ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ប្រាប់​ប្រជាជន​ឲ្យ​ទទួល​យក​វ៉ាក់សាំង​ចិន និង​ឈប់​បារម្ភ​រឿង WHO ទទួល​ស្គាល់​ឬ​អត់


រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេស Serbia កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​ការជម្នះ​របស់​រដ្ឋា​ភិ​បាល​ ក្នុង​ការ​ទទួល​វ៉ាក់សាំង​ Sinopharm​ មួយ​លានដូស​ដែលជាជំនួយ​របស់​រដ្ឋ​ចិន ហើយប្រាប់​សាធារណ​ជនឱ្យ «ឈប់​បារម្ភ» ពី​ការ​ទទួល​ស្គាល់​វ៉ាក់សាំង​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)។​

អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​និង​ជា​អ្នក​នាំពាក្យ បាន​ថ្លែងក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទថា ការ​បង្ខំចិត្ត​ពន្លឿន​ការចាក់វ៉ាក់សាំង​នេះ គឺ​ដោយ​សារស្ថានភាព​ឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ «មិនអាច​ទ្រាំទ្រ​បាន​ទៀត​ទេ»។

អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា៖ «ដូច្នេះ​រឿង​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់ ឬ​មិន​ទទួលស្គាល់ ខ្ញុំ​សុំ​គោរព​អនុញ្ញាត​ជម្រាបជូន​ថា​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក៏វ៉ាក់សាំងនេះ​នៅ​តែ​មានដំណើរ​ការ​ទៅ​មុខ»។​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​រូបនេះ​បញ្ជាក់​ជំហរ​រដ្ឋាភិបាល​ជាថ្មីថា ខ្លួន​នឹង​មិន​ «អង្គុយ​រង់ចាំ» ការ​ទទួលស្គាល់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​នោះ​ទេ។​

អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា៖ «សូម​បង​ប្អូន លោក​ពិចារណា កុំឱ្យ​មាន​អារម្មណ៍​ថា WHO ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​នោះ​ឱ្យ​សោះ​ ឥឡូវអ្វី​ដែល​យើង​បារម្ភ​នេះ សួរ​ថា​តើ​យើង​ទៅ​ដណ្ដើម​ទិញ​ជាមួយគេ​បាន​ដែរ​ឬ​ទេ?»។

អ្នកស្រីវេ​ជ្ជបណ្ឌិត​ឱ វណ្ណឌីន ថ្លែង​យ៉ាង​ដូច្នេះ​ នៅមុន​ពេលវ៉ាក់​សាំង Sinopharm​ ដែល​ចិន​ទើប​ដឹក​ឱ្យ​ ៦០ ម៉ឺន​ដូស ចាប់ផ្ដើមចាក់​ជាផ្លូវការនៅ​តាម​ទីតាំង​មន្ទីរពេទ្យ​មួយចំនួន នៅ​ថ្ងៃ​ពុធ​ ស្អែកនេះ។

អ្នកស្រីវេ​ជ្ជបណ្ឌិតរូបនេះ​បាន​ថ្លែង​សរសើរ​កាយវិការ​របស់​ភាគីចិន ដែល​ឲ្យជំនួយ​វ៉ាក់សាំង ១ លាន​ដូស​យ៉ាង​ដូច្នេះ​ថា៖ «បើយើង​និយាយ​ណា កំពុង​តែ​អត់​ឃ្លាន ខ្ញុំកំពុង​តែអត់​ទឹក​ញ៉ាំ ខ្ញុំបានទឹក​មួយ​ដប​មក ខ្ញុំ​សុខ​ចិត្ត​ចាក់​ទឹក​ហ្នឹង​មួយ​ចំណែក​ឱ្យ​ទៅ​គេ យើង​យល់​ឃើញ​ម៉េច​ដែរ? អ៊ីចឹង​នេះ​ក៏​ដូច​គ្នា​ដែរ បើ​សិន​ជាចិន​មិន​ឱ្យ​វ៉ាក់សាំង​នេះ​មក​យើង ហើយ​គាត់​ទុក​ចាក់​ពលរដ្ឋគាត់ ក៏យើងមិន​ដឹងថាម៉េចដែរ។ តែនេះជាសន្ដាន​ចិត្ត ជា​កិច្ចសហប្រតិបត្តិ​ការ​ល្អ»។

រូបឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19) និង​ការដួល​សន្លប់ ឬ​ដួល​ស្លាប់ នៅ​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19) និង​ការដួល​សន្លប់ ឬ​ដួល​ស្លាប់ នៅ​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

អ្នកស្រីបន្ថែម​ថា៖ «ពីព្រោះ​បើយើងរង់ចាំ​តែអង្គការសុខភាពពិភពលោក​អាជំងឺហ្នឹង​វា​រាតត្បាត ងាប់ឡើងពាយ​ ហើយ​បើយើង​មិនព្រម​ចាក់វ៉ាក់សាំង​ហ្នឹង ដើម្បី​ទប់ វាធ្វើយ៉ាងម៉េចនឹងកើត អ៊ីចឹងការស្លាប់វានៅតែ​បន្ត​ទៀត​»។​

លោក ហ៊ុន សែន បានប្រកាស​កាល​ពី​ចុងខែ​ធ្នូ​កន្លង​ទៅថា កម្ពុជា​នឹង​ប្រើប្រាស់​តែ​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់ និង​មិន​យក​ប្រជាជន​ខ្លួន​ទៅ​ធ្វើ​ជា​បេក្ខភាព​ពិសោធន៍​វ៉ាក់សាំង​នានា​នោះ​ទេ។

ការិយាល័យប្រចាំប្រទេស​កម្ពុជានៃអង្គការសុខភាពពិភពលោក ដែលមិនស្រដីអ្វីតាំងតែពីលោក ហ៊ុន សែន ​ប្រកាសប្ដូរចិត្តនៅថ្ងៃទី១៥ ខែ​មករា មក​នោះ មិន​បាន​តប​នឹង​សារ​សុំ​ការ​បំភ្លឺ​របស់​វីអូអេនៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

តែ​កាលពីថ្ងៃទី០៨ ​ខែធ្នូ ឆ្នាំ២០២០ ​កន្លង​ទៅ អ្នកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​ប្រាប់​វីអូអេ​ថា ប្រទេសនីមួយៗ​អាចផ្ដល់​ការ​អនុញ្ញាត​ដោយ​អត្តនោម័ត​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំងប្រឆាំង​កូវីដបាន​ តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។

អ្នកស្រី​វេជ្ជបណ្ឌិត Li Ailan ថ្លែងថា៖ «ជម្រើស​បែប​នេះ​ចាំបាច់​ត្រូវតែ​សម្រេច​ជ្រើស​យក​ពឹង​ផ្អែក​លើ​ក្រឹត្យក្រម​វិទ្យាសាស្ត្រនិង​សីលធម៌ ដែល​មាននិយាម​ស្ដង់ដារ​ខ្ពស់​បំផុត ជាពិសេស​តាមរយៈ​ការ​ត្រួតពិនិត្យវាយ​តម្លៃ​យ៉ាង​ខ្លាំងក្លា​លើ​ផ្នែក​សុវត្ថិភាព អត្រា​ប្រសិទ្ធភាព និង​ទិន្នន័យ​ប្រកប​ដោយ​គុណភាព​ជាមុន​សិន»។

រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​នោះទេ ថា​រដ្ឋាភិបាលចិន​និង​ក្រុមហ៊ុន​ឱសថរដ្ឋ Sinopharm របស់​ខ្លួន​ដែល​ផលិតវ៉ាក់សាំង BBIBP-CoV ឬវ៉ាក់សាំង Sinopharm នេះ បាន​ផ្ដល់​នូវ​ទិន្នន័យ​គ្រប់​ជ្រុង​ជ្រោយ និង​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញការ​វេជ្ជសាស្ត្រ​កម្ពុជា​បានសិក្សា​ឬ​យ៉ាង​ណា។​

ការផលិត​វ៉ាក់សាំង​នេះ ត្រូវឆ្លងកាត់​ការ​សាកល្បង​បី​ដំណាក់​កាល និង​ត្រូវ​ផ្ញើ​លទ្ធផល​ទៅឱ្យ​ប្រទេស​សាម៉ី ឬ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ពិនិត្យសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់។

វ៉ាក់សាំង​ Sinopharm ឬ BBIBP-CoV ត្រូវបាន​ផលិត​ដោយ​វិទ្យាស្ថាន​ផលិតផល​ជីវ​សាស្ត្រ​ក្រុង​ប៉េកាំង ​(BIBP) និង​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ក្រុងអ៊ូហាន (WIBP) និង​ដែល​គ្រប់គ្រងគម្រោង​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ចិន Sinopharm។​

ក្រុមហ៊ុន​ Sinopharm អះអាង​ថាវ៉ាក់សាំង BBIBP-CoV របស់ខ្លួន ​មានអត្រា​ប្រសិទ្ធភាព​ដល់ទៅ ៧៩,៣% ​ក្នុងការសាកល្បងដំណាក់កាល​ទី ៣ តែមិនទាន់បានផ្សព្វផ្សាយលម្អិតពីទិន្នន័យសិក្សា​នៃ​ការ​សាកល្បង​ដំណាក់កាល​ទី ៣​ នេះ​នៅ​ឡើយ​ទេ។​

ក្នុងអត្ថបទ​បង្ហាញ​ពីលទ្ធផលស្រាវជ្រាវមួយ ចេញផ្សាយ​ កាល​ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លើ​ព្រឹត្តិបត្តិ​វិទ្យាសាស្ត្រ​អន្តរជាតិ Lancet ដែល​សិក្សា​ចងក្រង​ដោយ​អ្នកវិទ្យាសាស្ត្រចិនដីគោក​ ៣២​ រូប​ បង្ហាញ​អំពី​ប្រសិទ្ធភាព​នៃ​ការ​សាកល្បង​ដំណាក់កាល​ទី ១​ និង​ទី ២ នៃវ៉ាក់​សាំងដែល​ផ្សំ​ឡើង​ពី​ថ្នាំ​បុរាណចិន​និង​ប្រើប្រាស់​វីរុស​កូវីដ១៩ អសកម្ម ដើម្បី​ធ្វើសារធាតុចាក់បង្ការ។

មក​ទល់​ម៉ោងនេះមានតែវ៉ាក់សាំង​ Pfizer-BioNTech របស់ក្រុមហ៊ុន​អាមេរិក​និង​អាឡឺម៉ង់​មួយ​គត់​ដែល​អង្គការ​សុខភាព​ពិភពលោកទទួល​ស្គាល់​។ តែលោក ហ៊ុន សែន ប្រកាស​មិនប្រើ​វ៉ាក់សាំង​នេះ​ទេ ដោយសារ​តែការ​រក្សាទុកវ៉ាក់សាំង​នេះ ត្រូវការលក្ខខណ្ឌសីតុណ្ហភាព​ទាបពេក។

ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់អ្នក​ស្រី ឱ វណ្ណឌីន និង​អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ម្នាក់ទៀតនៅ​ក្រសួង​សុខាភិបាល មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។

គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Sinopharm បាន​ចេញ​ផ្សាយ​តាំង​តែ​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២១​ ថា​មាន​តែក្រុមមនុស្ស​ក្នុង​ចន្លោះ​អាយុ​ពី ១៨ ឆ្នាំ​ដល់​អាយុ ៥៩ ឆ្នាំនោះទេ ដែលមាន​ការ​ធានា​ច្បាស់លាស់​ថា​ចាក់​ទៅ​ មាន​ប្រសិទ្ធភាព។

សម្រាប់​ក្រុម​មនុស្ស​អាយុក្រោម​១៨ឆ្នាំ និង​លើស ៦០ ឆ្នាំ ក្រុមហ៊ុន Sinopharm ប្រកាស​កាល​ពីថ្ងៃទី១៦ ខែមករា ​ដដែល​ថា នៅ​បន្ដ​សាកល្បង​ពិនិត្យ​ក្នុង​ដំណាក់កាលទីបី​នៅ​ឡើយ។ តែនៅថ្ងៃទី១៧ ខែមករា លោក ហ៊ុន សែន អាយុ ៦៨ ឆ្នាំ ប្រកាស​ថា លោកនឹងចាក់វ៉ាក់សាំងនេះ​ដោយ​ផ្ទាល់​ខ្លួន​លោក​ជា​ជំហរ​ ដែលរក្សា​មកដល់​ថ្ងៃទី០៥ ខែកុម្ភៈ ដែល​លោក​ប្រកាស​មិនចាក់​វិញ​ ដោយ​ហួសអាយុ​។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ហ៊ុន សែន ក៏បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ដែល​មាន​អាយុ ៧៥ ឆ្នាំ ក៏​បានចាក់វ៉ាក់សាំង​នេះ​រួច​ហើយ​ដែរ តែ​មិន​បាន​បញ្ជាក់ថា​ចាក់​វ៉ាក់​សាំង​អ្វី ចាក់​ពី​ពេល​ណា និង​ចាក់​នៅ​ទីណា​នោះ​ទេ។

វីអូអេ​មិនទាន់​អាចទាក់ទង​លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស លោក ឈុំ សុជាត​ បាន​នៅឡើយទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ លោក ទៀ បាញ់ បាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​សមភាគីចិន Wei Fenghe ​ដើម្បីទទួលបាន​វ៉ាក់សាំងទាំងនេះ។​

អ្នកស្រី ឱ វណ្ណឌីន បានលើក​ឡើងថា កម្ពុជាមាន​ភាពចាំបាច់​ក្នុង​ការ​ចាក់​វ៉ាក់​សាំង Sinopharm ជូន​ប្រជាពលរដ្ឋ​ខ្លួននៅ​ពេល​នេះ ដែល​អ្នកស្រី​លើក​ឡើង​ថា ការ​ចាក់នេះ​មិនមែន​ជា​ការ​សាកល្បង​នោះ​ទេ។

«ឥឡូវខ្ញុំលើក​ឧទាហរណ៍​មួយ បើសិនជា​បងប្អូន​មាន​វ៉ាក់សាំង ... ថានេះ​វ៉ាក់សាំង ខ្ញុំ​កំពុង​តែជួបប្រទះ នូវ​បញ្ហា​កូវីដ១៩ ដែល​កំពុង​តែព័ទ្ធ​ជុំវិញ​ខ្ញុំ ផ្ទុះ​ហើយ ផ្ទុះ​ក្នុង​សហគមន៍​ធំ​ណាស់ មាន​ន័យ​ថា​ភូមិ​ខ្ញុំ​មួយ ងាក​ទៅ​ណាក៏កូវីដដែរ ឥលូវសួរ​ថាខ្ញុំទទួល​យកវ៉ា​ក់សាំង ឬ​ក៏​ខ្ញុំសុខចិត្ត​ទុក​ខ្លួន​ខ្ញុំឱ្យ​ឆ្លង​វីរុស​កូវីដ១៩?»។

កម្ពុជា​គ្រោង​ចាក់​វ៉ាក់សាំង​បាន​ពីជំនួយ​ ១​ លានដូស​ដំបូងជូនកងកម្លាំង​ប្រដាប់អាវុធ​ បុគ្គលិក​សុខាភិបាល​ មន្ត្រី​តុលាការ​ និងអ្នក​សម្អាត​ទីក្រុង៕

XS
SM
MD
LG