ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សហគមន៍​ថា ខ្មែរ​នៅ​សង្កាត់ Orange County បន្ត​ចាប់​ដៃ​គ្នា​កសាង​សហគមន៍​ដ៏​រឹងមាំ​មួយ


លោក ពឹង វឌ្ឍនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ ថតរូប​ជាមួយ​នឹង​ក្មេងៗ​ដែល​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ The After-School program របស់​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ។ (Courtesy of Peong Vattana)

សព្វថ្ងៃនេះ ចំនួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ភៀស​ខ្លួន និង​ធ្វើ​ចំណាក​ស្រុក​មក​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័ញ៉ា​មាន​ចំនួន​ជាង​១ម៉ឺននាក់ ដែល​ភាគច្រើន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​សម្ភារៈពេទ្យ និង​ផលិត​នំ​ជា​ដើម។

ថ្វីត្បិត​តែ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័ញ៉ា នៅ​តែ​ប្រឈម​នឹ​ងបញ្ហា​ជីវភាព​រស់នៅ សុខភាព និង​អន្តោប្រវេសន៍​ក្តី ក៏​អង្គការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​មួយ ​កំពុង​ប្រមូល​ផ្តុំ​សហគមន៍​ខ្មែរ​ឲ្យ​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក តាមរយៈ​សកម្មភាព​ផ្សេងៗ ដើម្បី​ផ្តល់​សេវាកម្ម​សំខាន់ៗ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​នោះ។

បញ្ហា​ជីវភាព​រស់នៅ​ និង​អន្តោប្រវេសន៍​នៅ​តែ​ជា​កត្តា​ប្រឈម​ចម្បងៗ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ភៀស​ខ្លួន និង​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​តំបន់ Orange County រដ្ឋ​កាលី​ហ្វ័ញ៉ា។

ក្រៅ​ពី​បញ្ហា​ជីវភាព​នៅ​មាន​កម្រិត ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​មាន​បញ្ហា​សុខភាព ដូចជា​ជំងឺ​លើសឈាម និង​ទឹក​នោម​ផ្អែម​ជាដើម។ រីឯ យុវជន​ជំនាន់​ក្រោយ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​វិញ ក៏​កំពុង​ជួប​នឹង​បញ្ហា​ក្នុង​សង្គម ដូចជា​ក្រុម​បងធំ​បងតូច និង​គ្រឿង​ញៀន​ជា​ដើម។​

យ៉ាងណាមិញ មិន​មែន​ត្រឹម​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ផ្សេងៗ​ទៀត ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ទាំង​អស់​នេះ​ដែរ។ ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា មាន​អង្គការ​មួយ​ចំនួន ដូចជា​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ​បាន​ចាត់​វិធានការ​ផ្សេងៗ​ដើម្បី​ឆ្លើយតប​នឹង​កង្វះខាត និង​កត្តា​ប្រឈម​ទាំង​អស់​នេះ។

ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍ លោក ពឹង វឌ្ឍនា នាយក​ប្រតិបត្តិ​នៃ​សមាគមន៍​គ្រួសារ​ខ្មែរ (the Cambodian Family) បាន​ប្រាប់ VOA ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​សូវ​យល់​ដឹង​ពី​ដំណើរការ​នៃ​សំណុំ​ឯកសារ​សុំ​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ​ទេ។​

«‍បើ​តាម​ខ្ញុំ​យល់​ឃើញ ចំពោះ​បញ្ហា​អន្តោប្រវេសន៍ គឺថា​បងប្អូន​ប្រជាជន​ខ្មែរ​យើង ភាគច្រើន​អ្នក​មក​ថ្មី គាត់​មិន​សូវ​ដឹង​ពី​សិទ្ធិ​របស់​គាត់ ហើយ​មិន​ដឹង​ថា តើ​រយៈពេល​ប៉ុន្មាន​គាត់​អាច​ចូល​សញ្ជាតិ​អាមេរិកាំង​បាន ថា​ឯកសារ​អ្វី​ខ្លះ​គាត់​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ចូលរួម​ជា​ពលរដ្ឋ​អាមេរិកាំង»។

បន្ថែម​លើ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ដឹង​ពី​ការ​ស្វែងរក​ព័ត៌មាន ដែល​អាច​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​អន្តោ​ប្រវេសន៍​នេះ។ លោក ពឹង វឌ្ឍនា បាន​ពន្យល់​ថា៖

«‍​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រហែល​លើស​៩០ភាគរយ មិន​ដឹង​ពី​ព័ត៌មាន​ដែល​ថា ទៅ​កន្លែង​ណា​ដាក់ទទួល​ពាក្យ​នោះ​ទេ។ មូលហេតុ​អ្វី? ទី១ ពួក​គាត់​មិន​សូវ​ចេះ​ភាសា​អង់គ្លេស ភាគច្រើន​អ្នក​ដែល​គាត់​មក។ ពេល​ណា​យើង​មិន​ចេះ​ភាសា ព័ត៌មាន​គឺ​មាន​កម្រិត។ ទី២ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សហគមន៍​ខ្មែរ​យើង​នៅ​សហរដ្ឋ​អាមេរិក​មាន​តិចតួច‍»។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ តាមរយៈ​សកម្មភាព​គម្រោង​របស់​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ។ (Courtesy of Peong Vattana)
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ តាមរយៈ​សកម្មភាព​គម្រោង​របស់​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ។ (Courtesy of Peong Vattana)

ជា​ការ​ឆ្លើយតប សមាគមន៍​គ្រួសារ​ខ្មែរ​បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​អង្គការ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ទាក់ទង​នឹង​អន្តោប្រវេសន៍​នេះ។

«‍យើង​បាន​ធ្វើការ​ជា​ដៃ​គូ​យ៉ាង​ជិតស្និត​ជាមួយ​បណ្តា​អង្គការ​ដែល​មាន​ឯកទេស និង​មាន​មេធាវី​ផ្នែក​អន្តោប្រវេសន៍​ដ៏​ល្បីៗ​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​បញ្ជូន​ពលរដ្ឋ​ប្រជាជន​ខ្មែរ​យើង ដែល​គាត់​មាន​បញ្ហា​អន្តោប្រវេសន៍ ទៅ​សាកសួរ​ព័ត៌មាន និង​ទទួល​បាន​សេវាកម្ម​ផ្នែក​អន្តោប្រវេសន៍​ដ៏​សមស្រប និង​មិន​ក្លាយ​ជា​ដែល​ត្រូវ​គេ​ឆកបោក»។

សព្វថ្ងៃនេះ ចំនួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ភៀស​ខ្លួន និង​ធ្វើ​ចំណាក​ស្រុក​មក​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័ញ៉ា​មាន​ចំនួន​ជាង​១ម៉ឺននាក់ ដែល​ភាគច្រើន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​សម្ភារៈពេទ្យ និង​ផលិត​នំ​ជា​ដើម។

បញ្ហា​ដ៏​ចម្បង​មួយ​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់ Orange County នេះ​ជួប​ប្រទះ​គឺ​បញ្ហា​សេវា​សុខភាព។ លោក ពឹង វឌ្ឍនា បាន​លើក​ឡើង​ពី​បញ្ហា​រារាំង​មួយ​ចំនួន ដែល​បណ្តាល​ឲ្យ​ការ​ស្វែងរក​សេវា​សុខភាព​ដ៏​សមស្រប​របស់​ពលរដ្ឋ​ខ្មែរ​ជួប​បញ្ហា​ច្រើន។

«‍ទី១ គឺ​បញ្ហា​យាន្តជំនិះ។​ អ្នក​ខ្លះ​ដែល​មក​រស់នៅ​ទីនេះ​ដំបូង ពួកគាត់​មិន​ចេះ​បើក​ឡាន។ ភាគច្រើន ឪពុក​ម្តាយ​ចាស់ៗ និង​លោក​យាយ​ចាស់ៗ​នោះ ពួកគាត់ច្រើន​តែ​ពឹង​កូន​ចៅ​គាត់​ឲ្យ​ជូន​ទៅ។ ទី២ កង្វះ​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល ដែល​ចេះ​និយាយ​ភាសា​ខ្មែរ និង​ដឹង​ពី​វប្បធម៌​ខ្មែរ​យើង។ ​ជាពិសេស ឧទាហរណ៍ ខ្ញុំ​លើក​យក​បញ្ហា​កោស​ខ្យល់​មួយ​ចុះ។ ពេទ្យ​ខ្លះ​គាត់​មិន​ដឹង​ថា កោស​ខ្យល់​យ៉ាង​ម៉េច។ ពេល​ទៅ​ពេទ្យ គេ​អាច​ថា មាន​គេ​វាយ​ធ្វើ​បាប»។

លោក​បាន​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ដ៏​ធំ​មួយ​នេះ សមាគមន៍​គ្រួសារ​ខ្មែរ​បាន​ស្វះស្វែង​រក​ជំនួយ​ពី​អង្គការ​ផ្សេងៗ​ទៀត ដោយ​ផ្សព្វផ្សាយ​ចំណេះដឹង​ខាង​សុខភាព ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​សេវា​សុខភាព ដូចជា​សមាគមន៍​មាតា​បិតា​ខ្មែរ សហគមន៍​ខ្មែរ (UCC) សមាគមន៍​ខ្មែរ​នៅ​ទ្វីប​អាមេរិកាំង (CAA) និង​សមាគមន៍​គ្រួសារ​សុខភាព​ល្អ។ ​

«‍ជួនកាល​បើសិន​ជា​ពួកគាត់​ខ្វះខាត​ខាង​យាន្ត​ជំនិះ យើង​មាន​បុគ្គលិក​ជួយ​ទៅ​ដឹក​គាត់ ដើម្បី​យក​គាត់​ទៅ​ពេទ្យ។ ហើយ​ទី២ យើង​មាន​សេវា​បកប្រែ​ជា​ភាសាខ្មែរ​របស់​គាត់ ជាពិសេស​អ៊ំៗ​ចាស់ៗ​ដែល​គាត់​មិន​មាន​អ្នក​បក​ប្រែ។ ដូច្នេះ យើង​មាន​អ្នក​បក​ប្រែ»។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា តាម​ច្បាប់​ពលរដ្ឋ​នៅ​រដ្ឋកាលីហ្វ័ញ៉ា មាន​សិទ្ធិ​ស្នើសុំ​សេវា​បក​ប្រែ​ នៅពេល​ទៅ​ពិនិត្យ​សុខភាព។ មួយ​វិញ​ទៀត បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​វ័យ​ចាស់ៗ​ក៏​កំពុង​តែ​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​ពី​អង្គការ​ជា​ច្រើន ដូចជា​សមាគមន៍​គ្រួសារ​ខ្មែរ​ជា​ដើម។

ដោយ​ឡែក​ ទោះ​បី​ជាង​៤០ឆ្នាំ​កន្លង​ទៅ​ក្រោយ​ពេល​ដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​បាន​មក​តាំង​ទី​លំនៅ​នៅ​សហរដ្ឋ​អាមេរិក​នេះ​ក៏​ដោយ ក៏​ការ​យល់​ដឹង​ពី​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក ពឹង វឌ្ឍនា នាយក​ប្រតិបត្តិ​សមាគមន៍​គ្រួសារ​ខ្មែរ​នៅទីក្រុង Santa Ana រដ្ឋ​កាលីហ្វ័ញ៉ា បាន​មាន​វត្តមាន​នៅ​ទីស្នាក់ការ​របស់​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក ពឹង វឌ្ឍនា នាយក​ប្រតិបត្តិ​សមាគមន៍​គ្រួសារ​ខ្មែរ​នៅទីក្រុង Santa Ana រដ្ឋ​កាលីហ្វ័ញ៉ា បាន​មាន​វត្តមាន​នៅ​ទីស្នាក់ការ​របស់​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ពឹង វឌ្ឍនា បាន​បញ្ជាក់​ថា៖

«‍ភាគ​ច្រើន​ពលរដ្ឋ​មិន​សូវ​យល់​ដឹង​ពី​សិទ្ធិ​របស់​គាត់ ថា​តើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ក៏​មាន​សិទ្ធិ​បោះឆ្នោត​នោះ វា​មាន​សារៈសំខាន់​យ៉ាង​ណា»។

ក៏​ប៉ុន្តែ តាមរយៈ​កិច្ចការ​របស់​សមាគមន៍​គ្រួសារ​ខ្មែរ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​នៅ​តំបន់ Orange County ​កំពុង​តែ​សិក្សា​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ក្នុង​សង្គម ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

«‍ការ​ចួលរួម​ក្នុង​កិច្ចការ​សង្គម​របស់​បងប្អូន​ខ្មែរ​យើង​មាន​ការ​សស្រាក់​សស្រាំ​ណាស់។ បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ទៅ​ចូលរួម​ស្តាំ​ក្រុម​ប្រឹក្សា​ក្រុង​ជជែក​ពិភាក្សា​ពី​បញ្ហា​នានា ដែល​ប៉ះពាល់​ដល់​សហគមន៍​យើង»។

ទាក់ទង​នឹង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នេះ លោក ពឹង វឌ្ឍនា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ​ធ្វើការ​ពីរ​កន្លែង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ដើម្បី​ឧបត្ថម្ភ​ការ​សិក្សា​របស់​កូន​ជា​ដើម។

«‍ជីវភាព​គាត់​ឥឡូវ​នេះ​នៅ​តំបន់ Orange County បាន​ប្រសើរ តែ​មិន​ប្រសើរ​ណាស់​ណា​ទេ។ ខ្ញុំ​ក៏​សូម​ជូន​ជា​យោបល់​ដែរ​ថា បើសិន​ជា​បងប្អូន​ជួប​នឹង​បញ្ហា​ផ្សេងៗ ពួកគាត់​អាច​ទាក់ទង​បណ្តា​អង្គការ​សមាគមន៍​ផ្សេងៗ ដែល​បម្រើ​សេវាកម្ម​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង»។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការ​អប់រំ​គឺជា​កត្តា​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​នេះ​អាច​ឈាន​ចាប់​យក​ឱកាស​ការងារ​ល្អ​ប្រសើរ​ជាង​នេះ។ អាស្រ័យ​ហេតុ​នេះ កម្មវីធី​មួយ​ដែល​អង្គការ​របស់​លោក​កំពុង​ធ្វើ​គឺ​ផ្តោត​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន។ ក៏​ប៉ុន្តែ លោក ពឹង វឌ្ឍនា បញ្ជាក់​ថា យុវជន​ខ្មែរ​នៅតែ​បន្ត​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការ​សិក្សា។

សិស្ស​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ដោយ​ទទួល​ជំនួយ និង​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​ជា​ដៃ​គូ​របស់​សមាគមន៍​គ្រួសារ​ខ្មែរ។ (Courtesy of Peong Vattana)
សិស្ស​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ដោយ​ទទួល​ជំនួយ និង​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​ជា​ដៃ​គូ​របស់​សមាគមន៍​គ្រួសារ​ខ្មែរ។ (Courtesy of Peong Vattana)

«‍ចំពោះ​បងប្អូន​យុវជន​ខ្មែរ​យើង ពួកគាត់​ភាគ​ច្រើន​មាន​បញ្ហា​លំបាក​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា ហើយ​នឹង​ឈាន​ទៅ​ដល់​មហាវិទ្យាល័យ។ បញ្ហា​លំបាក​អី? ទី១ ម្តាយឪពុក​របស់​គាត់​មិន​ចេះ​ភាសា។ ហើយ​ទី២ ម្តាយ​ឪពុក​របស់​គាត់​មិន​បាន​រៀន​ចប់​ចុង ចប់​ដើម​ឲ្យ​បាន​ខ្ពង់ខ្ពស់។ ដល់​ពេល​គាត់​មក​ដល់​ទីនេះ គាត់​មិនមាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ដើម្បី​ជួយ​កិច្ចការ​សាលា ឬ​ក៏​ចូលរួម​ក្នុង​ការ​សិក្សា​របស់​កូន​ទេ»។

បន្ថែម​លើ​នេះ កម្មវិធី​សិក្សា​ផ្លូវការ​នៅ​តាម​សាលារៀន​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​មិន​សមស្រប​ទៅ​តាម​វប្បធម៌ ភាសា និង​ប្រវត្តិ​អន្តោប្រវេសន៍​របស់​យុវជន​ខ្មែរ។

យ៉ាង​ណា​មិញ សមាគមន៍​គ្រួសារ​ខ្មែរ សហការ​ជាមួយ​នឹង​អង្គការ​ជា​ដៃ​គូ​ជា​ច្រើន​នៅ​តំបន់ Orange County បាន​បង្កើត​កម្មវិធី​សិក្សា​ក្រៅ​ម៉ោង​សិក្សា និង​កម្មវិធី​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​ដល់​យុវជន​ខ្មែរ​មួយ​ចំនួន ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ។

លោក ពឹង វឌ្ឍនា នាយក​ប្រតិបត្តិ​សមាគមន៍​គ្រួសារ​ខ្មែរ​ បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​បីជា​សហគមន៍​ខ្មែរ​នៅ​តំបន់ Orange County នេះ​បន្ត​ជួប​កត្តា​ប្រឈម​ខាង​លើ​នេះ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នេះ​បន្ត​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិត​រមួត និង​សាមគ្គី​គ្នា ដើម្បី​ដើរ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន​កាន់​តែ​ប្រសើរ​ជាង​នេះ​នា​ពេល​អនាគត៕

XS
SM
MD
LG