ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រឡាញ់​សត្វ​គ្រោង​យុទ្ធនាការ​ប្រឆាំង​ការ​បរិភោគ​សាច់​ឆ្កែ​និង​ឆ្មា


សាច់​ឆ្កែ​អាំង​​ត្រូវ​គេ​លក់​តាម​ផ្លូវ​នៅ​ក្រុង​ភ្នំពេញ។ (នៅ វណ្ណារិន/VOA)
សាច់​ឆ្កែ​អាំង​​ត្រូវ​គេ​លក់​តាម​ផ្លូវ​នៅ​ក្រុង​ភ្នំពេញ។ (នៅ វណ្ណារិន/VOA)

សត្វ​ឆ្កែ​គឺ​ជា​សម្លាញ់​ដ៏​ល្អ​របស់​មនុស្ស​គ្រប់​គ្នា​ ក៏​ប៉ុន្តែមនុស្ស​មួយ​ចំនួន​ក៏​ចូល​ចិត្តបរិភោគសាច់​វា​នោះ​ដែរ។​ យុទ្ធនាការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បញ្ឈប់​ការ​សម្លាប់​ និង​បរិភោគ​សត្វ​ទាំង​នេះ​ ដោយ​អះអាង​ថា ​សាច់​សត្វ​ទាំង​នេះ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​របស់​មនុស្ស។​

ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​ ម្ចាស់​សត្វ​ចិញ្ចឹម ​សកម្មជន​ការពារ​សត្វ​នឹង​ធ្វើ​ការ​ដើរ​ក្បួន​ជា​លើក​ដំបូង​នា​ថ្ងៃ​អាទិត្យ​នេះនៅ​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ឈប់​ការ​បរិភោគ​សាច់​ឆ្កែ​ និង​ឆ្មា​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្ម​វិធី​នេះ។​

អ្នក​រក​ស៊ីលក់​ឆ្កែ​ត្រូវ​គេ​ឃើញ​ដឹក​សត្វ​ឆ្កែ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ជិត​ក្រុង​កំពង់ធំ​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
អ្នក​រក​ស៊ីលក់​ឆ្កែ​ត្រូវ​គេ​ឃើញ​ដឹក​សត្វ​ឆ្កែ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ជិត​ក្រុង​កំពង់ធំ​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ការ​ដើរ​ហែ​ក្បួន​នេះ​គឺ​ជា​ផ្នែក​មួយ​នៃយុទ្ធនា​ការ​ប្រឆាំង​នឹង​ការ​ហូប​សាច់​ឆ្កែ​ និង​ឆ្មា​ទូទាំង​ពិភពលោកមួយ​ ដែល​ឲ្យ​ឈ្មោះ​ថា​ «Say​ NO to Dog Meat»​ មាន​ន័យ​ថា​ «បដិសេធ​សាច់​ឆ្កែ‍»​ ដើម្បី​ប្រមូល​ការ​គាំទ្រ​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ ​និង​ផ្សាយ​ពី​ផលវិបាក​នៃ​ការ​បរិភោគ​សាច់​ទាំង​នោះ​ ជា​ពិសេស​សាច់​ដែល​មិនមាន​ប្រភព​ច្បាស់​លាស់​ និង​សាច់​ឆ្កែ​អនាថា។​

សាច់​ឆ្កែ​ត្រូវ​គេលក់​ និង​បរិភោគ​ជា​ចំហ​នៅ​ភ្នំពេញ​ និង​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន។

អ្នក​បម្រើ​នៅ​ហាង​សាច់​ឆ្កែ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញលើក​ម្ហូប​សាច់​ឆ្កែនិង​គ្រឿង​ក្នុង​ជូន​អតិថិជន​។ (នៅ វណ្ណារិន/VOA)
អ្នក​បម្រើ​នៅ​ហាង​សាច់​ឆ្កែ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញលើក​ម្ហូប​សាច់​ឆ្កែនិង​គ្រឿង​ក្នុង​ជូន​អតិថិជន​។ (នៅ វណ្ណារិន/VOA)

លោកស្រី ​ម៉ារី​ វែឡាសស្កូ​ (Mary Velasco)​ ដែល​ជាអ្នក​រៀបចំ​ការ​ដើរ​ក្បួន​យុទ្ធនាការ​នេះ ​បាន​ប្រាប់​ VOA​ ដោយបង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​អ្នក​ដែល​បាត់​សត្វ​ឆ្កែ​របស់​ពួក​គេ​ និង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ផលវិបាក​នៃ​ការ​បរិភោគ​សាច់​ទាំង​នេះ ​ដោយ​សារ​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ជា​ពិសេស​ជំងឺ​រមាស់​ និង​រាករូស។​ លោកស្រី​ម៉ារី វែឡាសស្កូបាន​បន្ថែម​ថា វា​មិន​ត្រូវ​ទេ​ ដែល​ប្រជាជន​នៅ​អាស៊ី​យល់​ថា ​ការ​បរិភោគ​សាច់​ឆ្កែ​ធ្វើ​ឲ្យ​បុរស​មាន​កម្លាំងពិសេស​ ហើយ​ការ​ពិសារ​សាច់​ឆ្មា​ជួយ​ព្យាបាល​ជំងឺ​ហឺត​នោះ។​

«វា​មិន​មែន​ត្រឹម​តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សត្វ​ចិញ្ចឹម​ ដូចជា​ឆ្កែ ​និង​ឆ្មានោះ​ទេ​ ក៏​ប៉ុន្តែ​វា​ជា​ការផ្សព្វផ្សាយ​ការណ៍​ពិត​ និង​បង្ហាញ​ការ​យក​ចិត្តទុក​ដាក់​ដល់​មនុស្សម្នារ​ផ្សេងៗ​ទៀត​ ព្រោះ​យើង​ខ្វល់​ពី​ពួក​គាត់។​ ពួក​គាត់​យល់​ថា ​ការ​ញ៉ាំ​សាច់​ឆ្កែ​អាច​ជួយ​ពួក​គាត់​ ឯ​ការ​ញ៉ាំ​សាច់​ឆ្មា​អាច​ព្យាបាល​ជំងឺ​បាន។ ​តែ​វា​មិន​ត្រឹមត្រូវ​ទេ។​ ​តាម​ការណ៍​ពិត​សាច់​ទាំង​នេះ​និង​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដល់​ពួក​គាត់​ទៅ​វិញ​ទេ»។​

ស្ត្រី​អាយុ​២៩​ឆ្នាំ​ ដែល​ស្រឡាញ់​ការ​ចិញ្ចឹម​សត្វ​នេះ បន្ត​ថា ​នារសៀល​ថ្ងៃ​អាទិត្យ​នេះ​នឹង​មាន​ការ​ជួប​ជុំគ្នា​នៅ​វិមាន​ឯករាជ្យមុន​នឹង​មាន​ការធ្វើ​ដំណើរ​ ដោយ​មាន​ការ​ដើរ​ក្បួន​ជា​មួយ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ទៀត​ផង។​

ម្ចាស់​ហាង​សាច់​ឆ្កែ​មួយ​កន្លែង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​កំពុង​កាត់​សាច់​ឆ្កែ​ដើម្បី​អាំង​ឲ្យ​អតិថិជន។ (នៅ វណ្ណារិន/VOA)
ម្ចាស់​ហាង​សាច់​ឆ្កែ​មួយ​កន្លែង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​កំពុង​កាត់​សាច់​ឆ្កែ​ដើម្បី​អាំង​ឲ្យ​អតិថិជន។ (នៅ វណ្ណារិន/VOA)

ដោយឡែក​ ​អ្នក​ស្រី​ឌីណា​ ​ដែល​ជា​អាជីវករ​លក់​សាច់​ឆ្កែ​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ​ក្រោម​យី​ហោ​«សាច់​ពិ​សេស»នោះ​ ​បាន​និយាយ​ថា​គាត់​មិន​បាន​ដឹង​រឿង​យុទ្ធនាការ​នេះ​ទេ​ ក៏​ប៉ុន្តែ​សាច់​ឆ្កែ​មាន​ការ​ពេញ​និយម ​ព្រោះវា​មាន​តម្លៃ​ថោក​សមរម្យ។ ​លោកស្រី​អាច​លក់​សាច់​ឆ្កែ​យ៉ាង​ហោច​ណាស់​ចំនួន​៤០​គីឡួ​ក្នុង​មួយ​ថ្ងៃៗ។​ ហើយ​សត្វ​ទាំង​នោះ​គឺ​បាន​មក​ពី​អ្នក​ដែល​ប្រមូល​ទិញ​នៅ​តាម​ភូមិ​នានា។​

«វា​អត់​មាន​អី​ខុសច្បាប់​ទេ។ ​វា​មិនមែន​សត្វ​ព្រៃ​ទេ។ ​វា​ជា​សត្វ​ស្រុក។​ ម៉ូយ​គេ​ដើរ​ទិញ​តាម​ផ្ទះ​មក​ដាក់​ឲ្យ​យើង។​ យើង​ប្រាប់​ម៉ូយ​ ​ឲ្យ​គេ​យក​សត្វ​ល្អៗ​ស្អាតៗ​មក​ប្រស់​ទុក​ អត់​មាន​សត្វ​ឈឺ​ អត់​មាន​អង្គែ​អី​ទេ»។​

សាច់​ឆ្កែ​ត្រូវ​បាន​គេ​ដឹង​ថា ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូច​ជា​ចិន​ កូរ៉េ​ និង​វៀតណាម។​ នៅកម្ពុជា​សាច់ឆ្កែ​ត្រូវ​គេ​ដាក់​អាំង​លក់​ដោយ​សេរី​ ជាពិសេស​នៅ​ក្នុង​ខ័ណ្ឌភ្នំពេញ​ថ្មីក្រោម​ស្លាក​សាច់​ពិសេស។​ សាច់​ពិសេស​នេះ​ភាគ​ច្រើន​មាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ​និង​មធ្យម៕

XS
SM
MD
LG