ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​«រដូវ​ផ្ការីក​នៅ​កម្ពុជា‍»​ចងក្រង​ពី​ការអភិវឌ្ឍ​លើ​ទឹកភ្នែក​អ្នកក្រ


ភាពយន្ត «A Cambodian Spring» គឺខ្សែភាពយន្ត​ឯកសារ​មួយ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ផលិត​ដោយ​លោក Chris Kelly អ្នក​យក​ព័ត៌មាន​ជនជាតិ​អង់គ្លេស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ A Cambodian Spring)
ភាពយន្ត «A Cambodian Spring» គឺខ្សែភាពយន្ត​ឯកសារ​មួយ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ផលិត​ដោយ​លោក Chris Kelly អ្នក​យក​ព័ត៌មាន​ជនជាតិ​អង់គ្លេស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ A Cambodian Spring)

​លោក Chris Kelly​ ផលិតករ​ជាតិ​អង់គ្លេស​និង​ជា​អ្នក​​និពន្ធ​​ខ្សែ​ភាពយន្ត​ឯកសារ​នេះ ​បាន​ចំណាយ​ពេល​៦ឆ្នាំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​​ថត​ខ្សែភាពយន្ត​នេះ​ដោយ​តាម​ផ្តិត​យក​រូបភាព​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់។ ក្នុង​នោះ​មាន​ព្រះតេជគុណ ​លួន សូវ៉ាត ​ព្រះសង្ឃ​សកម្ម​ការពារ​សិទ្ធិមនុស្ស​ អ្នកស្រី តុល ស្រីពៅ ​និង​អ្នក​ស្រី ទេព វន្នី ​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ដែល​មាន​ឆន្ទៈ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី។

ការអភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ឈាន​ដល់​ការរឹបអូស​យក​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ជា​បន្ត​បន្ទាប់និង​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទាមទារ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍ចុង​ក្រោយ​នេះ​ត្រូវ​បាន​ចងក្រង​ទុក​ក្នុងភាពយន្ត​ឯកសារ​ថ្មី​មួយ​ដែលមាន​ចំណង​ជើង​ថា​«រដូវ​ផ្ការីក​នៅ​កម្ពុជា‍» (ឬA Cambodian Spring)។

​លោក Chris Kelly​ផលិតករ​ជាតិ​អង់គ្លេស​និង​ជា​អ្នកនិពន្ធខ្សែ​ភាពយន្ត​ឯកសារ​នេះ ​បាន​ចំណាយ​ពេល​៦ឆ្នាំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បីថត​ខ្សែភាពយន្ត​នេះ​ដោយ​តាម​ផ្តិត​យក​រូបភាព​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់។ ក្នុង​នោះ​មាន​ព្រះតេជគុណ ​លួន សូវ៉ាត ​ព្រះសង្ឃ​សកម្ម​ការពារ​សិទ្ធិមនុស្ស​ អ្នកស្រី តុល ស្រីពៅ ​និង​អ្នក​ស្រី ទេព វន្នី ​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ដែល​មាន​ឆន្ទៈ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី។

ព្រះតេជគុណ​លួន សូវ៉ាត​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ព្រះសង្ឃ​ប្រើប្រាស់​បណ្តាញ​សង្គម​និង​ព័ត៌មាន​បាន​ចូលរួម​ថតរូប​វីដេអូ​ស្តីពី​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​រងគ្រោះ​ ការវាយប្រហារ​ធ្វើបាប​ពី​សំណាក់​អាជ្ញាធរ​មកលើ​ក្រុមអ្នកតវ៉ា​និង​ការយក​ពួកគេ​មក​កាត់​ទោស​នៅ​តុលាការ​ ក៏​ដូច​ជា​បាន​ធ្វើ​សកម្មភាពអប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​របស់​ពួកគេ។​

នៅក្នុង​ខ្សែភាពយន្ត​ខ្នាតវែង​ដែល​មាន​រយៈពេល​ពីរ​ម៉ោង​នេះ​បាន​បង្ហាញ​ពី​ការ​ខ្លាច​រអា​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​ទាំង​ហ៊ាន​ផ្តល់​យានជំនិះ​ណា​ដឹក​ព្រះតេជគុណ​លួន​សូវ៉ាត​និង​ពលរដ្ឋ​រងគ្រោះ​ទេ​នៅពេល​ដែល​ព្រះអង្គ​និមន្ត​ទៅ​តាមដានមើល​សវនាការ​កាត់​ទោស​ពលរដ្ឋ​រងគ្រោះ​ដោយ​ការឆក់ប្លន់​ដីធ្លី​នៅ​ខេត្ត​សៀមរាប។

"A Cambodian Spring" គឺខ្សែភាពយន្ត​ឯកសារ​មួយ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ផលិត​ដោយ​លោក Chris Kelly អ្នក​យក​ព័ត៌មាន​ជនជាតិ​អង់គ្លេស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ A Cambodian Spring)
"A Cambodian Spring" គឺខ្សែភាពយន្ត​ឯកសារ​មួយ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ផលិត​ដោយ​លោក Chris Kelly អ្នក​យក​ព័ត៌មាន​ជនជាតិ​អង់គ្លេស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ A Cambodian Spring)

ព្រះតេជគុណ​លួន សូវ៉ាត​បាន​មាន​សង្ឃដីកា​ថា៖​

«គេ​មិន​ឱ្យ​ជិះឡាន​យើង​ដើរ។ ចំងាយ​ផ្លូវ​ប្រហែល​ជា​១០​គីឡូម៉ែត្រ។ មក​ថ្នល់​ជាតិ​ដើម្បី​រក​ឡាន​ហើយ​យើង​រំពឹង​ថា​ប្រហែល​ជា​គ្មាន​ឡាន​ណា​ហ៊ាន​ដឹក​ពួកយើង​ទេ​តាម​មើលទៅ‍»។​

ព្រះតេជគុណ​លួន សូវ៉ាត​ត្រូវ​រង​ការយាយី​ជា​បន្តបន្ទាប់​ជាពិសេស​នៅក្នុង​ការ​ខិតខំ​ថត​ពី​សវនាការ​កាត់​ទោស​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​សៀមរាប​និង​សវនាការ​កាត់ទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ជាង​១០​នាក់​ដែល​មាន​អ្នកស្រី​ទេព វន្នី​និង​អ្នកស្រី​តុលស្រីពៅ​ជាដើម។

ដោយសារតែ​សកម្មភាព​នេះ​ ព្រះតេជគុណ​លួន សូវ៉ាត ​ត្រូវ​បាន​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ចាប់​យក​ទៅ​ជួប​ជាមួយ​នឹង​សម្តេច​សង្ឃរាជ។

«ករុណា ​អត់​អីទេ​បើ​គិត​ថា​នៅ​កន្លែង​នេះ​មិន​បាន​ករុណា​ទៅ​កន្លែង​ផ្សេង។ រឿង​អី​អាត្មា​ត្រូវ​ទៅ​អត់​មាន​ទោស​អី​ផង​នៀក​។ ឥឡូវ​អត់​អី​ទេ​។ កុំ​និយាយ​ថា​រឿង​និមន្ត​រឿង​ស្អី។ រឿង​ប៉ុន​ណាណី​មិន​ដោះស្រាយ​មក​ដោះស្រាយ​អី​រឿង​ករុណា? បើ​ថា​មិនមែន​កន្លែង​របស់​ករុណា​ៗ​មាន​កន្លែង​ដែល​ត្រូវ​ទៅ​មាន​រឿង​អ្វី​ដែល​ត្រូវ​មាន​ទោស​ឯណា។ ឥឡូវ​ករុណា​អត់​ទៅ​‍»។​

ព្រះតេជគុណ ​លួន សូវ៉ាត ជាសកម្មជន​សិទ្ធិ​មនុស្ស​មួយ​អង្គ​នៅ​ប្រទេស​កម្ពុជា។
ព្រះតេជគុណ ​លួន សូវ៉ាត ជាសកម្មជន​សិទ្ធិ​មនុស្ស​មួយ​អង្គ​នៅ​ប្រទេស​កម្ពុជា។

នៅ​ទីបំផុត​ព្រះអង្គ​លួន សូវ៉ាត​ត្រូវបាន​បណ្តេញចេញ​ពី​ទី​អារ៉ាម​ដែល​ព្រះអង្គធ្លាប់​គង់នៅ។

«សម្តេច​ព្រះសង្ឃ​រាជ្យ​នន្ទង៉ែត ​លោក​បាន​ចេញ​លិខិត​បណ្តេញ​ចេញ​ហើយ​នឹង​ហាមប្រាប់​គ្រប់​បណ្តាវត្ត​ទូទៅ។ សម្តេច​ព្រះសង្ឃរាជ​លោក​អត់​សប្បាយចិត្ត​ដែល​ដើរ​តួនាទី​ចូលរួម​រំលែក​ទុក្ខ​លំបាក​វេទនា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អស់​ដី​អស់​ផ្ទះ ​អស់​ជើង​អស់​ដៃ​ជាប់​គុក​ជាប់​ច្រវ៉ាក់​គ្រោះ​ថ្នាក់​របួសពិការ។ បើ​វត្ត​មិន​គោរព​តាម​គោលការណ៍​ព្រះពុទ្ធ​សាសនា​ដូច្នេះ​បើ​មន្ត្រីសង្ឃ​បើ​សម្តេច​សង្ឃ​មិន​គោរព​ប្រតិបត្តិ​តាម​គោលការណ៍​ព្រះពុទ្ធសាសនា​ចំ​ក៏​មិន​ប្រាកដ​ថា​ជា​វត្ត​ក៏​មិន​ប្រាកដ​ថា​ជា​មន្ត្រី​សង្ឃ​ដែល​ដឹកនាំ​វត្ត​ទៅ​រក​រីកចំរើន​ដែរ‍»។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​៨០ម៉ឺន​នាក់​បាន​រងផល​ប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​តាំងពី​ឆ្នាំ​២០០០ដែល​នាំ​ឱ្យ​ពួកគេ​រង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន​ដោយ​មិន​ទទួល​បាន​សំណង​សមរម្យ​ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ប្រឈម​មុខ​នឹង​ការកាត់ទោស​ជាប់​ពន្ធនាគារ​ទៀត​ផង។ ពលរដ្ឋ​រងគ្រោះ​ជាច្រើនបន្ត​រស់នៅ​ក្នុង​ទីតាំង​ជម្លៀស​ចេញ​ដែល​មាន​ស្ថានភាព​គួរឱ្យ​ខ្លោចផ្សាដែល​ប្រឈម​មុខនឹងកង្វះ​ខាត​ម្អូប​អាហារ​និង​ជំងឺ​ដម្កាត់​នានា។

ក្នុង​ចំណោម​នេះ​ក៏​មាន​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ជាច្រើន​ពាន់​គ្រួសារ​ដែល​អ្នកខ្លះ​សុខចិត្ត​ចាក​ចេញ​ដោយ​ទទួល​យក​សំណង​តិចតួច​ហើយ​អ្នកខ្លះ​នៅ​បន្តតវ៉ា។

អ្នកស្រី​តុល ស្រីពៅ​គឺ​ជា​តំណាង​ម្នាក់​នៃ​ក្រុមតវ៉ា។ ក្នុង​ខ្សែ​ភាពយន្ត​នេះ​អ្នកស្រី​បាន​ថ្លែងប្រាប់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នកសារព័ត៌មាន​ពី​ការខកចិត្ត​លើ​គម្រោង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក។

«ប៉ុន្តែ​ពួកយើងខ្ញុំ​ទាំងអស់គ្នា​មិន​បាន​ទទួល​យក​បណ្ណ​កម្មសិទ្ធិ​នេះ​ទេ​បែរជា​ទទួល​បាន​នូវ​សេចក្តី​ជូន​ដំណឹង​ថា​រដ្ឋាភិបាល​យក​ដី​ពួកខ្ញុំ​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​ទៅវិញ​ដោយ​សារ​តែ​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​បូមខ្សាច់​លុប​បឹងកក់​ហ្នឹង​បណ្តាល​ឱ្យ​មាន​ទឹកលិច​ស្លាប់​មនុស្ស​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​បីនាក់​ហើយ‍»។​

អ្នកស្រី​ទេព វន្នី ​ជនរងគ្រោះ​ម្នាក់​ទៀត​នៃ​តំបន់​បឹងកក់​ក៏​បាន​ថ្លែង​ដែរ​ថា៖

«យើង​ខ្ញុំ​ក៏​បាន​ស្នើ​ទៅ​ធនាគារ​ពិភពលោក​ឱ្យ​ជួយគាំទ្រ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​ដំណើរការ​នេះ​អាច​ធ្វើទៅ​បាន​ផង​ដែរ។ ខ្ញុំ​បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​នៅនឹង​កន្លែង​ដោយខ្លួនឯង​ដើម្បី​ដោះស្រាយវិវាទរវាង​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​និង​សហគមន៍​របស់​យើង​ខ្ញុំ​ទាំងអស់គ្នា​មិនជំទាស់​នឹង​ការអភិវឌ្ឍន៍​ទេ​តែ​រដ្ឋាភិបាល​ត្រូវ​បើក​ការចរចា​និង​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​នៅតំបន់​បឹងកក់​កំពុង​តែ​ប្រឈម​ដើម្បី​ទទួល​បាន​នូវ​យុត្តិធម៌​និង​តម្លាភាព​និង​អនុវត្ត​តាម​យុទ្ធសាស្រ្តឈ្នះ ឈ្នះ ឈ្នះ‍»។​

ខ្សែភាពយន្ត​ឯកសារ​រឿង​ «រដូវផ្ការីក​នៅ​កម្ពុជា‍»​បាន​បង្ហាញ​ពី​សកម្មភាព​តស៊ូ​របស់​ក្រុមស្រ្តី​រងគ្រោះ​ទាំងនេះ​តាំងពីឆ្នាំ​២០០៨​ដែល​ពេលនោះ​គ្រាន់តែ​ជាស្រ្តី​មេផ្ទះ​ដែល​មានការ​ឈឺចាប់​និងរងគ្រោះ​ដោយ​សារ​អយុត្តិធម៌​សង្គម​រហូត​ដល់ក្លាយ​ជា​សកម្មជន​តស៊ូ​ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី​របស់​ខ្លួន​និង​សហគមន៍​ហើយ​ត្រូវ​គេ​ស្គាល់​នៅ​ឆាក​អន្តរជាតិ​និង​ក៏ត្រូវ​ជាប់គុក​ជា​បន្ត​បន្ទាប់។

ការតស៊ូ​របស់​ពួកគេ​ទទួល​បាន​ការធ្វើ​សម្បទាន​ខ្លះ។​ នៅឆ្នាំ​២០១១​រដ្ឋាភិបាល​បានសម្រេច​រក្សា​ដី​ចំនួន​១២,៤៤​ហិកតា​សម្រាប់​ពួកគេ។

លោកកែប ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​នឹង​បាតុករក្នុង​ពិធី​ប្រគល់​ប្លង់​កម្មសិទ្ធិ​ដីធ្លីហើយ​លោក​បាន​ឆ្លៀត​ឱកាស​នោះ​រិះគន់​ដល់​ស្ថាប័ន​អន្តរជាតិ។​

«នេះ​ហើយ​លទ្ធិប្រជាធិបតេយ្យ។ យើង​អត់​ទៅ​ជេរ​គ្នា​នៅ​តាម​ចិញ្ចើម​ថ្នល់​ទេ។ ដល់​សម័យនេះ​សម្តេច​តេជោ​បាន​ផ្តាំ​ហើយ​ផ្តាំទៀត​ហួស​សម័យ​ហើយ​រឿង​ប្រើ​ហិង្សា​។ ខ្ញុំ​បញ្ជាក់​ជូន​បងប្អូន​ចុះ​កុំថា​ស្ថាប័ន​ធំៗ​នឹក​ស្រម័យ​ថា​World Bank ​ធនាគារ​ពិភពលោក​មក​ជួយ​បងប្អូន។ អត់ទេ‍»។​

នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ភាពជាអ្នកដឹកនាំ​ក្នុង​ជីវិត​សាធារណៈ​នៅឆ្នាំ​២០១៣​របស់​អង្គការ​Vital Voices ​ដល់​អ្នកស្រី​ទេព វន្នី​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ លោកស្រី​ហ៊ីល ឡារីគ្លីនតុន​អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក​បាន​លើក​សរសើរ​ដល់​ការតស៊ូ​របស់​អ្នកស្រី​ទេព​វន្នី៖

«ខ្ញុំ​សូម​អរគុណ​អង្គការ​ Vital Voices ​ក្នុង​ការផ្តល់​កិត្តិយស​ដល់​អ្នកតស៊ូ​ដើម្បី​សិទ្ធិ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺជា​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​ខ្ញុំ​ត្រូវ​ទូរស័ព្ទ​ជាច្រើន​ដង​ក្នុង​នាម​ជារដ្ឋមន្ត្រី​ការបរទេស​ដើម្បី​សុំ​ឱ្យដោះលែង​គាត់​ចេញ​ពី​ពន្ធនាគារ​ដោយ​សារ​តែអ្នកស្រី​បាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​ជាមូលដ្ឋាន​ដែល​កំណត់​ថា​មនុស្ស​នៅគ្រប់​ទីកន្លែង​គួរតែ​ទទួល​បាន​កម្មសិទ្ធិ​ផ្ទះសម្បែងរបស់​ពួកគេ​។ សិទ្ធិ​មានទ្រព្យ​សម្បត្តិ​ដែល​ផ្តល់​ឋានៈ​ពួកគេ​ដូចគ្នា​នៅក្នុង​ពេល​អនាគត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ទទួលបាន‍»។​

ភាពយន្ត​បាន​បញ្ចប់​ដោយ​បង្ហាញ​ពីការ​ឈប់ទាមទារ​របស់​បាតុករ​ខ្លះ​ហើយ​ក៏​មាន​ការបែក​បាក់គ្នារហូត​ដល់​មាន​ការឈ្លោះទាស់​ទែង​ជាមួយ​នឹង​អតីត​ជនរងគ្រោះ​ដូចគ្នា។

អ្នក​ស្រីតុល ស្រីពៅ​បាន​សម្រេច​ឈប់​តវ៉ា​នៅពេល​ទទួលបាន​ប្លង់ដី​ដើម្បីមើល​ថែទាំ​គ្រួសារ។

អ្នកស្រី​ទេព វន្នី​នៅ​បន្ត​ការតវ៉ា​ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត​ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ។

រីឯ​ព្រះតេជគុណ​លួន​សូវ៉ាត​នៅបន្ត​សកម្មភាព​ថត​ផ្សព្វផ្សាយ​ពី​សកម្មភាព​រំលោភ​ដីធ្លីបើ​ទោះបី​ជា​នៅ​មាន​ការគំរាម​កំហែង​និង​ការរារាំង​។

ខ្សែភាពយន្ត​ឯកសារ​រឿង«រដូវ​ផ្ការីក​នៅ​កម្ពុជា​‍»នឹង​ដាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​ថ្ងៃទី៣ ​ខែ​ឧសភា​ខាង​មុខ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​កម្មវិធី​ខ្សែភាពយន្ត​ឯកសារ​អន្តរជាតិ Hot Docs Canadian International Documentary Festival នៅ​ទីក្រុង​ Toronto ​ប្រទេស​កាណាដា។

បន្ថែម​លើ​នេះ ​ខ្សែភាពយន្ត​ឯកសារ​នេះ​ក៏​ត្រូវបាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​យក​ពាន​រង្វាន់​របស់​អង្គការ One World Media សម្រាប់​ប្រភេទ​រង្វាន់​ខ្សែភាពយន្ត​ឯកសារ​ Feature Documentary Award ​ដែល​លទ្ធផល​នៃ​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​ នឹង​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី៦ ខែ​មិថុនា​ខាង​មុខ​នេះ៕​

XS
SM
MD
LG