ពិព័រណ៍កម្មវិធីសិក្សារបស់ EducationUSA នាឆ្នាំនេះ ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ដោយមានការបង្ហាញព័ត៌មានអំពីសាកលវិទ្យាល័យចំនួន ២៨ នៅសហរដ្ឋអាមេរិក បានទាក់ទាញសិស្សនិស្សិតនិងសាធារណជនជាច្រើននាក់នៅរាជធានីភ្នំពេញ។
គាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងជាច្រើន រួមមានការលើកកម្ពស់គុណភាពនៃការអប់រំ ពង្រីកការសិក្សា និងអាជីពសម្រាប់ប្រជាជនកម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នឧត្តមសិក្សារបស់សហរដ្ឋអាមេរិក។
កញ្ញា គីម ស្រីអ៊ីន និស្សិតឆ្នាំទី ៤ ផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញចំណាប់អារម្មណ៍របស់កញ្ញា ក្រោយពីបានចូលរួមពិព័រណ៍កម្មវិធីសិក្សានេះជាមួយវីអូអេ។
កញ្ញាថ្លែងថា៖ «តាមពិតទៅ ខ្ញុំអារម្មណ៍ភាគច្រើនពី Scholarship [អាហាររូបករណ៍] ក៏ដូចជាការសិក្សានៅអាមេរិក អ៊ីចឹងហើយខ្ញុំនាំមិត្តភក្តិមកចូលរួមជាមួយគ្នា»។
តាមរយៈពិព័រណ៍នេះ កញ្ញា ស្រីអ៊ីន បានស្វែងយល់ដឹងអំពីកម្មវិធីបំផ្លាស់ប្តូរសិក្សាជាច្រើន ដែលអាចឱ្យសិស្សកម្ពុជាអាចទៅសិក្សានៅសហរដ្ឋអាមេរិកបាន ដោយយកពិន្ទុពីការសិក្សានៅអាមេរិកមកជំនួសពិន្ទុនៅសាលាក្នុងស្រុក។
ចំណែកលោក ឌឹម សុភត្រា អាយុ២៩ឆ្នាំ ជាអ្នកបង្កើតមាតិកាឱ្យក្រុមហ៊ុនឯកជនមួយ និងជានិស្សិតថ្នាក់អនុបណ្ឌិត ថា លោកចូលចិត្តពិព័រណ៍កម្មវិធីសិក្សាបែបនេះ ព្រោះលោកមានគម្រោងចង់បានសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាលាបរទេស។
លោកថ្លែងថា៖ «គម្រោងធំរបស់ខ្ញុំ គឺខ្ញុំចង់បាន Master’s Degree [ថ្នាក់អនុបណ្ឌិត] មួយទៀត ដោយសារឥឡូវរៀន master មួយនៅខ្មែរហើយ ប៉ុន្តែចង់បាន master នៅក្រៅប្រទេស។ អាចជារៀនសិទ្ធិមនុស្ស ឬរៀនជំនាញអីផ្សេងៗដែលពាក់ព័ន្ធនឹងPolicy [គោលនយោបាយ]»។
សិស្សនិស្សិតកម្ពុជាប្រមាណ ១៤.៣% ដែលមានចំនួន ៨៤៨ នាក់ បានបន្តការសិក្សារបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១។នេះបើតាមព័ត៌មាននៅក្នុងគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការបើកពិព័រណ៍កម្មវិធីសិក្សា EducationUSA ថា ចំណេះដឹងជាផ្នែកមួយដ៏សំខាន់សម្រាប់សិស្សានុសិស្សកម្ពុជា ហើយលោកពិតជាសេចក្តីសោមនស្សរីករាយ ចំពោះការចូលរួមដ៏សកម្មនេះ។
លោកថ្លែងថា៖ «តាមទស្សនៈរបស់ខ្ញុំ នេះគឺជាឱកាសដ៏ល្អសម្រាប់ការអប់រំនៅកម្ពុជា។ យើងមានសាកលវិទ្យាល័យអាមេរិកជាង ២៥ នៅទីនេះ ហើយនេះគឺជាផ្នែកមួយនៃសេវាកម្មដែលស្ថានទូតសហរដ្ឋអាមេរិកផ្តល់តាមរយៈ EducationUSA ដែលផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក»។
លោកឯករដ្ឋទូតសហរដ្ឋអាមេរិកបានបន្តទៀតថា វិស័យអប់រំនៅកម្ពុជាមានការវវិត្តល្អប្រសើរជាមុន តាមរយៈកំណែទម្រង់បន្ថែមទៅលើប្រព័ន្ធសិក្សានៅកម្ពុជារបស់ក្រសួងអប់រំ។ លោកក៏បានកត់សម្គាល់លើឱកាសទទួលបានការអប់រំកាន់តែច្រើនរបស់សិស្សស្រីនៅកម្ពុជា និងវិសាលភាពនៃជំនាញ ដែលផ្តោតលើបច្ចេកវិទ្យា។
លោកថ្លែងថា៖ «ខ្ញុំរីករាយណាស់ក្នុងអំឡុងពេលដែលខ្ញុំនៅប្រទេសកម្ពុជាដែលបានឃើញការចុះ ឈ្មោះចូលរៀនរបស់ក្មេងស្រីនិងយុវតីកើនឡើង។ តាមពិតទៅ ស្ត្រីមានចំនួនច្រើននៅកម្រិតវិទ្យាល័យនិងសកលវិទ្យាល័យ ហើយវាអស្ចារ្យណាស់សម្រាប់ប្រទេសកម្ពុជា។ ខ្ញុំក៏ឃើញមានជំនាញច្រើនត្រូវបានបង្កើតឡើង។ ខ្ញុំបានទៅសៀមរាបកាលពីសប្តាហ៍មុនដោយពិភាក្សាអំពីសារៈសំខាន់នៃកម្មវិធីសិក្សាអំពីបច្ចេកវិទ្យាដល់សិស្សនិស្សិត ដែលនឹងជួយពួកគេ ព្រោះអនាគតគឺផ្តោតលើបច្ចេកវិទ្យា»។
លោក Tomera Ten ពលរដ្ឋខ្មែរ-អាមេរិកកាំងមួយរូប ដែលកំពុងសួរសុខទុក្ខសាច់ញាតិនៅភ្នំពេញ បានចូលរួមពិព័រណ៌កម្មវិធីសិក្សានេះ ជាមួយបងប្អូនជីដូនមួយ និងក្មួយស្រីរបស់លោក ដែលមានគម្រោងនឹងចង់បន្តការសិក្សានៅក្រៅប្រទេស។ លោកយល់ថា ការសិក្សានៅបរទេសនឹងផ្តល់នូវពិសោធន៍ថ្មីមួយដល់យុវជនកម្ពុជាអំពីពិភពលោក។
លោកថ្លែងថា៖ «ភាពខុសគ្នាគឺបទពិសោធន៍ មិនមានមួយណាល្អជាមួយណាទេ ប៉ុន្តែអ្នកដឹងថាមានឱកាស ទៅសិក្សានៅប្រទេសផ្សេងទៀត អ្នកបានរៀនពីភាពខុសគ្នានៃវប្បធម៌របស់មនុស្ស និងបានជួបសិស្សដែលមកពីជុំវិញពិភពលោក»។
EducationUSA គឺជាបណ្តាញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលប្រឹក្សានិស្សិតអន្តរជាតិជាង ៤០០ នៅក្នុង ១៧០ ជាងប្រទេស ដោយផ្តល់ជូននូវព័ត៌មានត្រឹមត្រូវ ទូលំទូលាយ និងបច្ចុប្បន្នភាពអំពីឱកាសសិក្សានៅស្ថាប័នក្រោយឧត្តមសិក្សាដែលទទួលស្គាល់នៅសហរដ្ឋអាមេរិក។ ពិព័រណ៍នេះក៏ផ្តល់សេវាកម្មដល់សហគមន៍អប់រំឧត្តមសិក្សារបស់អាមេរិកផងដែរ ដើម្បីជួយអ្នកដឹកនាំស្ថាប័នឆ្លើយតបនឹងការជ្រើសរើសបុគ្គលិក និងគោលដៅអន្តរជាតិភាវូបនីយកម្មក្នុងបរិវេណសាលា៕