ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្តខ្មែរ​​បែប​ប្រឌិត​វិទ្យាសាស្ត្រ​ «Karmalink» នឹង​ចាក់​បញ្ចាំង​បើក​កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិ​​ក្រុង Venice


ក្មេងប្រុស Leng Heng Prak ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)
ក្មេងប្រុស Leng Heng Prak ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)

ខ្សែ​ភាពយន្ត​ខ្មែរ​បែបប្រឌិតវិទ្យាសាស្ត្រ​ស្តីពី​ព្រះពុទ្ធសាសនា​មួយ គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ ដើម្បី​បើកកម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិក្រុង Venice ឬ Venice International Film Critics' Week លើកទី៣៦។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន

ខ្សែភាពយន្ត​ចំណងជើង​ថា «Karmalink» ស្ថិត​ក្នុង​ចំណោម​ខ្សែភាពយន្ត​អន្តរជាតិ​ចំនួន ៩ ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ដើម​ខែកញ្ញា​នេះក្នុង​ប្រទេស​អ៉ីតាលី។ កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិក្រុង Venice នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា​ ស្រប​ទៅ​តាម​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Venice។

ជា​ខ្សែភាពយន្ត​ដំបូងរបស់អ្នកដឹកនាំរឿង​អាមេរិកាំង លោក Jake Wachtel រឿង «Karmalink» ស្តែង​ពី​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​ខ្លី​ខាង​មុន ដែល​ក្មេង​ប្រុស​ជំទង់​ម្នាក់​និង​ក្មេងស្រីពូកែ​ខាង​បច្ចេកវិទ្យា​ជា​មិត្តភក្តិ ព្យាយាម​ដោះស្រាយ​អាថ៌កំបាំង​នៃក្តីសុបិន្តក្នុងអតីតជាតិ​របស់​ខ្លួន​ដោយ​ធ្វើ​ដំណើរកាត់​ទីក្រុង​និង​ត្រឡប់​ទៅ​អតីតកាល​វិញ។ ផ្អែក​លើ​សេចក្តី​សង្ខេបសាច់រឿង ​ខ្សែភាពយន្ដ​បែប​ប្រឌិតវិទ្យាសាស្ត្រ​រយៈពេល ១០០ នាទីនេះ ស្វែង​យល់​ពី​ទស្សនៈ​ព្រះពុទ្ធសាសនា «ដែល​ព្រមាន​ពី​បញ្ហាប្រឈមរបស់​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការ​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ជ្រុល សភ្ភារៈនិយម និងប្រព័ន្ធទាក់ទង​កាន់​តែ​ស្អិតរមួត»។

ក្មេងប្រុស Leng Heng Prak ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)
ក្មេងប្រុស Leng Heng Prak ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)

ក្មេងស្រី Srey Leak Chitth ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)
ក្មេងស្រី Srey Leak Chitth ជាតួសម្តែងម្នាក់ក្នុងខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)

លោក Jake Wachtel អ្នកដឹកនាំរឿង​នៃ​ខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Jake Starr)
លោក Jake Wachtel អ្នកដឹកនាំរឿង​នៃ​ខ្សែ​ភាពយន្ត «Karmalink»។ (រូបថតដោយ Jake Starr)

អ្នកដឹកនាំរឿង​លោក Jake Wachtel ធំ​ដឹង​ក្តី​នៅ​ទីក្រុង Palo Alto រដ្ឋ California ហើយ​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Stanford ផ្នែក​ចិត្តវិទ្យា​និង​ការសិក្សា​ភាពយន្ត។ បន្ទាប់​ពី​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​បង្រៀនការ​ផលិត​ភាពយន្ត​ដល់កុមារកម្ពុជា​ក្នុង​សង្កាត់​ក្តីក្រ លោក Wachtel បាន​បង្កើតខ្សែភាពយន្ត «Karmalink» ឡើង​នៅ​ក្នុង​សហគមន៍​ដែល​លោក​បង្រៀន។ ហើយ​អតីត​សិស្ស​របស់​លោកមួយ​ចំនួន​បាន​បង្ហាញ​ខ្លួន​ដើរ​តួ​នៅ​ក្នុង​ខ្សែ​ភាពយន្ត «Karmalink» ផង​ដែរ។ នេះ​បើ​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

ខ្សែ​ភាពយន្ត «Karmalink» ត្រូវបានផលិតដោយ​ផលិតកម្ម Valerie Steinberg ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Los Angeles រដ្ឋ California។ ហើយ​សហផលិតករ​ម្នាក់​គឺ​ជា​ផលិតករ​ភាពយន្ត​ជនជាតិ​ខ្មែរ លោក សុខ វិសាល នៃ​ក្រុមហ៊ុន 802 Films នៅ​ប្រទេស​កម្ពុជា។

កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិក្រុង Venice ដែល​ជា​សាខា​ឯករាជ្យ​មួយ​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Venice បាន​ជ្រើសរើស​និង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថ្មីៗ​ផលិតដោយ​អ្នកដឹកនាំរឿង​ទើប​តែ​លេច​មុខ មក​ពី​ទូទាំង​ពិភពលោក​តាំង​ពីឆ្នាំ ១៩៨៤៕

XS
SM
MD
LG