កាណាដាបានបណ្តេញអ្នកការទូតចិនម្នាក់ដែលត្រូវចោទប្រកាន់ថា បានបំភ័យសមាជិកសភាកាណាដាម្នាក់ដែលបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទនិយាយថា លោក Zhao Wei ត្រូវបានប្រកាសជា«ជនមិនត្រូវបានស្វាគមន៍»ជាការឆ្លើយតបនឹងរបាយការណ៍មួយចំនួនដោយកាសែត The Globe និង Mail នៃប្រទេសកាណាដាដែលថា លោក Zhou បានស្វែងរកព័ត៌មានអំពីលោក Michael Chong ដែលជាសមាជិកសភាគណបក្សអភិរក្សនិយម ដែលបានផ្ចុងផ្តើមញត្តិមួយប្រកាសការប្រព្រឹត្តិរបស់អាជ្ញាធរចិនលើក្រុមជនអំបូរ Uyghur កាន់សាសនាឥស្លាមថាជាការប្រល័យពូជសាសន៍។
របាយការណ៍ទាំងនេះបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កាណាដាបានរកឃើញថា ចិនបានគ្រោងយកលោក Chong និងញាតិសន្តានលោកនៅហុងកុងជាទីដៅដាក់ទណ្ឌកម្មនិងការគំរាមកំហែង។
លោកស្រីរដ្ឋមន្ត្រីការបរទេស Joly បាននិយាយថា រដ្ឋាភិបាលក្រុងអូតាវ៉ា «នឹងមិនអត់ឱនដល់ការជ្រៀតជ្រែកបែបណាមួយរបស់បរទេសទេ»។ លោកស្រីបានថ្លែងថា ពួកអ្នកការទូតបរទេសធ្វើការក្នុងប្រទេសកាណាដាត្រូវបានព្រមានថា «បើពួកគេមានអាកប្បកិរិយាបែបនេះ ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសពួកគេវិញ»។
ក្រសួងការបរទេសចិននៅក្រុងប៉េកាំងបានប្រកាសកាលពីព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានប្រកាសថាលោកស្រី Jennifer Lynn Lalonde កុងស៊ុលប្រចាំស្ថានកុងស៊ុលកាណាដាក្នុងក្រុង Shanghai ជា«ជនមិនត្រូវបានស្វាគមន៍» ហើយត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសចិនមិនហួសពីថ្ងៃទី១៣ ខែឧសភា។ ការបណ្តេញលោកស្រី Lalonde ចេញពីប្រទេសចិនមានតែប៉ុន្មានម៉ោងក្រោយពីស្ថានទូតចិនក្នុងក្រុងអូតាវ៉ា បានថ្លែងថា ចិននឹងចាត់«វិធានការដាច់ណាត់»ឆ្លើយតបនឹងការបណ្តេញលោក Zhou។
ការចោទប្រកាន់លោក Zhou កើតមានឡើងនៅពេលមានរបាយការណ៍មួយចំនួនដោយកាសែត The Globe និងសារព័ត៌មាន Mail និងបណ្តាញព័ត៌មានឯទៀតៗអំពីការប៉ុនប៉ងរបស់ចិនឱ្យមានឥទ្ធិពលលើការបោះឆ្នោតទូទៅនៅកាណាដាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១។ រឿងទាំងពីរនេះផ្អែកលើព័ត៌មានប្រមូលដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កាណាដា។
ប្រទេសចិនបានបដិសេធការចោទប្រកាន់ទាំងអស់នេះហើយ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។