អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលលើកឡើងថា ពួកគេសង្ឃឹមថា ទំនាក់ទំនងកម្ពុជានិងអាមេរិកមិនផ្លាស់ប្តូរនោះទេ បើទោះបីជាប្រធានាធិបតីអាមេរិករូបណាជាប់ឆ្នោតក៏ដោយ នៅឆ្នាំនេះ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយមានបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែង និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីក្រោមអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកមិនចង់និយាយបៀបធៀប ឬកោតសរសេរការដឹកនាំរបស់ប្រធានាធិបតីណាទេ ដោយសារលោកថា នេះអាចជា«ការជ្រៀតជ្រែក»កិច្ចការបោះឆ្នោតរបស់អាមេរិក។
លោក ផៃ ស៊ីផាន ដែលមានសញ្ជាតិអាមេរិកកាំងបន្ថែមថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មាន «ភាពប្រសើរជាងមុន» ដោយសារមានការឆ្លើយឆ្លងជាប្រចាំដែលលោកថា នាយករដ្ឋមន្រ្តីកម្ពុជាអាចនិយាយទៅកាន់ប្រធានាធិបតីអាមេរិកបាន កាលពីកន្លងទៅ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះលើកឡើងថា បញ្ហាប្រឈមគឺ«ការមិនយល់គ្នា» ដែលលោកថា ត្រូវការពេលវេលាក្នុងការពន្យល់គ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖ «ការប្រឈមរបស់យើង គឺការមិនយល់គ្នា។ ចំណុចទី ១។ ម្ល៉ោះហើយកម្ពុជា យើងចំណាយពេលច្រើនដើម្បីពន្យល់ ដើម្បីសហប្រតិបត្តិការ។ ហើយចំណុចទី ២ យើងយល់ដឹងថា កម្ពុជាជាប្រទេសមួយមិនយកអ្នកណាជាសត្រូវទេ។ យើងមិនស្ថិតនៅក្នុងរបៀបវារៈនៃភូមិសាស្រ្តនយោបាយទេ គឺយើងជៀសខ្លួនយើង»។
លោក ផៃ ស៊ីផាន បន្ថែមថា លោកមិនអាចប្រៀបធៀបរវាងការដឹកនាំរបស់លោក ដូណាល់ ត្រាំ និងលោក បារ៉ាក់ អូបាម៉ា បានទេ។ ប៉ុន្តែ លោកកោតសរសើរចំពោះការងាររបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបច្ចុប្បន្ននេះ គឺលោក W. Patrick Murphy ដែលត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែ ខ្ញុំវាយតម្លៃខ្ពស់ដែរចំពោះឯកឧត្តមអគ្គរដ្ឋទូត លោក Murphy ហ្នឹង គឺគាត់បានធ្វើការច្រើន។ គាត់បានយល់ច្រើនអំពីដំណើរការរបស់កម្ពុជា»។
នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កម្ពុជារងការចោទប្រកាន់ថ្មីមួយគឺ «ការចុះកិច្ចព្រមព្រៀងសម្ងាត់មួយឲ្យមានវត្តមានកងទ័ពចិន» ក្នុងប្រទេសកម្ពុជានៅពេលខាងមុខ ដែលការណ៍នេះត្រូវបានបញ្ជាក់ដោយមន្រ្តីយោធាជាន់ខ្ពស់របស់អាមេរិកផងដែរ។
លោក ផៃ ស៊ីផាន ចាត់ទុកថានេះជា «វោហាស័ព្ទនយោបាយ» តែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «យើងចង់ឃើញ យើងចង់បានការបោះឆ្នោតរបស់សហរដ្ឋអាមេរិក គឺជាការបោះឆ្នោតមួយប្រកបដោយសន្តិភាព ហើយរើសបាននូវប្រធានាធិបតីមួយ មិនត្រឹមតែលើសពីសន្តិភាពទេ គឺការបន្ធូរបន្ថយនូវការប្រឈមនានាទាំងឡាយ គឺនាំមកសន្តិសុខនៅក្នុងពិភពលោកផងដែរ»។
ទោះជាយ៉ាងណា លោកថា បើទោះក្រោមការដឹកនាំរបស់ប្រធានាធិបតីណាក៏ដោយ «គោលនយោបាយបរទេសរបស់អាមេរិកមិនដែលផ្លាស់ប្តូរនោះទេ»។
លោកបញ្ជាក់ថា៖ «ដូច្នេះការផ្លាស់ប្តូរនៃប្រធានាធិបតីមិនប្រាកដថា មានការផ្លាស់ប្តូរនូវនយោបាយការបរទេសនោះទេ»។
ក្នុងសន្និសីទមួយ កាលពីខែមករា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន បានលើកឡើងថា លោកអាចដេញអ្នកសារព័ត៌មានចេញពីសន្និសីទសារព័ត៌មាន ដូចលោក ដូណាល់ ត្រាំ នៅពេលអ្នកកាសែតរបស់ VOA សួរនាំអំពីលទ្ធផលនៃការស៊ើបអង្កេតករណីបាក់អគារ នៅខេត្តព្រះសីហនុ។
នៅក្នុងការដឹកនាំក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កម្ពុជាបានចោទសហរដ្ឋអាមេរិកថា ស្ថិតនៅពីក្រោយគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ ២០១៧ ក្នុងការចោទប្រកាន់ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។ សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
នៅពេលតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ មេធាវីរបស់រដ្ឋាភិបាលបានបង្ហាញភស្តុតាងថា អាមេរិកពិតជាមាននយោបាយគាំទ្រប្រទេសផ្សេង ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គេ។
ពួកគេបានលើកឡើងសម្តីរបស់លោក ដូណាល់ ត្រាំ ដែលបានថ្លែង កាលពីឆ្នាំ ២០១៦ ថា៖ «យើងនឹងបញ្ឈប់ការប្រជែងដើម្បីផ្តួលរំលំរបបបរទេស ដែលយើងមិនដឹងទាល់តែសោះ ដែលនេះយើងមិនគួរពាក់ព័ន្ធ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែរក្សាដដែល បើទោះបីជាមានទស្សនៈយល់ឃើញខុសគ្នាខ្លះក៏ដោយ។
លោកបញ្ជាក់ថា៖ «ដូចខ្ញុំថាអញ្ចឹងវារកាំរកូស វាជាការរកាំរកូសការយល់ឃើញទស្សនៈវាផ្ទុយគ្នា វាផ្សេងគ្នា»។
ត្រង់ចំណុចនេះ លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូប លើកឡើងពីការចោទប្រកាន់រឿងមូលដ្ឋានកងទ័ពចិនក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែបើយើងយកបញ្ហាមើលកម្ពុជាថាជាភូមិសាស្រ្តនយោបាយមួយសម្រាប់ប្រកួតប្រកួតប្រជែងមនោគមវិជ្ជាអន្តរជាតិ អាហ្នឹងវាពិបាក ពីព្រោះអាហ្នឹងវាមិនចំណុះនៅលើភាគីកម្ពុជាទេ។ តែទោះបីយ៉ាងណាក្តី ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនេះ ខ្ញុំយល់ថា ទោះបីជាគណបក្សណាឈ្នះឆ្នោត ក៏នៅតែមានទំនាក់ទំនងល្អដដែលជាមួយកម្ពុជាទេ»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមក ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។
នៅក្នុងលិខិតឆ្លើយឆ្លងនោះ លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោក ត្រាំ បានប្រាប់ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកនឹងឲ្យក្រុមការងារកិច្ចការបរទេសរបស់កម្ពុជា ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា លោក ដូណាល់ ត្រាំមិនបានយកចិត្តទុកដាក់អំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងពិភពលោកនោះទេ គឺលោកគិតតែអំពីសហរដ្ឋអាមេរិក ហើយលោកធ្វើយ៉ាងម៉េចឲ្យលោកឈ្នះការបោះឆ្នោតនៅពេលខាងមុខទៀត។
លោកបញ្ជាក់ថា ការមិនអើពើនេះនាំឲ្យមានការងើបឡើងនៃរបបផ្តាច់ការក្នុងពិភពលោក។
លោកមានប្រសាសន៍ថា៖ «ចំណុចមួយគឺសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ត្រាំ ហ្នឹង គាត់មិនសូវយកចិត្តទុកដាក់រឿងការលើកកម្ពស់ ដំណើរការប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់នៅក្នុងពិភពលោក ដូចអតីតប្រធានាធិបតីអាមេរិកមុនៗទេបាទ»។
លោក ប៉ា ចន្ទរឿន បន្តថា សហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយនៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល កាលពីឆ្នាំ ២០១៧ និងការបែងចែកតំណែងរបស់បក្សប្រឆាំង ដោយសារនយោបាយរបស់លោក ដូណាល់ ត្រាំ មិនផ្តោតលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបង្ហាញការយល់ឃើញថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលកាលនោះជាដៃគូប្រជែងជាមួយលោក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីអាមេរិក នោះពិភពលោក «អាចនឹងមានសង្គ្រាម»។
លោកបង្ហាញថា លោកចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។ ក្រោយមក លោក ហ៊ុន សែន លើកឡើងថា នេះជាការវិភាគរបស់លោកផ្ទាល់ក្នុងនាមជាមេដឹកនាំម្នាក់ និងជាអ្នកនយោបាយមួយរូប មិនមែនជាការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិកនោះទេ៕