ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​កម្ពុជា​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​មនុស្សយន្ត​លំដាប់​ពិភពលោក​នៅ​អាមេរិក


លោក គឹម វណ្ណថេន (ឆ្វេង) ប្រធាន​គ្រប់គ្រង​​បញ្ជី​ទិន្នន័យនៃ​អង្គការ Caring for Cambodia និង​ក្រុមសិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​ដែល​ផលិត​មនុស្ស​យន្ត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)
លោក គឹម វណ្ណថេន (ឆ្វេង) ប្រធាន​គ្រប់គ្រង​​បញ្ជី​ទិន្នន័យនៃ​អង្គការ Caring for Cambodia និង​ក្រុមសិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​ដែល​ផលិត​មនុស្ស​យន្ត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)

«នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចង់​ទៅ​ឈរ​លើ​វេទិកា​គេ ហើយ​បង្កើត​អី​មួយ​ ហើយ​យើង​អាច​ល្បីល្បាញ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍‍»។ នេះ​គឺ​ជា​ក្តីស្រមៃ​របស់​ចន្ធី អាយុ​១៧​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប។

នេះ​គឺ​ជា​ព្រឹក​ថ្ងៃ​អាទិត្យ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្មម ប៉ុន្តែ​មិន​ដូច​យុវជន​ដទៃទៀត​ដែល​មាន​វ័យ​ស្រករ​ពួកគេ ចន្ធី​និងមិត្តភក្តិ​របស់​នាង​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​មួយ​គ្រឿង ជជែក​ពិភាក្សា​ជាមួយ​នឹង​គ្រូ​ដឹកនាំ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​សហរដ្ឋអាមេរិក​អំពី​ការ​ផលិតមនុស្ស​យន្ត។​

‍«នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចង់​ទៅ​ឈរ​លើ​វេទិកា​គេ ហើយ​បង្កើត​អី​មួយ​ ហើយ​យើង​អាច​ល្បីល្បាញ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍‍»។ នេះ​គឺ​ជា​ក្តីស្រមៃ​របស់​ចន្ធី អាយុ​១៧​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប។ នាង​បន្ថែម​ថា​នៅ​ពេល​ដែល​នាង​ទំនេរ​ពី​ការ​សិក្សា «ខ្ញុំ​ចូលចិត្ត​ទៅ​ឆ្កឹះឆ្កៀល​ស៊ីឌី​ដែល​ខូចៗ​នៅ​ផ្ទះ ឆ្ងល់​វា​ថា​ម៉េច​បាន​វា​ចេញ​បាន​ពេល​ដែល​យើង​ដាក់​ឌីស​ទៅ​វា​ចូល ​ហើយ​វា​ចេញ​ជា​រូប​នៅ​ក្នុង​ទូរទស្សន៍‍»។

ចន្ធី​កើត​ក្នុង​គ្រួសារ​ក្រីក្រ។ ម្តាយ​របស់​នាង​គឺ​ជា​មេផ្ទះ ហើយ​ឳពុក​របស់​នាង​រក​ចំណូល​តាមរយៈ​ការ​ប្រកប​របរ​នេសាទ​ត្រី ដែល​ស្ទើរ​តែ​រក​ប្រាក់​មិន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ចន្ធី​និង​បងប្អូន​ទាំង​១១​នាក់​របស់​នាង។

ប៉ុន្តែ​អ្វីៗ​ប្រហែល​ជា​នឹង​ផ្លាស់ប្ដូរ។

ខែ​ក្រោយ​នេះ ចន្ធី​និង​មិត្ត​រួមក្រុម​របស់​នាង​ចំនួន​៥​នាក់​ទៀត​នឹង​ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​លើក​ដំបូង​បង្អស់​ដែល​រៀបចំ​ឡើង​ដោយ First Global ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណូល​។ ការ​ប្រកួតប្រជែង​នេះ​នឹង​ធ្វើ​ឡើង​នៅសាល DAR Constitution Hall ក្នុង​រដ្ឋធានី Washington ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨​ខែ​កក្កដា។

ចុចមើល៖ សកម្មភាព​ក្រុម​សិស្ស​កម្ពុជា​ផលិត​មនុស្ស​យន្ត​

ចន្ធី​បង្ហាញ​អារម្មណ៍​របស់​នាង​ថា៖ «សប្បាយ អរ​ផង ភ័យផង‍»។

បងស្រី​របស់​ចន្ធី គឺ​អ្នកស្រី ឆើត សុជា ដែល​ជា​ស្ត្រី​មេផ្ទះ​និង​រស់នៅ​ក្នុង​ស្រុក​សៀមរាប​និយាយ​ថា អ្នកស្រី​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​ការ​ខិតខំប្រឹងប្រែង​របស់​ប្អូន​ស្រី​អ្នកស្រី​កំពុង​ទទួល​បាន​លទ្ធផល។

អ្នកស្រី​ថ្លែង​ថា «សប្បាយ​ចិត្ត​ដែល​ប្អូន​បាន​ទៅ​ដល់​ស្រុកគេ​អីចឹង នៅ​ឆ្ងាយ បាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ ដែល​យើង​មិននឹក​ស្មានដល់ ជា​គ្រួសារ​ធម្មតា‍»។

កាល​ពី​ខែ​មករា អង្គការ Caring for Cambodia ដែលហៅ​កាត់​ថា (CFC) ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​សៀមរាប បាន​ជ្រើសរើស​ក្រុម​សិស្ស​នេះ​ពី​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​របស់​ខ្លួន​នៅ​ក្នុង​វិទ្យាល័យ​រដ្ឋ​ចំនួន​២​ក្នុង​ខេត្ត​សៀមរាប។ ពួកគេ​នឹង​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមយុវជន​ដទៃទៀត​មក​ពី​ប្រទេស​ចំនួន​១៦៣។

ចាន្ធូ​អាយុ​១៨ឆ្នាំ​ដែល​ជា​មេក្រុម មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូលរួមក្នុង​ការប្រកួត​ប្រជែង​មនុស្ស​យន្ត​នេះ។ ចាន្ធូ​បាន​និយាយ​ថា៖ «អត់​ដឹង​ថា​អារម្មណ៍​ម៉េច ព្រោះ​វា​សប្បាយ​ពេក អរ​ពេក។ អត់​នឹក​ស្មាន​ថា​ខ្លួន​ឯង​បាន​ចូល​រួម​រៀន​វគ្គ​ហ្នឹង ហើយ​បាន​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ទៀត។ គ្មាន​អ្វី​ប្រៀប​បាន‍»។

អង្គការ First Global ផ្តល់​ដល់​ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នីមួយៗ​នូវ​សម្ភារ​សម្រាប់​ផលិត​មនុស្ស​យន្ត និង​គ្រូ​ដឹក​នាំ​ម្នាក់​នៅ​អាមេរិក​ដែល​អាច​ណែនាំ​ដល់​ពួកគេ​ពី​ការ​ផលិត​មនុស្ស​យន្ត​បាន។ គោលបំណង​នៃ​ការ​ប្រកួតប្រជែង​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ឈោង​ចាប់​យក​អាជីព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។

ប្រធានបទ​នៃ​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ​គឺ​ការ​‍«ទទួល​បាន​ទឹក​ស្អាត‍» ហើយ​មនុស្ស​យន្ត​ដែល​ចូលរួម​ប្រកួត​នឹង​ទទួល​បាន​ពិន្ទុ​តាមរយៈ​ការ​ស្រង់​កាកសំណល់​ពុល​ចេញ​ពី​ទឹក។

ចុចមើល៖ ការ​ណែនាំ​អំពី​ការ​ប្រកួត​មនុស្ស​យន្ត​របស់​អង្គការ First Global

អ្នកស្រី Christin Spoolstra អនុប្រធាន​អង្គការ CFC ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ក្រុមសិស្ស​ទាំង​នេះ​បាន​ខិតខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​នេះ។

អ្នកស្រី​បាន​និយាយ​ថា៖ «ពួកគេ​ខិតខំ​ប្រឹងប្រែង ហើយ​ពួកគេ​បាន​ពួតដៃ​គ្នា​និង​សហការ​គ្នា​ ហើយ​ពួកគេ​បាន​ផលិត​នូវ​អ្វី​ដែល​ពួកគេ​មិន​ដែល​ស្រមៃ​ថា​ខ្លួន​អាច​ធ្វើ​បាន‍»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នេះ​បាន​ចាប់​ផ្តើម​ផលិត​មនុស្ស​យន្ត​របស់​ខ្លួន​កាល​ពី​ខែ​មីនា និង​បាន​ចំណាយ​ពេល​វេលា​លើ​ការ​ផលិត​នេះ​៤​ឬ​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​រាល់​ពេល​ដែល​ពួកគេ​មាន​ពេល​ទំនេរ​ពី​ការ​សិក្សា។

លោក គឹម វណ្ណថេន ដែល​ជា​ប្រធានគ្រប់គ្រង​បញ្ជី​ទិន្នន័យ​នៃ​អង្គការ CFC ហើយ​ក៏​ជា​គ្រូ​ដឹកនាំ​របស់​ក្រុម​សិស្ស​នេះ​ផង​នោះ​បាន​និយាយ​ថា «ខ្ញុំ​ឃើញ​ពី​ក្រុម​កម្ពុជា​យើង​គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ ដោយសារ​តែ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​គឺ​ដំបូង​ទាំងអស់‍»។ លោក​បាន​បន្ថែម​ថា អ្វី​ៗ​គឺ​ថ្មី​សម្រាប់​សិស្ស​មិន​ថា​ខាង​ផ្នែក​វិស្វកម្ម ខាង​សាងសង់​ទៅ​លើ​សម្ភារៈ​ដែល​ផ្តល់​ពី First Global ការ​សរសេរ​លេខ​កូដ និង​ការ​សរសេរ​កម្មវិធី​បញ្ចូល​ទៅ​ក្នុង​មនុស្ស​យន្ត​នោះ​ទេ។

ការ​ផលិត​មនុស្ស​យន្ត​នេះ គឺ​មិន​គ្រាន់​តែ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​គ្រូដឹកនាំ​និង​គ្រូបង្រៀន​របស់​ពួកគេ​នៅ​អង្គការ CFC ផង​ដែរ។

«ឆ្នាំ​នេះ​គឺ​ជា​ការ​ដក​ពិសោធន៍​មួយ​សម្រាប់​គ្រូ​របស់​យើង​ក្នុង​ការ​សិក្សា​បន្ថែម​ទៀត​អំពី​មនុស្ស​យន្ត​‍»។ នេះ​បើយោង​តាម​អ្នកស្រី Spoolstra។

លោក វឿន វ៉ាន់ថា ដែល​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាននិង​សារគមនាគមន៍​បាន​និយាយ​ថា «ខ្ញុំ​មាន​មោទនភាព​មែនទែន ពីព្រោះ​ពួកគាត់​ដែល​ចាប់​ផ្តើម​robot[មនុស្ស​យន្ត] ហ្នឹង ទើប​តែ​ចាប់​ផ្តើម​ប៉ុន្មាន​ខែ​នេះ​ឯង‍»។

ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នឹង​ទទួល​បាន​ពានរង្វាន់​«មាស‍» «ប្រាក់‍» និង​«សំរឹទ្ធិ‍» ដោយ​យោង​ទៅ​តាម​ពិន្ទុ​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ ដូចជា​ការ​សហការ​គ្នា និង​ស្មារតី​ការងារ​ជា​ក្រុម​ជាដើម។

ទាំង​ចន្ធី​និង​ចាន្ធូ​សង្ឃឹម​ថា ក្រុម​របស់​ពួកគេ​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

«សម្រាប់​យើង ឈ្នះ​ឬ​ចាញ់ យើង​គិត​ថា នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ គ្រូ​របស់​ពួកគេ សហគមន៍ ក្រុមគ្រួសារ​របស់​ពួកគេ និង​សង្ឃឹម​ថា ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ទាំង​មូល​ផង​ដែរ‍»។ នេះ​ជា​សម្តី​របស់​អ្នកស្រី Spoolstra។​

ក្រុម​សិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​កំពុង​បង្ហាញ​មនុស្ស​យន្ត​ដែល​ពួកគេ​បាន​ផលិត​ដល់​សិស្ស​ដទៃទៀត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)
ក្រុម​សិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​កំពុង​បង្ហាញ​មនុស្ស​យន្ត​ដែល​ពួកគេ​បាន​ផលិត​ដល់​សិស្ស​ដទៃទៀត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)

អង្គការ CFC ផ្តល់​សម្ភារៈ​និង​ការ​គាំទ្រ​ដល់​សាលារៀន​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​វិទ្យាល័យ។ អង្គការ​ដែល​មាន​អាយុកាល​១៤​ឆ្នាំ​នេះ​បាន​រៀបចំ​កម្មវិធី​សិក្សា​បន្ថែម​ជាច្រើន​ដល់​សិស្ស​ដែល​សិក្សា​ក្រោម​កម្មវិធី​របស់​ខ្លួន ដោយ​រួម​ទាំង​ការ​អប់រំ​សុខភាព កីឡា សិល្បៈ កុំព្យូទ័រ ភាសាអង់គ្លេស និង​បំណិន​ជីវិត​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១៥ អង្គការ CFC បានចាប់​ផ្តើម​បង្រៀន​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​របស់​ខ្លួន។​

អ្នកស្រី Jamie Amelio ជា​ប្រធាន​និង​ជា​ស្ថាបនិក​នៃ​អង្គការ CFC នេះ បាន​និយាយ​ថា សិស្ស​ទាំង​នោះ «កំពុង​តែ​អប់រំ​ដល់​សិស្ស​ផ្សេង​ទៀត​អំពី​ថា តើ​ក្តី​សង្ឃឹម​មាន​រូបរាង​យ៉ាង​ណា និង​ថា​តើ​សង្គម​ថ្មី​កម្ពុជា​មាន​រូបរាង​ដូចម្តេច»។

អង្គការ CFC សង្ឃឹម​ថា នឹង​ពង្រីក​វគ្គសិក្សា​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់​ខ្លួន​ដល់​សិស្ស​ដទៃទៀត បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ពី​ការ​ប្រកួត​ប្រជែង​នេះ។

អ្នកស្រី Spoolstra បាន​ថ្លែង​ថា៖ «យើង​សង្ឃឹម​ថា ឆ្នាំ​ក្រោយ យើង​នឹង​អាច​បញ្ចូល​កម្មវិធី​សិក្សា​នេះ​ដល់​សិស្ស​របស់​យើង​ទាំងអស់ មិនមែន​សម្រាប់​តែ​សិស្ស​ដែល​ចូលរួម​ការ​ប្រកួតប្រជែង​របស់​អង្គការ First Global‍ នោះ​ទេ‍»។

សារ​របស់​ចន្ធី​ដល់​សិស្ស​ដទៃទៀត​ដែល​ពុំ​មាន​ឱកាស​ដូចជា​នាង​គឺ​ថា៖ «កុំ​ឲ្យ​អស់​សង្ឃឹម​ចំពោះ​កត្តា​គ្រួសារ​ឬ​ពី​កត្តា​ផ្សេងៗ​ដែល​នៅ​ជុំវិញ​គាត់ ដែល​ត្រូវ​គេ​រើសអើង មើលងាយ។ ឲ្យ​គាត់​កុំ​អស់​សង្ឃឹម ឲ្យ​គាត់​តស៊ូ ខំប្រឹង​រៀន​សូត្រ‍»៕

កំណត់​ចំណាំ៖ ព័ត៌មាន​លម្អិត​មួយ​ចំនួន​របស់​សិស្ស​មិន​ត្រូវ​បាន​បញ្ចេញ​ដោយសារ​គោលការណ៍​ការពារ​កុមារ​របស់​អង្គការ CFC។

XS
SM
MD
LG