ភ្នំពេញ
នៅថ្ងៃសុក្រស្អែកនេះ ព្រះបរមរតនៈកោដ្ឋរបស់សម្តេចឪនរោត្តមសីហនុនឹងត្រូវដង្ហែចេញពីព្រះបរមរាជវាំងដើម្បីយកទៅតម្កល់ទុកក្នុងវាលព្រះមេរុរយៈពេលបីថ្ងៃមុននឹងធ្វើព្រះរាជពិធីបូជាដែលគ្រោងធ្វើនៅថ្ងៃទី៤ខែកុម្ភៈនាពេលខាងមុខនេះ។
នៅក្នុងពេលព្រះរាជពិធីដង្ហែព្រះបរមរតនៈកោដ្ឋមានក្រុមសមត្ថកិច្ចយ៉ាងតិចប្រមាណ១១.000នាក់គ្រោងនឹងដាក់ពង្រាយដើម្បីការពារសុវត្ថិភាព។នេះបើតាមការបញ្ជាក់ពីមន្ត្រីរៀបចំពិធីបុណ្យព្រះបរមសព។
លោកញ៉ឹក ប៊ុនឆៃ អនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យព្រះបរមសពបាននិយាយថា កម្លាំងសមត្ថកិច្ចចម្រុះនឹងត្រូវដាក់ពង្រាយនៅជុំវិញបរិវេណព្រះបរមរាជវាំង និងនៅតាមវិថីសំខាន់ៗ។ លោកបាននិយាយថាផ្លូវមួយចំនួនត្រូវបានបិទដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនៈកោដ្ឋ។
«មានការរៀបចំដ៏តឹងរឹង និងហ្មត់ចត់ណាស់ រឿងសន្តិសុខ ពីព្រោះយើងមិនចង់ឲ្យមានបញ្ហាអ្វីដែលកើតឡើងនៅក្នុងពិធីបុណ្យហ្នឹងទេ»។
លោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ ស្នងការប៉ូលិស ដែលទើបឡើងកាន់មុខតំណែងថ្មី បានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទទេ។ លោកបានអះអាងថា លោកមិនមែនជាជនជាប់ចោទដែលត្រូវសួរចម្លើយទេ។
«មិនមែនមកសួរចម្លើយខ្ញុំដូចអ្នកទោសអញ្ចឹងទេ»។
វីអូអេបានព្យាយាមទាក់លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ឯកគាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដើម្បីសុំការបំភ្លឺ តែមិនអាចធ្វើទំនាក់ទនងបានទេ។ ទូរស័ព្ទរបស់លោកទទួលការហៅចូលហើយ តែគ្មានអ្នកទទួល។
មុនពេលព្រះបរមសពរបស់សម្តេចឪនរោត្តមសីហនុដង្ហែចេញពីព្រះបរមរាជវាំង វិថីសំខាន់ៗ ដូចជាវិថីបក្សីចាំក្រុង សុធារស ព្រះសីហនុ និងព្រះនរោត្តមត្រូវបានបាញ់ទឹកលាងសម្អាត ហើយដើមឈើ និងគែមចិញ្ចឹមថ្នល់ត្រូវបានលាបកំបោរពណ៌ស ព្រមទាំងមានការតុបតែងព្រះឆាយលក្ខណ៍សម្តេចឪផង។
យ៉ាងតិចមានមនុស្សប្រមាណជាង៤.០០០នាក់គ្រោងនឹងចូលរួមក្បួនដង្ហែនិងមានការចូលរួមពីមហាជនជាច្រើនម៉ឺននាក់ផ្សេងទៀត។
នាយករដ្ឋមន្រីថៃ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ស្តេចស៊ូលតង់នៃប្រទេសប្រ៊ុយណេ និងមេដឹកនាំសំខាន់ៗក្នុងពិភពលោកមួយចំនួនគ្រោងនឹងមកចូលរួមនៅក្នុងពិធីជាប្រវត្តិសាស្ត្រនេះដែរ។
សម្តេចឪនរោត្តមសីហនុបានសោយទិវង្គតកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ ដោយសារជំងឺគាំងបេះដូងក្នុងព្រះជន្ម៨៩យាងចូល៩០ព្រះវស្សានៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
នៅមុនពេលការដង្ហែព្រះបរមរតនៈកោដ្ឋចាប់ផ្តើម រដ្ឋាភិបាលកម្ពុជាបានរៀបចំក្បួនដង្ហែសាកល្បងចំនួនពីរលើកគឺបានប្រព្រឹត្តធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងលើកចុងក្រោយបានធ្វើឡើងនៅពីមុខព្រះបរមរាជវាំងកាលពីចុងសប្តាហ៍មុននេះ។
ពិធីដង្ហែព្រះបរមរតនៈកោដ្ឋ និងពិធីថ្វាយព្រះភ្លើងគ្រោងនឹងបាញ់កាំភ្លើង១០៥មីលីម៉ែត្រដើម្បីចូលរួមជួនព្រះរាជដំណើរព្រះបរមសពសម្តេចឪ។
យ៉ាងតិចមានមនុស្សចំនួន៩០នាក់នឹងធ្វើពិធីកោរសក់ដើម្បីបួសថ្វាយមុខព្រះភ្លើងសម្តេចឪ។ អ្នកដែលត្រូវកោរសក់មានចំនួន៦៩រូប មកពីតាមបណ្តាខេត្តទាំង២៣ ដែល១១រូបមកពីទីក្រុងភ្នំពេញនិងជាសមាជិករាជវង្សានុវង្ស។
ក្បួនដង្ហែនឹងត្រូវរៀបចំជាផែនៗ ដោយមានទង់ជាតិធំនាំមុខ ទង់ជាតិ៩ ទង់សាសនា៩ និងទង់ព្រះបរមរាជវាំងចំនួន៩ ដោយមានស្គរធំចំនួនបី និងគងជ័យចំនួនបី។
លោកលោកគង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង បាននិយាយថា ក្បួនដង្ហែក៏បានបង្ហាញនូវសក្ដានុពលកម្លាំងទ័ពផងដែរ ដែលរួមមានកងត្រែទ័ពមួយក្រុម កងព្រះរាជអង្គរក្សចំនួន៩០រូប កងទ័ពជើងទឹក កងទ័ពជើងគោក និងកងទ័ពអាកាស មន្ត្រីប៉ូលិស កងរាជអាវុធហត្ថ ដែលក្នុងមួយអង្គភាពៗមានមន្ត្រីចំនួន៩០រូប ហើយឯកសណ្ឋានទៅតាមអង្គភាពនិមួយៗ។
មេរុសម្រាប់ពិធីថ្វាយព្រះភ្លើងបានសាង់សង់ជាស្ថាពរហើយ ដោយបានចំណាយទឹកប្រាក់ប្រមាណជាង១លាន២សែនដុល្លារសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីដើមសប្តាហ៍នេះ បានចេញបទបញ្ជាផ្ទៃក្នុងមួយដោយតម្រូវឲ្យអ្នកចូលរួមព្រះបរមសពនៅជុំវិញព្រះបរមរាជវាំង ត្រូវគោរពវិន័យឲ្យបានតឹងរឹងនិងប្រកបទៅដោយសេចក្តីថ្លៃថ្នូរ មានសម្លៀកបំពាក់ឲ្យបានសមរម្យ ជៀសវាងខោខ្លី សំពត់ខ្លី អាវពណ៌ឆើតឆាយនិងត្រូវកាន់សញ្ញាមរណៈទុក្ខជាចាំបាច់ ដែលគណៈកម្មការរៀបចំបុណ្យព្រះសពចែកជូន ដើម្បីគោរពនិងការចងចាំនៃការសោយទិវង្គតរបស់សម្តេចឪនរោត្តមសីហនុ។ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មីនូវធនប័ត្រ«ព្រះបរមរតនកោដ្ឋ»ប្រភេទ១០០០រៀលជាផ្លូវការ។
ក្រដាសប្រាក់ប្រភេទថ្មីនេះមានរូបព្រះភ័ក្រ្តសម្តេចឪ និងមួយចំហៀងទៀតមានរូបសញ្ញារាជហង្សដែលបានតម្កល់ព្រះមេឈូសាសម្តេចឪក្នុងខណៈពេលដែលព្រះបរមសពសម្តេចឪបានដង្ហែចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិឆ្ពោះទៅព្រះបរមរាជវាំង៕
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖