បន្ទាប់ពីអណ្ដូងរីងស្ងួតគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនខែមក ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំមួយនៃខេត្តបន្ទាយមានជ័យ បានស្នើសុំឲ្យក្រសួងមានសមត្ថកិច្ចស្តារស្រះនៅភូមិរបស់គេ បន្ទាប់ពីប្រភពផ្ដល់ទឹកនៅតែបន្តរីងស្ងួត។
អ្នកភូមិរាប់ពាន់គ្រួសារនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្តទិញទឹកពីអ្នកដែលមានអណ្ដូងស្នប់។ ស្របពេលនេះដែរអាជ្ញាធរមូលដ្ឋានកាលពីពេលថ្មីៗនេះចាប់ផ្ដើមដឹកជញ្ជូនទឹកដើម្បីចែកចាយដល់ប្រជាពលរដ្ឋបន្ទាប់ពីមានគ្រោះរាំងស្ងួតកន្លងមក។ កាលពីថ្មីៗនេះ អ្នកភូមិទាំងនេះនាំគ្នាប្រមូលស្នាមមេដៃដើម្បីដាក់លិខិតស្នើសុំដល់ក្រសួងធនធានទឹកនិងឧតុនិយមសំណូមពរឲ្យក្រសួងជួយស្តារស្រះចំនួនពីរនៅសហគមន៍ដែលគេរស់នៅ។ តែគេមិនរំពឹងថា នឹងបានទឹកប្រើប្រាស់ភ្លាមៗទេ។
លោក ឃួ ពៅ អភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាស្រុកដែលមានប្រជាពលរដ្ឋកំពុងដាក់សំណើសុំស្តារស្រះទឹក បានឲ្យ VOA ដឹងថា ប្រជាពលរដ្ឋនៅក្នុងតំបន់លោកកំពុងជួបប្រទះកង្វះខាតប្រភពទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ការជីកនិងស្តារប្រព័ន្ធធារាសាស្រ្តគឺជាកត្តាសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាលមួយនេះ។
លោក ឃួ ពៅ បញ្ជាក់ប្រាប់ VOA ថា៖
«ស្រះហ្នឹង ជីកឲ្យប៉ុន្មានក៏គេត្រូវការដែរ។ ពលរដ្ឋណាមួយមិនចង់បានស្រះ។ ស្រះជីកពេលហ្នឹងក៏មិនមានទឹកដែរ យើងជីកបម្រុងទុកក្រែងលោឆ្នាំក្រោយវាមានភ្លៀង ស្តុកទឹកខ្លាចឆ្នាំក្រោយៗវារាំង អញ្ចឹងអី។ បើជីកពេលនេះ ភ្លាមក៏អត់មានទឹកស្តុកទុកដែរ យើងជីកបង្ការទុកឲ្យហើយ។ វាអត់ដែលទេ ទើបតែឆ្នាំហ្នឹងឯង ព្រោះពីមុនវាអត់ដែលអត់ទឹកទេ។ នៅតំបន់ស្លក្រាម ព្រោះតំបន់ហ្នឹងវាមិនដែលអត់ទឹកទេ ទើបតែឆ្នាំហ្នឹងហើយ។ ឥឡូវគាត់សុំ គឺដើម្បីជីកឲ្យបានដើម្បីស្តុកទឹកទុកបង្ការ ពេលភ្លៀងខាងមុខនេះបានទឹកចូលទៅ ខ្លាចឆ្នាំក្រោយៗវាអត់មានទឹក វាបានអាហ្នឹងប្រើ។»
ជារៀងរាល់ថ្ងៃ អាជ្ញាធរដឹកជញ្ជូនទឹកជូនដល់ប្រជាពលរដ្ឋពីទីរួមខេត្តទៅចែកចាយតាមភូមិ។ សកម្មភាពចែកចាយទឹកនេះធ្វើទៅតាមបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីសប្ដាហ៍កន្លងទៅឲ្យអាជ្ញាធរដឹកចែកចាយទឹកដល់ប្រជាពលរដ្ឋ។ នៅស្រុកស្វាយចេក លោកអភិបាលស្រុកប្រាប់ឲ្យដឹងថា នៅស្រុកលោកមាន៨ឃុំដែលត្រូវចែកចាយ។
លោក កុក ហួន មេឃុំស្លក្រាមនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រាប់ VOA ថា ស្រះទាំងពីរនេះអាចផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងចំណុះឃុំបានសឹងតែទាំងអស់។ តែឥឡូវប្រជាពលរដ្ឋមិនអាចរកប្រភពទឹកប្រើប្រាស់បានទេ ពីព្រោះឆ្នាំនេះអាកាសធាតុក្ដៅខុសពីធម្មតា។
មេឃុំរូបនេះមានប្រសាសន៍ថា៖
«អត់មានទន្លេ មានអី មានបឹងរីងអស់ហើយ ស្ទឹងខះអស់រលីងហើយ។ បឹងនៅឃុំរបស់ខ្ញុំសុទ្ធតែខះអស់រលីង។ ស្រះមានទាំងឯកជន៣០គុណនឹង៤០ បូកសរុបជាង៣០ស្រះ តែខះរីងអស់។ សព្វង៉ៃ ទិញគេខ្លះ ទិញពីអណ្ដូងស្នប់។ នៅភូមិរបស់ខ្ញុំអណ្ដូងស្នប់ជីកអត់ចេញ។ កាលពីមុន អាកាសធាតុមិនដល់ប៉ុណ្ណឹងទេ កាលពី២០១៥រាំងស្ងួត ចូលមកដល់២០១៦ពិបាកខ្លាំង។»
លោកមានប្រសាសន៍ថា អ្នកភូមិទាំងអស់ត្រូវចំណាយថវិកាបន្ថែមដើម្បីទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រជាពលរដ្ឋធ្វើការបន់ស្រន់ដើម្បីសុំទឹកភ្លៀងតែមិនបានសម្រេច។
លោក កុក ហួន បានបន្ថែមថា «ការបន់ស្រន់អ្នកភូមិចេះតែទៅបន់ស្រន់ តែវាអត់មានលទ្ធផលជាក់ស្ដែងអីទេ។ យើងរៀបសំណែន រៀបអី សុំលោកតាទៅតាមប្រពៃណីតាមកន្លែង។ បន់រៀងរាល់ខែ តែមិនដឹងធ្វើម៉េច ការបន់ស្រន់វាអាចមកបានខ្លះ។»
បើតាមលោកមេឃុំ ស្លក្រាមបានប្រាប់ VOA ថាប្រជាពលរដ្ឋចាប់ផ្ដើមខ្វះទឹកប្រើប្រាស់តាំងពីខែមករាមកម្ល៉េះ។ ពួកគេត្រូវបន្ថែមការចំណាយលើការទិញទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បន្ថែមលើបន្ទុកចំណាយប្រចាំថ្ងៃផ្សេងទៀត។
នាង ស្រិប កុសល់ ប្រជាពលរដ្ឋមួយរូបដែលស្នើសុំឲ្យស្តារស្រះនៅក្នុងភូមិរបស់នាង។ បានប្រាប់VOA ថា អ្នកភូមិនាំគ្នាទៅបន់ស្រន់សុំទឹកភ្លៀងតែមិនមានភ្លៀងធ្លាក់ទេ បន្ទាប់ពីបន់រួច។ ផ្ទុយទៅវិញ អណ្ដូងនិងបឹងជាច្រើនរាំងស្ងួត។
«ទឹកទិញគេរាល់តែង៉ៃ នៅហ្នឹងភូមិ។ ម៉ាខែទិញអស់បួនធុង បូមធុងដាក់ពាង ម៉ាធុងពីរម៊ឺន (២០.០០០រៀល)។ បោកខោអាវ ជូនណាដាច់ប្រាក់ទៅដាច់ទឹកប្រើ។ ដាច់ទឹកទៅ ដងអណ្ដូងស្នប់ប្រើ។ពីមុនមិនមានទឹកភ្លៀងប្រើ។ ប្រើតាមនោះឯង។ បន់ដែរ តែមិនឃើញភ្លៀង។ ធ្វើបាយសី។»
លោកអភិបាលស្រុកស្វាយចេកលោក ឃួ ពៅ បាននិយាយថា៖
«ស្រះហ្នឹង យើងខ្ញុំកំពុងតែស្នើសុំទៅក្រសួងធនធានទឹកហើយ ដើម្បីជួយជីក។ ជីកបង្ការទុកឲ្យហើយ។»
ខេត្តភាគច្រើននៃប្រទេសកម្ពុជានៅតែជួបប្រទះការរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ៕