ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា​យក​ពន្ធ​សងសឹក​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​កាណាដា​លោក​ Justin Trudeau នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី G7 កាល​ពី​ថ្ងៃទី​០៨ មិថុនា ឆ្នា ២០១៨ ក្នុង​ប្រទេស​កាណាដា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​កាណាដា​លោក​ Justin Trudeau នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី G7 កាល​ពី​ថ្ងៃទី​០៨ មិថុនា ឆ្នា ២០១៨ ក្នុង​ប្រទេស​កាណាដា។

ការ​យក​ពន្ធ​សងសឹក​របស់​ប្រទេស​កាណាដា​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្ដើម​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​ទី ១ ខែ​កក្កដា នេះ បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​កាណាដា។

ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា លោក Trudeau «គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ប្រកាស​ពី​វិធានការ​សងសឹក​ប្រឆាំង​តបត​វិញ​ចំពោះ​ការ​យក​ពន្ធ​គយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ដែល​ថែប និង​អាលុយមីញ៉ូម ដែល​បាន​ដាក់​លើ​កាណាដា​កាល​ពី​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០១៨ នេះ‍»។

លោក Trudeau និង​លោក Trump បាន​ពិភាក្សា​ជាមួយ​គ្នា​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​សុក្រ​អំពី​ពាណិជ្ជកម្ម និង​បញ្ហា​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

បើ​យោង​តាម​ការិយាល័យ​របស់​លោក Trudeau «មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ទាក់ទង​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ‍»។

លោក Trudeau ក៏​បាន​ពិភាក្សា​ផង​ដែរ​ជាមួយ​នឹង​ប្រធានាធិបតី​ម៉ិកស៊ិក​លោក Enrique Pena Neito អំពី​ការ​ឆ្លើយតប​របស់​ប្រទេស​កាណាដា​ចំពោះ​ការ​យក​ពន្ធ​គយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដែល​កាណាដា​យក​ពន្ធ​គយ​ថ្មី​គឺ​ទំនិញ​ទឹក​ប៉េងប៉ោះ ម៉ាស៊ីន​កាត់​ស្មៅ និង​កាណូត។

រដ្ឋមន្ត្រី​ការបរទេស​កាណាដា​លោកស្រី Chrystia Freeland បាន​និយាយ​ថា ការ​យក​ពន្ធ​គយ​នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ។ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា ប្រទេស​កាណាដា «នឹង​មិន​ពង្រីក​ការ​យក​ពន្ធ​គយ​ថ្មី​នេះ​បន្ថែម​ទៀត ក៏​ដូចជា​មិន​ឈប់​យក​ពន្ធ​គយ​ថ្មី​ដែល​បាន​សម្រេច​រួច​ហើយ​នេះ​នោះ​ទេ‍»៕

XS
SM
MD
LG