ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​កំពុង​រក​វិធី​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​វៀតណាម​រឿង​ហាម​នាំ​ចូល​ត្រី


រូបឯកសារ៖ ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)

ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រិះ​រក​ការ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​វៀត​ណាម ដែល​បាន​តវ៉ា​រឿង​កម្ពុជា​ហាមឃាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ខ្លួន។

កាល​ពី​ខែ​មករា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ របស់​កម្ពុជា​បាន​ដាក់​ចេញ​បម្រាម​ផ្អាក​ការ​នាំ​ចូល​ត្រី​ដែល​កសិករ​ក្នុង​ស្រុក​អាច​ផលិត​បាន ជា​ពិសេស​ត្រី​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម។ ក្រសួង​បញ្ជាក់​ថា​ កម្ពុជា​ផ្អាក​នាំ​ចូល​ត្រី ដែល​វារី​វប្បកម្ម​ផលិត​បាន តាម​សំណើ​របស់​វារីវប្បករ​កម្ពុជា។

ការ​សម្រេច​ផ្អាក​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ​ក្នុង​វិស័យ​កាត់​ដេរ​និង​វិស័យ​ទេសចរណ៍ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មេសា ឆ្នាំ​មុន បាន​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ងាក​មក​ប្រកប​របរ​ខាង​វិស័យ​កសិកម្ម​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​វិញ ដូច​ជា​ត្រី​ជា​ដើម។

ការ​សម្រេចរបស់​ភាគី​កម្ពុជាបាន​ធ្វើឱ្យ​ភាគី​វៀត​ណាម​មិន​ពេញ​ចិត្ត។

លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២១ មក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ ដោយ​ស្នើឱ្យ​ពិចារណា​ដក​វិធាន​ការ​ហាមឃាត់​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម។

បើ​តាម​លិខិត​ដែល​ VOA​ ទទួល​បាន លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្មវៀតណាម បាន​បង្ហាញ​ការ​ជំទាស់​នឹង​បម្រាម​នេះ ដែល​ប៉ះពាល់​ដល់​ការ​នាំ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ ពី​វៀតណាម​មក​កម្ពុជា។

ភាគី​វៀតណាម​បាន​បង្ហាញប្រការ​មួយ​ចំនួន​នៃ​កិច្ច​ព្រម​ព្រៀង​ទូទៅ​ស្តី​ពី​ពន្ធ​គយ និង​ពាណិជ្ជកម្ម​ជា​ការ​តវ៉ា​ទៅ​នឹង​ការ​ហាមឃាត់​ការ​នាំ​ចូល​ត្រី​នេះ។

លោក Tran Tuan Anh សរសេរ​ថា៖ «ដូច្នេះ​ ការ​ហាម​ឃាត់​ការ​នាំ​ចូល​ត្រី​បួន​ប្រភេទ​ខាង​លើ​របស់​កម្ពុជា អាច​ប្រឆាំង​នឹង​ស្មារតី​សេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​(World Trade Organization) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ប្រទេស​យើង​ទាំង​ពីរ​ជា​សមាជិក»។

មន្ត្រី​វៀតណាម​រូបនេះ​បញ្ជាក់​ទៀត​ថា ​ការ​ផ្អាក​ការ​នាំ​ចូល​ត្រី​នេះ «ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​កម្ពុជា»។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ាង ថៃ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​កំពុង​ពិភាក្សា​គ្នា ហើយ​មិន​ទាន់​ដឹង​ថា ​តើ​នឹង​ឆ្លើយ​តប​យ៉ាងដូច​ម្តេច​ទៅ​ភាគី​វៀតណាមនៅ​ឡើយ​ទេ។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ​បន្ត​ថា​ តំណាង​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំកម្ពុជា​បាន​បញ្ជូន​លិខិត​លោក Tran Tuan Anh​ មក​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ កាល​ពី​កន្លង​ទៅ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិបាក​ឆ្លើយ​ជូន ណាត់​ថ្ងៃ ថា​ថ្ងៃ​ណា ពី​ព្រោះ​យើង​ត្រូវ​សិក្សា​មើល​អំពីអង្គហេតុ​អី​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ឯកសារ​ពាក់ព័ន្ធ​អី​ទាំង​អស់ ដើម្បី​យក​មក​មើល​ឆ្លើយ​តប​អី​យ៉ាង​ម៉េច​អញ្ចឹង»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​នៅ​ឡើយ​ទេ។ លោក វេង សាខុន ជា​អ្នក​តស៊ូ​មតិ​ជួរ​មុខ​រឿង​ដាក់​បម្រាម​នាំ​ចូលត្រី​នេះ។​

រូបឯកសារ៖ អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

កាល​ពី​ឆ្នាំ​ ២០២០​ វិស័យ​វារីវប្បកម្ម​កម្ពុជា​ផលិត​ទិន្នផល ​៤០​ ម៉ឺន​តោន​ ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ក្នុង​អត្រា​ ៣០% ​លើស​ឆ្នាំ​ ២០១៩ ដែល​ផលិត​បាន ​៣០ ​ម៉ឺន​តោន។ នេះ​បើ​យោង​តាម​តួ​លេខរបស់​ក្រសួង​កសិកម្ម

លោក គង់ គឹមហុន អាយុ​ ៤០ ​ឆ្នាំ ដែល​ជា​អ្នក​ចិញ្ចឹម​ត្រីក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង មាន​ប្រសាសន៍​ថា​ លោក​ចង់ឱ្យផ្អាក​ការ​នាំ​ចូល​ត្រី​ពី​វៀត​ណាម ដើម្បី​ធានា​តម្លៃ​ត្រី​ក្នុង​ស្រុក។

ប៉ុន្តែ​ លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ តម្លៃ​ត្រី​ឡើង​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំណី​ត្រី ដូច​ជា​កន្ទក់​បាន​ឡើង​ថ្លៃ​សឹង​តែ​ទ្វេ​ដង​រួច​ទៅ​ហើយ។ ដោយសារ​ចំណី​ត្រីឡើង​ថ្លៃ​បែប​នេះ អ្នក​ចិញ្ចឹម​ត្រី​រូប​នោះ​បាន​ផ្អាក​ការចិញ្ចឹម​ត្រី​យក​សាច់​លក់ ដោយ​ដូរ​មក​ចិញ្ចឹម​ជា​កូន​ត្រី​ប្រា​សម្រាប់លក់​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណី​ត្រី​ឡើង​ថ្លៃ​ដូច​តែ​គ្នា។ ដូច​មុន មួយ​គីឡូ[កន្ទក់]​តែ​ប្រាំ​មួយ ប្រាំ​ពីរ​រយ​[រៀល]។ ចាប់​ផ្តើម​ឥឡូវ ផ្អើលៗ​គ្នា​ទៅ​ចិញ្ចឹម​ច្រើន​ពេក កន្ទក់​ឡើង​ថ្លៃ​មួយ​គីឡូ​ ១២​០០ ​[រៀល]​មួយ​គីឡូ​ហើយ​បាន​អី​ចំណេញ​ទៀត ព្រោះ​ឡើង​ទ្វេ​គុណ​ហើយ ហើយ​ត្រី​ឡើង​មួយ​គីឡូ​តែ​ពីរ​បី​រយ​ហ្នឹង។ យើង​ម៉េច​ចំណេញ។ ឃើញ​តែ​ដូច​តែ​គ្នា​ហ្នឹង។ ពិបាក​ដែរ​ហ្នឹង»។

លោក​បន្ត​ថា​ ចំណី​ត្រី​ពី​វៀតណាម​ក៏​ឡើង​ថ្លៃ​ពី​ប្រមាណ​ ៦ ​ម៉ឺន​រៀល​ទៅ​ដល់ ​៦៥០០០​ រៀល​ក្នុង​មួយ​ការ៉ុង​ផង​ដែរ។

មេ​ឃុំ​ពាមរក៍​ក្នុង​ខេត្ត​ព្រៃវែង លោក​ អឿ លុច្ស​ មាន​ប្រសាសន៍​ថា ​ចំណី​ត្រី​ជា​កន្ទក់​ពិត​ជា​ឡើង​ថ្លៃ​មែន ប៉ុន្តែ​លោក​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ។ លោក​មិន​មាន​យោបល់​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀត​ណាម ដោយ​លោក​ថា ​ថ្នាក់​ក្រោមចាំ​តែ​អនុវត្ត​តាម​បញ្ជា​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាងណា មេឃុំ​រូប​នេះ​លើក​ឡើង​ថា តម្លៃ​ត្រី​នៅ​ពេល​នេះ មិន​ឡើង​ថ្លៃ​អ្វី​គួរឱ្យ​កត់​សម្គាល់​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ត្រី​ហ្នឹង​ដូច​មិន​មាន​ឡើង​ថ្លៃ​អី​ប៉ន្មានទេ​សព្វ​ថ្ងៃ​ហ្នឹង ដូច​ជា​ចិញ្ចឹម​ត្រី​ស្រះ ត្រី​អី​ហ្នឹង មិន​ជា​ឡើង​ថ្លៃ​ប៉ុន្មាន​ទេ»។

លោក​បន្ត​ថា​ប្ រជា​ពលរដ្ឋក្នុង​ឃុំ​របស់​លោក ក៏​រវល់​ធ្វើ​ស្រែ​ប្រាំង​នា​ពេល​នេះ ខណៈ​មាន​ការ​ពង្រីក​ការ​ចិញ្ចឹម​ត្រី​មួយ​ចំនួន។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង​ សាវឿន មាន​ប្រសាសន៍​ថា​ កម្ពុជា​គួរ​តែ​រក្សា​ជំហរផ្អាក​បណ្តោះ​អាសន្ន ឬ​ក៏​ឈប់​នាំ​ចូល​ផលិត​ផល​ត្រី​ សាច់ ឬ​ផលិត​ផល​ផ្សេងៗ​ទៀតពី​ប្រទេស​វៀត​ណាម ដើម្បីឱ្យ​កសិករ​កម្ពុជា​អាច​លក់ផលិតផល​កសិកម្ម​របស់​ខ្លួន​បាន​តម្លៃ​សមរម្យ។

លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​នៅ​តែ​បន្ត​បើកឱ្យ​មាន​ការ​នាំ​ចូល វា​នឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម និង​ការ​លក់​ផលិត​ផល​កសិកម្ម​របស់​កសិករ​ក្នុង​ស្រុក»។

បើ​តាម​លោក ថេង សាវឿន ប្រទេស​វៀតណាម​ទទួល​បាន​ផលច្រើនជាង​អ្វី​ដែលកម្ពុជា​អាច​ទទួល​បាន​ពី​វៀត​ណាម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ដោះដូរ​ផលិត​ផល​កសិកម្មពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេស​កម្ពុជា​យើងបាន​បើក​ឱកាស​ជា​ច្រើន​ឆ្នាំ​មក​ហើយក្នុង​ការ​លក់​ផលិត​ផល​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា​យើង»។

លោក ថេង សាវឿន ក៏​បានជំរុញឱ្យក្រុមហ៊ុន​ផ្សេងៗ​វិនិយោគ​ក្នុង​ការកែ​ច្នៃ​ផលិត​ផល​កសិកម្ម​មក​ធ្វើ​ជា​ចំណី​ត្រី ដើម្បី​លក់​ក្នុង​ស្រុក​នា​ពេល​នេះ ខណៈ​ការ​ចិញ្ចឹម​ត្រី​មាន​ការ​កើន​ឡើង​ក្នុង​ពេល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG