កាលពីថ្ងៃសុក្រទី៣ ខែឧសភា ប៉ូលិសកាណាដាបានចោទប្រកាន់មនុស្សបីនាក់ពីបទធ្វើឃាតមេដឹកនាំ Sikh ទាមទារបំបែករដ្ឋលោក Hardeep Singh Nijjar នៅក្នុងខេត្ត British Columbia កាលពីខែមិថុនា ឆ្នាំ២០២៣។ បណ្តាញព័ត៌មានកាណាដាបាននិយាយដូច្នេះ ដោយយោងទៅលើឯកសារតុលាការ។
លោក Nijjar អាយុ៤៥ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅក្រៅព្រះវិហារ Sikh ក្នុងសង្កាត់ Surrey ជាយក្រុង Vancouver ដែលមានអ្នកស្រុកភាគច្រើនជាជនអំបូរ Sikh។
ដំណឹងអំពីការស្លាប់របស់លោកមានឡើងតែប៉ុន្មានថ្ងៃក្រោយសេតវិមានសម្តែងកង្វល់អំពីមុខនាទីនៃសេវាស៊ើបការណ៍សម្ងាត់ឥណ្ឌាក្នុងឃាតកម្មនៅកាណាដានិងសហរដ្ឋអាមេរិក។
វត្តមានរបស់ក្រុមទាមទារបំបែករដ្ឋ Sikh នៅកាណាដាបាននាំឱ្យរដ្ឋាភិបាលក្រុងញូវដែលីធប់បារម្ភយូរមកហើយ។ ឥណ្ឌាបានចាត់ទុកលោក Nijjar ថាជាភេរវជនម្នាក់។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសកាលពីខែកញ្ញាថាអាជ្ញាធរកាណាដាស៊ើបអង្កេតអំពីការអះអាងភ្ជាប់ពួកភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងការស្លាប់របស់លោក Nijjar ដែលជាពលរដ្ឋកាណាដាម្នាក់។ រដ្ឋាភិបាលក្រុងញូវដែលីបានច្រានចោលការអះអាងរបស់លោក Trudeau ថាមិនសមហេតុផល។
បណ្តាញព័ត៌មាន CTV និង Global News បានរាយការណ៍ព័ត៌មានអំពីជនត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រទី៣ ខែឧសភា ដោយទូរទស្សន៍ CTV បាននិយាយថាជនទាំងបីនាក់ជាជនជាតិឥណ្ឌា។
ក្រុមប៉ូលិសកាណាដា RCMP និងបេសកកម្មឥណ្ឌានៅក្រុង Ottawa មិនអាចធ្វើអត្ថាធិប្បាយភ្លាមៗបាននោះទេ។
កាណាដាបានជំរុញឱ្យឥណ្ឌាសហការក្នុងការស៊ើបអង្កេតរបស់ខ្លួន។ កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ អាជ្ញាធរអាមេរិកាំងបាននិយាយថា មន្ត្រីម្នាក់នៃរដ្ឋាភិបាលឥណ្ឌាបានដឹកនាំគម្រោងធ្វើឃាតលោក Gurpatwant Singh Pannun ដែលជាអ្នកទាមទារបំបែករដ្ឋ Sikh ម្នាក់មានសញ្ជាតិអាមេរិកនិងកាណាដា។
រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដាលោក Dominic LeBlanc ដែលទទួលបន្ទុកទីភ្នាក់ងារពង្រឹងច្បាប់កាណាដា មិនបានបញ្ជាក់ដោយផ្ទាល់អំពីការចាប់ខ្លួនជនទាំងនេះទេ ប៉ុន្តែលោកបាននិយាយប្រាប់ពួកអ្នកកាសែតថាការស៊ើបអង្កេតអំពីការធ្វើឃាតលោក Nijjar ជា«ប្រតិបត្តិការសកម្មរបស់ប៉ូលិសនៅឡើយ»។
វិទ្យុនិងទូរទស្សន៍កាណាដា Canadian Broadcasting Corporation បាននិយាយយោងដល់ប្រភពមួយដែលថ្លែងថាពួកអ្នកស៊ើបអង្កេតបានដឹងអត្តសញ្ញាណជនជាប់សង្ស័យកាលពីប៉ុន្មានខែមុននេះ ហើយបានតាមឃ្លាំមើលពួកគេយ៉ាងហ្មត់ចត់៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ