ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ស្រ្តី​ជនភៀស​ខ្លួន​ខ្មែរ​ទី​១​បានស្បថ​ចូល​កាន់​តំណែង​ជាតំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​រដ្ឋ​ម៉ាស្សាឈូសេត​


​​​​អ្នកស្រី​វណ្ណា ហាវឺដ​ (Vanna Howard)​ តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​ដែល​​ទទួល​បាន​ជ័យ​ជម្នះ​កា្លយ​ជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ប្រចាំ​តំបន់​ទី ​១៧ ​សង្កាត់​ Middlesex ​រដ្ឋម៉ាស្សាឈូសេត។

ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ក្រោម​អធិបតីភាព​លោក ​Charles Baker នៅថ្ងៃ​៦ មករា ​ឆ្នាំ២០២១នៅ​សភា​រដ្ឋ​ម៉ាស្សាឈូសេត អ្នកស្រី​វណ្ណា ហាវឺដ​ (Vanna Howard)​ តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​ដែលទទួល​បាន​ជ័យ​ជម្នះ​កា្លយ​ជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ប្រចាំ​តំបន់​ទី ​១៧ ​សង្កាត់​ Middlesex ​រដ្ឋម៉ាស្សាឈូសេត បាន​ស្បថ​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​ជា​ផ្លូវ​ការ។​

ក្រោយ​ពេល​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ អ្នក​ស្រី វណ្ណា ហូវឺដ​ ឲ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ពិធីស្បថ​ចូល​កាន់​តំណែង​នេះ​មិន​អនុញ្ញាត​ឲ្យ​សាធារណ​ជន​ទូទៅ​ចូល​រួម​ទេ។​

អ្នក​ស្រី​ឲ្យ​ដឹងថា ក្នុង​ចំណោម​តំណាងរាស្ត្រ​ ១៦០ នាក់​ មាន​តែ​អ្នក​ជាប់​ថ្មី​ ១៧ ​នាក់​ប៉ុណ្ណោះ ​អាច​ចូល​រួម​ពិធី​នេះ។​ តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចាស់​ត្រូវ​ចូលរួម​ស្បថ​ តាម​រយ:ការ​ផ្សាយ​បន្តផ្ទាល់​តាម​កម្មវិធី​ Zoom ​ជាក្រុមៗ​ និងមាន​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ​និង​តាម​អ៊ីនធឺណិត ​ដែល​ជា​វិធានការ​មួយ​ដើម្បី​បង្ការ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។​

អ្នក​ស្រី​ឲ្យ​ដឹងថា៖ «ឲ្យ​តែ​ ១៧ នាក់​ហ្នឹង។ ​អ្នក​ជាប់​ថ្មី​ ១៧ ​នាក់​ហ្នឹង​ អត់​ឲ្យ​គ្រួសារ​ចូល​ទេ​ ដោយសារ​តែ​បញ្ហា​កូរ៉ូណា​វីរុសហ្នឹង​ចា៎»។

អ្នកស្រី​ឲ្យដឹងថា ក្រោយ​ពី​ធ្វើ​សច្ចាប្រណិធាន​ហើយ ​តំណាង​រាស្ត្រ​ទាំងបាន​បោះឆ្នោត​ជ្រើស​តាំង​លោក​ Ron Mariano​ ធ្វើ​ជា​ប្រធាន​សភា​រដ្ឋ​ម៉ាស្សាឈូសេត​ ដោយ​មាន​សំឡេង​ ១២៧​ នៃ​សំឡេង​សរុប ​១៦០។​

អ្នកស្រី វណ្ណា ហូវឺដ (ពាក់រ៉ូបពណ៌ខៀវ) ឈរថតរូបជាមួយសមាជិកតំណាងរាស្ត្រប្រចាំរដ្ឋផ្សេងៗទៀត ក្នុងអំឡុងពេលស្បថចូលកាន់តំណែង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ (រូបថត Rep. Donald Wong)
អ្នកស្រី វណ្ណា ហូវឺដ (ពាក់រ៉ូបពណ៌ខៀវ) ឈរថតរូបជាមួយសមាជិកតំណាងរាស្ត្រប្រចាំរដ្ឋផ្សេងៗទៀត ក្នុងអំឡុងពេលស្បថចូលកាន់តំណែង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ (រូបថត Rep. Donald Wong)

ពេល​សួរអំពី​ចំណាប់​អារម្មណ៍​ដំបូង​របស់​អ្នក​ស្រី ​ពេល​អ្នក​ស្រី​ចូល​រួម​ក្នុង​ពិធី​នេះ ​គឺ​អ្នក​ស្រី​ឲ្យ​ដឹង​ថា អ្នក​ស្រី​នឹក​គុណ​អ្នក​បោះឆ្នោត​ឲ្យ​លអ្នក​ស្រី​បាន​ធ្វើ​ជា​អ្នក​តំណាង។​

«ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ គឺ​ខ្ញុំ​មាន​កិត្តិយស​ ដោយសារ​ការគាំទ្រ​របស់​អ្នក​បោះឆ្នោត​ដែល​ទុក​ចិត្ត​ឲ្យ​ខ្ញុំ​ធ្វើ​តំណាង​ពួកគេ។​ ពីរឆ្នាំ​ទៀ ត​ខ្ញុំ​សង្ឃឹមថា​ គេ​នឹង​ទុកចិត្ត​ខ្ញុំ​ម្តងទៀត​ឲ្យ​ខ្ញុំ​ជាប់​ជាថ្មី​ទៀត។​ ប៉ុន្តែ​ឥឡូវ​កិច្ចការ​ពីរឆ្នាំដំបូង​របស់​ខ្ញុំ ​ខ្ញុំ​នឹង​ប្រឹងប្រែង​គ្រប់​យ៉ាង​ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​តំណាង​ឲ្យ​ពួកគេ​ប្រយុទ្ធ​ដើម្បី​ពួកគេ»។

អ្នកស្រី​ឲ្យដឹង​ថា​ អាទិភាព​ដំបូង​របស់​អ្នកស្រី​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​រកស៊ី​ ដូច​ជាភោជនីយដ្ឋាន​អាច​ដំណើរ​ការ​ឡើង​វិញ​ ស្រប​ពេល​ដែល​អនុវត្ត​វិធានការ​បង្ការ​ការ​រាតត្បាត។

អ្នកស្រី​ថា ​វិធាន​ការ​សមស្រប​បង្ការ​ការ​រាតត្បាត​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដំណើរការ​ឡើង​វិញ ​ហើយ​ការងារ​ធ្វើ​ ក៏​មាន​ឡើង​វិញ​ដែរ។ ​អ្នកស្រី​ថា​ គ្មាន​ការងារ​ធ្វើ​ គ្មាន​ចំណូល​ គ្មាន​អាហារ​ល្អ​ ក៏​ជា​បញ្ហាធំដែរ។​

ដោយ​សារ​ប្រធាន​សភា​ចាស់​រដ្ឋម៉ាស្សាឈូសេត​លាលែង​ពី​តំណែង​ សមាជិក​សភា​ទាំង ​១៦០​ នាក់​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី។​

ពេល​ឡើង​ថ្លែង​សុន្ទរថា​ ក្រោយ​ត្រូវ​បានជ្រើស​តាំង​ជាប្រធាន​សភា​ថ្មី​លោក​ Ron Mariano​ ដែល​អ្នក​ស្រី​ វណ្ណា ហូវឺដ​ បាន​បោះ​ឆ្នោត​គាំទ្រ​ដែរ​នោះ​ បាន​ប្រកាស​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​នៅ​ម៉ាស្សាឈូសេត ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺកូរីដ១៩។​

លោក​ប្រកាស​ស្វាគមន៍​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ដំបូង​ ដូច​ជា​អ្នកស្រី​ វណ្ណា ហូវឺដ​ ដែល​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​បាន​ទទួល​ការ​គាំ​ទ្រ ក្នុង​ពេល​មាន​ជំងឺរាត​ត្បាត​ដែល​បង្ក​ការ​លំបាក​ដែល ​«ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ»។

​លោក​ថា៖​ «ប៉ុន្តែ​ចំពោះ​អ្នក​រក​គ្រោះ​ជំងឺ​រាតត្បាតផ្សេងៗគ្នា ​ខ្ញុំ​គិត​ថា ​ជាការ​សមរម្យ​ដែល​យើងគួរតែ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ប្រជាជន​រដ្ឋម៉ាស្សាឈូសេត ​ជាង ​១ ម៉ឺន ​២ ពាន់​នាក់​ដែល​បានស្លាប់​ ដោយ​សារ​កូវីដ១៩។​ ដូច្នេះ​ ខ្ញុំសូម​អញ្ជើញ​លោក​អ្នក​ទាំង​អស់គ្នា​ក្រោក​ឈរ​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ពួកគេ»។​

លោក ​រ៉ាឌី មុំ​ អតីត​ជនភៀសខ្លួន​ខ្មែរ​ដែល​បាន​ជាប់​ជា​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៤ ប្រចាំ​តំបន់​ទី​ ១៨ ​សង្កាត់​ Middlesex​ រដ្ឋ​ម៉ាស្សាឈូសេត បាន​ឲ្យ​ដឹង​ថា ពិធី​ធ្វើសច្ចា​ប្រណិធាន​នេះ​ លោក​មិន​អាច​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ទេ​ ដើម្បី​រក្សា​គម្លាតព្រោះ​តាម​សំណើ​របស់​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធីការ​ចូលរួម​ឲ្យ​ផ្ទាល់​ទុក​អាទិភាព​ ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ថ្មី​ចំនួន ​១៧ ​រូប​ ដូច​ជា​អ្នកស្រី​ វណ្ណា ហូវឺដ​ ជាដើម។​

រ៉ាឌី មុំ អង្គុយសម្ភាសជាមួយវីអូអេខ្មែរ នៅការិយាល័យរបស់លោកនៅក្រុង Lowell រដ្ឋ Massachusetts។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
រ៉ាឌី មុំ អង្គុយសម្ភាសជាមួយវីអូអេខ្មែរ នៅការិយាល័យរបស់លោកនៅក្រុង Lowell រដ្ឋ Massachusetts។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

លោក​និយាយថា​ លោក​ក៏​បោះឆ្នោត​គាំទ្រ​លោក​ Rono Mariano ​ធ្វើ​ជា​ប្រធាន​សភា​រដ្ឋ​ម៉ាស្សាឈូសេត​ដែរ ដោយ​ឈ្នះ​បេក្ខគណបក្ស​សាធារណរដ្ឋ​លោក Bradley Jones Jr ​ដែល​មាន​សំឡេង​គាំទ្រ​ចំនួន​ ៣០​ សំឡេង។​

«ទីមួយ​ខ្ញុំ​ បាន​ធ្វើ​កិច្ចការ​ជាមួយ​គាត់​ផ្ទាល់ ​ហើយគាត់​ជាមនុស្ស​មួយគួរគោរព ដែល​ធ្វើ​ជាមេដឹកនាំ​ក្នុងសភាដែល​ធ្វើ​ឲ្យ​ម៉ាស្សាឈូសេត​យើង​ក្លាយ​ជា​គំរូ»។​

សូម​រំឭកថា​ស្រប​ពេល​ដែល​លោ ក​Joe Biden ​ឈ្នះ​លោក​ Donald Trump ក្លាយ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នោះ អ្នក​ស្រី វណ្ណា ហូវឺដ​ ក៏ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី៣​ ខែវិច្ចិកា​នោះ​ដែរ ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.ដែល​អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជ្រើសរើស​សមាជិក​សភា​ សមាជិក​ព្រឹទ្ធសភា​ ថ្នាក់​ជាតិ​និង​ថ្នាក់​រដ្ឋ ​ព្រម​ទាំង​បេក្ខជន​សម្រាប់​តំណែង​ផ្សេង​ទៀត​ផង​ដែរ។​

អ្នក​ស្រី វណ្ណា ហូវឺដ ​អាយុ ​៥១ ឆ្នាំដែល​មានស្រុក​កំណើត​នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ បាន​មក​ដល់​សហ​រដ្ឋ​អាមេរិក​កាលពី​ទសវត្សរ៍​ ១៩៨០​ ទទួល​បាន​ការ​តែងតាំង​នេះ​ ដោយ​សារ​អ្នកស្រី​មាន​គំនិត​កែទម្រង់​លើវិស័យ​សុខាភិបាល​វិបត្តិកូវីដ១៩ ​បញ្ហា​សុខុមាលភាព​សង្គម​ បញ្ហា​អប់រំ ​បញ្ហាចាស់ជរា ​និង​បញ្ហាកុមារ​ ហើយ​និង​បញ្ហា​វិបត្តិ​ផ្ទះ​សម្បែង​ជាដើម ​ដែលអ្នកស្រី​ថា គូប្រជែង​របស់អ្នកស្រី​មិនបាន​ធ្វើកិច្ចការ​នេះ។​

អ្នក​ស្រីបានរៀន​សូត្រ​និង​បម្រើ​ការងារ​រដ្ឋ​និង​សង្គម​ជា​ច្រើន រួម​ទាំង​ជា​ជំនួយ​ការ​អតីត​សមាជិក​សភា​ស.រ.អា.​ ដ៏មាន​ឥទ្ធិពល​ម្នាក់គឺអ្នកស្រី​ Niki Tsongas។​ អ្នក​ស្រីក៏​បាន​ចូលរួម​បំពេញ​កិច្ចការ​សង្គម​ក្នុង​ទីក្រុង​ឡួវែល​ ក្នុង​នាម​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​រដ្ឋាភិបាល​ខាង​ក្រៅ​នៃ​មជ្ឈមណ្ឌល​សុខភាព​នៃ​សហគមន៍​ឡូវែល ​(Lowell Community Health Center)​ ហើយ​ធ្លាប់​បម្រើ​ការងារ​ក្នុង​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​ Middlesex ​និង​ Sufforlk​ ផង​ដែរ។​

កិច្ចការបម្រើ​សង្គម​ច្រើន​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឲ្យ​ អ្នក​ស្រីទទួល​បាន​ការ​គាំទ្រ​ទាំង​ពី​សហគមន៍​ខ្មែរអាមេរិកាំង​ និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ផ្សេងៗ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG