ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​​ត្រូវ​បាន​សួរ​នាំ​អំពី«ភាព​ស្មោះ​ត្រង់»​និង​«ការ​ព្រមព្រៀង»​ ចំពោះ​​ហានិភ័យ មុន​ពេល​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​​កូវីដ​១៩


គិលានុបដ្ឋាយិកាម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

មុន​ពេល​ទទួល​យក​វ៉ាក់​សាំង លោក ជា ធីរិទ្ធ ដែល​ជា​អ្នក​សារ​ព័ត៌មាន​មួយ​រូប ​ត្រូវ​បាន​សួរ​នាំ​អំពី​សុខភាព​របស់​លោក​និង​ការ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​លោក​ពិត​ជា​យល់​ព្រម​ទទួល​យក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ផលិត​ដោយ​ប្រទេស​ចិន​ឈ្មោះ ​Sinopharm បើ​ទោះ​មាន​ហានិភ័យ​ណា​មួយ​កើត​ឡើង​ក៏​ដោយ។

ការ​សួរ​បញ្ជាក់​បែប​នេះ ជា​ការ​ធានា​ថា​ ប្រសិន​បើ​មាន​ «ហានិភ័យ» ណា​មួយ​កើត​ឡើង លោក​ ជា​ ធីរិទ្ធ ដែល​ជា​អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​ទូរទស្សន៍​បាយ័ន ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

ចំណុច​មួយ​ដែល​ចែង​ក្នុង​លិខិត​ព្រម​ព្រៀង​នោះ គឺ​ថា «អ្នក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ត្រូវ​តែ​បាន​ប្រាប់​ថា​អ្នក​ផលិត​វ៉ាក់​សាំង​ត្រូវ​បាន​ផ្តល់​អភ័យ​ឯកសិទ្ធិរួច​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​គ្រោះ​ថ្នាក់​ ឬ​មរណភាព​បង្ក​ឡើង​ដោយ​វ៉ាក់​សាំង»។ ចំណុច​មួយទៀត គឺ​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ​អាច​មាន​ប្រតិកម្ម ដូច​ជា​ញាក់ គ្រុនក្តៅ ឈឺ​សាច់ដុំ ល្ហិតល្ហៃ ឈឺ​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ចាប់​នៅ​កន្លែង​ចាក់។

លោក ធីរិទ្ធ អាយុ​ ២៩ ​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ព្រម​ព្រៀង​នេះ ជា​ការ​ស​បញ្ជាក់​ថា​ លោក​យល់​ព្រម​ចាក់​វ៉ាក់សាំង​នេះ​ដោយ​ស្ម័គ្រចិត្ត។

លោក​ប្រាប់​ VOA​ ថា៖ «ស៊ីញ៉េ​ហ្នឹង​បង្ហាញ​ថា​យើង​យល់​ព្រម​ចំពោះ​[អ្វី​ដែល​កើត​ឡើង]​ ប្រសិន​បើ​មាន​ហានិភ័យ​ណាមួយ​កើត​ឡើង អ្វី​ដែល​គេ​បាន​ប្រាប់ ពីព្រោះ​មុន​នឹង​យើង​ចាក់ គេ​បាន​ប្រាប់​ថា​វា​អាច​មាន​បញ្ហា​ណា​មួយ​»។

ចំណុច​កត្តាសុខភាព ត្រូវ​បាន​ក្រសួង​សុខាភិបាល​កំណត់ ដើម្បី​បង្ហាញ​ទៅអ្នក​មាន​បំណងចាក់​វ៉ាក់​សាំង ដែល​ក្នុង​នោះមាន​អាការៈ​ក្តៅ​ខ្លួន មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់​ធ្ងរ ជំងឺថ្លើម តម្រង​នោម ជំងឺ​ប្រកាច់ អាឡាក់ស៊ី ស្រ្តី​មាន​ផ្ទៃពោះ អ្នក​មាន​ប្រវត្តិ​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង​ និង​អ្នក​មាន​ប្រវត្តិជំងឺកូវីដ​១៩​ ជា​ដើម។

លោក ជា ធីរិទ្ធ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមអ្នក​សារ​ព័ត៌មាន ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​ក្រុម​អាទិភាពក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ចំនួន ​៦០ ​ម៉ឺន​ដូស ដែល​អាច​ចាក់​បាន​មនុស្ស​ប្រមាណ​ ៣០​ ម៉ឺន​នាក់។ វ៉ាក់សាំង​ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ត្រូវ​បាន​ផ្តល់​ដោយ​ប្រទេស​ចិន។

ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

អ្នក​សារព័ត៌មាន​រូប​នេះ​លើក​ឡើង​ថា លោក​បាន​ចាក់​វ៉ាក់​សាំង​កាលពី​ព្រឹក​ម៉ោង​ ៨ ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​លើក​ដំបូង​របស់​កម្ពុជា ហើយរហូត​មក​ដល់​ពេល​នេះ លោក​ថា​ស្ថានភាព​សុខភាព​របស់​លោក«ធម្មតា» មិន​មានអ្វីគួរ​ឲ្យ​កត់​សម្គាល់​នោះទេ។

លោក​ឲ្យ​ដឹង​ថា​ លោក​បាន​តម​អាហារ​មួយ​ចំនួន​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ ដូច​ជា​គ្រឿង​សមុទ្រ គ្រឿង​ស្រវឹង ​និង​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់​ពេក​នោះ​ទេ។

បើ​តាម​លោក ធីរិទ្ធ ​មុនពេល​សម្រេច​ចិត្ត​ចាក់​វ៉ាក់​សាំង​នេះ លោក​បាន​តាម​ដាន​ព័ត៌​មានអំពី​គុណ​ភាព​វ៉ាក់​សាំង​ទាំង​អស់ ហើយ​លោក​ក៏សម្រេច​ចិត្តចាក់​វ៉ាក់​សាំង​របស់​ចិន ដោយ​លោកយល់​ថា ​វា​អាច​«ទុក​ចិត្ត​បាន»។

លោក​បន្ថែម​ថា៖ «យើង​ត្រូវ​ស្មោះ​ត្រង់​ចំពោះខ្លួន​ឯង​ថា​ បើ​សិន​ជា​យើង​ក្នុង​អំឡុង​ពេល​ហ្នឹង មុន​នឹង យើង​គ្មាន​បញ្ហា​អី​ទេ ដែល​ក្រសួង​គេ​ហាម​ប្រាម​ហ្នឹង ហើយ​យើង​មិន​ចូលនៅ​ក្នុង​ចំណាត់​ថ្នាក់​ហ្នឹង​ទេ យើង​ត្រូវ​ប្រាក​ដ​ដោយ​ខ្លួន​ឯង​ថា​ យើងមិន​មាន​បញ្ហា​ដែល​ក្រសួង​បាន​ហាម​ប្រាម​ហ្នឹង​ទេ»។

លោក ធីរិទ្ធ បន្ថែម​ថា ​លោកសម្រេច​ចាក់​វ៉ាក់​សាំង​មុន​គេ​មុន​ឯង​នេះ ព្រោះ​ថា លោក​ត្រូវ​ជួប​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន ដែល​លោក​ថា ​អាច​ជា​«ហានិភ័យ»​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នៅ​តែ​ជា​បញ្ហា​ព្រួយ​បារម្ភ​របស់​ពិភព​លោក។

លោក​មាន​ប្រសាសន៍បន្ថែម​ថា៖ «ខ្ញុំ​គ្មាន​ការបារម្ភ​អ្វី​ទាល់​តែ​សោះ ខ្ញុំ​និយាយដោយ​ត្រង់ ព្រោះ​ខ្ញុំ​បាន​យល់ថា​វ៉ាក់សាំង វា​មាន​តួនាទី​យ៉ាង​ម៉េច»។

ទោះ​ជា​យ៉ាងណា លោក​មិន​ទាន់​ដឹង​អំពីប្រសិទ្ធ​ភាព​នៃ​វ៉ាក់​សាំង​ក្នុង​រយៈ​កាល​ប៉ុន្មាន​នោះ​ទេ។

លោក ធីរិទ្ធ បាន​ស្នើ​ថា ​ប្រសិន​បើ​លោកត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស លោក​មិន​គួរ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល ​១៤ ​ថ្ងៃ តាម​ការ​តម្រូវ​របស់​ក្រសួង​សុខាភិបាល នៅ​ពេល​ត្រឡប់​ចូល​ប្រទេស​វិញ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រួម​មាន​ទាំង​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ផង​នោះ បាន​ទៅ​ចាក់​វ៉ាក់សាំង​ចិន Sinopharm​ ដំបូង​គេ​ នៅមន្ទីរពេទ្យ​កាល់​ម៉ែត ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​មុន​ថា​ លោក​នឹង​ចាក់​វ៉ាក់​សាំង​នេះ ប៉ុន្តែក្រោយ​មក លោក​ថា​លោក​មិនអាច​ចាក់​បាន​ទេ ក្រោម​ហេតុ​ផល​ថា​វា​តម្រូវ​មិន​ឲ្យ​មាន​អាយុ​លើស​ពី​៥៩​ឆ្នាំ។

លោក ហ៊ុន សែន បាន​បង្ហោះ​សារលើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ពុធ​ ដែល​ជា​ថ្ងៃ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ចាក់​វ៉ាក់​សាំង​ថា ​កូន​របស់​លោក​បាន​ទទួល​វ៉ាក់​សាំង​មុន​គេ​ជំនួស​ឲ្យ​រូប​លោក ដែល​លោក​ថា «នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​មុខ​ជន​រួម​ជាតិ​យើង»។

លោក ហ៊ុន សែន បង្ហោះ​ថា៖ «ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ចំពោះ​បង​ប្អូន​ជន​រួម​ជាតិ​យើង​ទាំង​ក្នុង​និង​នៅ​ក្រៅ​ប្រទេសឲ្យបាន​ច្បាស់​ថា ​សូម​បង​ប្អូន​កុំ​បារម្ភ​លើ​វ៉ាក់​សាំង​មក​ពី​ប្រទេស​ណា? ម៉ាក​អ្វី?​ តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់​សាំង​ចាក់ ​ព្រោះ​គ្មាន​វ៉ាក់​សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី​លក់​ត្រកួន​នោះ​ទេ»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ចំណែកអ្នក​សារព័ត៌មាន​ម្នាក់​ទៀត គឺ​លោក វ៉ន ដារ៉ា អាយុ​ ៣០ ​ឆ្នាំ ដែល​ធ្វើ​ការ​ឲ្យស្ថាប័ន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លើក​ឡើង​ថា​៣​សប្តាហ៍​ទៀត លោក​ត្រូវ​ចាក់​លើក​ទី​ពីរ តាមកា​រ​តម្រូវ​របស់​ក្រសួង​សុខាភិបាល។

លោក ដារ៉ា ដែល​ចាក់​វ៉ាក់សាំង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ដូច​គ្នា​នឹង​លោក ធីរិទ្ធ ដែរ ប្រាប់​ VOA ​ថា ​ពី​ដំបូង​ឡើយ លោក​ត្រូវ​បាន​វាស់​កម្តៅ ហើយ​បន្ទាប់​មក​ចូល​សម្ភាស​និង​អាន​សេចក្តី​ណែនាំ​ស្តីពី​ការ​ចាក់វ៉ាក់សាំង​នេះ។ បន្ទាប់​មក​ប្រសិន​បើ​លោក​នៅបន្តស្ម័គ្រ​ចិត្តចាក់​ដោយ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ហានិភ័យ​នានា លោក​ត្រូវ​ចុះហត្ថ​លេខា​លើ​លិខិត​ព្រម​ព្រៀង ដើម្បី​បង្ហាញការ​យល់​ព្រម ទោះ​មាន​ហានិភ័យ​អ្វី​មួយ​កើត​ឡើង​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​ដូចកិច្ច​សន្យា​នៅ​ក្នុង​ការ​ចាក់​មួយ​អញ្ចឹង។ គេ​ពន្យល់​យើង ពន្យល់​អីអស់ហើយ គេ​សួរ​យើង​ម្តង​ពីរ​ដង​ទៀតថា​ឥឡូវយើង​សម្រេច​ចិត្ត​ថា​ចាក់អត់? បើ​សុខភាព​យើង​អត់​អី​ទេ បើយើង​សម្រេច​ចិត្ត​ថា​ចាក់​អញ្ចឹងស៊ីញ៉េ​ទៅ ចាក់​ទៅ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ​ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​លាស់ ដូច​ថា​មិន​ប្រថុយ​ទេ»។

អ្នក​សារ​ព័ត៌មាន​រូប​នោះ​លើក​ឡើង​ថា​ ការ​ចាក់​ដំបូង​បណ្តាល​ឲ្យ​មានចំហាយ​ក្តៅ​តាម​ភ្នែក​បន្តិច។ ប៉ុន្តែ​លោក​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោក​មិនមាន​ប្រតិកម្ម​លើ​សុខភាព​អ្វី​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា​ លោក​សម្រេច​ចិត្ត​ចាក់​វ៉ាក់​សាំង​ពេល​នេះ ដោយ​សារ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​កំណត់​ជា​ក្រុម​អាទិ​ភាព ហើយ​លោក​មិន​ចង់​រង់​ចាំ​ នៅ​ពេល​មាន​មនុស្ស​ច្រើន​សម្រុក​ទៅ​ចាក់​ជា​បន្ត​បន្ទាប់។

បើតាម​រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ស្រី ឱ​ វណ្ណឌីន​ មនុស្ស​ចំនួន​ ៣៣៩​ នាក់​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​ថ្ងៃ​ដំបូង កាល​ពី​ថ្ងៃ​ទី​ ១០ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១។ ចំណែកមនុស្ស​ចំនួន​ ៨៦​ នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់ ដោយ​សារ​ស្ថាន​ភាព​សុខ​ភាព​របស់​ពួក​គេ។

លោក​បណ្ឌិត​ មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកឃ្លាំមើល​ស្ថាន​ភាព​នយោបាយ​កម្ពុជា មាន​ប្រសាសន៍​ថា ​លោក​មាន​អាយុ​លើស​ពី ​៥៩ ​ឆ្នាំ ដូច​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែរ។ ​លោក​ថា​ មិន​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន​ទេ។ ប៉ុន្តែ​លោក​ថា​ សម្រាប់​លោក​ផ្ទាល់​និង​ក្រុម​គ្រួសារ​របស់​លោក​ មិន​ចាក់​នោះ​ទេ ដោយ​សារលោក​ត្រូវ​ការ​វ៉ាក់សាំង​ដែលទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO)។

លោក​មាន​ប្រសាសន៍​ថា​៖ «បើ​សិន​ជា​ថ្នាំ​ហ្នឹង មិន​ទាន់​ទទួល​ខុសត្រូវ[ទទួល​ស្គាល់]​ពី​អង្គការ​សុខភាព​ពិភព​លោក​ទេ ក៏​ខ្ញុំ​អត់​ឲ្យ​កូន​ខ្ញុំ អត់​ឲ្យ​បង​ប្អូន​ខ្ញុំ​ទៅ​ចាក់​ដែរ។ អា​នេះ​សម្រាប់​ខ្ញុំ​ខ្លួន​ឯង។ ក៏​ប៉ុន្តែ​មិន​មាន​ថា​ខ្ញុំ​មាន​ចេតនា​អី ដើម្បី​យក​ទៅ​ឡូកឡំ​ជាមួយ​នឹង​នយោបាយ​ឡូកឡំ​ជាមួយ​នឹង​ចិន​អី​ទេ។ ខ្ញុំ​មិន​មាន​ការ​រើស​អើង​ជាមួយ​នឹង​ចិន​ទេ»។

លោក មាស នី​ បន្ត​ថា ​រដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​ការ​រិះគន់​ពី​សំណាក់​មហាជន ប្រសិន​បើ​មាន «ភាព​ថ្លោះ​ធ្លោយ​ច្រើន» ​កើត​ឡើង​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​ ការ​ទទួល​យក​វ៉ាក់សាំង​មក​នេះ ក៏​ប្រហែល​ជា​មិន​ទាន់​បាន​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​លក្ខណៈ​បច្ចេកទេស មុន​នឹង​ទទួល​យក​របស់​គេ​មក​ទេ។ ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​អ្នក​នយោបាយ គាត់​ដើរ​លឿន​ជាង​អ្នក​បច្ចេក​ទេស»។

បើ​តាម​លោក មាស នី​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​មិន​យល់​ពី​ជំងឺ​របស់​ខ្លួន​ច្បាស់​លាស់ ដូច្នេះ​ពួក​គេ​ប្រហែល​ជា​មិន​អាច​បញ្ជាក់​ជំងឺ​ពិត​ប្រាកដ​របស់​ពួកគេ​ទៅ​ក្រុម​គ្រូពេទ្យ។

វ៉ាក់​សាំង​ Sinopharm​ របស់​ចិន​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ប្រកាស​ថា មាន​ប្រសិទ្ធភាព​ក្នុង​អត្រា​ ៧៩%​ ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី​ ៣។

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​ ឱ វណ្ណឌីន មាន​ប្រសាសន៍ថា កម្ពុជា​បាន​ពិចារណា​រួច​រាល់​អស់​ហើយ មុន​នឹង​អនុ​ញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន។​

លោក​ស្រី​លើក​ឡើង​ថា ​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ត្រូ​វ​បាន​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ចិន ហើយ​ប្រទេសមួយ​ចំនួន​ក៏​បាន​ប្រើប្រាស់​រួច​ទៅ​ហើយ។ លោកស្រី​ថ្លែង​នៅ​ក្នុង​សារផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គមកាល​ពី​ថ្ងៃ​ពុធ​ថា អង្គការ​សុខភាព​ពិភព​លោក​នឹង​ចុះ​បញ្ជី​វ៉ាក់សាំង​របស់​ចិន​ក្នុង​ពេល​ខាង​មុខ។

លោក​ស្រី​បញ្ជាក់​ថា៖ «ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​យើង​ឮ​គឺ​អង្គការ​សុខភាព​ពិភព​លោក​ នឹង​ឆ្ពោះ​ទៅ​រក​ការ​ដាក់​វ៉ាក់​សាំង​នេះ [វ៉ាក់​សាំង​ចិន] ចូល​ទៅ​ក្នុង​បញ្ជី​ប្រើប្រាស់​ជា​បន្ទាន់សម្រាប់​ឲ្យ​ពិភព​លោក​អាច​ប្រើ​ប្រាស់វ៉ាក់​សាំង​នេះ​ផង»។

ការិយា​ល័យ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ មិន​បាន​ឆ្លើយ​តប​នឹងសំណួរ​របស់​ VOA ​តាម​អ៊ីមែលនៅ​ឡើយ​ទេ។

អង្គការ​អន្តរ​ជាតិ​មួយ​នេះ ក៏​មិន​បាន​បញ្ចេញ​ជំហរ​អ្វី​ទេ​តាំង​ពី​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេចប្ដូរចិត្ត​ទទួល​យក​វ៉ាក់​សាំង​ ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

ចំណែក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ដែល​គ្រប់គ្រង​មជ្ឈ​មណ្ឌលត្រួតពិនិត្យ​និង​បង្ការជំងឺ​ឆ្លង​ (CDC)​ ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា​ដែរ៕

XS
SM
MD
LG