ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ខ្មែរ​ទទួល​រង្វាន់​ជា​អ្នកកាសែត​ឆ្នើម​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១១


​លោក​ថេត សម្បត្តិ​ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​រង្វាន់​អ្នក​កាសែត​ឆ្នើម​ថ្នាក់​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១១​​ ឬ​2011​ Knight International Journalism Award នៅ​អគារ​​រ៉ូណាល់​រីហ្កេន​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អន្តរជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​យប់​ថ្ងៃអង
​លោក​ថេត សម្បត្តិ​ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​រង្វាន់​អ្នក​កាសែត​ឆ្នើម​ថ្នាក់​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១១​​ ឬ​2011​ Knight International Journalism Award នៅ​អគារ​​រ៉ូណាល់​រីហ្កេន​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អន្តរជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​យប់​ថ្ងៃអង

សហ​ផលិតករខ្សែ​ភាព​យន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»​និង​ជា​អ្នក​កាសែត​ជើង​ចាស់​របស់​កម្ពុជា​គឺ​លោក​ថេត សម្បត្តិ​ត្រូវបាន​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់អ្នក​សារព័ត៌មាន ​(ICFJ) ​ផ្តល់រង្វាន់ដែល​ទទួល​ស្គាល់ថា ជាអ្នក​កាសែតឆ្នើម​ក្នុង​ការងារ​សម្រាប់​ឆ្នាំ​២០១១​នេះ។

រង្វាន់​ដែល​មាន​ឈ្មោះ​ថា​ អ្នក​កាសែត​ឆ្នើម​ថ្នាក់​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១១ ឬ​2011​ Knight International Journalism Award ​ត្រូវ​បាន​ផ្តល់​ដើម្បីជា​ការទទួល​ស្គាល់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ថេត សម្បត្តិ​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្តឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន»​ ដែល​ជា​ខ្សែ​ភាពយន្ត​រៀបរាប់​ពី​ក្បាល​ម៉ាស៊ីន​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ និង​មាន​បទ​សម្ភាសន៍​ដ៏​កម្រ​ជាមួយ​នួន ជា​ មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម។

ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ឯ​ពិធី​ប្រគល់​រង្វាន់​នៅ​ឯ​អគាររ៉ូណាល់​រីហ្កេន​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អន្តរជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​លោក​ថេត ​សម្បត្តិ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ ​ក្រោយ​ពី​បាន​ទទួល​រង្វាន់​នេះ​ពី​ International Center for Journalists ​(មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន)​ ព្រោះនេះ​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ​ដែល​បាន​ទទួល​រង្វាន់​នេះ ​ហើយ​ក្នុង​រង្វាន់​នេះ ​យើង​មាន​តែ​គ្នា​បី​នាក់​ទេ​ ពី​កម្ពុជា​គឺ​មាន​ខ្ញុំ​ម្នាក់​និង​ពីខាង​ម៉ិកស៊ិកូ​គឺ​មាន​ពីរ​នាក់»។

ក្រោយ​ពី​បាន​ចេញផ្សាយ​ជាលើក​ដំបូង​កាល​ពី​ឆ្នាំ​២០១០​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​សាន់​ដាន​ក្នុង​រដ្ឋ​យូតា​ និង​ទទួល​បាន​ពាន​រង្វាន់ ​World Cinema Special Jury Prize for Documentary ​ភាពយន្ត​ឯកសារ​នេះ​បន្ត​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ ដោយ​ទទួលបាន​រង្វាន់​សិទ្ធិ​មនុស្ស​របស់​អង្គការ​ Human Rights Watch ​ហើយ​ក៏​ជាប់​បាន​ជា​ជម្រើស​ចុងក្រោយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អូស្កា​ជាដើម។

លោក​រ៉ប់​ លឹមគិន ​សហ​ផលិតករ​ជាតិ​អង់គ្លេស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ដែរ​បាន​បញ្ជាក់​ថា៖

«គាត់​សម​នឹង​ទទួ​លបាន​រង្វាន់​នេះ​ណាស់។ នេះ​គឺ​ជា​កិត្តិយស​ដ៏​សម្បើម​ណាស់​ដែល​គេ​ប្រគល់​រង្វាន់​នេះ​ដល់​គាត់។ ​នេះ​គឺ​ជា​ការទទួល​ស្គាល់​យ៉ាង​ពិត​ប្រាកដ​ដល់​ការងារ​សារព័ត៌មាន​ ការ​ស្រាវជ្រាវ ​និង​ការ​ស៊ើប​អង្កេត​ដ៏​អស្ចារ្យ​រយៈ​ពេល​១០​ឆ្នាំ​របស់​គាត់។​ វា​ជា​ការអស្ចារ្យ​ណាស់​ដែល​គាត់​ទទួល​បាន​រង្វាន់​នេះ​ នៅយប់​នេះ​ ហើយ​បាន​ឃើញ​ទស្សនិក​ជន​ទះដៃ​អបអរ​សាទរ​គាត់។ ​នេះ​ជា​ការ​គោរព​ដល់​ការងារ​របស់​គាត់​ ក្រោយ​ពី​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដែល​គាត់​ធ្វើការ​ដោយ​ខ្លួន​ឯង​ ហើយ​តស៊ូ​ដោយ​មិនដឹង​ថា​ តើ​គាត់​អាច​បញ្ចប់​ភារៈ​កិច្ច​នោះ​ឬទេ»។

ជ័យលាភី​ពីរ​នាក់ទៀត​ដែល​ទទួលរង្វាន់​ដូច​លោក​ថេត ​សម្បត្តិ​ដែរ​គឺ​នាង​ Rocío Idalia Gallegos Rodríguez និង​នាង​ Sandra Rodríguez Nieto ជាអ្នក​កាសែត​បែបស៊ើបអង្កេត​មក​ពី​ប្រទេស​ Mexico ដែល​រាយការណ៍​ជាច្រើន​អំពី​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់។ ​សម្រាប់​ឆ្នាំ​នេះ​ក៏​មានរង្វាន់​បន្ថែម​ដល់​លោក​ស្រី គ្រីស្ទីណា​ អាម៉ាន់​ព័រ ​អតីត​អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ស៊ីអឹនអឹន​ ហើយ​ពេល​ឥឡូវ​នេះ​កំពុង​បម្រើ​ការ​នៅ​ទូរទស្សន៍​ ABC។ ​លោកស្រី​អាម៉ាន់​ព័រ​ទទួល​បាន​ពាន​រង្វាន់ចំពោះ​ឧត្តមភាព​ក្នុង​វិស័យ​សារព័ត៌មាន។

លោក​ស្រី​ Joyce Barnathan ​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«អ្នក​កាសែត​ដ៏ឆ្នើម​ទាំង​នេះ​ហ៊ាន​ប្រាប់​រឿង​រ៉ាវ​ដែល​មាន​មនុស្ស​តែ​ពីរ​បី​នាក់​ទេ​ដែលមាន​សេចក្តី​ក្លាហាន​យក​មក​និយាយ​ ហើយពួកគេ​យើង​មាន​ការយល់​ដឹង​ដ៏​មាន​សារៈ​សំខាន់​អំពី​រឿងរ៉ាវ​ខ្លោចផ្សា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​នៅ​ម៉ិកស៊ិកកូ​និង​កម្ពុជា»។

អ្នក​ដែល​ដាក់​បេក្ខភាព​អ្នក​កាសែត​ដើម្បី​ទទួល​ការ​តែងតាំង​នេះ​គឺ​ជា​អ្នក​កាសែត​ដែល​មាន​បទ​ពិសោធន៍​ជា​យូរ​ឆ្នាំ​ និង​អ្នកដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​កាសែត។

លោក​ថេត​ សម្បត្តិ​បាន​ផ្តែផ្តាំ​ដល់​អ្នក​កាសែត​កម្ពុជា​ដទៃ​ទៀត​ថា៖

«ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​គ្រាន់​តែ​មួយ​ផ្នែក​តូច​ទេ​អំពី​របបខ្មែរ​ក្រហម​ ដូច្នេះ​នៅ​ច្រើន​ណាស់។ ​អញ្ចឹង​ប្រសិន​បើ​ជា​អ្នក​កាសែត​ខ្មែរយើង​ជួយ​ចុះស្រាវជ្រាវ​អំពី​របប​ខ្មែរ​ក្រហម​គឺ​នៅសល់​ច្រើន​ណាស់។​ អញ្ចឹង​អាច​ធ្វើ​ឱ្យ​រឿង​ពិត​ភាគច្រើន​ក្នុង​របប​ខ្មែរ​ក្រហម​កាន់តែ​បង្ហាញ​ឡើង​ ​ព្រោះ​ខ្ញុំ​ធ្វើ​នេះ​គ្រាន់​តែ​ផ្នែក​តូច​មួយ​ទេ​ មិនបាន​ទូទាំង​ប្រទេស​ទេ។ ​ដូច្នេះ​នៅសល់​ច្រើន​ណាស់។ ​ប្រសិន​បើ​មាន​ឱកាស​ សូម​ឱ្យ​បងប្អូន​ជា​អ្នក​កាសែត​បន្ត​ស្រាវជ្រាវ​ទៅ​ទៀត។​ វាជា​ឱកាស​មួយ​ បើ​យើង​រង់ចាំ​ដល់​៣០​ឆ្នាំ​ទៀត​គឺ​ចប់​ហើយ។​ ម្ភៃ​ សាមសិប​ឆ្នាំ​ទៀត​គឺ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​ អ្នក​ដែល​ដឹង​រឿង​ពិតអ្នក​ដែល​ជាប់​ទាក់​ទិន​ហ្នឹង​ គឺ​ចប់​អស់​ហើយ ​យើង​អត់​មាន​ឱ​កាស​ទៀត​ទេ។​ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប់​យើង​គ្រប់ៗ​គ្នា»។

ក្រៅពី​ការ​ផ្តល់​រង្វាន់​ប្រចាំ​ឆ្នាំ​ដល់​អ្នក​កាសែត​ឆ្នើមៗ​ដូចនេះ​ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​កាសែត​ក៏​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ពលរដ្ឋ​សារព័ត៌មាន​ ការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​បែបស៊ើប​អង្កេត ​និង​ការគ្រប់គ្រង​បណ្តាញ​ព័ត៌មាន​ដែល​មាន​គោលដៅ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សារព័ត៌មាន​និង​សង្គម​ជាដើម៕

XS
SM
MD
LG