ក្រុមកីឡាករកម្ពុជាដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games)ចុងក្រោយនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដណ្តើមមេដាយបានសរុបចំនួន៦៣ ក្នុងនោះមាសចំនួន ៩ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ៤១ មេដាយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ទោះជាត្រូវអូសបន្លាយពេលពីឆ្នាំ២០២១ មកធ្វើនៅខែឧសភាឆ្នាំ២០២២ដោយសារជំងីកូវីដ-១៩ តែក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងក្នុងតំបន់អាស៊ីអាគ្នេយ៍ចុងក្រោយនេះ កម្ពុជាបានបញ្ជូនគណៈប្រតិភូ និងអត្តពលិកចំនួន១៨០នាក់ ចូលរួមប្រកួតក្នុងប្រភេទកីឡាចំនួនជាង៣០។ ហើយក្រោយការប្រកួតនៅទីក្រុងហាណូយនោះមក កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ នៅឆ្នាំក្រោយ គឺចាប់ពីថ្ងៃទី៥ ដល់១៧ខែឧសភា ឆ្នាំ២០២៣។
បើតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាពាក់ព័ន្ធនឹងការវិលត្រឡប់នៃក្រុមអត្តពលិកកម្ពុជាកាលពីអង្គារ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ទៀ បាញ់ ដែល ជាប្រធាន គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ បានសាទរជ័យជម្នះរបស់កីឡាករកម្ពុជាដែលដណ្តើមបានមេដាយច្រើនជាងការប្រកួតមុនៗ។
លោកបន្ថែមថា លទ្ធផលនេះនឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្តនៃការប្រកួតកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែឧសភានៅប្រទេសវៀតណាម។
លោកមានប្រសាសន៍កាលពីថ្ងៃអង្គារនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា៖ «កត់ត្រាបន្ថែមក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ដែលកម្ពុជាបំបែកឯកត្តកម្មមេដាយច្រើនជាងស៊ីហ្គេមមុនៗនេះកន្លងមក និងជាសញ្ញាណល្អប្រពៃណាស់សម្រាប់ស្វែងរកឧត្តមភាពមេដាយច្រើនថែមទៀតក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា»។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលជាអង្គភាពផ្សព្វផ្សាយព័ត៌មាន បានឱ្យដឹងទៀតថា កម្ពុជាក៏នឹងរៀបចំការប្រកួតកម្មវិធីកីឡា Para Games ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០នៅប្រទេសហ្វ៊ីលីពីន កម្ពុជាទទួលបានមេដាយសរុប៤៦ ក្នុងនោះ មានមេដាយមាសចំនួន៤ ប្រាក់ចំនួន៦ និងសំរឹទ្ធចំនួន៣៦មេដាយ៕