រយៈពេល៤០ឆ្នាំក្រោយការដួលរលំរបបខ្មែរក្រហម ពលរដ្ឋនិងអ្នកនយោបាយខ្មែរនៅតែមានទស្សនៈខ្វែងយោបល់គ្នាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
ខួបលើកទី៤០នៃទិវា៧ខែមករាឆ្នាំនេះ រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានប្រារព្ធយ៉ាងអធិកអធមនៅក្នុងប្រទេសទាំងពីរ។
នៅប្រទេសកម្ពុជា ពិធីនេះត្រូវបានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិកដោយមានការដើរក្បួនព្យុះហយាត្រារំលឹកពីការដួលរលំនៃរបបវាលពិឃាតខ្មែរក្រហមនិងស្រែកជយឃោសសរសើរដល់ការអភិវឌ្ឍនិងសន្តិភាពដែលទទួលបាន។
លោក ហ៊ុន សែនបានថ្លែងប្រាប់អ្នកចូលរួមជាច្រើនម៉ឺននាក់ថា៖
«ជ័យជម្នះ៧មករាបានសង្គ្រោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់នៅរង់ចាំសេចក្តីស្លាប់ បានធ្វើឱ្យនូវរាល់តម្លៃទាំងខាងស្មារតីនិងសម្ភារៈរបស់ប្រជាជនខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួនហើយបានស្រកស្រុតស្ទើររលាយសាបសូន្យបាត់បង់អស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត គ្រានោះរស់ឡើងមកវិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងក៏បានថ្លែងកោតសរសើរ«នយោបាយឈ្នះ-ឈ្នះ» ដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកទាំងស្រុងនៅកម្ពុជាកាលពីចុងឆ្នាំ១៩៩៨ និងបានរិះគន់លើក្រុមអ្នកនយោបាយគណបក្សប្រឆាំង ដែលលោកយល់ថាត្រូវបានប្រជាពលរដ្ឋខ្មែរបំភ្លេចចោលក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ជាដើម។
នៅឯប្រទេសវៀតណាម ពិធីដ៏កម្រនេះត្រូវបានប្រារព្ធធ្វើឡើងនៅជាច្រើនកន្លែងដូចជានៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Gia Lai និងខេត្ត Kien Giang ជាដើម។
សារព័ត៌មានវៀតណាម (Viet Nam News) បានដកស្រង់សម្តីរបស់លោក ង្វៀន ស៊ុនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ថា ជ័យជម្នះ៧មករានេះបានបង្ហាញពី ភាពក្លាហាន និងភាពរឹងមាំរបស់ប្រជាជនវៀតណាម បង្ហាញពីទំនាក់ទំនងជាប្រពៃណីនៃប្រទេសកម្ពុជានិងវៀតណាម និងបង្ហាញពីភាពស្មោះត្រង់ក្នុងការជ្រោមជ្រែងរបស់វៀតណាមជួយប្រជាជនកម្ពុជា។
លោក ង្វៀន ស៊ុនហ្វ៊ុក បន្តថា ជ័យជម្នះ ថ្ងៃ៧មករា១៩៧៩ បានលុបបំបាត់របបប្រល័យពូជសាសន៍ ហើយបានបើកនូវសករាជថ្មីនៃការអភិវឌ្ឍ ឯករាជ្យ សេរីភាព សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។
នៅក្នុងពិធីនៅឯទីក្រុងហូជីមិញវិញលោក Huynh Cach Mang អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជាបាន និងកំពុងអភិវឌ្ឍឡើងដល់កម្រិតថ្មី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានបន្តពង្រីកការនាំចេញទ្វេភាគីឆ្នាំ ២០១៨ ទទួលបាន ៤,៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុសំឡេងវៀតណាម។
កងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើនម៉ឺននាក់បានចូលលុកលុយប្រទេសកម្ពុជានៅចុងខែធ្នូឆ្នាំ១៩៧៨ ហើយបានផ្តួលរំលំរបបឃោរឃៅខ្មែរក្រហម ដែលគាំទ្រដោយប្រទេសចិន នៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ វៀតណាមបានបង្កើតរដ្ឋាភិបាលកម្ពុជាមួយដែលរណបក្រុងហាណូយនិងក្រោយមកប្រែក្លាយជាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្រាប់ពលរដ្ឋខ្មែរមួយចំនួនដែលរត់ភៀសខ្លួនមករស់នៅក្រៅប្រទេសចាត់ទុកថាទិវានោះគឺជាការប្រារព្ធនៃការចូលឈ្លានពានរបស់វៀតណាមនៅកម្ពុជានិងការដាក់អាណានិគម។ ក្រុមអ្នកតវ៉ាដែលមានចំនួនជាង១០០នាក់បានធ្វើបាតុកម្មមួយក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងខួបលើកទី៤០នៃទិវា៧មករានេះ។
លោក វាសនា ច័ន្ ទអ្នករៀបចំបាតុកម្មបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងទាំងអស់គ្នាបារម្ភបំផុតគឺខ្លាចការដឹងគុណ៧មករាហ្នឹងក្លាយទៅជាយួនគ្រប់គ្រងអស់មួយជីវិតនៃទឹកដីខ្មែរយើងដូចកម្ពុជាក្រោមអីចឹង»។
ពួកគេថារយៈពេល៤០ឆ្នាំនេះគឺកម្ពុជាបានបាត់បង់ទឹកដីមួយចំនួនទៅ ប្រទេសវៀតណាម ខូចខាតធនធានព្រៃឈើ ទំនាស់ដីធ្លី ពលរដ្ឋធ្វើចំណាកស្រុក ការជំពាក់បំណុលបរទេសកាន់តែច្រើន និងការបិទសិទ្ធិសេរីភាពជាដើម។
លោកវាសនា ច័ន្ទបានបន្ថែមទៀតថា៖
«ដូច្នេះទាំងអស់ហ្នឹងហើយគឺជាការព្រួយបារម្ភរបស់ពួកយើងខ្ញុំដែលមានឈាមជ័រជាខ្មែរ។ ដូច្នេះសុំឱ្យលោកហ៊ុន សែនគាត់មានជាតិនិយមពិតប្រាកដកុំឱ្យមានជាតិនិយមគ្រាន់តែជាលេសក្នុងការអភិវឌ្ឍនិងការពារនូវអំណាចរបស់ខ្លួន»។
ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលមានចំនួនជាង១០០នាក់ដែរបានធ្វើបាតុកម្មប្រឆាំងនៅមុខភោជនីយដ្ឋានមួយក្នុងទីក្រុងមែលប៊ន ជាទីដែលមានការប្រារព្ធពិធីអបអរសាទរទិវា៧មករាដោយសហគមន៍ខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
នៅក្នុងប្រទេសកម្ពុជាមិនមានសកម្មភាពអ្វីប្រឆាំងនឹងទិវានេះដូចដែលធ្លាប់កើតមានកន្លងមកដោយក្រុមនិស្សិតខ្មែរនោះទេ។ ការបញ្ចេញមតិត្រូវបានពលរដ្ឋមួយចំនួនធ្វើឡើងដោយប្រយ័ត្នប្រយែង ជាពិសេសក្រោយពីមានការបង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិលនិងអ្នកនយោបាយគណបក្សប្រឆាំង។
លោកអ៊ំ សំអាន អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនិងធ្លាប់ជាសកម្មជនបញ្ហាព្រំដែនបានបញ្ជាក់ថា៖
«នៅតាមព្រំដែនប្រជាពលរដ្ឋតែងតែស្រែកយំនៅពេលបោះបង្គោលព្រំដែន ដូច្នេះមានន័យថាតាំងពីឆ្នាំ១៩៧៩មកវៀតណាមនៅតែមានឥទ្ធិពលមកលើកម្ពុជាហើយបន្ទាប់ពីវៀតណាមលើកបន្តុបលោកហ៊ុន សែនហើយមកហ្នឹងគឺថាលោកហ៊ុន សែនតែងតែធ្វើអ្វីទៅតាមវៀតណាមចង់បាន»។
លោកអ៊ំ សំអានបានបន្ថែមថាការបែងចែកផលនៃការអភិវឌ្ឍមិនមានសមភាពរវាងក្រុមគ្រួសារអ្នកមានអំណាចនិងពលរដ្ឋក្រីក្រ៖
«លោកហ៊ុន សែនគាត់បានអំណាចហ្នឹងគាត់ប្រព្រឹត្តអំពើពុករលួយ។ ក្រុមគ្រួសារគាត់មានបានរស់នៅលើគំនរទ្រព្យសម្បត្តិ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើនគឺទៅធ្វើការនៅក្រៅប្រទេសហើយរស់នៅក្នុងភាពក្រីក្រដោយសារការអភិវឌ្ឍនៅកម្ពុជាគឺថាការអភិវឌ្ឍកន្លែងណាប្រជាពលរដ្ឋតែងតែរងទុក្ខ តែងតែទឹកភ្នែកដោយសារការរំលោភយកដីធ្លីពីសំណាក់ក្រុមហ៊ុននិងអ្នកមានអំណាចនៅកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងប្រទេសកម្ពុជាដោយកណ្តាប់ដៃដែកក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។ លោកបានបញ្ចប់ក្បាលម៉ាស៊ីននិងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមខ្មែរក្រហមជាស្ថាពរនៅឆ្នាំ១៩៩៨។ លោកបានផ្តួលគូប្រជែងនយោបាយជាច្រើនរាប់តាំងពីគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច និងចុងក្រោយនេះគឺគណបក្សសង្គ្រោះជាតិដោយប្រើប្រាស់តុលាការកំពូល។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេពីការយល់ឃើញដូចក្រុមបាតុករនៅក្រៅប្រទេសដែរ។ លោកបានបន្ថែមថា៖
«៤០ឆ្នាំមកនេះប្រជាពលរដ្ឋខ្មែរអត់មានអ្វីដែលជាមោទនភាពជាតិទេ។ ថ្វីត្បិតឥឡូវយើងនិយាយថាយើងមានសន្តិភាព ប៉ុន្តែសន្តិភាពនៅក្នុងប្រទេសកម្ពុជាដូចជាសន្តិភាពនៅក្នុងផ្នូរខ្មោចអីចឹងឯង ព្រោះប្រជាពលរដ្ឋអត់មានសេរីភាព។ ប្រជាពលរដ្ឋអត់មានយុត្តិធម៌គឺរងគ្រោះ ហើយការអភិវឌ្ឍន៍រាល់ថ្ងៃ ពាក្យអភិវឌ្ឍន៍រាល់ថ្ងៃធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះដោយសារការអភិវឌ្ឍន៍មិនយុត្តិធម៌ហ្នឹង»។
លោកអេង ឆៃអ៊ាង យល់ថាទិវាណាដែលមានលក្ខណៈធ្វើឱ្យខ្មែរបែកបាក់ដូចនេះមិនគួរធ្វើទ្រង់ទ្រាយធំពេកទេប៉ុន្តែត្រូវធ្វើពិធីណាដែលបង្ហាញនូវការឯកភាពខ្មែរទាំងមូលដែលមានដូចជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃរំលឹកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ដែលបានបង្រួមភាគីជម្លោះរបស់ខ្មែរទាំងបួនភាគីដោយមានអន្តរជាតិដឹងឮជាសាក្សីជាដើម។
លោកបានបន្ថែមទៀតថា៖
«២៣ តុលា ឆ្នាំ១៩៩១ នេះជាព្រឹត្តិការណ៍ដែលខ្មែរប្តេជ្ញាចិត្តបញ្ឈប់សង្គ្រាមបញ្ឈប់ច្បាំងគ្នាចាប់ដៃដើម្បីកសាងប្រទេសឱ្យមានសន្តិភាព។ នេះជាព្រឹត្តិការណ៍មួយដែលយើងត្រូវគោរពឱ្យតម្លៃហើយប៉ុន្តែផ្ទុយទៅវិញព្រឹត្តិការណ៍២៣តុលាមកដល់សព្វថ្ងៃនេះគឺមានភាគីខ្មែរមួយក្រុមដែលខ្លួនបាត់បង់ដោយ២៣តុលាហ្នឹងគឺមិនសូវឱ្យតម្លៃមិនសូវគោរពទេហើយវិលមកគោរពរឿង៧មករាវិញ»។
សម្រាប់គណបក្សប្រជាជនកម្ពុជាការប្រារព្ធពិធីចាប់ផ្តើមតាំងពីចុងខែធ្នូដោយមានការសម្ពោធវិមានឈ្នះ-ឈ្នះ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាត់ទុកថាជាខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរនិងទិវាប្រវត្តិសាស្រ្ត៧មករាដែលបាននាំឱ្យអតីតគណបក្សកុម្មុយនីស្តនេះបានឡើងកាន់អំណាចជារហូតមក៕