ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ FBI នៅ​ប្រទេស​កម្ពុជា


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ក្បែរ​តុលាការ​កំពូល​ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ក្បែរ​តុលាការ​កំពូល​ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ជួយ​តាមដាន​រក​ឧក្រិដ្ឋជន​អាមេរិក ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដ៏​រកាំរកូស​ជាមួយ​ប្រទេស​កម្ពុជា។

ការិយាល័យ​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ដល់​ប៉ូលិស​កម្ពុជា ក្នុង​កិច្ច​ប្រឹង​ប្រែង​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​អាមេរិក​ដែល​រត់​គេច​ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមឃឿន អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ឆាយ គឹមឃឿន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា កាល​ពី​មុន នគរបាល​ជាតិ​កម្ពុជា​បាន​សហការ​ក្នុង​មួយ​ករណី​ម្ដង​មួយ​ករណី​ម្ដង ហើយ​ឥឡូវ​នេះ វត្តមាន​របស់​ការិយាល័យ [FBI] នេះ​អាច​ជួយ​ពន្លឿន​ការងារ។

លោក ឆាយ គឹមឃឿន បាន​បន្ថែម​ថា លោក​មិន​បាន​ដឹង​អំពី​ពេល​វេលា​ជាក់ស្ដែង​ថា​តើ​ពេល​ណា​ការិយាល័យ​នេះ​នឹង​បើក​ដំណើរការ​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ញើ​តាម​អ៊ីមែល​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បដិសេធ​មិន​បញ្ជាក់​អំពី​ការិយាល័យ FBI នេះ តែថា​ស្ថាប័ន​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា។

សេចក្ដីថ្លែងការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​ការងារ​រួម​របស់​ទីភ្នាក់ងារ FBI និង​នគរបាល​ជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ​លើ​កុមារ ការ​លាង​លុយ​កខ្វក់ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញាវត្ថុ កំពុង​ដំណើរការ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អនុវត្ត​ច្បាប់​របស់​យើង​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មាន​សុវត្ថិភាព»។

ស្ថានទូត​អាមេរិក​ប្រចំា​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ដើម្បី​បង្កើត​ក្រុម​ការងារ​នេះ ដែល​ក្រុម​ការងារ​នេះ​ក៏​នឹង​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​ជា​មុន និង​ដើម្បី​តាម​រក​ចាប់​ខ្លួន​ឧក្រិដ្ឋជន​អន្តរជាតិ​ផង​ដែរ៕

XS
SM
MD
LG