ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ជា​ច្រើន​រង់​ចាំ​ចូល​គោរព​ព្រះបរមសព​អតីត​ព្រះ​មហាក្សត្រ


​ព្រះ​បរមសព​នៃ​ព្រះបាទ​ នរោត្តម សីហនុ ត្រូវ​តម្កល់​​ក្នុង​ព្រះ​បរម​រតន​កោដ្ឋ​នៅ​វាល​ព្រះមេរុ​​ជាប់​ព្រះបរមរាជវាំង។
​ព្រះ​បរមសព​នៃ​ព្រះបាទ​ នរោត្តម សីហនុ ត្រូវ​តម្កល់​​ក្នុង​ព្រះ​បរម​រតន​កោដ្ឋ​នៅ​វាល​ព្រះមេរុ​​ជាប់​ព្រះបរមរាជវាំង។
ភ្នំពេញ៖ បន្ទាប់​ពី​តម្កល់​ព្រះ​បរមសព​ក្នុង​ព្រះ​បរម​រតន​កោដ្ឋ​នៅ​វាល​ព្រះមេរុ​បាន​មួយ​ថ្ងៃ​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ពី​គ្រប់​ទិសទី​បាន​តម្រង់​ជួរ​ជា​ពីរ​ជួរ​យ៉ាង​ណែន​ណាន់​តាន់​តាប់​រងចាំ​ការ​ចូល​ទៅ​វាល​ព្រះមេរុ​គោរព​ព្រះ​បរមសព​សម្តេចឪ។

នៅ​ក្នុង​សម្លៀក​បំពាក់ ខោ ឬ​សំពត់​ខ្មៅ អាវ​ស ដោយ​មាន​បូ​កាន់​ទុក្ខ​ខ្ទាស់​នៅ​លើ​អាវ ផ្នែក​ខាង​ឆ្វេង អ្នកខ្លះ​បាន​កាន់​ផ្កាឈូក​នៅ​ក្នុង​ដៃ ហើយ​បាន​លើកដៃ​សំពះ​ដើរ​តម្រង់​ទៅ​វាល​ព្រះមេរុ​ដោយ​ទឹកមុខ​ស្រពាប់ស្រពោន។

អ្នកស្រី កែវ សារឹម អាយុ​៦៣​ឆ្នាំ​មកពី​ខេត្ត​ព្រៃវែង​ដែល​កំពុង​កាន់​ដៃ​ចៅស្រី​ដើរ​ចូល​វាល​ព្រះមេរុ​បាន​បាន​ឲ្យ​ដឹងថា គាត់​មក​ទីនេះ​ពុំ​មាន​លុយ​គ្រប់គ្រាន់​នោះ​ទេ ក៏​ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏​គាត់​ត្រូវ​ប្រឹង​ប្រមែ​ប្រមូល​លុយ​ដើម្បី​មក​ចូលរួម​គោរព​ព្រះ​បរមសព​សម្តេចឪ​នេះ​ឲ្យ​បាន​ទើប​គាត់​អស់ចិត្ត។

«មកសុំ​គេ​តាំងពី​ល្ងាច​រហូត​ដល់​ព្រឹក​ទៀត​ពីព្រោះ​អី​គុណ​បំណាច់​សម្តេច​តា​លោក​ថែ​រក្សា​កូនចៅ​ប្រទេស​ជាតិ​បាន​រុងរឿង​តាំងពីដើម​មក​រហូត​ដល់​ព្រះអង្គ​សុគត។ ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​សម្តេចឪ។ បើ​អត់​បាន​ចូល​ស្តាយ​ណាស់។ ទោះបី​យ៉ាងណា​ក៏​សុំ​ឲ្យ​បាន​ចូល​ដែរ»។

នៅ​ពេល​ចូល​ទៅ​ដល់​វាល​ព្រះមេរុ​ប្រជាពលរដ្ឋ​ទាំង​នោះ​អង្គុយ​បត់​ជើង​សំពះ​គោរព​ដល់​ព្រះ​បរមសព ហើយ​អ្នកខ្លះ​ក៏​មាន​ការ​ថតរូប​ផងដែរ ក៏​ប៉ុន្តែ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​ទីនោះ​យូរ​ទេ ពីព្រោះ​អាច​បណ្តាល​ឲ្យ​កក​ស្ទុះ។

លោក សេន ផុន មាន​អាយុ៧១​ឆ្នាំ​មកពី​ខេត្តតាកែវ​បាន​សម្ដែង​ការរំភើប​ជាខ្លាំង​នៅពេល ដែល​បាន​ចូល​មក​គោរព​ព្រះ​បរមសព​នៅ​ក្នុង​វាល​ព្រះមេរុ​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា គាត់​មក​ទីនេះ​បី​ថ្ងៃ​ហើយ​ដើម្បី​រងចាំ​ចូល​គោរព​ព្រះ​បរមសព​សម្តេចឪ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​នឹង​មក​ទីនេះ​ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​ពិធីបុណ្យ​នេះ​ចប់​ទើប​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។

«មក​ដោយ​ចិត្ត​ឯង​នឹក​ឃើញ​សម្តេច​អ្នក​ដឹកនាំ​ប្រទេស​ល្អ រីកចម្រើន​គ្រប់​វិស័យ​ទាំងអស់។ ប្រាក់ខែ​ជំនាន់​ខ្ញុំ​តែ​២.០០០​រៀល​ចាយ​អត់​អស់​ផង​១​ខែ​អស់​តែ​៥០០។ រីកចម្រើន​ណាស់​បើ​ប្រៀបធៀប​ឥឡូវ​ខុសគ្នា​ឆ្ងាយ​ណាស់។ ឥឡូវ​ខំ​រក​មិន​ចង់​បាន​ស៊ី​ផង។ មក​រាល់ថ្ងៃ​ទាល់តែ​បាន​ចូល។ ថ្ងៃនេះ មាន អារម្មណ៍​រំភើប​រីករាយ​បាន​មក​ជិត​ឃើញ​សព​សម្តេចឪ​តែ​ប៉ុណ្ណេះ​អស់ចិត្ត​ហើយ​មួយ​ជីវិត​ខ្ញុំ។ ជិត១០០ឆ្នាំ​ហើយ​មាន​តែ​ស្តេច​នេះ​មួយ​ទេ​ដែល​គ្រប់គ្រង​ប្រទេស​បានល្អ​ត្រឹមត្រូវ។ ក្រៅពីនេះ​រលាយ​ជិត​អស់ហើយ»។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ព្រឹក​នេះ​យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​ពាន់​នាក់​បាន​មក​ចូល​រួម​គោរព​ព្រះ​បរមសព​ក្នុង​វាល​ព្រះមេរុ​ទាំង​អ្នក​ដែល​បានរៀបចំ​ទុក​ជាមុន​និង​អ្នក​ដែល​មក​សុំ​ផ្ទាល់។

«ចន្លោះ​ថ្ងៃ​ទី​២​កុម្ភៈ​និង​ថ្ងៃ​ទី​៣​កុម្ភៈ​នេះ គឺ​យើង​បាន​ទទួល​ផែនការពី​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ព្រះ​សព​នេះ​គឺ​បាន​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់​ប្រជាពលរដ្ឋ​មួយ​ខណ្ឌ​ជាង​១.០០០នាក់​ដើម្បី​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​វាលមេរុ។ មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​គាត់​មក​គោរព​នៅ​ខាងក្រៅ​នេះ​ហើយ​ក៏​គាត់​ត្រៀម​សុំ​ចូល​ទៅ​មុខ​ដែរ​ ក៏ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រប់​គ្រង​តែ​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ចាត់​អញ្ជើញ​ទេ។ តែ​ដោយឡែក​ប្រជាពលរដ្ឋ​ដទៃទៀត​គឺ​ស្នើ​សុំ​ទៅ​គណៈកម្មការ​ជាតិ»។

ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​វាល​ព្រះមេរុ​គោរព​ព្រះ​បរមសព​រួច​ហើយ​នៅ​ពេល​ចេញ​មក​ក្រៅ​វិញ​មិន​ត្រឡប់​ទៅផ្ទះ​វិញ​ភ្លាមៗ​នោះ​ទេ។ ពួកគាត់​នៅ​តែ​ឈរ​សម្លឹង​ព្រះ​បរមសព​ពី​ចម្ងាយ​យ៉ាងយូរ​មុន​នឹង​គាត់​ដាច់ចិត្ត​ត្រឡប់​ទៅផ្ទះ​វិញ។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទិញ​រូបថត​សម្តេចឪ​ពេល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ។ រូបថត​សម្តេចឪ​មាន​តម្លៃ​ចាប់​ពី​២.០០០​រៀល​ស្មើ​នឹង​៥០​សេន​អាមរិក​ដល់​៤.០០០រៀល​ស្មើរ​នឹង​មួយដុល្លារ​អាមេរិក។

នៅ​ក្នុង​អំឡុង​ពេលនេះ មុខរបរ​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​លក់​រូបថត និង​បូ​កាន់ទុក្ខ​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់​នៅ​មុខ​ព្រះបរម​រាជវាំង និង​វាល​ព្រះមេរុ។

លោក ឌៀត ណារិទ្ធ ដែល​ជា​អ្នកលក់​រូបថត​សម្តេច​ឪ​ម្នាក់​នៅ​ក្បែរ​វាល​ព្រះមេរុ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មុន​នេះ​មួយ​សប្តាហ៍ រូបថត​សម្តេច​ឱ​បាន​លក់ដាច់​ឡើងវិញ​ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ
គាត់​លក់​អស់​ប្រមាណ​ជា​២០០​សន្លឹក។

«ក្នុង​មួយ​ថ្ងៃ​ជួនកាល​មាន​២០០​ឬ​១០០​ជាង​តាម​ស្ថានភាព​បើ​សិន​ណា​គេ​តឹង​យើង​មិនអាច​លក់​បាន​ច្រើន​ទេ​គឺ​លើក​ចុះ​លើក​ឡើង»។

នៅ​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​កុ​ម្ភៈ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​គោរព​ព្រះ​បរម​ សព​ដែល​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​វាល​ព្រះមេរុ។ យោងតាម​កម្មវិធី​ដែល​បាន​គ្រោងទុក ថ្ងៃទី៤ ខែកុម្ភៈ​គឺ​ជា​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើងដល់​ព្រះ​បរមសព។ ថ្ងៃទី​៥​គឺ​ជា​ព្រះរាជ​ពិធី​រើស​ព្រះ​បរមធាតុ។ ថ្ងៃ​ទី៦​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមធាតុ​ទៅ​ទន្លេ​ចតុមុខ និង​ថ្ងៃទី៧ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែព្រះ​បរម​ធាតុ​ទៅ​ព្រះវិហារ​ព្រះ​កែវ​មរកត៕
XS
SM
MD
LG