រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានប្រាប់មន្ត្រីកាទូតជាន់ខ្ពស់របស់ចក្រភពអង់គ្លេស លោក Simon McDonald ពីវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្ម ការបោសសំអាតមីន និងបានអះអាងថា កម្ពុជាកំពុងរៀបចំការបោះឆ្នោតមួយឲ្យបានសេរី និងត្រឹមត្រូវនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយក្រសួងការបរទេសកម្ពុជាដែល VOA ទទួលបាន។
ការថ្លែងរបស់លោក ប្រាក់ សុខុន អំពីវឌ្ឍនភាពខាងលើនេះ កើតមានឡើងក្នុងជំនួបទ្វេភាគីជាមួយលោក Simon McDonald អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសចក្រភពអង់គ្លេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា កាលពីចុងសប្តាហ៍នេះឱ្យដឹងផងដែរថា លោក ប្រាក់ សុខុន និងលោក Simon McDonald បានវាយតម្លៃខ្ពស់ដោយការពេញចិត្ត ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីររហូតដល់ជាង១.០០០លានដុល្លារ ក្នុងឆ្នាំ២០១៧។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់លោក Simon McDonald ថា រដ្ឋាភិបាលកម្ពុជាបានបោសសំអាតមីនលើផ្ទៃដីចំនួន១.៦០០គ.មការ៉េ ហើយនឹងបន្តសកម្មភាពការងារលើផ្ទៃដីនៅសល់ប្រមាណ១០០០គ.មការ៉េ។ លោក ប្រាក់ សុខុន បានអរគុណលោក Simon McDonald អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសចក្រភពអង់គ្លេសចំពោះការផ្តល់ជំនួយដល់សកម្មភាពបោសសំអាតមីននៅកម្ពុជាពីសំណាក់រដ្ឋាភិបាលអង់គ្លេស។ លោក Simon McDonald បានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស នឹងបន្ដផ្តល់ជំនួយមកឲ្យកម្ពុជាតាមរយៈអង្គការ HALO Trust ដែលមានទីស្នាក់នៅខេត្តសៀមរាប។
លោក ប្រាក់ សុខុន ក៏បានប្រាប់លោក Simon McDonald អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីរៀបចំការបោះឆ្នោតសេរី និងយុត្តិធម៌មួយ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៩ ខែឧសភា ត្រូវបានបញ្ជាក់ថា៖
«នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការខិតខំ និងការត្រៀមរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាឲ្យការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយតម្លាភាព»។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាមិនបានលើកឡើង អំពីការឆ្លើយតបរបស់ Simon McDonald ចំពោះបញ្ហាការរៀបចំបោះឆ្នោតនេះទេ។
VOA ព្យាយាមសុំការអធិប្បាយបន្ថែមពីស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា អំពីបញ្ហាបោះឆ្នោត តាមតាមសារអេឡិចត្រូនិក Email តែពុំទាន់មានការឆ្លើយតបនឹងសំណួរផ្ញើនោះ រហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ។
VOA ក៏បានព្យាយាមសុំការអធិប្បាយបន្ថែមពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែទូរស័ព្ទរបស់លោករោទ៍គ្មានអ្នកទទួល។
ក្រៅពីវិស័យពាណិជ្ជកម្ម និងកិច្ចការងារសម្រាប់បុព្វហេតុមនុស្សធម៌នោះ មន្ត្រីការទូតជាន់ខ្ពស់ទាំងពីរលើកឡើងពីវិស័យទេសចរណ៍ និងការងារអប់រំ។ លោក ប្រាក់ សុខុន និងលោក Simon McDonald បានបង្ហាញការចាប់អារម្មណ៍ចំពោះការកើនឡើងនូវចំនួនអ្នកទេសចរអង់គ្លេស មកកាន់កម្ពុជា រហូតដល់ចំនួន ១៧១.០០០ នាក់ក្នុងឆ្នាំ២០១៧ ហើយនិងបំណងប្រាថ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Simon McDonald (រូបភាពតាមបណ្តាញ Twitter របស់លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស Bill Longhurst)
ទាក់ទិនបញ្ហាអប់រំសិក្សាធិការ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណរដ្ឋាភិបាលអង់គ្លេសដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៣៦នាក់ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧ និងបានលើកសំណូមពរឲ្យអង់គ្លេសបង្កើនអាហារូបករណ៍ជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស។ លោក Simon McDonald បានឆ្លើយតបទៅលោក ប្រាក់ សុខុន ថា រដ្ឋាភិបាលអង់គ្លេសនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
ក្នុងជំនួបដដែលនោះ មន្ត្រីការទូតជាន់ខ្ពស់ទាំងពីរ បានពិភាក្សាគ្នាអំពីការបន្តពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអង់គ្លេស លើឆាកអន្តរជាតិ ពិសេសការផ្លាស់ប្តូរការគាំទ្របេក្ខភាពទៅវិញទៅមក។ លោក ប្រាក់ សុខុន បានលើកឡើងពីបំណងចង់ឲ្យមានការការផ្លាស់ប្តូរបទពិសោធន៍រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការបរទេសកម្ពុជា ជាមួយវិទ្យាស្ថានរបស់ក្រសួងការបរទេស និងសកលវិទ្យាល័យនានារបស់អង់គ្លេស។ បំណងរបស់ លោក ប្រាក់ សុខុន ទទួលបានការគាំទ្រពីលោក Simon McDonald ចំពោះការជំរុញឲ្យមានទំនាក់ទំនងនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ប្រទេសអង់គ្លេសគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសចំនួន៤៥ ដែលបានសេចក្តីថ្លែងការណ៍រួម បង្ហាញពីក្តីបារម្ភជាខ្លាំងនៃការធ្លាក់ចុះយ៉ាងគំហុកនៃដំណើរការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ ពួកគេបានបង្ហាញការព្រួយចិត្តយ៉ាងជ្រាលជ្រៅចំពោះការរៀបចំបោះឆ្នោតខែកក្កដាផងដែរ។
សេចក្ដីថ្លែងការណ៍រួមដែលអន្តរាគមន៍ដោយ អ្នកស្រី Jillian Dempster នៃប្រទេសនូវែលសេឡង់ ត្រូវបានសរសេរតាមន័យដើមថា៖
«ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជារក្សាបាននូវភាពស្របច្បាប់របស់ខ្លួន រាល់ការបោះឆ្នោតត្រូវតែរៀបចំឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ... ដំណើរការបោះឆ្នោតមួយ ដែលគណបក្សជំទាស់ដ៏ធំចម្បង ត្រូវបានដកចេញតាមតែអំពើចិត្ត[មិនឱ្យចូលរួមប្រកួតប្រជែង] មិនអាចត្រូវបានពិចារណាចាត់ទុកថាត្រឹមត្រូវ ឬស្របច្បាប់បាននោះទេ»។
សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានអានដោយ អ្នកស្រី Jillian Dempster ប្រមុខការទូតនូវែលសេឡង់ប្រចាំទីស្នាក់ការ អ.ស.ប. ក្នុងទីក្រុងហ្សឺណែវ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ៕