ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​សារព័ត៌មាន​ខ្មែរ​ចាស់​វស្សារ​មួយរូប​បាន​លាចាក​លោក​ជា​មួយ​ស្នាដៃ​ជាច្រើន​ក្នុង​អាជីព​សារព័ត៌​មាន


រូបឯកសារ៖ លោក​ ​សាំង សុឥន្ទរិទ្ធ​ ​អ្នក​សារព័ត៌មាន​យើង​ចាស់​របស់​កម្ពុជា​អង្គុយ​នៅ​តុ​ធ្វើ​ការ​របស់​លោក​ក្នុង​ការិយា​ល័យ​ការសែត​ ​The Cambodia Daily​ ​កាល​ពី​ថ្ងៃទី៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៤។​ ​(រូបថត​ដោយ​ នៅ វណ្ណារិន)​
រូបឯកសារ៖ លោក​ ​សាំង សុឥន្ទរិទ្ធ​ ​អ្នក​សារព័ត៌មាន​យើង​ចាស់​របស់​កម្ពុជា​អង្គុយ​នៅ​តុ​ធ្វើ​ការ​របស់​លោក​ក្នុង​ការិយា​ល័យ​ការសែត​ ​The Cambodia Daily​ ​កាល​ពី​ថ្ងៃទី៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៤។​ ​(រូបថត​ដោយ​ នៅ វណ្ណារិន)​

លោក​ ​សាំង សុឥន្ទរិទ្ធ​ ​ដែល​ជា​ក្មេង​កំព្រា​ក្រោយ​របប​ខ្មែរ​ក្រហម​បាន​តស៊ូ​ក្នុង​ឆាកជីវិត​​ ដើម្បី​សិក្សា​ផ្នែក​​សារ​ព័ត៌មាន​និង​សរសេរ​ព័ត៌មាន​បែប​អាជីព​បម្រើ​ពលរដ្ឋ​ខ្មែរ។

អ្នក​សារព័ត៌មាន​ខ្មែរ​ចាស់​វស្សា​មួយ​រូប​និង​ជា​អតីត​អ្នក​សារព័ត៌មាន​ ​The Cambodia Daily​ បាន​លាចាក​លោក​ដោយ​បន្សល់​ទុក​នូវ​ស្នាដៃ​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ច្រើន​សម្រាប់​អ្នក​សារ​ព័ត៌មាន​ជំនាន់​ក្រោយ។

​លោក​ ​សាំង សុឥន្ទរិទ្ធ​ វ័យ​៥៥​ឆ្នាំ​ ​បាន​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​អស់​រយៈពេល​ជាង​ ​២០​ឆ្នាំហើយ​លោក​បាន​សរសេរ​របាយការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​អភិបាលកិច្ច​ ​និង​អំពើ​ពុករលួយ​ក្នុង​សង្គម​កម្ពុជា។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​សុឥន្ទរិទ្ធ​ជា​សមាជិក​ស្ថាប​និក​មួយ​រូប​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាលមាន​គោល​ដៅការពារផល​ប្រយោជន៍​របស់​អ្នក​សារព័ត៌មាន​ ​និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ធ្វើ​របាយការណ៍​ព័ត៌មាន​នៅ​កម្ពុជា។​ ​លោក​សុឥន្ទរិទ្ធបាន​ទទួល​មរណភាព ​ដោយ​សារ​ជំងឺខូច​ក្រលៀន​កាល​ពីថ្ងៃ​សៅរ៍​ ​ក្រោយ​ប្រ​ឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​អស់​ជាង​១០ឆ្នាំ​មក​នេះ។

លោក​ ​សាំង សិលា​ ​កូន​ប្រុស​ច្បងរបស់​លោក​ ​សាំង សុឥន្ទរិទ្ធ​ ​បាន​ប្រាប់​ ​VOA​ ​ថា ​ឪពុក​របស់​លោក​ជា​អ្នក​ស្រឡាញ់​សង្គម​ជាតិ​មួយ​ហើយ​តែង​តែ​ប្រឹងប្រែង​ដើម្បី​ជួយ​សង្គម​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន។

«ខ្ញុំ​សរសើរ​គាត់​ថា​ គាត់​មាន​មនសិការ​ស្នេហា​សង្គម​ជាតិ​គាត់​ខ្លាំង​ណាស់​បង។​ ​គាត់​សុខ​ចិត្ត​អត់មានអី​សោះក៏​បាន​ដែរ​ឲ្យ​តែ​ឃើញ​សង្គម​គាត់ អ្នក​ក្មេងៗ​នៅ​ស្រុក​កំណើត​គាត់​មាន​ចំណេះ​ចេះ​ដឹង។​ ​គាត់​ថា​ ​បើ​គាត់​ជួយ​អត់​បាន​ច្រើន​ ​ក៏​គាត់​ជួយ​បណ្តុះពី​ក្មេងៗ​ឲ្យ​ស្រឡាញ់​ប្រទេស​ខ្លួន​ឯង​ដែរ។​ ​ប៉ា​គាត់​តែង​ប្រាប់​ខ្ញុំ​ថា ធ្វើ​អី​ក៏​ដោយ​ កុំ​ច្រាបាច់​ក​គេ​ ដើម្បី​តែ​សប្បាយ​ខ្លួន​ឯង»។

ក្រៅ​ពី​អាជីព​ជា​អ្នក​សារព័ត៌មាន​ ​លោក​ ​សាំង សុឥន្ទរិទ្ធ​ ​ក៏​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​ ​កុំព្យូទ័រ​ ​ដោយ​ឥតគិតថ្លៃ និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​សាងសង់​សាលារៀន​ខ្នាត​តូច​មួយដល់​កុមារ​ក្រីក្រ​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្តាល​ ​ជា​ទី​ដែល​លោក​ធ្លាប់​រស់​នៅ​ក្នុង​របប​ពលពត។

​លោក​ ​សាំង សុឥន្ទរិទ្ធ​ ​គឺ​ជា​ក្មេង​កំព្រា​មួយ​រូប​ក្រោយ​របប​ខ្មែរ​ក្រហម​ ​ហើយ​លោក​បាន​តស៊ូ​រៀន​សូត្រ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​ព្រះ​សង្ឃ។​ ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហភាព​សូវៀត​នៅ​ចុង​ទសវត្សរ៍​១៩៨០​ ​មុន​ពេល​ចូល​បម្រើ​ការ​ជា​អ្នក​សារព័ត៌មាន​នៅ​អំឡុង​ទសវត្សរ៍​១៩៩០។

នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​BBC​ ​ពីការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​២០១០​ ​លោក​ ​សុឥន្ទរិទ្ធ​ ​ដែល​បាត់បង់​ឪពុក​ម្តាយ​បង្កើត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​បាន​ប្រាប់​ ​BBC​ ​ថា៖​

«ការ​ដាក់​ទោស​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ខុស​គឺលែង​សំខាន់​ទៀត​ហើយ​ ពី​ព្រោះ​ថា​ អ្នក​ដែល​នៅ​រស់​មួយ​ចំនួន​បាន​ស្លាប់​ទៅ​ហើយ។​ ​៣០​សិប​ឆ្នាំ​ គឺ​យូរ​អង្វែង​ណាស់​នៅ​ក្នុង​ការ​រង់​ចាំ​យុត្តិធម៌។​ ​ខ្ញុំ​មិន​ខ្វល់​ខ្វាយ​ពី​ការ​ដាក់​ទោស​នោះ​ទេ។​ ​អ្វី​ដែល​ខ្ញុំ​ខ្វល់ខ្វាយ​នោះ​គឺ​ការ​ពិត​ទៅ​វិញ​ទេ»។

លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​ចង់​សួរ​ទៅ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ថា​ ​ហេតុអ្វី​បាន​ជា​ពួកគេ​សម្លាប់​មនុស្ស​ជា​ច្រើន​ដូច្នេះ​ ​ហេតុ​អ្វី​បាន​ជា​ពួកគេ​បំផ្លាញ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ ​នរណា​បញ្ជា​ពួកគេ​ ​ហេតុ​អ្វី​បាន​ជា​ពួកគេ​សម្លាប់​ជាតិ​ខ្លួន​ឯង​ ​ហេតុអ្វី​បាន​ជា​ពួកគេ​ចាត់​ទុក​ប្រទេស​ជាតិ​ជា​សត្រូវ​របស់​ខ្លួន។​ ​ខ្ញុំ​ចង់​បាន​ចម្លើយ​ទៅ​លើ​សំណួរ​ទាំង​នេះ»។

មុន​ពេល​លោក​ទទួល​មរណភាព​ ​លោក​ ​សាំង សុឥន្ទរិទ្ធបាន​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ ​ហើយ​លោក​ត្រូវ​ធ្វើ​ការ​លាង​ឈាម​ជា​ប្រចាំ​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ។​ ​ដោយ​សារ​តែ​គ្រួសារ​លោក​ខ្សត់​ខ្សោយ​ផ្នែក​ធនធាន​ ​លោក​សុឥន្ទរិទ្ធ​បាន​ទទួល​ជំនួយ​ពី​សំណាក់​សមាជិក​រួម​ការងារ​ ​អ្នក​កាសែត​ក្នុង​ស្រុក​ ​និង​ក្រៅស្រុក​ ​មន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល​ ​និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែនផង​ដែរ៕​

XS
SM
MD
LG