ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា​នឹង​ពង្រឹង​​ផ្នែក​ការពារ​ជាតិនិង​សន្តិសុខ​អ៊ីនធឺណិត​ក្នុង​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក


នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ចាប់ដៃជាមួយលោក Chan-o-cha នាយករដ្ឋមន្ត្រីថៃ ខណៈថតរូបជាមួយមេដឹកនាំអាស៊ានមកពី ៩ ប្រទេសលើកលែងមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន កាណាដា នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ចាប់ដៃជាមួយលោក Chan-o-cha នាយករដ្ឋមន្ត្រីថៃ ខណៈថតរូបជាមួយមេដឹកនាំអាស៊ានមកពី ៩ ប្រទេសលើកលែងមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន កាណាដា នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ប្រទេស​កាណាដាបាន​ដាក់​ចេញនូវយុទ្ធសាស្រ្តសម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​ កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ដោយ​បាន​បង្ហាញ​ពី​គម្រោង​ចំណាយ​ក្នុង​ទឹកប្រាក់​ ១​ពាន់​៧០០លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ​យោធា​និង​សន្តិសុខប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​នេះ និង​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាមួយចិន «ដែល​តែងធ្វើ​ការ​បង្អាក់» ខណៈ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ចិនលើ​បញ្ហា​បម្រែបម្រួលអាកាសធាតុនិង​ពាណិជ្ជកម្ម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​

ផែន​ការ​បង្ហាញ​លម្អិត​ចំនួន ២៦​ទំព័រនិយាយ​ថា កាណាដា​នឹង​ពង្រឹង​គោលការណ៍​វិនិយោគ​បរទេស​ ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា និង​រារាំងសហគ្រាស​រដ្ឋចិន​មិន​ឲ្យទន្ទ្រាន​យក​ការ​ផ្គត់ផ្គង់​ធនធាន​រ៉ែ​សំខាន់ៗ។

កាណាដាស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំង៤០​ ក្នុងតំបន់​ឥណ្ឌូប៉ាស៊ី​ហ្វិក ដែល​កំពុង​រីកចម្រើន​ខ្លាំង ដែល​មានសកម្មភាព​សេដ្ឋកិច្ច​ក្នុងទំហំ​ទឹកប្រាក់​ជិត ៣៧,៣​លាន​លាន​ដុល្លារ។ ប៉ុន្តែ​ការ​ផ្តោតចម្បង​គឺទៅ​លើប្រទេសចិន ដែល​ត្រូវ​បាន​លើកឡើង​ជាង៥០​ដង​ នៅ​ក្នុង​ឯកសារ​ផែនការ​ខាង​លើ ​ខណៈពេល​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កាណាដា​និង​ចិននៅ​បន្តមាន​ភាព​ល្អក់កករ​នោះ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau (ឆ្វេង) និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ឯកិច្ចប្រជុំ G20 នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (Prime Minister's Office/Handout via REUTERS)
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau (ឆ្វេង) និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ឯកិច្ចប្រជុំ G20 នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (Prime Minister's Office/Handout via REUTERS)

នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​ រដ្ឋមន្រ្តី​កាណាដា​ចំនួន​បួន​នាក់បាន​ផ្លាស់វេនគ្នា បង្ហាញ​លម្អិត​ពី​ផែនការ​ថ្មីដោយ​និយាយ​ថា យុទ្ធសាស្រ្ត​នេះ​គឺ​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ​ បញ្ហា​អាកាសធាតុ និង​គោលដៅ​សេដ្ឋកិច្ច​របស់​កាណាដា។ ​

រដ្ឋមន្រ្តី​ការបរទេស​កាណាដា​អ្នកស្រី Melanie Joly បាន​និយាយ​ថា៖ «យើង​នឹង​ប្រឡូកក្នុង​ផ្នែក​ការទូត​ពីព្រោះ​យើង​គិត​ថា​ការទូត​គឺ​ជាកម្លាំង​មួយ។ ស្របពេល​ដូចគ្នា​នេះ​ដែរ យើង​នឹង​បង្ហាញ​ភាព​មុតមាំ​ ហើយ​នេះ​ជា​ហេតុផល ​ដែល​ឥឡូវ​នេះ​ យើង​មាន​ផែនការ​ប្រកបដោយ​តម្លាភាព​មួយ​ដើម្បី​ប្រឡូក​ជាមួយ​ចិន»។

រដ្ឋាភិបាល​សេរីនិយម​របស់​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau ចង់​ធ្វើឱ្យ​មាន​ភាព​ចម្រុះ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ដែល​កំពុង​ពឹងផ្អែក​ជាខ្លាំង​លើ​សហរដ្ឋអាមេរិក​នោះ។ ទិន្នន័យ​ផ្លូវការ​សម្រាប់​ខែ​កញ្ញាកន្លង​ទៅ​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​មាន​ចំនួន​សរុប​តិច​ជាង ៧ភាគរយ បើ​បៀបនឹងពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​ ៦៨ភាគរយ​នោះ​។

ការ​ឈោងទៅ​ចាប់ដៃរបស់​កាណាដា​ជា​មួយបណ្តា​ប្រទេស​សម្ព័ន្ធ​មិត្តអាស៊ី​កើត​ឡើង ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​សញ្ញា​ពី​ការប្រយ័ត្នប្រយែង​ច្រើន​ជាង​មុន ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​សេរី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ឯកសារ​ផែនការ​ខាង​លើ​ក៏​បាន​សង្កត់ធ្ងន់​ពី​ចំណោទ​របស់​កាណាដា ​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ដែល​ផ្តល់​ឱកាស​ចម្បងនានា​សម្រាប់​ក្រុមហ៊ុន​នាំចេញ​របស់កាណាដា សូម្បី​តែ​នៅខណៈ​ពេល​ដែលរដ្ឋាភិបាល​ក្រុង​ប៉េកាំងកំពុង​ស្វះស្វែង​កែប្រែ​គោលការណ៍​របៀបរៀបរយ​ លើ​ឆាក​អន្តរជាតិ​ឲ្យទៅ​ជា «បរិស្ថាន​អំណោយផល​ជាង​មុន​សម្រាប់​ផលប្រយោជន៍​ និង​គុណតម្លៃ​ ដែល​កាន់តែ​ប្រាសចាក​ពី​ផលប្រយោជន៍​និង​គុណតម្លៃ​របស់​កាណាដា» ក៏​ដោយ​។

ប៉ុន្តែឯកសារ​នេះ​ក៏​បាន​លើកឡើង​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ចិន​ ដែល​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរលើ​សាកលលោក ​គឺ​មាន​សារសំខាន់​ ដើម្បី​ដោះស្រាយ​ «សម្ពាធ​ដែល​មាន​ស្រាប់​មួយ​ចំនួន​នៅ​លើ​ពិភពលោក» ដែល​ក្នុងនោះ​ រួម​មាន​ការ​ប្រែប្រួល​អាកាសធាតុ សុខភាព​សាកល និង​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ជាដើម។

ឯកសារ​ផែនការ​រៀបរាប់​ថា៖ «ចិន​គឺ​ជា​មហាអំណាច​លើ​ពិភពលោក ​ដែល​កាន់​តែធ្វើការ​បង្អាក់​លើ​បញ្ហា​ផ្សេងៗ។ ចំណាត់ការ​របស់​យើងគឺ​ត្រូវ​បាន​រៀបរៀង​តាមរយៈ​ការ​វាយតម្លៃផ្តោត​លើ​ធាតុ​ពិត និងភាពប្រាកដនិយម​ទៅលើ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​។ នៅ​ក្នុង​ផ្នែកដែល​មាន​ការខ្វែងយោបល់​គ្នា​ខ្លាំង យើង​នឹង​តតាំង​ជា​មួយប្រទេស​ចិន»។

ភាព​តានតឹង​ជាមួយ​ចិន​មាន​កាន់​តែ​ខ្លាំង​ឡើងកាល​ពី​ចុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​ប៉ូលិស​កាណាដា​បាន​ឃុំខ្លួន​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies ហើយ​បន្ទាប់​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ចារកម្ម។ បុគ្គល​ទាំង​បី​នាក់​ត្រូវ​បាន​ដោះលែង​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​បន្ត​មាន​ភាព​អាប់អ៊ួរ។

កាល​ពី​ដើម​ខែ​វិច្ឆិកា កាណាដា​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន​បីដក​ការ​វិនិយោគ​ចេញ​ពី​វិស័យរ៉ែ​សំខាន់ៗ​នៅ​កាណាដា ដោយ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​ជាតិ។

នៅ​ក្នុង​ផ្នែក​លើកឡើង​ពី​ចិន ឯកសារ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង Ottawa នឹង​ពិនិត្យនិង​ធ្វើ​បច្ចុប្បន្នភាព​លើ​ច្បាប់​ដើម្បី​ឲ្យ​ខ្លួន​អាច​ចាត់វិធានការ «ជា​ចាំបាច់​នៅ​ពេល​ការ​វិនិយោគ​ផ្សេងៗ​ពី​សំណាក់​សហគ្រាសរដ្ឋ​និង​អង្គភាពបរទស ​មាន​ការគំរាមកំហែងដល់​សន្តិសុខជាតិ​ ដែល​រួមមាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ធនធាន​រ៉ែ​សំខាន់ៗ​របស់​កាណាដា»​ ផង​ដែរ។

ប្រធាន​សភា​ពាណិជ្ជកម្ម​កាណាដា​លោក Perrin Beatty បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ពីព្រោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មាន​លក្ខណៈធំ​ និង​ចម្រុះ ជម្រើសដំណោះស្រាយ​តែ​មួយ​នឹង​មិន​បំពេញ​បាន​គ្រប់យ៉ាង​នោះ​ទេ ដោយ​បន្ថែម​ថា អាទិភាព​របស់​កាណាដា​នឹង​ត្រូវ​រង​ការ​ប៉ះពាល់​ដោយសារ​ទំនាក់ទំនង​រវាងប្រទេស​និង​ប្រទេស​»។

ឯកសារ​យុទ្ធសាស្ត្រ​នេះបន្តទៀត​ថា កាណាដា​នឹង​បង្កើន​វត្តមាន​យោធា​ជើង​ទឹក​នៅ​ក្នុង​តំបន់ ហើយ «បង្កើន​ការប្រឡូកផ្នែកយោធានិង​សមត្ថភាព​ចារកម្ម​ ជា​មធ្យោបាយតបត​ទៅ​នឹងឥរិយាបថ​បែប​បង្ខិតបង្ខំនិង​ការ​គំរាមកំហែង​ទៅ​លើ​សន្តិសុខ​ក្នុង​តំបន់»។

រដ្ឋមន្រ្តី​ការពារ​ជាតិ​កាណាដា​អ្នកស្រី Anita Anand បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដោយ​ឡែក​មួយ​ថា ផែនការ​នេះ​នឹង​រួម​មាន​ការ​ដាក់ពង្រាយ​នាវាចម្បាំង​ប្រចាំឆ្នាំ​បី​គ្រឿង​នៅ​ក្នុងតំបន់​នេះ ដែល​ពេល​នេះ​មាន​តែ២​គ្រឿង​ប៉ុណ្ណោះ ក៏​ដូចជា​ការ​ចូលរួម​ពីកងយោធា​ជើង​អាកាស​និង​ទាហាន​ជើង​គោក​កាណាដា​ នៅ​ក្នុង​លំហាត់សមយុទ្ធយោធា​នៅ​ក្នុង​តំបន់​ផង​ដែរ។

កាណាដា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​រីកចម្រើន​ខ្លាំង​ផ្នែក​ឧស្សាហកម្ម​ទាំង​ប្រាំពីរ​ ឬG7 លើ​សាកលោក​ ដែល​ចង់​បាន​វិធានការ​ចាំបាច់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់មីស៊ីល​របស់​កូរ៉េខាងជើង​ផង​ដែរ។

ឯកសារផែនការ​ខាង​លើ​លើកឡើង​ថា រដ្ឋាភិបាល​ក្រុង Ottawa កំពុង​ប្រឡូក​ក្នុង​តំបន់​ជាមួយ​ដៃគូ​នានា​ដូចជា​ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ជា​ដើម។​

ឯកសារ​បាន​បន្តទៀត​ថា កាណាដា​ត្រូវ​បន្ត​និយាយ​ជា​មួយបណ្តាប្រជាជាតិ​នានា​ ដែល​ខ្លួន​ខ្វែង​មតិ​យោបល់​ជាមួយ ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​បណ្តា​ប្រទេស​ទាំង​នោះ​ឡើយ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG