ពេលដែលអ្នកឃើញក្រុមមនុស្សកាន់បដាគ្រវីបក់ចុះឡើង នៅក្នុងពេលដែលគណបក្សនយោបាយធ្វើមហាសន្និបាតជាតិ ដើម្បីសម្រេចជ្រើសរើសបេក្ខជនសម្រាប់តំណែងប្រធានាធិបតី គឺពួកគេជាប្រតិភូដែលមកពីតាមរដ្ឋនានា។
ភាគច្រើននៃប្រតិភូទាំងនេះគឺមកពីថ្នាក់ស្រុកឬសង្កាត់នីមួយៗតំណាងឲ្យមណ្ឌលក្នុងរដ្ឋ។ ពួកគេគឺជាអ្នកស្មោះត្រង់និងស្ម័គ្រចិត្តរបស់គណបក្ស សម្រាប់ធ្វើការងារដើម្បីជួយសហគមន៍។
ប្រតិភូសភាប្រចាំមណ្ឌលនិងគណៈកម្មាធិការកណ្តាលនៃគណបក្សប្រចាំរដ្ឋ មានភារៈកិច្ចរៀបរំផែនការនិងចូលរួមកិច្ចប្រជុំផ្តល់ព័ត៌មាននៅទូទាំងតំបន់និ ងធ្វើការជាមួយគ្នានៅទូទាំងរដ្ឋ ដើម្បីតំណាងសហគមន៍របស់ពួកគេទៅលើកម្មវិធីនយោបាយរបស់គណបក្ស នៅក្នុងរដ្ឋនិងជ្រើសរើសថ្នាក់ដឹកនាំគណបក្សប្រចាំរដ្ឋផងដែរ។
នៅក្នុងមណ្ឌលនីមួយៗមានប្រតិភូសភាចំនួន ១៤ នាក់ ដែលមានស្ត្រី ៧ រូបនិងបុរស ៧ រូប។ ពួកគេត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដែលបើកឲ្យដល់អ្នកចុះឈ្មោះជាអ្នកគាំទ្រគណបក្សនយោបាយនីមួយៗ នៅក្នុងរដ្ឋ។ នេះបើតាមលក្ខខន្តិកៈរបស់គណបក្ស។
នៅក្នុងឆ្នាំ ២០២១ នេះ មានសមាជិកសហគមន៍ខ្មែរអាមេរិកាំងពីរនាក់កំពុងឈរជាប្រតិភូសភាប្រចាំមណ្ឌលទី ៧០ របស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋកាលីហ្វញ៉ា។ មណ្ឌលនេះគ្របដណ្តប់លើក្រុងCatalina Island, Long Beach, San Pedro និង Signal Hill និងមានបេក្ខជនចំនួន ៤៥ នាក់កំពុងប្រកួតប្រជែង។
កញ្ញា Vanndearlyn Vong អាយុ ២១ ឆ្នាំកំពុងឈរឈ្មោះជាថ្មី ក្រោយពីបានជាប់មួយអណត្តិកន្លងមកនេះ។ កញ្ញាត្រូវបានជ្រើសរើសដំបូងសម្រាប់ការងារនេះក្នុងឆ្នាំ ២០១៩។
កញ្ញា Vanndearlyn បានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹងវីអូអេថា៖ «ខ្ញុំមានចិត្តចង់ទាមទារការថែរក្សាសុខភាពសម្រាប់មនុស្សទាំងអស់ កិច្ចព្រមព្រៀងការពារបរិស្ថានថ្មី ដែលនាំឲ្យយើងឈប់អាស្រ័យលើឋាមពលផូស៊ីល និងបង្កើតការងារថ្មីដែលល្អចំពោះបរិស្ថាន ក៏ដូចជាលុបចោលប៉ូលិសអន្តោប្រវេសន៍ ព្រោះវាជាប្រព័ន្ធដែលបណ្តេញបងប្អូនរបស់យើងដោយមិនត្រឹមត្រូវ»។
កញ្ញា Vanndearlyn តំណាងឲ្យសំឡេងចម្រើននិយមនៅក្នុងគណបក្សប្រជាធិបតេយ្យ ហើយនៅក្នុងពេលមហាសន្និបាតថ្នាក់ជាតិរបស់គណបក្ស កាលពីខែសីហា ឆ្នាំ២០២០ គឺបានចូលរួមជាប្រតិភូគាំទ្រសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋV ermont គឺលោក Bernie Sanders សម្រាប់បេក្ខជនប្រធានាធិបតីរបស់គណបក្ស ប៉ុន្តែលោកមិនបានជោគជ័យទេដោយជ័យជម្នះបានទៅលោក Joe Biden អតីតអនុប្រធានាធិបតី ដោយសារលោកទទួលបានសំឡេងប្រតិភូច្រើនជាង។
តាមរយៈបទពិសោធនេះ កញ្ញាV anndearlyn កំពុងសំឡឹងយកតួនាទីជានាយកគណៈកម្មការនៃក្រុមប្រតិភូសភានេះ ដោយប្រកួតនឹងបេក្ខជន ៧ នាក់ផ្សេងទៀត។
កញ្ញាលើកទឹកចិត្តឲ្យយុវជនដទៃទៀតចូលរួមសកម្មភាពនយោបាយដោយចាត់ទុកថា វាប្រៀបបីដូចជាការស្ម័គ្រចិត្តនៅកម្រិតអង្គការស្ម័គ្រចិត្តថ្នាក់មូលដ្ឋានដែរ ដោយគ្រាន់តែត្រូវមានគោលការណ៍ណាដែលប្រតិភូចង់បានបញ្ចូលក្នុងគោលនយោបាយ និងមិនត្រូវការបទពិសោធនិងចំណេះដឹងខ្ពង់ខ្ពស់ទេ។
ជានិស្សិតឯកទេសវិទ្យាសាស្ត្រនយោបាយឆ្នាំបញ្ចប់នៅសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ាប្រចាំនៅទីក្រុងឡុងប៊ិច កញ្ញា Vanndearlyn Vong ចង់បន្តការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត ប៉ុន្តែក៏នៅតែធ្វើសកម្មភាពដើម្បីជួយសហគមន៍។
«ខ្ញុំមើលឃើញថាវាជាមូលដ្ឋាន សម្រាប់ខ្ញុំរៀនសូត្រនិងចូលរួមខាងផ្នែកនយោបាយ ទោះក្នុងនាមជាប្រតិភូនៅកម្រិត ១ ទៀត ឬជាមន្ត្រីជាប់ឆ្នោត គឺខ្ញុំមិនមានផែនការនៅឡើយទេ ប៉ុន្តែខ្ញុំចង់នៅជួយការងារនិងបន្តរៀនសូត្រ ដែលខ្ញុំអាចយកចំណេះដឹង ដើម្បីបម្រើសហគមន៍»។
រដ្ឋកាលីហ្វញ៉ាមានមណ្ឌលសភាចំនួន ៨០ និងជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យ។ ពលរដ្ឋខ្មែររស់នៅរដ្ឋនេះច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិក ដោយមានចំនួនប្រហែល ៥០.០០០ នាក់រស់នៅក្នុងទីក្រុង Los Angeles។
លោក ឆល សុង គឺជាបេក្ខជន១រូបទៀតសម្រាប់មណ្ឌលទី ៧០ នេះដែរ។ លោកបានបម្រើការងារសហគមន៍ជាង ៣០ ឆ្នាំ។ បច្ចុប្បន្នលោកគឺជាអ្នកផ្តល់ប្រឹក្សាខាងស្វែងរកការងារនៅសមាគមខ្មែរនៅទ្វីបអាមេរិក។
លោក ឆល សុង បានបញ្ជាក់ប្រាប់វីអូអេថា៖ «ជំហររបស់ខ្ញុំគឺត្រង់ស្ថិតលើការតស៊ូមតិ ដើម្បីយកភាពយុត្តិធម៌នៅក្នុងសហគមន៍តម្លាភាពសម្រាប់សហគមន៍សមភាពសមធម៌ ផ្នែកផ្ទះសម្បែងសមរម្យហើយក៏ដូចជាខាងសុខាភិបាល ដើម្បីយកមកបម្រើប្រជាពលរដ្ឋយើងត្រង់ទៅមុខ»។
លោក ឆល សុង រៀបរាប់ពីការងារកន្លងមកដែលលោកបានចូលរួមគឺការដឹកនាំសកម្មភាពឃោសនាដើម្បីបោះឆ្នោតជ្រើសរើសអ្នកស្រី ស៊ូលី សារ៉ូជា សមាជិកក្រុមប្រឹក្សាទីក្រុងឡុងប៊ិចដំបូង ដែលចេញពីសហគមន៍ខ្មែរអាមេរិកាំងការលុបបំបាត់ការកំណត់ព្រំដែនបោះឆ្នោត ដោយពុះជ្រែកសហគមន៍ខ្មែរជាច្រើនផ្នែកនិងការជួយឲ្យកញ្ញា Vanndearlyng Vong បានជាប់ឆ្នោតជាប្រតិភូរបស់គណបក្សប្រជាធិបតេយ្យមួយអណត្តិមកនេះ។
លោក ឆល សុង បានបន្ថែមថា៖ «អីចឹងដោយសារតែអ្វីដែលយើងបានរៀបចំហ្នឹង ហើយបានជាខ្ញុំយល់ឃើញថានេះ គឺជាឱកាសដ៏ល្អមួយដែលយើងអាចពង្រឹងនិងពង្រីក នៅក្នុងផ្នែកនយោបាយដើម្បីយកមកបម្រើស្ថាប័នរបស់យើង ផ្នែកខាងក្រោមហ្នឹង ឲ្យបងប្អូនយើងបានយល់កាន់តែច្រើនទៅទៀត ពីព្រោះគោលជំហររបស់ខ្ញុំ គឺខ្ញុំចង់ត្រួសត្រាយផ្លូវឲ្យប្អូនៗជំនាន់ក្រោយ ឲ្យមានការងាយស្រួលដល់ពេលណាពួកគាត់ត្រៀមខ្លួនរួចរាល់»។
ដើម្បីចូលរួមជ្រើសរើសប្រតិភូរបស់គណបក្សប្រជាធិបតេយ្យ នៅឆ្នាំ ២០២១ នេះ បានពលរដ្ឋត្រូវចុះឈ្មោះជាអ្នកបោះឆ្នោតរបស់គណបក្សឲ្យបានត្រឹម ថ្ងៃចន្ទ ទី១១ ខែមករា។ នេះបើតាមគេហទំព័ររបស់គណបក្សប្រចាំរដ្ឋកាលីហ្វញ៉ា។
បន្ទាប់ពីនេះរហូតដល់ថ្ងៃទី១៨ ខែមករា ពួកគេនឹងទទួលបានសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចផ្ញើទៅប្រអប់សំបុត្ររបស់គណបក្សនៅទីក្រុង Los Angeles ឬទីក្រុង Sacramento នៃរដ្ឋកាលីហ្វញ៉ា ឲ្យបានត្រឹមថ្ងៃទី២៧ ខែមករានេះ៕