ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​តស៊ូ​មតិ៖ ប្រជាជន​កម្ពុជា​លែង​អត់​ឱន​ឲ្យ​អំពើ​ពុករលួយ​ទៀត​ហើយ


លោក ព្រាប កុល​ មាន​ប្រសាសន៍​ថា ប្រជាជន​​កម្ពុជា​​បាន​យល់​ដឹង​​និង​បាន​ឃ្លាំមើល​អំពើ​ពុករលួយ​នេះ​កាន់​តែ​ច្រើន។​

ភ្នំពេញ៖ អ្នក​តស៊ូមតិ​ប្រឆាំង​អំពើ​អំពើពុករលួយ​ និយាយ​ថា ប្រជាជន​កម្ពុជាលែង​ចាត់ទុក​អំពើ​ពុករលួយ​ថា​ជារឿង​ធម្មតា​តទៅ​ទៀត​ហើយ បន្ទាប់​ពី​ពួកគេ បាន​ស៊ូទ្រាំ​នឹង​អំពើ​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ​មក​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កម្មវិធី​ ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈ។

«ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន ចាប់​ផ្តើម​ប្តូរ​ឥរិយាបទ ងាក​ទៅ​ចាប់​អារម្មណ៍​និង​ឃ្លាំមើល​អំពើ​ពុករលួយ​កាន់តែច្រើន​ឡើង ពី​ព្រោះ​ពួកគេ លែង​ទទួល​ស្គាល់​ លែង​អនុគ្រោះ​អំពើ​ពុករលួយ​នេះ​ថា ​ជា​រឿង​ធម្មតា ថា​ជា​រឿង​មួយ​ដែល​ត្រូវ​រស់​នៅ​ជាមួយ​តទៅ​ទៀត​ហើយ។»

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា
លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា
ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ឬ Transparency Internationalដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់។

របាយការណ៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក​កន្លង​មក​ បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ទៅ​លើ​អំពើ​ពុករលួយ។

ហើយ​ការ​ស្ទង់​មតិ​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI ​បាន​រក​ឃើញ​ថា ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​សាកសួរ បាន​ឆ្លើយ​ថា អំពើ​ពុករលួយនិង​បក្ស​ពួក​និយម​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​គេ​ដែល​កំពុង​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស។

លោក ព្រាប កុល​ មាន​ប្រសាសន៍​ថា ប្រជាជនកម្ពុជាបាន​យល់​ដឹងនិង​បាន​ឃ្លាំមើល​អំពើ​ពុករលួយ​នេះ​កាន់​តែ​ច្រើន។​

«វា​ជា​សារ​មួយជូន​ទៅ​ថ្នាក់​ដឹកនាំ​ ទៅ​គណបក្ស​នយោបាយ​ទាំង​អស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង លែង​ទទួល​យក​របៀប​របប​ពុករលួយ​នេះ ថា​ជា​រឿង​ធម្មតា​តទៅ​ទៀត​ហើយ»។

ប្រទេស​កម្ពុជា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​នោះ នៅ​ឆ្នាំ​២០១០ ដោយ​រំពឹង​ថា​ ច្បាប់​ថ្មី​នេះ នឹង​ជួយ​កាត់​បន្ថយ​និង​ឈាន​ទៅ​លុប​បំបាត់អំពើ​ពុករលួយ​ដែល​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា។

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់ និយាយ​ថា ផ្លូវ​នៅ​វែង​ឆ្ងាយ​នៅ​ឡើយ​ សម្រាប់​ការ​លុប​បំបាត់​អំពើ​នេះ។

កញ្ញា ស្រី វឿន ដែល​បាន​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ និយាយ​ថា នយោជក​មួយ​ចំនួន​នៅ​តែ​រអ៊ូរទាំ​អំពី​ការ​តម្រូវ​ឲ្យ​បង់​ «លុយក្រោមតុ» ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ ដែល​ប្រការ​នេះ បាន​ក្លាយ​ជា​ឧបសគ្គ​ដល់​ពួកគេ​ក្នុង​ការ​តំឡើង​ប្រាក់​ខែ​ជូន​នយោជិក​របស់​ខ្លួន។

«នៅ​ពេល​ដែល​តំណាង​នយោជក​ចេញ​មក​ចរចា​ប្រាក់​ខែ​ជាមួយ​កម្មករ​ដែល​ធ្វើ​កូដកម្ម​ពួក​គេ​និយាយ​ថា ប្រសិន​បើ​កម្មករ​ទាំង​អស់​អាច​លុប​បំបាត់​អំពើ​ពុករលួយ​ក្រោម​តុ​បាន នោះ​ពួកគេ​នឹង​អាច​តំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​តាម​ការ​ទាមទារ​បាន។»

កញ្ញា ស្រី វឿន ដែល​មក​ពី​ខេត្ត​ព្រៃវែង​បាន​បន្ត​ទៀត​ថា សូម្បី​តែ​នៅ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ដែល​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ផង ក៏​អ្នក​ភូមិ​របស់​កញ្ញា​ត្រូវ​បង្ខំ​ឲ្យ​បង់​ប្រាក់ ៥​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នោះ។

អ្នក​ស្រី ចិន្តា អ្នក​ទូរស័ព្ទ​ចូលរួម​កម្មវិធី​ម្នាក់​ទៀត មក​ពី​ខេត្ត​បាត់​ដំបង បន្ថែម​ថា អ្នក​ត្រូវការ​ធ្វើ​លិខិត​ឆ្លងដែន​ដូច​ជា​អ្នកស្រី ក៏​ត្រូវ​គេ​បង្ខំ​ឲ្យ​បង់​ប្រាក់​រហូត​ដល់​១៥០​ដុល្លារ​អាមេរិក​ដែរ បើ​ទោះ​ជា​តម្លៃ​ផ្លូវការ​ត្រឹម​តែ​១២០​ដុល្លារ​ក៏ដោយ។

«នេះ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មន្ត្រី​ក្នុង​រដ្ឋការ​បច្ចុប្បន្ន​នេះ​ទៅ​ហើយ។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​ដាក់​ទោស​មន្ត្រី​ពុករលួយ​ទាំង​នេះ?»

លោក ព្រាប កុល មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​ហ៊ាន​សួរ​ ហ៊ាន​ឆ្ងល់ ​ទាមទារ​រក​ព័ត៌មាន​និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង​ឬ​ការ​សម្លុត​របស់​មន្ត្រី​នោះ​ទេ។

លោក​បន្ថែម​ថា ​ប្រសិន​បើ​ពួកគេ​សង្ស័យ​ថា ពួក​គេ​ត្រូវ​គេ​ជំរិត​ទារ​ប្រាក់​ក្រៅ​ផ្លូវការ ពួកគេ​អាច​ទូរស័ព្ទ​ទៅ​កាន់​លេខ​១២៨២​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​លេខ​១២៩២ ឬ៧៧៧៧ របស់​អង្គការ​តម្លាភាព​កម្ពុជា​របស់​លោក ដោយ​ឥតបង់ថ្លៃ ដើម្បី​ឲ្យ​ពួកគេ​អាច​ជៀសផុត​ពី​ការ​ក្លាយខ្លួន​ទៅជា​ជនរងគ្រោះ​នៃ​អំពើ​ពុករលួយ។

លោក​អំពាវនាវ​ថា៖ «ប្រជាជន​ខ្មែរ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ផ្លាស់​ប្តូរ​ទម្លាប់​នេះ ដើម្បី​រៀបចំ​សង្គមយើង​ឲ្យ​បាន​ស្អាតស្អំ។»
XS
SM
MD
LG