នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau នាព្រឹកថ្ងៃអង្គារនេះ បានអះអាងទទួលជ័យជម្នះកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទីពីរនៅក្នុងការបោះឆ្នោតសភា បន្ទាប់ពីគណបក្សសេរីនិយមរបស់លោក បានឈ្នះអាសនៈគ្រប់គ្រាន់ និងនៅតែជាគណបក្សកាន់អំណាចក្នុងប្រទេសកាណាដា។
សាជីវកម្មផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា គណបក្សសេរីនិយមរបស់លោក Trudeau កំពុងនាំមុខដោយទទួលបានអាសនៈចំនួន១៥៧នៅក្នុងសភា ដែលចំនួនអាសនៈនេះនៅតិចជាងចំនួនអាសនៈ១៧០ដែលត្រូវការចាំបាច់ដើម្បីគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាដែលមានអាសនៈសរុបចំនួន៣៣៨។ លោក Trudeau នឹងត្រូវបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សប្រជាធិបតេយ្យថ្មី ឬ New Democrats ដែលនឹងទទួលបានអាសនៈចំនួន២៤។
លោក Trudeau បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោកដែលកំពុងអបអរសាទរចំពោះជ័យជម្នះរបស់លោកនៅឯទីស្នាក់ការបោះឆ្នោតក្នុងទីក្រុងម៉ុងរ៉េអាល់ថា «នៅយប់នេះពលរដ្ឋកាណាដានៅទូទាំងប្រទេសច្រានចោលការបែងចែកនិងភាពអវិជ្ជមាន។ ពួកគេបានបោះឆ្នោតគាំទ្រកម្មវិធីនយោបាយវឌ្ឍនភាពនិយម និងវិធានការខ្លាំងក្លាចំពោះការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលធ្លាប់បានប៉ះទង្គិចជាមួយនឹងលោក Trudeau ទាក់ទិននឹងបញ្ហាពាណិជ្ជកម្ម ព្រមទាំងការប្រែប្រួលអាកាសធាតុ ផងដែរនោះ បានបង្ហោះសារនៅលើ Twitter អបអរសាទរចំពោះជ័យជម្នះរបស់លោក Trudeau។
គណបក្សអភិរក្សនិយមដឹកនាំដោយលោក Andrew Sheer ដែលជាគូប្រជែងរបស់ គណបក្សសេរីនិយមរបស់លោក Trudeau ទទួលបានអាសនៈចំនួន១២១ ខណៈបានទទួលសំឡេងឆ្នោតសរុបជាង៦លាន បើធៀបទៅនឹងគណបក្សសេរីនិយមបានទទួលសំឡេងឆ្នោតចំនួន៥លាន៨សែន។
លោក Sheer បានប្រាប់ក្រុមអ្នកគាំទ្រថាលទ្ធផលបោះឆ្នោតនេះគូសបញ្ជាក់ឲ្យលោកនាយករដ្ឋមន្រ្តីដឹងថា គណបក្សអភិរក្សនិយមស្ថិតក្នុងចំណាត់ថ្នាក់បន្ទាប់ដើម្បីដឹកនាំរដ្ឋាភិបាល ហើយគណបក្សនឹងត្រៀមលក្ខណៈរួចរាល់ដើម្បីដណ្តើមជ័យជម្នះនៅក្នុងការបោះឆ្នោតបន្ទាប់៕