ជាលើកដំបូងដែលសិស្សានុសិស្ស នៅក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការចូលរួមប្រលងកម្មវីធី The World Scholar's Cup ក្នុងវគ្គផ្តាច់ព័្រត្រឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងមកនេះ។
នៅក្នុងកម្មវិធីប្រលងវគ្គផ្តាច់ព័្រត្រនៅសហរដ្ឋអាមេរិក ដែលជាកម្មវិធីប្រលងលំដាប់ពិភព មានសិស្សប្រមាណជាង ២.០០០ នាក់ បានចូលរួម មកពីប្រមាណជាង ៦០ ប្រទេស។ សិស្សទាំងអស់ដែលអាចចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនេះបាន លុះត្រាតែពួកគេបានជោគជ័យក្នុងការប្រកួតជម្រុះ ២ លើក។ នៅឆ្នាំ ២០២២ នេះ សម្រាប់សិស្សកម្ពុជា ការប្រកួតជម្រុះលើកទី ១ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ហើយលើកទី ២ នៅប្រទេសថៃ ឬវៀតណាម។
លោក ឯល ណូរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនប្រាយ ដែលជាក្រុមហ៊ុនបញ្ជូនសិស្សកម្ពុជាចូលរួមប្រលងក្នុងកម្មវិធី The World Scholar's Cup បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ នេះ សិស្សានុសិស្សកម្ពុជាប្រមាណជា ៦០ នាក់ បានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិក ដោយទទួលបានមេដាយមាសយ៉ាងហោចណាស់ចំនួន ៦២ មេដាយប្រាក់ ៨០ និងពាន ១។
លោកបានមានប្រសាសន៍បន្តថា លទ្ធផលនេះបញ្ជាក់យ៉ាងច្បាស់ថាជាជោគជ័យដ៏ខ្លាំងបំផុត សម្រាប់សិស្សានុសិស្សរបស់កម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
លោក ឯល ណូរី ថ្លែង៖ «កាលមុន ការទទួលមេដាយគឺមានចំនួនតិចមែនទែន តាមរយៈលទ្ធផលចុងក្រោយនេះបានទាំងមេដាយ ហើយបានទាំង trophies [ពាន] ទៀត ជាចំណុចដែលអាចសបញ្ជាក់បានថា ពួកគាត់ហ្នឹងសមត្ថភាពអាចស្មើ និងលើសកូនសិស្សបរទេសទៀតបាន ដោយសារចំណេះដឹងរបស់ពួកគាត់ធំទូលាយមែនទែន ហើយភាពក្លាហានពួកគាត់គឺខ្លាំងក្លាដែរ ដោយសារការប្រលងនេះជាខ្នាតអន្តរជាតិ ហើយលទ្ធផលគឺគាត់ទទួលបាន សឹងតែស្មី ឬក៏លើសគេដែរ គឺមានន័យថាសមត្ថភាពរបស់ពួកគាត់គឺស្នើទៅនឹងខ្នាតអន្តរជាតិហើយ»។
ការប្រលងនៅក្នុងកម្មវិធី The World Scholar's Cup មានការប្រកួតប្រជែងលើវិញ្ញាសាមួយចំនួន ដូចជាការដេញដាលតស៊ូមតិ ការសរសេរនិងការឆ្លើយសំណួរមួយចំនួន ទាក់ទងនឹងចំណេះដឹងទូទៅ។
យុវតី អ៊ុង ស្រីពេជ្រ អាយុ ១៧ ឆ្នាំ រៀននៅថ្នាក់ទី ១២ នៃសាលាអន្តរជាតិ អាយ ស៊ី អេស ICS បានទទួលមេដាយមាស ៦ ប្រាក់ ២ និងពាន ១ ពីការចូលរួមប្រលងក្នុងកម្មវិធី The World Scholar's Cup នៅសហរដ្ឋអាមេរិក។ នាងបានឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មានការចូលរួមពីសិស្សដែលសុទ្ធតែមានសមត្ថភាពខ្លាំងមកពីប្រទេសជាច្រើន ។ទោះយ៉ាងណាក៏ដោយ សិស្សកម្ពុជានៅតែដណ្តើមបានលទ្ធផលល្អផងដែរ។
នាងបានថ្លែងថា៖ «ពួកគាត់សុទ្ធតែអ្នកពូកែ អ្នកឆ្នើមនៅក្នុងប្រទេសគាត់ដែរ។ ហើយពួកគាត់សុទ្ធតែបានចូលក្នុងវគ្គទី ១ វគ្គទី ២ ដូចយើងដែរ អ៊ីចឹងគឺពួកគាត់ក៏មានបទពិសោធន៍ច្រើនដូចគ្នា។ អ៊ីចឹងខ្ញុំគិតថា ដល់វគ្គផ្តាច់ព្រ័ត្រហ្នឹង គឺអ្នកខ្លាំងទល់នឹងអ្នកខ្លាំងដូចគ្នាហើយ។ នៅពេលដែលការជាប់បានពាន និងមេដាយផ្សេងៗ បើទោះបីភាសាអង់គ្លេសជាភាសាទី ២ របស់យើង វាគឺជាមោទនភាពមួយដែរ ហើយក៏ជាសារទៅកាន់ពួកគាត់ផងដែរ ថាពួកយើងគឺខិតខំប្រឹងប្រែងខ្លាំង ដើម្បីឱ្យបានដល់វគ្គផ្តាច់ព្រ័ត្រហ្នឹង មិនមែនពួកយើងចេះតែធ្វើបានទេ»។
យុវតី អ៊ុង ស្រីពេជ្រ បានបន្ថែមឱ្យដឹងដែរថា ការទទួលបានមេដាយ និងពាននេះ គឺមិនមែនសម្រាប់តែខ្លួនឯង ឬក្រុមគ្រួសារនោះទេ។ អ្វីដែលសំខាន់គឺការបង្ហាញឱ្យពិភពលោកបានដឹងនិងបានស្គាល់កាន់តែច្បាស់ពីសមត្ថភាពរបស់សិស្សានុសិស្សខ្មែរលើឆាកអន្តរជាតិ។
យុវតីរូបនេះថ្លែងថា៖ «ប្រទេសកម្ពុជាយើងគឺមានសិស្សដែលមានសមត្ថភាព ហើយមានធនធានដែលមានសមត្ថភាព ដែលចូលរួមក្នុងកម្មវិធីអន្តរជាតិបាន ហើយនៅពេលដែលទទួលបានមេដាយ ឬក៏ទទួលបានពានក្នុងថ្នាក់អន្តរជាតិហ្នឹង ខ្ញុំគិតថា គឺកិត្តិយស សម្រាប់មិនមែនត្រឹមតែគ្រួសារទេ គឺកិតិ្តយសទៅដល់ប្រទេសយើងផងដែរ ហើយគឺជាសារមួយដែរដល់ថ្នាក់អន្តរជាតិដែលអាចឱ្យពួកគាត់ដឹងថា ប្រទេសយើងក៏មានសិស្សដែលមានសមត្ថភាពដូចគ្នា មិនមែនតែពួកគាត់ទេ ក៏ប៉ុន្តែប្រទេសកម្ពុជាក៏ខ្លាំងដូចគ្នាដែរ»។
ជាមួយគ្នានេះដែរ យុវសិស្ស សេង អេរិច អាយុ ១៦ ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី ១០ នៃសាលាអន្តរជាតិវើលដ៍កម្ពុជា បានទទួលមេដៃមាស ៤ ប្រាក់ ២ ពីការចូលរួមប្រលងក្នុងកម្មវិធី The World Scholar's Cup នៅសហរដ្ឋអាមេរិក។ យុវសិស្សរូបនេះបានឱ្យដឹងថា ការចូលរួមប្រលងនេះបានផ្តល់បទពិសោធន៍យ៉ាងច្រើន ដែលជំរុញឱ្យមានការខិតខំពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
យុវសិស្សរូបនេះបានថ្លែងថា៖ «ពេលយើងចូលរួមប្រលង យើងទទួលបានបទពិសោធន៍ថ្មីៗ ទទួលបានចំណេះដឹងថ្មីៗ បានជួបមិត្តភ័ក្តិថ្មីៗជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។ ហើយយើងខិតខំរៀនសូត្ររាល់ថ្ងៃ ទាល់តែយើងចូលរួមប្រកួតប្រជែងជាមួយគេ ទើបយើងដឹងថាអាចស្ទាបស្ទង់សមត្ថភាពរបស់យើងថា យើងមានចំណេះដឹងកម្រិតណា យើងត្រូវគួរកែតម្រូវកន្លែងណា ខិតខំកន្លែងណា ហើយពេលដែលយើងចូលទៅ បាន យើងដឹងថា យើងមានសមត្ថភាពប៉ុណ្ណា។ អ៊ីចឹងយើងខិតខំកាន់តែខ្លាំងជាងហ្នឹងទៅទៀត ហើយនឹងអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត»។
នៅក្នុងប្រទេសកម្ពុជា សិស្សានុសិស្សដែលអាចចូលរួមប្រលងនៅក្នុងកម្មវិធី The World Scholar's Cup បានត្រូវមានអាយុចាប់ពី ១០ ឆ្នាំ ដល់ ១៨ ឆ្នាំ។ ការប្រកួតនេះធ្វើឡើងក្នុងភាសាអង់គ្លេស។
លោក កើត សេកាណូ ជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ដែលបានជូនកូន ២ នាក់ ទៅប្រលងនៅសហរដ្ឋអាមេរិក ក្នុងកម្មវីធីនេះ។ លោកបានឱ្យដឹងថា ការបញ្ជូនកូនរបស់លោកទៅសហរដ្ឋអាមេរិកនេះ គឺដើម្បីពង្រីកចំណេះដឹងកូនរបស់លោកឱ្យកាន់តែប្រសើរក្នុងឆាកអន្តរជាតិ។
លោកបានថ្លែងថា៖ «ទី ១ គឺចង់ឱ្យកូនៗហ្នឹងទទួលបានចំណេះដឹងកម្រិតអន្តរជាតិ គាត់បានស្គាល់ពិភពលោកថាតើពិភពលោកនេះធំប៉ុណ្ណា ហើយគាត់ប្រកួតប្រជែងជាមួយពិភពលោកនេះបានប៉ុណ្ណា។ ហើយទី ២ ក៏យើងចង់បង្ហាញទៅអន្តរជាតិផងដែរថា ការអប់រំនៅប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើន ហើយយើងក៏ផលិតបានកូនសិស្សមានសមត្ថភាពអាចទៅប្រកួតប្រជែងកម្រិតពិភពលោកបាន»។
លោក កើត សេកាណូ បានឱ្យដឹងបន្ថែមទៀតថា មេដាយដែលសិស្សានុសិស្សកម្ពុជាទទួលបាននោះ ពិតជាមានន័យខ្លាំងណាស់ ដោយសារសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ពួកគេបានបង្កប់នៅក្នុងមេដាយ ឬពានដែលពួកគេទទួលបាននោះ។
លោកថ្លែងថា៖ «ការប្រកួតប្រជែងនេះ គឺយើងមិនមែនប្រកួតប្រជែងដើម្បីយកលុយ យកកាក់ទេអីទេ គឺការប្រកួតប្រជែងចំណេះដឹង ហើយយកចង់វាស់ស្ទង់ចំណេះដឹងថា យើងហ្នឹងអាចទៅរួចប៉ុណ្ណា។ ហើយជាលទ្ធផល យើងឃើញថា កូនខ្មែរយើងគឺអាចទៅរួច ប្រកួតប្រជែងកម្រិតពិភពលោកបានពានរង្វាន់ បានមេដាយមាស បានមេដាយប្រាក់ យកមកស្រុកខ្មែរ។ នេះជាមោទនភាពរបស់កូនខ្មែរយើង ដែលគាត់មានចំណេះដឹង មានទេពកោសល្យខ្លាំងពូកែ»។
កម្មវិធីប្រលង The World Scholar's Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ ហើយបានចាប់ផ្តើមធ្វើការប្រកួតប្រជែងជាលើកដំបូងនៅឆ្នាំ ២០០៧ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីចំណុចថ្នាក់តំបន់តូចមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែកម្មវិធីប្រលងនេះបានទទួលការគាំទ្រខ្លាំងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ ជារៀងរាល់ឆ្នាំ អ្នកចូលរួមប្រលងជាង ១៥.០០០ នាក់ មកពីជាង ៦០ ប្រទេស ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ៕