ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm


ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់​សាំង Sinopharm បង្ការ​ជំងឺ​កូវីដ​១៩​ ផលិត​ដោយ​ក្រុម​ហ៊ុនរដ្ឋ​របស់​ចិន​ បាន​ដឹក​មក​កម្ពុជា​ចំនួន​ ៦០​ ម៉ឺន​ដូស​ នា​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​ចម្រុះ​ពី​មហាជន​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។

លោកឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា Wang Wentian បាន​ឲ្យ​ដឹង​ថា ​ជំនួយវ៉ាក់សាំង​របស់​ចិន​មក​កម្ពុជា​ជាង​សរុប​ ១ លាន​ដូស​នេះ ​រំពឹង​ថា​នឹង​រឹតចំណង​មិត្តភាព​អមតៈ​រវាង​ខ្មែរ​និង​ចិន​ឲ្យ​កាន់​តែ​រឹង​មាំ។​

ថ្លែង​នៅ​ចំពោះ​មុខ​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​យក្ស​របស់​យោធា​ចិន ដែល​បាន​ដឹក​ជញ្ជូន​វ៉ាក់សាំង​Sinopharm មក​ដល់​កាល​ពី​វេលា​បាក់​រសៀល​ថ្ងៃ​អាទិត្យ​ នៅ​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ លោក​ Wang Wentian​ ឯក​អគ្គរដ្ឋ​ទូត​ចិនប្រចាំ​កម្ពុជា​ថ្លែង​ថា៖ «ប្រទេសចិន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​ជាមួយ​ប្រទេស​កម្ពុជា​ ដែល​ជា​មិត្ត​ដែក​ថែប​ជាមួយ​គ្នា​នឹង​បន្ត​ផ្តល់​ជំនួយ​ទៅ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើទៅ​បាន​ជូន​ដល់​មិត្ត​កម្ពុជា​រហូត​ដល់​ភាគី​មិត្ត​អាច​យក​ឈ្នះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​កូវីដ​១៩​ មួយ​នេះ»។​

វ៉ាក់សាំង ​៦០ ​ម៉ឺន​ដូស​នេះ​ត្រូវ​បាន​បែង​ចែក​ទៅ​ក្រសួង​សុខាភិបាល​និង​ក្រសួង​ការពារ​ជាតិ។​

ការ​ចាក់​វ៉ាក់សាំង​ដំណាក់​កាលដំបូង​នឹង​ចាប់​ផ្តើម​ នៅ​ថ្ងៃ​ពុធ ​ទី​ ១០​ ខែ​កុម្ភៈ​នេះ ដល់​ឥស្សរជន​ជាន់​ខ្ពស់​និង​អ្នក​សារព័ត៌មាន​តាម​ការ​ស្ម័គ្រ​ចិត្ត។

ការ​ចាក់​ដំបូង​នេះ​ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន ​៤​ គឺ​មន្ទីរ​ពេទ្យកាល់ម៉ែត ​មន្ទីរ​ពេទ្យព្រះ​អង្គឌួង ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។​ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល។​

ដើម្បី​ឲ្យវ៉ាក់​សាំង​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ទូទាំង​ប្រទេស យ៉ាង​ហោច​ណាស់​ពលរដ្ឋ ៥០​ ទៅ ​៨០ ​ភាគរយ ​គួរ​តែ​ត្រូវ​ទទួល​បាន​វ៉ាក់សាំងនេះ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ Cleveland Clinic នៅ​រដ្ឋ​ Ohio នៃ​សហរដ្ឋ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​ប្រសាសន៍ថា អង្គការ​សុខភាព​ពិភព​លោក​ បាន​ផ្តល់​យោបល់​ដូចគ្នា​ដល់​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ទទួល​អំណោយ​វ៉ាក់សាំងលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថ្លែង​ថា បើ​គិត​ពី​បុរេ​លក្ខខណ្ឌ​ មាន​ពលរដ្ឋ​ប្រមាណ​ ១០ ​លាន​នាក់​ត្រូវ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា​ មាន ​១១​ លាន​ដូស​នៃ​វ៉ាក់សាំង​ជា​ជំនួយ​ដែល​កម្ពុជា​ត្រូវ​បាន​ធានា​ជូន​ពី​ដៃគូ​នានា​រួច​ហើយ​ និង​ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​និង​ថវិកា​កៀរគរ​ពី​សាធារណជន​ទិញ​ចំនួន​ ៩​ លាន​ដូស​ផ្សេងទៀត។​

កាល​ពី​ខែ​មករា អង្គការ​សុខភាព​ពិភព​លោក​ធ្លាប់​លើក​ឡើង​ថា ​វត្តមាន​វ៉ាក់សាំង​បាន​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​បញ្ចប់​ការ​រីករាលដា​នៃ​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ​ក៏​បង្ក​ឲ្យ​មានវិសមភាព​រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នក​ក្រ​ផងដែរ​ ក្នុង​ការ​ដណ្តើម​ទិញ​វ៉ាក់សាំង។​

ទិដ្ឋភាព​កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ SARs-CoV-2 Vaccine (Sinopharm) មកពីប្រទេស​ចិន​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
ទិដ្ឋភាព​កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ SARs-CoV-2 Vaccine (Sinopharm) មកពីប្រទេស​ចិន​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ឱ វណ្ណឌីន ​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​នា​ពេល​កន្លង​មក ​អ្នក​ដែលមិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​មាន​ដូចជា​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម​នឹង​វ៉ាក់​សាំង​ផ្សេងៗ​ អ្នក​មាន​បញ្ហា​ផ្លូវ​ដង្ហើម ​អ្នក​ជំងឺ​សើរ​ស្បែក ​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ និងជំងឺ​ដំណពូជ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​អ្នក​ធ្លាប់​ឆ្លង​ជំងឺ​កូវីដ១៩​ ជា​ដើម។​

ពលរដ្ឋ​នៅ​តាម​ដងមហាវិថី​សហព័ន្ធរុស្ស៊ី​ស្រប​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​ក្បួន​ដឹក​វ៉ាក់សាំង​ឆ្លង​កាត់​បង្ហាញ​មតិ​ចម្រុះ​ជុំវិញ​ការ​ទទួល​វ៉ាក់សាំង​ជា​លើក​ដំបូង​ពី​ប្រទេស​ចិន។

លោក ពេជ្រ​ សំរឹទ្ធ​ ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន កំពុង​តាមដាន​ព័ត៌មាន​ផ្សាយ​ផ្ទាល់​អំពី​ការ​មក​ដល់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​លោក។

លោក​ថា​ លោក​នឹង​ចាក់​វ៉ាក់សាំងចិន​នេះ ​បើ​រដ្ឋាភិបាល​ស្នើ​ឲ្យ​ធ្វើ។

លោក​ប្រាប់​វីអូអេ​ថា៖« បើ​សិន​ជា​ទូទៅ​នៅ​សង្គម​គេ​ឲ្យ​យើង​ទៅ​ យើង​បដិសេធ​គេ​ ក៏​មិន​កើត​ដែរ»។​

លោក​បន្ត​ថា៖ «ព្រោះ​ថា​ជីវិត​យើង​មិន​មែន​ចេះ​តែ​លេង​សើច​ទេ ​ព្រោះ​សង្គម​គ្រួសារ​យើង​ពឹង​ផ្អែក​មក​លើ​យើង។ ពេល​មាន​បញ្ហា​អី​ យើង​ក៏​យ៉ាប់​ដែរ។ តែ​បើ​ល្អ​ ថ្នាក់​លើ​គាត់​អនុវត្ត​ហើយ អត់​បញ្ហា​ យើង​ទៅ​តាម​ហ្នឹង​ដែរ​ទៅ»។

លោក ទន់​ រ៉ាវុធ​ វ័យ​ ៣០ ​ឆ្នាំ ​អ្នក​ដឹកទឹក​សុទ្ធលក់​តាម​រទេះ​ ជា​អ្នក​រស់​នៅ​សង្កាត់​ពោធិ៍សែនជ័យ។​

កំពុង​ឈរ​អែប​រទេះ​របស់​លោក​ ដើម្បី​ទន្ទឹង​រង់​ចាំ​មើល​ក្បួន​ដឹក​វ៉ាក់​សាំង​ពីព្រលាន​យន្ត​ហោះ​ លោក ​ រ៉ាវុធ ប្រាប់​វីអូអេ​ថា៖​ «បើ​សិន​គេ​ឲ្យ​ទៅ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ចាក់ ព្រោះ​ខ្ញុំ​ចេះ​តែ​ខ្លាច​ដែរ​ ព្រោះ​មេរោគ​ហ្នឹង​យើង​មើល​អត់​ឃើញ​ចឹង។ ធម្មតា​តែ​គេ​យក​មក ​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ជំងឺ​ហ្នឹង​ហើយ»។

ខណៈ​កំពុង​រុញ​រទេះ​បំពេ​កូនស្រី​តូច​របស់​ខ្លួន​អ្នកស្រី​ ដឿន គឹមដឿន ​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​វ៉ាក់សាំង​នេះ​ថា៖ «មាន​អារម្មណ៍​ថា​អរ​ចឹង​ទៅ​ ក្រែង​លោ​បាន​ចាក់​មក​យើង​ដែរ។​ គេ​ចាក់​យើង​ក៏​ចាក់​ដែរ​ទៅ។ នឹក​ឃើញ​ថា​បាន​ចាក់​ទៅ​ការពារ យើង​ចេញ​លក់ ​ចេញ​ដូរ​រកស៊ី​យើង​កក់​ក្តៅ​ចិត្ត​ដែរ ព្រោះ​រាល់​ថ្ងៃ យើង​លក់​ដូរ​អាប់​លុយ​អាប់​អី​យើង​ភ័យ​ខ្លាច​ដែរ»។

«ខ្ញុំ​អត់​ដឹង​ថា​ មាន​រឿង​អី​គ្រាន់​តែ​ថា​ឃើញ​ប៉ូលីស​ទាហាន​ច្រើន។ ពេល​សួរ​ថា​ គេ​ហែ​ក្បួន​មែន​គាត់​ថា​ មិនមែន​ហែ​ក្បួន​ទេ។​ ដឹក​វ៉ាក់​សាំង​ចូល​មក។​ ថា​មក​ពី​ស្រុក​ក្រៅ​គេ​ជំនួយ​មក​ចឹង»។

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី​ ដឿន​ គឹម​ដឿន​ វ័យ​ ២៩ ​ឆ្នាំ ​អ្នក​លក់​តុក្កតា​ចម្រុះ​ពណ៌​នៅ​ចម្ងាយ​ប្រមាណ​ជិត​មួយ​គីឡូម៉ែត​ពី​ព្រលាន​យន្តហោះ។​

វ៉ាក់សាំង​ Sinopharm មាន​ប្រសិទ្ធភាព​ខ្ពស់​តែ​ចំពោះ​មនុស្ស​មាន​អាយុ​ចន្លោះ​ ១៨ ដល់ ​៥៩ ​ឆ្នាំ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន។​

វ៉ាក់សាំង ​Sinopharm មក​ពី​ប្រទេស​ចិន​នេះ​មាន​អត្រា​ប្រសិទ្ធភាព ៧៩,៣% ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩។ ក៏ប៉ុន្តែ​ វ៉ាក់​សាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ។​

លោក ពេជ្រ​ សំរឹទ្ធ​ ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជននៅរាជធានីភ្នំពេញ។
លោក ពេជ្រ​ សំរឹទ្ធ​ ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជននៅរាជធានីភ្នំពេញ។


​អ្នកស្រី​ ដឿន​ គឹម​ដឿន​ វ័យ​២៩​ឆ្នាំ​ អ្នក​លក់​តុក្កតា​ចម្រុះ​ពណ៌នៅរាជធានីភ្នំពេញ។
​អ្នកស្រី​ ដឿន​ គឹម​ដឿន​ វ័យ​២៩​ឆ្នាំ​ អ្នក​លក់​តុក្កតា​ចម្រុះ​ពណ៌នៅរាជធានីភ្នំពេញ។

លោក ហ៊ុន សែន​ ទើប​ផ្លាស់ប្ដូរ​គម្រោង​មិន​ចាក់​វ៉ាក់សាំង​ Sinopharm កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​លើក​ហេតុផល​ថា​ លោក​ហួស​អាយុ ដែល​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន។

លោក ​ប៊ុន​ សុវណ្ណរិទ្ធ​ វ័យ​ ៣០ ​ឆ្នាំ ​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​មួយ​រូប និយាយ​ថា​ លោក​ហ៊ាន​ចាក់​តែវ៉ាក់​សាំង​ណា​ ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​គ្មាន​គ​ម្រោង​ទៅ​ចាក់​វ៉ាក់សាំង​ហ្នឹង​ទេ។ វ៉ាក់សាំង​ហ្នឹង​អង្គការ​សុខភាព​ពិភពលោក​គេ​អត់​ទាន់​ទទួល​ស្គាល់​ផង។ លក្ខណៈ​ថា​យើង​អត់​មាន​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង​ហ្នឹង»។​

លោក​ថា លោក​សុខចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ចាក់​វ៉ាក់សាំង​ឲ្យ​តែ​វ៉ាក់សាំង​នោះ​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក។

​ពលរដ្ឋ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត​លោក យឹម វីរៈ ​ វ័យ​ ៣៤​ ឆ្នាំ​ជឿជាក់​លើ​រដ្ឋ​អំណាចកម្ពុជា​ក្នុង​ការ​រក​វ៉ាក់​សាំង​មាន​គុណភាព​ មក​ចាក់​ជូន​ពលរដ្ឋ​ដូច​រូប​លោក។

«បើ​រដ្ឋាភិបាល​គេ​ឲ្យ​យើង​ចាក់​អា​ណា​យើង​ចាក់​អា​ហ្នឹង​ទៅ។ បើ​វា​មាន​បញ្ហា​ដល់​ជីវិត​ គេ​មិន​យក​ឲ្យ​យើង​ចាក់​ទេ»។​

លោក​ យឹម វីរៈ​ បាន​និយាយ​ថា​ ២០២០​ គឺ​ជា​ឆ្នាំ​ដែល​រូប​លោក​ និង​ពលរដ្ឋដទៃ​ទៀត​ជួប​ប្រទះ​ការ​លំបាក​ក្នុងជីវភាព។​ លោក​រំពឹង​ថា​ ជាមួយ​នឹង​វត្តមាន​វ៉ាក់សាំង​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក​នៅ​ឆ្នាំ​ ២០២១​ នេះ​នឹង​បាន​ប្រសើរ​ឡើង​វិញ៕

XS
SM
MD
LG