ក្រុមអ្នកដោះមីនកម្ពុជា បានរកឃើញទូកដឹកសព្វាវុធធ្វើអំពីឈើមួយគ្រឿងនៅបាតទន្លេសាបក្នុង ខេត្តកំពង់ឆ្នាំង។ ហើយក្រុមអ្នកដោះមីន បាននិងកំពុងស្រង់យកគ្រាប់មិនទាន់ផ្ទុះបានចំនួន ៤៧៩ គ្រាប់ ឬស្មើនឹងជាង២,៣៧តោន នេះបើផ្អែកតាមរបាយការណ៍ពីមន្ដ្រីទទួលខុសត្រូវនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដែលបានឲ្យដឹងនៅថ្ងៃចន្ទ័នេះ។
ការរកឃើញនេះធ្វើឡើងក្នុងប្រតិបត្តិការណ៍ចាប់តាំងពីថ្ងៃទី៣ខែមិថុនាមកម្លេះ នៅក្នុងទន្លេសាបក្បែរភ្នំ នាងកងរីដ៏ល្បីល្បាញក្នុងស្រុកកំពង់លែង បន្ទាប់ពីក្រុមប្រជានេសាទបានរកឃើញគ្រាប់កាំភ្លើងនៅក្នុងទន្លេ ដែលពួកគេបានធ្វើការនេសាទហើយក្រុមប្រជានេសាទ ក៏បានជូនដំណឹងនេះដល់មន្ដ្រីដោះមីន។
លោក ហេង រតនា អគ្គនាយក CMAC បានប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា ទូកដែលបានរកឃើញនេះ គឺជាប្រភេទទូកឈើរបស់កងទព័លោកសេនាប្រមុខលន់ ណុល ហើយត្រូវបានបាញ់ពន្លិចដោយកងទព័កុម្មុយនិស្ដខ្មែរក្រហមនៅក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥។
«យើងឃើញហើយ យើងច្បាស់ហើយ ជាទូកឈើ ទូកប្រហែលពី៨ទៅ១០ម៉ែត្រទទឹង បណ្តោយ ប្រហែល២៥ ទៅ៣០ម៉ែត្រ។ ទូកហ្នឹងតាមព័ត៌មានជាទូករបស់ខាងទាហានលន់ ណុល បានដឹកជញ្ជូនគ្រាប់ ហើយតាមប្រភេទក្រាប់ដែលយើងរកឃើញនេះ ជាគ្រាប់សម័យ លន់ ណុល»។
នៅប្រទេសកម្ពុជា ទទួលរងគ្រោះដោយសង្រ្កាមស៊ីវិលយ៉ាងហែកហួរអស់រយៈពេលបីទសវត្ស។ មានជនរងគ្រោះស្លាប់បាត់បង់ជីវិតចន្លោះពី៤០ទៅ៥០នាក់ជារៀងរាល់ឆ្នាំដោយសារគ្រាប់ និងសព្វាវុធមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្រ្គាម។ នេះបើយោងតាមលោក ហេង រតនា។
លោកបញ្ជាក់ថា នៅក្នុងចំណោមគ្រាប់ដែលបានរកឃើញក្នុងនៅបាតទន្លេនៅខេត្តកំពង់ឆ្នាំងនេះ មានគ្រាប់ប្រភេទ១០៥មម ចំនួន ៦៧ គ្រាប់ គ្រាប់ធុន៨១មម ចំនួន១៩១គ្រាប់ គ្រាប់ធុន៧៥មម ចំនួនបីគ្រាប់ និងគ្រាប់ធុន៦០មម ចំនួនជាង ២០០គ្រាប់។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហេង រតនា ប៉ាន់ប្រមាណថា គ្រាប់ដែលបានរកឃើញក្នុងនាវាឈើនោះនឹងកើនដល់ច្រើនតោនថែមទៀត។
«យើងកំពុងរកឃើញជាង៥០គ្រាប់ទៀត១០៥មមថ្ងៃនេះ។ យើងគិតថា គ្រាប់អាចមានច្រើនតោនបន្តទៅទៀត ហើយយើងនឹងបន្តធ្វើ ហើយទៅតាមការប៉ាន់ស្មានប្រហែលជាក្នុងរយៈពេលជាមួយខែ ប្រហែលជាអាចធ្វើហើយ។ »
យោងតាមតួលេខរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា មានគ្រាប់មីនចង្កោមដែល ប្រមាណជា៥ទៅ៦លានគ្រាប់នៅរាយប៉ាយនៅតំបន់មួយចំនួននៅកម្ពុជាដោយសារការទម្លាក់គ្រាប់ របស់យន្ដហោះបេ៥២ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ហើយគ្រាប់ និងសព្វាវុធមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ទៀត កំពុងតែនៅសេសសល់នៅក្នុងប្រទេសកម្ពុជា។
មានផ្ទៃដីដែលគ្របទៅដោយសារគ្រាប់មីនជាង៤៥០០គីឡូម៉ែត្រការ៉េក្នុងផ្ទៃប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣០០នាក់ ទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់ និងសព្វាវុធមិនទាន់ ផ្ទុះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩ មក។
ស្របពេលជាមួយគ្នានេះដែរ កងទ័ពនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្រ្គាម បានរកឃើញគ្រាប់ចំនួន២១៩គ្រាប់ នៅតាមច្រាំងទន្លេ និងក្នុងបាតទន្លេសាបក្នុងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ផល សាមន អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលនេះ។ ការរកឃើញក្នុងប្រតិបត្តិការបោសសំអាតសម្រាប់ធ្វើការដ្ឋានសាងសង់ស្ពានមួយឆ្លងកាត់ទន្លេសាបចេញពីទីរួមខេត្តកណ្ដាលចាប់តាំងពីខែមិនា រហូតដល់ខែឧសភា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថាមជ្ឈមណ្ឌលរបស់ លោកបានរកឃើញគ្រាប់និងសព្វាវុធមិនទាន់ផ្ទុះក្នុងអាងទន្លេ និងបឹងក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង ចំនួនសរុបប្រមាណជា ៥០០០ គ្រាប់ចាប់តាំងពីឆ្នាំ២០១០ មក៕