ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​មុខ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដើម្បី​ទាក់ទាញ​វិនិយោគ


លោក ងិន ស៊ីថា ជាង​ជួសជុល​រថយន្ត កំពុង​ពិនិត្យ​មើល​រថយន្ត​​​នៅ​យានដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ងិន ស៊ីថា ជាង​ជួសជុល​រថយន្ត កំពុង​ពិនិត្យ​មើល​រថយន្ត​​​នៅ​យានដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ងិន ស៊ីថា ជាជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​មួយ ​ក្នុង​រាជធានី​ភ្នំពេញ។ បន្ទាប់ពីចប់បាក់ឌុប​ឆ្នាំ​ ២០១៥ ស៊ីថា បាន​ចូលរៀននៅ​សាកលវិទ្យាល័យ​បៀលប្រាយ ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ ផ្នែក​គ្រប់គ្រង។ ក្រោយ​រៀន​បាន​រយៈពេលពីរ​ឆ្នាំ ស៊ីថា ​ក៏​ឈប់រៀនដោយ​សារ​មិន​ដឹង​អំពី​គោល​ដៅជាក់លាក់។

កំពុងអង្គុយ​ក្នុងយានដ្ឋាន​ដែល​ខ្លួនកំពុង​ធ្វើ​ការ​ បុរស​វ័យ ២៧ ​ឆ្នាំ​រូបនេះ និយាយ​ថា៖ «មូលហេតុ​ដែល​ខ្ញុំបញ្ឈប់​ការ​សិក្សា​ហ្នឹង ដោយសារ​តែយើង​អត់​ទាន់​មាន​គោលដៅ​អីច្បាស់លាស់ ទី១។ ទី២​ កាលណា​យើង​អត់ទាន់មាន​គោលដៅ​ច្បាស់​លាស់​ យើង​រៀន​ដឹង​តែរៀន ដល់​ពេល​យើង​រៀន​អត់ដឹង​ធ្វើ​អី យើង​គិត​មើល​ថា បើយើង​រៀន​ចេះ​តែរៀន​អ៊ីចឹង វាអត់​មាន​ការងារ​ធ្វើ​ផ្សេងៗ​ទេ ទី១។ ទី២ យើង​ចូលចិត្ត​ឡាន។ ហើយ​ណាមួយ​វិស័យ​ឡាន​ហ្នឹង បើ​យើង​ក្រឡេក​មើល​តាម​ប្រទេស​ជុំ​វិញ​យើង ឬ​ក៏ប្រទេស​យើង​ហ្នឹង​ក៏​វាសម្បូរ​ដែរ ណាមួយ​អាច​និយាយថា ​វាពេញ​និយម»។

នៅ​ឆ្នាំ​ ២០១៨ ស៊ីថា បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ ដើម្បី​រៀន​ជួសជុល​រថយន្ត។​ រៀន​បណ្តើរ ស៊ីថា​ បាន​អនុវត្ត​ការ​ជួស​ជុល​រថយន្ត​បណ្តើរ រហូត​ក្លាយ​ជាជាង​ជួសជុល​រថយន្តមកដល់​សព្វថ្ងៃ។

ស៊ីថា ដែល​មាន​សម្បុរស្រអែម មាឌ​មាំ​ លើកឡើង​អំពី​ប្រយោជន៍​នៃ​ការ​រៀន​វិជ្ជាជីវៈ​ថា៖ «យើង​រៀន​ចប់ទៅ ​ទី​១ ​យើង​មានជំនាញ​ផ្ទាល់ខ្លួន ហើយ​យើង​អាច​សម្រេច​ចិត្ត​បាន​ថា តើ​យើង​គួរ​តែនៅធ្វើការ​បន្ត ឬ​មួយ​ក៏​យើង​ចេញ​រក​ខ្លួនឯង? តែបើ​យើង​រៀន​នៅ​សាកលវិទ្យាល័យ យើង​គេច​មិន​រួច​ពី​នៅ​តែ​ធ្វើការទេ។ ភាគច្រើន​ពួកម៉ាកខ្ញុំរៀន​ខាងធនាគារ ឥឡូវ​គាត់​ឡើង​ជាប្រធានផ្នែក​អី​ផ្សេងៗ។ ពេល​ខ្ញុំជួបគាត់ គាត់​តែ​ត្អូញ​ពី​ផល​លំបាក​អ៊ីចេះៗ ទី១។ ទី ២ ក្រៅ​ពីការងារ​ហ្នឹង បើ​សិន​ជាឱ្យ​គាត់​ឈប់​ពីការងារ​ហ្នឹង​គាត់​អត់​ដឹង​ធ្វើ​អីបាន​ទៀត​ទេ។ បើដូច​ខ្ញុំ​អត់​អីទេ ខ្ញុំ​ទិញ​សោ​តែមួយ​កញ្ច្រែង​ដាក់​នៅ​ផ្ទះក៏​ខ្ញុំ​អាច​ចិញ្ចឹម​កូន​ខ្ញុំរស់​ដែរ»។

ការ​ជ្រើស​យកជំនាញ​វិជ្ជាជីវៈជាអាជីព ​បានជួយ​ឱ្យ​យុវជន​ជាច្រើនដែលធ្លាក់​បាក់ឌុប​ ​និង​យុវជន​មួយ​ចំនួន​ដែលមិនមាន​គោលដៅ​ការងារ​ច្បាស់លាស់ដូចជា​ លោក ងិន ស៊ីថា ទទួល​បាន​ការងារ​ល្អ និង​មានប្រាក់​កម្រៃ​សមរម្យ។​

កំពុងស្វែង​រក​ថ្នាក់​ចូលរៀននៅ​ខាង​មុខ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ យុវជន នី រ៉ូត ​សិស្ស​សិក្សា​ជំនាញ​ជួសជុល​បរិក្ខាត្រជាក់ លើកឡើង​ថា លោក​ជ្រើសរើស​រៀន​ជំនាញ​វិជ្ជាជីវៈនេះ​ បន្ទាប់ពី​ធ្លាក់​បាក់ឌុប​ក្នុង​ឆ្នាំ​សិក្សា​ ២០២២។

យុវជនវ័យ ​១៨​ ឆ្នាំ​រូបនេះ​បន្ត​ថា ការ​រៀនវិជ្ជាជីវៈ​អាច​ផ្តល់ការងារ និង​មុខរបរ​សម្រាប់​លោក​ដោយ​មិន​ចាំបាច់​ត្រូវរៀន​បរិញ្ញាបត្រ។

«យើង​អាច​រៀនទៅ​ បើ​ថា​យើង​ចេះទៅ យើង​អាច​បើក​ហាង​លក់​ក៏​បាន​ដើរ។ យើង​ដើរ​ធ្វើ​ឱ្យ​គេធ្វើ​អី​ទៅ»។

យុវជន​ នី រ៉ូត បាន​ថ្លែង​បន្ថែម​ថា ប្រសិនបើ​មិន​មាន​សាលាវិជ្ជាជីវៈ ​នោះ​លោក​មិនដឹង​ថា​គួរតែរៀន​អ្វី​នៅ​ទីណានោះទេ។​

«បើថាអត់​មាន [សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ] អត់ដឹង​ទៅខាង​ណាដែរ បើ​យើង​ធ្លាក់​បាក់​ឌុប​អ៊ីចឹង។ បើ​យើង​មាន [សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ] អ៊ីចឹង​ទៅ យើង​អាច​មករៀន​បាន»។

លោក ងិន ស៊ីថា ជាង​ជួសជុល​រថយន្ត កំពុង​ពិនិត្យ​មើល​រថយន្ត​នៅ​យានដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ងិន ស៊ីថា ជាង​ជួសជុល​រថយន្ត កំពុង​ពិនិត្យ​មើល​រថយន្ត​នៅ​យានដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

យុវជន នី រ៉ូត ​សិស្ស​សិក្សា​ជំនាញ​ជួសជុល​បរិក្ខា​ត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់​សម្ភាសន៍​ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣។​ (កាន់ វិច្ឆិកា/វីអូអេ)
យុវជន នី រ៉ូត ​សិស្ស​សិក្សា​ជំនាញ​ជួសជុល​បរិក្ខា​ត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់​សម្ភាសន៍​ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣។​ (កាន់ វិច្ឆិកា/វីអូអេ)

កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាល​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ ប្រមាណ​ជា ១ លាន ៥ សែននាក់ ដោយ​ឥត​គិតថ្លៃ។ លោក​ក៏បាន​ថ្លែង​ថា រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភដល់​យុវជន​ក្រីក្រ​ទាំង​នោះជា​ប្រចាំខែ ចាប់ពីដើម​ឆ្នាំ​ ២០២៤​ តទៅ។​

លោក​បញ្ជាក់​ថា៖ «យើង​យក​ពួក​គាត់​ទៅ​បណ្ដុះ​បណ្ដាល មិន​ត្រឹម​តែ​មិន​បង់ថ្លៃ​ទេ ក៏​ប៉ុន្តែ​យើង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​គាត់​ថែម​ទៀត ធ្វើម៉េច បណ្ដុះបណ្ដាល​ធនធាន​មនុស្ស បើ​យើង​ដោះស្រាយ​ក្នុង​រង្វង់មួយ​លាន​ប្រាំសែន​នាក់​នេះ ខ្ញុំ​គិត​ថា​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ»។

បើតាម​លោក​នាយករដ្ឋ​មន្ត្រី កម្ពុជា​មាន​សក្ដានុពល​ដោយ​សារ​មាន​មនុស្ស​វ័យក្មេង​ច្រើន ប៉ុន្តែសមត្ថភាព​នៅ​មាន​កម្រិត។ ដូច្នេះ​លោក​ថា​ ការ​បង្កើត​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​យុវជន​ក្រីក្រ​នេះ គឺ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ និង​ដើម្បី​ទាក់ទាញ​វិនិយោគ។​

លោក ថង សាម៉ុន អគ្គនាយករង​ នៃ​អគ្គនាយដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើក​ឡើង​ថា ​ក្រសួង​ការងារ​កំពុង​រៀបចំ​ផែនការ​ក្នុងការបណ្តុះ​បណ្តាល និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​យុវជន​គោលដៅ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី។

លោកថ្លែងថា៖ «ឥឡូនេះ​ក្រសួង​ជំនាញ​គឺ​យើងរៀបចំ​ជាកម្មវិធី​ថា ក្នុង​មួយ​ឆ្នាំ​ យើង​អាច​បណ្តុះ​បណ្តាល​បាន​ប៉ុន្មាន នៅ​ទីកន្លែង​ណាខ្លះ យើង​មាន​សាលា​បណ្តុះ​បណ្តាល​ ហើយ​ជំនាញ​អ្វី​ខ្លះ យើង​រៀប​ចំ​ជូន​គាត់ យើង​ត្រៀម​គ្រូយ៉ាងម៉េច​អី​យ៉ាងម៉េច គឺ​យើង​ត្រៀម​អ៊ីចឹង។ ហើយ​ប្រហែល​ជាឆាប់ៗ​ហ្នឹង ​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អាច​ជួប​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិភាក្សា​រឿងថវិការក្នុងការអនុវត្តកម្មវិធី​នេះ»។

លោក​បានថ្លែង​ប្រាប់វីអូអេ​បន្ថែម​ថា ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នេះ​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។​

លោក ថង សាម៉ុន ថ្លែងថា៖ «កម្មវិធី​នេះ​វា​ល្អ សម្រាប់​ផ្តល់ជូន​ពួកគាត់​នូវ​ឱកាស​បានសិក្សា​រៀន​សូត្រ​នូវ​ជំនាញ។​ ពេល​ដែល​គាត់​បាន​រៀន​សូត្រ​ជំនាញ​ហើយ គាត់​អាច​ចូលក្នុង​ទីផ្សារ​ការងារ​ដោយ​មាន​ជំនាញ ហើយ​គាត់​អាច​ប្រកប​របរដោយ​ខ្លួនឯង​បន្ថែម​ទៀត​បាន»។

បើ​តាម​លោក​ ថង សាម៉ុន គ្រឹះស្ថានបណ្តុះ​បណ្តាល​វិជ្ជាជីវៈដែល​ចុះ​បញ្ជិការ​នៅ​ក្រសួង​ការងារ មាន​ចំនួន​ ១០៧។​ ក្នុង​នោះ​មាន​សាលារដ្ឋ​ចំនួន​ ៣៧។ សិស្ស​ដែល​កំពុង​រៀន​ក្នុងសាលា​ទាំង​អស់​នោះ មាន​ជាង​ ៧ ម៉ឺននាក់។ ហើយ​អ្នកដែលបញ្ចប់​ការសិក្សាចេញ​ធ្វើការ និង​ប្រកប​របរ​ មានជិត​ ៦ ម៉ឺននាក់ ជារៀង​រាល់​ឆ្នាំ។​ ចំណែក​មុខ​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​នៅកម្ពុជា​ផ្តោត​លើ​វិស័យ​សំខាន់ៗ​ ដូចជា​វិស័យសំណង់ អគ្គិសនី អេឡិចត្រូនិច មេកានិចទូទៅ មេកានិច​រថយន្ត បរិក្ខា​ត្រជាក់ និង​កម្តៅ ទេសចរណ៍ កសិកម្ម ធុរកិច្ច​ និង​ព័ត៌មានវិទ្យា និង​សេវាកម្ម​ជាដើម។​

​បើតាម​របាយការណ៍​របស់ធនាគារ​ពិភព​លោកស្តីអំពី​សន្ទស្សន៍​មូលធន​មនុស្ស កាលពីឆ្នាំ​ ២០២០ កម្ពុជា​មាន​កម្រិតផលិតភាព​ពាក់ព័ន្ធនឹង​ជំនាញ ​ទាប​ជាង​ប្រទេស​ថៃ និង​វៀតណាម ដោយសារ​គុណភាព​អប់រំ និង​សុខាភិបាល​របស់​ប្រទេស​ទាំងពីរ​នេះមាន​ភាព​ប្រសើរ​ជាងកម្ពុជា។​

ជាងកំពុង​ជួសជុល​រថយន្ត​ក្នុង​យានដ្ឋាន​មួយ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ជាងកំពុង​ជួសជុល​រថយន្ត​ក្នុង​យានដ្ឋាន​មួយ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត លើក​ឡើង​ថា ការ​អនុវត្ត​គម្រោងជំរុញ​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និង​បច្ចេកទេសដោយ​មិនមាន​ការ​សិក្សា​ឱ្យ​បាន​ជាក់​លាក់ នឹង​ប្រឈម​នឹង​ភាព​បរាជ័យ។ លោក​ថា ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និង​បច្ចេកទេស​ គួរធ្វើ​ឡើង​ឱ្យ​ត្រូវ​ទៅ​តាម​តម្រូវការ និង​ពេលវេលា និង​ទុក​ឱ្យ​យុវជន​ជា​អ្នក​សម្រេច​ក្នុងការ​ជ្រើសរើស​ជំនាញ​ដោយ​ខ្លួនឯង។

លោកថ្លែងថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​មែនទែនឱ្យ​តែ​ឮ​គេ​និយាយ​រឿង TVET [កម្មវិធីសិក្សា​បណ្តុះប​ណ្តាលវិជ្ជាជីវៈ] ឬ​មួយក៏រឿងការ​បង្រៀន​ជំនាញ​ ខ្ញុំ​ព្រួយ​បារម្ភ។ ដោយសារ​វាត្រូវការ dynamic [ថាមវន្ត] ត្រូវ​ការ​មាន actor [តួអង្គ] រាប់ពាន់នាក់ រាប់​ម៉ឺននាក់ ​ក្នុងការ​ចូលរួម​ក្នុងការ​វិភាគ ហើយ​ទុក​សេរីភាព​ឱ្យ​ពួក​គាត់​សម្រេច […] បើសិន​ជា​រដ្ឋ​ជាអ្នក​សម្រេចគឺ​គ្រោះថ្នាក់​បំផុត។ ទី១​ គាត់ set-up [ការកំណត់] ហ្នឹង​ថាតើ​ត្រូវ​នឹង​អ្វី​ តម្រូវការ​ពេល​វេលា​ហ្នឹង​អត់? ល្មមតែ​គាត់​រៀប​គម្រោង​ច្បាស់លាស់​ហើយ វា​ផុត​ពេលវេលាទៀត​ហ្នឹង។ អ៊ីចឹងជួនកាលគាត់​ត្រូវការ ជួនកាល​វា​អត់​ត្រូវ​ជំនាញ ជួន​កាល​វា​ត្រូវ​ជំនាញ ខុស​ពេល»។

សម្រាប់​លោក ងិន ស៊ីថា ដែលជា​ជាង​ជួស​ជុល​រថយន្ត និយាយ​ថា​ ប្រសិន​បើលោក​មិន​បានចាប់​ជំនាញ​វិជ្ជាជីវៈ​ដែល​លោក​ស្រឡាញ់​ទេនោះ ប្រហែល​ជា​ពេល​នេះ​លោកកំពុងធ្វើ​ការងារ​ដែល​លោក​មិន​ចូល​ចិត្ត​ទាំងបង្ខំ។​

លោកថ្លែងថា៖ «បើសិនជា​ឥឡូវហ្នឹង បើទិដ្ឋភាព​ជាក់ស្តែង​ យើង​ដឹងតែ​ដេក​ផ្ទះ​ហើយ បើ​យើងធំ​ឡើង​យើងនៅ​តែ​ដេក​ផ្ទះ​អ៊ីចឹង វា​មិន​កើត។ អ៊ីចឹងចង់មិនចង់ ​យើង​ត្រូវ​តែ​រក​ការងារ​មួយ​ធ្វើ​ឱ្យ​តែបាន​ហើយ។​ ហើយកាលណាយើង​អត់​សប្បាយ​ចិត្ត​ យើង​ធ្វើ​ឱ្យ​តែ​បាន យើង​អត់​មានអី​លូតលាស់​បាន​ទេ។ បើ​និយាយពី​ដើមឈើ​ យើង​អត់​មាន​អី​លូតលាស់​ឡើង​ទេ យើង​នៅ​តែប៉ុណ្ណឹង»៕

XS
SM
MD
LG