ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​ថៃ ​បើក​ហាង​លក់​ដូរ​វិញ ក្រោយ​អាជ្ញាធរ​ថៃ រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា

  • នៅ វណ្ណារិន

អាជ្ញាធរប្រទេសថៃបានធ្វើការឹបអូសទំនិញពីអាជីវករកម្ពុជា ដោយចោទថា រំលោភកម្មសិទ្ធបញ្ញា​​ ក្នុងរុងក្លឿ ប្រទេសថៃ នៅថ្ងៃ​សៅរ៍​ ទី៥ ខែ​មីនា​ ឆ្នាំ​២០១៦។ (រូប​ភាព​ផ្តល់​ឲ្យ​)

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​អាជ្ញាធរ​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​រឹប​អូស​ទំនិញ​ដែល​ពួកគេ​ចោទ​ថា​ បាន​រំលោភ​កម្ម​សិទ្ធ​បញ្ញា​របស់​ប្រទេស​ថៃ​ក្នុង​ផ្សារ​រុងក្លឿ​ ស្ថិត​ក្នុង​ខេត្ត​សាកែវ​ ​(ស្រះកែវ) ជាប់នឹង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា។​

អាជីវករ​ខ្មែរ​ក្នុង​ផ្សាររុងក្លឿ​ប្រទេស​ថៃ បាន​ចាប់​ផ្ដើម​លក់​ទំនិញ​របស់​ខ្លួន​ជា​ធម្មតា​វិញ​ហើយ​នា​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​ការ​បង្ក្រាប​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ​ថៃ​លើ​ទំនិញ​បន្លំ​ស្លាក​យីហោ​ល្បីៗ​នា​ចុង​សប្ដាហ៍​កន្លង​មក។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អាជ្ញាធរ​កម្ពុជា។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​អាជ្ញាធរ​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​រឹប​អូស​ទំនិញ​ដែល​ពួកគេ​ចោទ​ថា​ បាន​រំលោភ​កម្ម​សិទ្ធ​បញ្ញា​របស់​ប្រទេស​ថៃ​ក្នុង​ផ្សារ​រុងក្លឿ​ ស្ថិត​ក្នុង​ខេត្ត​សាកែវ​ ​(ស្រះកែវ) ជាប់នឹង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា។​

ទំនិញ​ចំនួន​ប្រហែល​៧​មុខ​រួម​ទាំង​ កាបូប​ ខោអាវ​ ​ខ្សែ​ក្រវាត់ដែល​មាន​យីហោ​ល្បីៗ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ធ្វើ​ការ​រឹបអូស​ជា​បន្តបន្ទាប់។​ ក៏ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណា​មួយ ដែល​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ការ​រឹប​អូស​នេះ​នៅ​ឡើយ​ទេ។

អាជ្ញាធរប្រទេសថៃបានធ្វើការឹបអូសទំនិញពីអាជីវករកម្ពុជា ដោយចោទថា រំលោភកម្មសិទ្ធបញ្ញា ក្នុងរុងក្លឿ ប្រទេសថៃ នៅថ្ងៃ​សៅរ៍​ ទី៥ ខែ​មីនា​ ឆ្នាំ​២០១៦។ (រូប​ភាព​ផ្តល់​ឲ្យ​)
អាជ្ញាធរប្រទេសថៃបានធ្វើការឹបអូសទំនិញពីអាជីវករកម្ពុជា ដោយចោទថា រំលោភកម្មសិទ្ធបញ្ញា ក្នុងរុងក្លឿ ប្រទេសថៃ នៅថ្ងៃ​សៅរ៍​ ទី៥ ខែ​មីនា​ ឆ្នាំ​២០១៦។ (រូប​ភាព​ផ្តល់​ឲ្យ​)

លោក​ គោស៊ំុ សារឿត​ អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ ​ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​សាកែវ ​បាន​ប្រាប់​VOA​នា​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​ថៃ​បាន​សម្រួល​ឲ្យ​អាជីវករ​កម្ពុជា លក់​ដូរ​សារ​ជា​ថ្មី​រហូត​ដល់​ចុង​ខែ​មេសា ​ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​មួយ​ចំនួន​ទៀត។​

«អញ្ចឹង​ការ​តវ៉ា​ទាំង​អស់​ ផ្គុំ​គ្នា​ទៅ​ ​សរុប​មក​ដល់​ឥឡូវ​ ​ ខ្ញុំ​សូម​ជម្រាប​ឱ្យ​ខ្លីតែ​ម្តង​គឺ​បាន​ឯកភាព​គ្នា​ថា ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បើក​លក់​បន្ត​ទៀតហើយ​រហូត​ដល់​ខែ​បួន។ ​អញ្ចឹង​ទេ​ ដល់​ដាច់​ខែ​បួន​ហ្នឹង​ទើប​យើង​បញ្ចប់​សុពលភាព​នៃ​ការ​លក់។​ ​ក៏​ប៉ុន្តែ​ខាង​ថៃ ​គេ​សំណូមពរ​ កុំ​ឲ្យ​យើង​ប្រកាស​ជា​ចំហ​ ដើម្បី​ឲ្យ​បង​ប្អូន​យើង​ ប្រឹង​លក់​ឲ្យ​អស់​ទៅ​កុំ​ឲ្យ​ទុក​របស់​ដែល​ខុស​ច្បាប់»។

លោក គោស៊ំុ សារឿត បន្ត​ថា ​ទំនិញ​ដែល​អាជីវករ​កម្ពុជា​ នាំចូល​ទៅ​ថៃ​នោះ​គឺ​ខុស​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ក្នុង​ប្រទេស​ថៃ​ ដែល​ស្រប​តាម​ច្បាប់​ពាណិជកម្ម​អន្តរជាតិ។លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ បន្ថែម​ថា​ កន្លងមក​អាជ្ញាធរ​នៃ​ប្រទេស​ថៃ​ បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ ក៏ប៉ុន្តែ​អាជីវករ​កម្ពុជា​ មួយ​ចំនួន​នៅ​តែ​នាំចូល​ទំនិញ​មិន​ស្រប​ច្បាប់​ដដែល។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ស្ថាន​កុងស៊ុល​កម្ពុជា ​បាន​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ​ ​ហើយ​ពេល​បច្ចុប្បន្ន​ ​អាជ្ញាធរ​កម្ពុជា​ កំពុង​ធ្វើ​ការ​អប់រំ​អាជីវករ​កម្ពុជា​ទាក់ទិន​នឹង​កម្មសិទ្ធិ​បញ្ញា​ក្នុង​ប្រទេស​ថៃ។​

តាម​ការ​ឲ្យដឹង​ពី​អាជីវករលក់​ដូរ​ក្នុង​ផ្សារ​រុងក្លឿ​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ប្រាប់ ​VOA ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថៃ​យ៉ាង​ដូច្នេះ​ថា៖«យើង​មិន​អាច​ប៉ាន់​ស្មាន់​បាន​ទេ​ ដោយ​សារ​វា​ច្រើន​លើសលប់​ពេក។ ពី​មុន​មក ​មិនធ្លាប់​មាន​ ​ដាក់​ទាំង​កុងតឺន័រ។ ខ្ញុំ​ទៅ​ថត​រូបភាព​ហ្នឹង​ដោយ​ជាក់​ស្ដែង​តែ​ម្ដង។ វា​ជាន់​ទី​២​ជាន់​ទី៣​អី​ណឹង​ គឺ​ទម្លាក់​ពី​លើ​ហ្នឹងទាំង​អស់​មក​តែ​ម្ដង​ ​មាន​អីវ៉ាន់​អី​ហ្នឹង​ មាន​ទាំង​សាក់កាដូ។ ​អា​សាក់កាដូ​ យើង​មាន​យីហោ»។

អាជីវករ​ដដែល​បាន​បញ្ជាក់​ថា ​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​ថៃ​នេះ​ បាន​ចាប់​ផ្ដើម​ ​បើក​ធ្វើ​អាជីវកម្ម​ ​ជា​បន្ត​បន្ទាប់​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ ​ក៏ប៉ុន្តែ​មួយ​ចំនួន​ធំ​ នៅ​មាន​ការ​បារម្ភនៅ​ឡើយ​ថា អាច​នឹង​មាន​ការ​បង្ក្រាប​បន្ថែម​ទៀត។

លោក ​ស៊ំ ចាន់គារ​ ​មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​ Adhoc​ ប្រចាំ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់ VOA ថា​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អាជីវករ​ខ្មែរ​យ៉ាង​ខ្លាំង​ ​ហើយ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​សម្រួល​និង​ធានា​ដល់​ការ​លក់​ទំនិញ​របស់​កម្ពុជា​ឡើង​វិញ។

«សូម​ឲ្យ​រដ្ឋាភិបាល​ ​យើង​គឺ​មើល​បង្កើត​ទី​ផ្សារ​ នៅ​ជិត​ ​ពិសេស​នៅ​ជាប់​ព្រំដែន​ ​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​បាន​លក់​ដូរ​ ដើម្បី​កុំ​ឲ្យ ​ពិបាក​ក្នុង​ការ​ឆ្លងដែន​ទៅ​កាន់​គេ ។​ យើង​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ ​ចំណាយ​ថវិកាក្នុង​មួយ​ខែៗ​ ​រាប់​ម៉ឺន​ដុល្លារ​ រាប់​លាន​បាត​ដែល​ទៅ​ឲ្យ​ជន​ជាតិ​ថៃ​ដែល​ជា​ប្រ​ទេស​ដែល​គេ​អភិវឌ្ឍ​ហើយ​ ​ទាំង​ថ្លៃ​ទឹក ​ទាំង​ថ្លៃ​ភ្លើង​ ​ទាំង​ថ្លៃ​ឆ្លងដែន ​ទាំង​ថ្លៃ​តូប ​ទាំង​ថ្លៃ​ស្នាក់​នៅ​ ​ទាំង​ថ្លៃ​អាហារ​ផង»។

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​លោក ​គោស៊ំុ សារឿត​ ​បាន​អះអាង​ប្រាប់ ​VOA ​ថា​លោក​និង​អាជ្ញាធរ​កម្ពុជា​ កំពុង​រិះរកវិធី​ក្នុង​ការ​បង្កើត​ផ្សារ​កម្ពុជា​មួយ​ជាប់​ទល់​ដែន​ថៃ​ដើម្បី​ឲ្យ​មាន​ការ​លក់​ទំនិញ​ទាំង​នោះ​នា​ពេល​ខាងមុខ។​

«គម្រោង​ឥឡូវ​គឺ​យើង​កំពុង​ ​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​យើង​ ឲ្យ​បើក​ផ្សា​មេឃ​ កុំ​ថា​ផ្សារណាត់​ ផ្សារ​ដែល​ថាឲ្យ​ប្រជា​ពល​រដ្ឋ​យើង​លក់​ទំនិញ​ ហ្នឹង​នៅ​លើ​ដី​យើង​ ហើយ​ឲ្យ​បងប្អូន​យើង​ងាក​ទៅ​លក់​នៅ​នឹង​ផ្សារ​របស់​យើង​វិញ។​ ហើយ​យើង​ខិតខំ​ជំរុញ ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​ថា​ ឲ្យ​ប្រជា​ពល​រដ្ឋ​ថៃ​ដែល​មក​ទិញ​ទំនិញ​នៅ​យើង​នេះ​ គឺ​មិន​បាច់​ប្រើ​ passport ឬ​ border-pass​អី​ទេ។ ពេល​មក​ប្រើ​តែ​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ថៃ​ អី​ទៅ​ ទិញ​អា​ប័ណ្ណ១០​ ​បាត​អី​ទៅ​ ​ចូល​មក​ដី​យើង​ទៅ​មក​លេង​ ១ថ្ងៃ​ ២ថ្ងៃ​អី​ទៅ​ហើយ​ទៅវិញ​ទៅ »។

យ៉ាងណា​ក៏​ដោយ​លោក​មិន​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ការ​ខូចខាត​របស់​អាជីវករ​កម្ពុជា​ ក្នុង​ការ​បង្ក្រាប​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ទេ។

កាសែត​ The Nation ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ថៃ​ បាន​រក​ឃើញ​ទំនិញ​ក្លែង​ម៉ាក​សញ្ញា​រួម​ទាំង​ ​សំលៀកបំពាក់​និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ជាង​ ១០​លាន​បាត​ឬ​ប្រហែល​ជា​២​ម៉ឺន​៨​ពាន់​ដុល្លារ​អាមេរិក ​ចំពោះ​ការ​បង្ក្រាប​ក្នុង​ហាង​ទំនិញ​មួយ​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ។

សារព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ​ទំនិញ​ក្លែង​ម៉ាក​ជា​ច្រើន ​ត្រូវ​បាន​គេ​នាំ​ចូល​ក្នុង​ប្រទេស​ថៃ​ពី​ផ្សារ​រុងក្លឿ​ដែល​ជាប់​ទល់ដែន​កម្ពុជា៕

XS
SM
MD
LG