ​ដាក់​កាមេរ៉ា​មួយ​កន្លែង​ វា​អត់​ត្រូវ​ ដូច្នេះ​ការ​និយាយ​ហ្នឹង​ជា​ការ​និយាយ​មួល​បង្កាច់​ បង្ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ថា ​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញបាន​តាម​ដាន​គាត់​ ខណៈ​គេ​ដាក់​កាមេរ៉ា​ពេញ​តែ​ភ្នំពេញ​ តាម​ផ្លូវសាធារណៈ ដើម្បី​ត្រួត​ពិនិត្យ​ចរាចរណ៍ ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ផ្សេងៗ​សោះ​។ នេះ​ជា​ចេតនា​អាក្រក់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទាវ វណ្ណុល បាន​នៅ​ឡើយ​ទេ។

សារព័ត៌​មាន ​Nikkei បាន​សម្ភាសលោក ទាវ វណ្ណុល ​ស្រប​ពេល​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រយៈ​ពេល​មួយ​សប្តាហ៍​។

សារព័ត៌​មាន​របស់​ជប៉ុន​បាន​ចុះផ្សាយ​សម្តី​របស់​លោក ទាវ វណ្ណុល ​យ៉ាង​ដូច្នេះថា​៖ «រដ្ឋបាល​របស់​គាត់​[លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​] កាន់​តែ​យ៉ាប់​ទៅ​ៗ​ក្នុងលក្ខ​ខណ្ឌប្រជាធិប​តេយ្យ​។​ នៅ​កម្ពុជា ​មិនប្រជាធិប​តេយ្យ​នោះ​ទេ»។

លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះថា​ លោក​មិន​ទាន់​ដឹង​ព័ត៌​មាន​អ្វី​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ជុំវិញ​ករណី​នេះ ដូច្នេះ​លោក​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​វីអូអេ​សួរ​ទៅ​លោក ទាវ វណ្ណុល ដោយ​ផ្ទាល់។

បើ​តាម​លោក ​លី សុធារ៉ាយុត្តិ ​លោក ទាវ វណ្ណុល ​ប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ទៅបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​មួយសប្តាហ៍ ក្នុង​គោល​បំណង​ជួប​ជាមួយ​សកម្មជនគណបក្ស​ភ្លើង​ទៀន ដើម្បី​បញ្ជាក់​ពី​បច្ចុប្បន្នភាព​របស់​គណបក្ស និង​ជួប​មន្ត្រី​ទូត​នានា ដើម្បី​និយាយ​អំពី​លទ្ធិ​ប្រជា​ធិប​តេយ្យ និងការស្នើ​សុំ​ឱ្យជួយ​ពង្រឹង និង​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ថា ​អង្គការ​សិទ្ធិ​មនុស្សអន្តរ​ជាតិ ​(Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​មួយ ដោយ​លើក​ឡើង​ថា​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណ​បក្ស​ប្រឆាំង ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​សកម្ម​ជន​ដី​ធ្លី​ មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព​នៅ​តែ​កើត​មាន​ឡើង​។

អង្គការ​នេះ​រិះគន់​ថា ​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​មាន​«ភាព​យ៉ាប់​យ៉ឺន​បន្ថែម​ទៀត»​ក្នុង​ឆ្នាំ​ ២០២៣​។ អង្គការ​នេះ​អះអាង​ថា​ នាយក​រដ្ឋមន្រ្តី​ថ្មី​ លោក ​ហ៊ុន ម៉ាណែត ​ដែល​កាន់​អំណាច​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២២ ​ខែ​សីហា ​ឆ្នាំ​ ២០២៣ ​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG