ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​ព័ត៌មាន​នាំ​ឲ្យ​ការ​អាន​និង​ការ​តែង​​និពន្ធ​​អក្សរសិល្ប៍​ធ្លាក់ចុះ


លោក វ៉ា សំអាត​ អនុ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ថ្លែង​អំពី​ស្ថានភាព​វិជ្ជាជីវៈ​តែង​និពន្ធ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក វ៉ា សំអាត​ អនុ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ថ្លែង​អំពី​ស្ថានភាព​វិជ្ជាជីវៈ​តែង​និពន្ធ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
ស្ថានភាព​វិជ្ជាជីវៈ​តែង​និពន្ធ
សូម​រង់ចាំ

No media source currently available

0:00 0:28:17 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ក្រៅ​ពី​ទម្លាប់​មិន​ចូលចិត្ត​អាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ បច្ចេកវិទ្យា​ព័ត៌មាន​ក៏​ជា​កត្តា​នាំ​ឲ្យ​ធា្លក់​ចុះ​ការ​អាន​ស្នាដៃអក្សរ​សិល្ប៍។ នេះ​បើ​តាម​សម្តី​របស់​លោក វ៉ា សំអាត​ អនុ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ដែល​បាន​ប្រាប់​វីអូអេ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៤​ ខែ​កុម្ភៈ​នេះ។ ប៉ុន្តែ​លោក​ វ៉ា សំអាត មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​នេះ​ក៏​នៅ​មាន​វិធី​ដើម្បី​ធ្វើ​ឲ្យ​ការ​អាន​ស្នាដៃ​អក្សរសិល្ប៍​កើន​ឡើង។

«យើង​បាន​យក​ស្នាដៃ​អក្សរសិល្ប៍​យើង​ទៅ​ជ្រក​កោន​នៅ​ក្នុង​ប្រព័ន្ធ​វ៉េបសៃត៍​ដើម្បី​តម្រូវ​ចិត្ត​អ្នក​អាន​វ័យ​ក្មេងៗ​ដែល​ពួក​គេ​កំពុង​តែ​មាន​មោទនភាព​នឹង​ឧបករណ៍​អេឡិត្រូនិក​ដ៏​ទំនើបៗ​ ហើយ​ចូលចិត្ត​អាន​តាម​ឧបករណ៍​អេឡិត្រូនិក​ទំនើបៗ​នោះ»។

លោក​ វ៉ា សំអាត​ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ​មាន​ការ​លួច​ចម្លង​ស្នាដៃ​សិល្បៈបរទេសដែល​ជា​បញ្ហា​លេច​ធ្លោ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក សំអាត​ សម្លឹង​ឃើញ​មូលហេតុ​ពីរ​គឺ៖

«ទី១​ កត្តា​រត់​ឲ្យ​ទាន់​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ ពោល​គឺ​ការ​លួច​ចម្លង​ស្នាដៃ​បរទេស​ល្បីៗ។ និង​កត្តា​ទី​២​ ការ​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​ត្រូវ​ការ​ពេល​វេលា​ច្រើន​និង​តម្លៃ​ខ្ពស់»។

​នាង គង់ សុវណ្ណស្រីឈូក ដែល​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ ក៏​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ការ​អនុវត្ត​មិនសូវ​មាន​ប្រសិទ្ធិភាព​នូវ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ក៏​ជា​កត្តា​បន្ទុច​បង្អាក់​និង​បំបាក់​ទឹក​ចិត្ត​អ្នក​និពន្ធ​ដែរ។

«ពេល​គាត់​សរសេរ​សៀវភៅ​ ស្នាដៃ​គាត់​មិន​ត្រូវ​បាន​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពោលគឺ​មាន​អ្នក​ថត​ចម្លង​ខុស​ច្បាប់​ភាគច្រើន»។

ប៉ុន្តែ​នាង​ សុវណ្ណស្រីឈូក ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជាកំពុង​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ច្បាប់​កម្មសិទ្ធិប​ញ្ញា។ នាង​និយាយ​ថា នាង​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ដោយសារ​ថា ទី​១ នាង​ចូលចិត្ត​ការ​តែង​និពន្ធ​ពី​កំណើត ដោយ​សារ​ការ​តែង​និពន្ធអាច​ធ្វើ​ឲ្យ​នាង​នៅ​ក្នុង​ពិភព​ផ្សេង​មួយ​តាម​ការ​ស្រមៃ​របស់​នាង​និង​អាច​បំភ្លេច​កង្វល់​ទាំង​ឡាយ​ដែល​នាង​កំពុង​មាន​ក្នុង​ពិភព​ពិត។ ទី២ នាង​សង្ឃឹម​ថា ការ​សរសេរ​របស់​នាង​អាច​ជួយ​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ និង​ផ្លាស់​ប្តូរ​សង្គម។

ទាំង​លោក វ៉ា សំអាត និងទាំងនាង គង់ សុវណ្ណ​ស្រីឈូក ទទួល​ស្គាល់​ថា សមត្ថភាព​តែង​និពន្ធ​របស់​ក្មេងៗជំនាន់​ក្រោយ​មាន​ការ​កើន​ឡើង។ លើស​ពី​នេះ​ចំនួន​នៃ​អ្នក​ចាប់​អារម្មណ៍​ក្នុង​ការ​តែង​និពន្ធ​ក៏​កាន់តែ​កើន​ឡើង​ដែរ​តាម​រយៈចំនួន​នៃ​អ្នក​និពន្ធ​ក្មេងៗ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការ​តែង​និពន្ធ​និង​ការ​ដាក់​ស្នាដៃ​ចូលរូម​ប្រកួត៕

XS
SM
MD
LG