ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​ Blockchain អាច​ជួយ​ជ្រោមជ្រែង​តម្លាភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍


រូបកាហ្វ្រិកបង្ហាញ​ពី​ដំណើរការ​របស់​បច្ចេកវិទ្យា Blockchain។
រូបកាហ្វ្រិកបង្ហាញ​ពី​ដំណើរការ​របស់​បច្ចេកវិទ្យា Blockchain។

ចូរ​អ្នក​ស្រមៃ​មើលថា អ្នក​អាច​យក​អេក្រង់​ទូរស័ព្ទ​មក​ស្កែន​លើ​ត្រី​ដាក់​លក់​នៅ​ផ្សារ​ទំនើប​មួយ​ ហើយ​ភា្លមៗ​នោះ​អ្នក​នឹង​ឃើញ​កំណត់ត្រា​អំពីខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទាំងស្រុង​នៃ​ត្រី​ទាំង​នោះ។

ចាប់​ពី​បច្ចេកទេស​ប្រើប្រាស់​ដោយ​អ្នក​នេសាទ​ ដែល​បាន​ចាប់​ត្រី​ទាំង​នោះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី រហូត​ដល់​ពេល​ដែល​ត្រី​នោះត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ និង​របៀប​ធ្វើ​ត្រី​នោះក្នុង​រោងចក្រ​មួយ​នៅ​ប្រទេស​របស់​អ្នក (គឺថា) ​អ្វីៗ​ទាំងអស់នេះ​មាន​នៅ​ក្នុង​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​អ្នក។

គម្រោង​សាកល្បង​បច្ចេកវិទ្យា​ដូច​ខាង​លើ​នេះ គឺ​ជា​ការ​ពិនិត្យ​ពិច្ច័យ​ទៅ​លើ​សក្តានុពល​របស់​បច្ចេកវិទ្យា​ Blockchain ដើម្បី​លើក​កម្ពស់​តម្លាភាព​នៅ​ក្នុង​វិស័យ​នានា​ ដែល​មិន​មាន​ប្រសិទ្ធភាព ឬ​ដែល​លាក់​បាំង នៅ​តំបន់​អាស៊ីអាគ្នេយ៍។

បច្ចេកវិទ្យា​ Blockchain ដែល​ជា​បច្ចេកវិទ្យាបង្កើត​ឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដរបស់​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin ជា​មូលដ្ឋាន​ គឺ​ការ​ធ្វើ​បញ្ជី​គណនេយ្យ​មួយ ដែល​មាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ​ មិន​អាច​កែប្រែបាន។

ខ្សែស្រឡាយ​បណ្តុំ​ព័ត៌មាន ប្រទាក់ក្រឡា​គ្នា នៅ​ក្នុង​សំណុំ​កុំព្យូទ័រ​ អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​បញ្ជី​ទិន្នន័យ​នៃ​កុំព្យូទ័រ ដោយ​អ្នក​ប្រើប្រាស់​ពី​ម្នាក់​ទៅ​ម្នាក់។ បច្ចេកវិទ្យា Blockchain អាច​ប្រើ​ដើម្បី​បញ្ជាក់លម្អិត​ការ​ធ្វើ​បញ្ជី​គណនេយ្យ​នៅ​គ្រប់​ទម្រង់​ណា​មួយ ដែល​មាន​លើស​ពី​រូបិយប័ណ្ណ​ឌីជីថល​ទៅ​ទៀត។​

​អ្នកស្រី Alisa Dicaprio ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន R3 ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់កម្មវិធី​កុំព្យូទ័រ​ផ្នែក​ប្រត្តិបត្តិការ​ហិរញ្ញវត្ថុ​សម្រាប់​សាជីវកម្ម​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យាចែកចាយ​បញ្ជី​គណនេយ្យជា​សាធារណៈ​តាម​បណ្តាញ​កុំព្យូទ័រ​នេះ​ បាន​និយាយ​ថា៖

«បច្ចេកវិទ្យា​នេះ​លុប​ចោលនូវ​តម្រូវការ​ ដែល​ទាមទារ​ឲ្យ​មាន​អាជ្ញាធរ​កណ្តាល ដែល​នៅ​ក្នុង​បរិបទ​នេះ​ ជា​រដ្ឋាភិបាល»។

នៅ​ក្នុង​តំបន់ ដែល​កំណត់ត្រា​សំខាន់ៗ ដូចជា​ជា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​កម្មសិទ្ធិ​ ត្រូវ​បាន​ភាគី​ខាង​ក្រៅ​ពិនិត្យ​មើល​តិចតួច ឬ​មិន​ពិនិត្យ​មើល​ទាល់តែ​សោះ បច្ចេកវិទ្យា​ Blockchain ​ផ្តល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន។

អ្នកស្រី​ Erin Murphy ស្ថាបនិក និង​នាយក​ក្រុមហ៊ុន​ Inle Advisory Group ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាជីវកម្ម​ ដែល​ផ្តោត​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា និង​ទីផ្សារ​ទើប​ចាប់​ផ្តើម​រីក​ដុះដាល បាន​និយាយ​ថា តំបន់​ជំនួញ​ធំៗ​នៅ​អាស៊ី​កំពុង​តែ​ពិនិត្យ​មើល​ទៅ​លើ​បច្ចេកវិទ្យា Blockchain ដើម្បី​ជម្រះ​ករណី​កេង​បន្លំ និង​សម្រួល​ប្រតិបត្តិការ​នានា។

អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិច​មួយ​ថា៖

«អ្វី​ដែល​ប្រសើរ​បំផុត​នោះ គឺ​យើង​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ជា​ផ្លូវការ​ក្នុង​តំបន់។ ប៉ុន្តែ​ប្រហែល​មិនមែន​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​រដ្ឋាភិបាលកំពុង​ដឹកនាំ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ភាគ​ច្រើន​ជា រដ្ឋាភិបាល​ដែល​មាន​អំពើ​ពុករលួយ​តិច​តួច​រួច​ទៅ​ហើយ»។

អ្នកស្រី​បាន​បន្ត​ថា រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ចំណោម​នោះ​គឺ​ រដ្ឋាភិបាល​សិង្ហបុរី ដែល​កំពុង​តែ​ធ្វើការ​ជាមួយ​នឹង​ធនាគារ​ធំៗ​នៅ​លើ​ផ្នែក​បច្ចេកវិទ្យា​ Blockchain ដើម្បី​ចាត់​របៀប និង​លើកកម្ពស់​សេវាកម្ម​ចំពោះ​អ្នកប្រើប្រាស់។

​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត បច្ចេកវិទ្យា​ Blockchain ​ត្រូវ​បាន​ប្រើ​សម្រាប់​ហេតុផល​ផ្សេង​ទាំងស្រុង។ នៅ​ប្រទេស​ហ្វីលីពីន​ ទី​ផ្សារ​ប្រាក់​បញ្ជូន​ត្រឡប់​មក​ពី​ក្រៅ ប្រទេស​ មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​វាតទីដោយ​ក្រុមហ៊ុន​នានា ដែល​ផ្តល់​សេវាកម្ម​ថោក​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ Blockchain និង​រូបិយប័ណ្ណ Bitcoin ដែល​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ ដោយ​មិន​ចាំបាច់​មាន​គណនី​ធនាគារ។

អ្នកស្រី​ Murphy បាន​និយាយ​ថា៖

«រាល់​ជំហាន​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដំបូង​ឡើយ​ ប្រហែល​មិន​ត្រូវ​បាន​គេ​មើលឃើញ​ជា​យុទ្ធសាស្រ្ត​សម្រាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ទេ ហើយ​ប្រហែល​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​យក​ទៅ​ដោះស្រាយ​បញ្ហា​ពុក​រលួយ​ទៅ​វិញ។ បច្ចេកវិទ្យា​ [Blockchain]ទំនង​នឹង​ត្រូវ​គេ​មើល​ឃើញ​ក្នុង​បរិបទ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​វិស័យ​នានាឲ្យ​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ ដើម្បីទាក់ទាញ​វិនិយោគ​បរទេស»។

លើស​ពី​រូបិយប័ណ្ណ

មាន​គម្រោង​សាកល្បង​បច្ចេកវិទ្យា Blockchain ជាច្រើន ដែល​មាន​គោលដៅ​បម្រើការ​ច្បាស់លាស់ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ រួមមាន​ទាំងប្រព័ន្ធ​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី ដែល​កំពុង​ស្ថិតក្រោម​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ស៊ុយអែត និង​ជប៉ុន។

កាល​ពី​ខែ​មិថុនា អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ប្រព័ន្ធ​មួយ​ដោយ​ផ្អែក​ទៅ​លើ​បច្ចេកវិទ្យា Blockchain ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Accenture ដែល​ផ្តល់​ឲ្យ​ក្រុម​ជន​ភៀស​ខ្លួន​ ដែល​មិន​មាន​ទីតាំង​ស្នាក់​អាស្រ័យ​ជាក់លាក់​ នូវ​អត្តសញ្ញាណ​អចិន្រ្តៃយ៍​មួយ ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្នែក​ជីវសាស្រ្ត។

​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ អ្នក​អាច​ឃើញ​លទ្ធផល​នៃ​ការ​សាកល្បង​ ដែល​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ខែ​ឧសភា​ ដែល​បាន​តាមដាន​ខ្សែ​សង្វាក់​ផលិតកម្ម​សំលៀកបំពាក់​ពី​អ្នក​រចនា​ម៉ូដ​ អ្នកស្រី Martine Jarlgaard នៃ​ក្រុមហ៊ុន Alpaca Mirror Jumper មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍ ពី​កសិដ្ឋាន​មួយ​នៅ​ក្រុង Dulverton ចក្រភព​អង់គ្លេស តាម​គ្រប់​ជំហាន​នៃ​ខ្សែ​សង្វាក់​ផលិតកម្ម​បន្តបន្ទាប់​រហូត​ដល់​ក្រុង​ឡុងដ៍ ដែល​រួម​មាន​ ទីតាំង សមាសធាតុ និង​តែម​បញ្ជាក់​ពេលវេលា។

អ្នក​ស្រី​ DiCaprio នៃ​ក្រុមហ៊ុន R3 បាន​និយាយ​ថា នៅ​ត្រូវ​ការ​ពេលវេលា​យូរ ដើម្បី​អាច​សម្រេច​ឲ្យ​បាន​នូវ​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ ដែល​ទើប​នឹង​បង្កើត​ឡើង​ថ្មី​ ទៅ​ក្នុង​វិស័យ​មួយ ដែល​មាន​ភាព​ស្មុគស្មាញ។

អ្នកស្រី​បាន​និយាយ​ថា៖

«សមត្ថភាព​បច្ចេកវិទ្យា​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ដំណើរការ​បច្ចេកវិទ្យា Blockchain គឺ​មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគច្រើន។ ប្រទេស​ទាំង​នោះ​មាន​វិស្វករ​ ដែល​អាច​សរសេរ​កូដ​លើ​បច្ចេកវិទ្យា​ Blockchain បាន។ ប៉ុន្តែ​ការ​យល់​ដឹង​ពី​របៀប​នៅ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​បរិបទ​ធុរកិច្ច គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។

អ្នក​ស្រី DiCaprio ប៉ាន់ស្មាន​ថា គេ​ត្រូវ​ប្រើ​ពេលប្រហែល​ប្រាំ​ឆ្នាំ​ មុន​ពេល​យើង​អាច​ឃើញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​ទម្រង់​ធំ ហើយ​អ្នកស្រី​ជឿ​ថា ឥទ្ធិពល​ខ្លាំងក្លា​ជាង​គេ​នឹង​កើត​មាន​ឡើង​នៅ​កម្រិត​ម៉ាក្រូ​សេដ្ឋកិច្ច។

អ្នកស្រី​បាន​លើក​ឡើងថា៖

«ជា​ឧទាហរណ៍ វិស័យ​មួយ​ ដែល​កំពុង​តែ​វិវត្ត​ទៅ​មុខ​យ៉ាង​លឿន​នោះ​ គឺ​វិស័យ​ជំនួញ​ហិរញ្ញវត្ថុ។ ហើយ​ក្នុង​វិស័យ​ជំនួញ​ហិរញ្ញវត្ថុ ជា​ទូទៅ​អ្នក​និយាយ​ពី​ក្រុមហ៊ុន​ធំៗ នៅ​អាស៊ី​ ដែល​ភាគ​ច្រើន​ធ្វើ​ការ​នាំ​ចេញ ឬ​នាំ​ចូល​ ពី​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប»។

អ្នកស្រី​បាន​បន្ថែម​ថា ប្រតិបត្តិការ​ជួញដូរ​ហិរញ្ញវត្ថុ​លឿន​ជាង​មុន ថោក​ជាង​មុន និង​ប្រកប​ដោយ​តម្លាភាព​ជាង​មុន គួប​ផ្សំ​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឲ្យ​កម្ចី​ និង​សុំ​កម្ចី​ នឹង​មាន​ទៅដល់​កម្រិត​ភូមិ​ឃុំ។

ឯករាជ្យភាព​ពី​អាជ្ញាធរ​កណ្តាល

សហគមន៍​អ្នក​គាំទ្រ​បច្ចេកវិទ្យា​ Blockchain មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​បែងចែក។

មនុស្ស​មួយ​ចំនួន​យល់​ឃើញថា​ បច្ចេកវិទ្យា Blockchain ដែល​មាន​ពាក្យ​ស្លោក​ថា «ជា​ធនាគារ​ដោយ​ខ្លួន​ឯង» ជា​បច្ចេកវិទ្យា​មួយ ​ជា​មូលដ្ឋាន​អាច​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក ដែល​ពួកគេ​ជឿ​ថា ​បច្ចុប្បន្ន​ប្រកប​ដោយ​អំពើ​ពុករលួយ។

អ្នក​ជំនួញ​រូបិយប័ណ្ណ​ឌីជីថល Bitcoin ម្នាក់​ ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ដែល​ផ្តល់​តែ​ឈ្មោះ​ក្រៅ​របស់​លោក​ថា FlippingABitCoin ដោយ​ព្រួយ​បារម្ភ​ថា ខ្លួន​អាច​ប្រឈម​នឹង​ការ​លួច​ប្លន់​ បាន​និយាយ​ថា៖

«មាន​ឱកាស​យ៉ាង​ធំ​សម្រាប់​ពួក​យើង​នៅ​ទី​នេះ ក្នុង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដោយ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល»។

នា​ពេល​បច្ចុប្បន្ន មនុស្ស​រាប់​ពាន់​លាន​នាក់ ដែល​ត្រូវ​បាន​កាត់ផ្ដាច់​ចេញ​ពី​ប្រព័ន្ធ​ធនាគារ​ផ្លូវ​ការ នឹង​មាន​លទ្ធភាព​ប្រើប្រាស់​លុយ​សិប្បនិមិត្ត​ ដែល​មាន​ទូទាំង​ពិភពលោក​ ដោយ​មិន​ចាំបាច់​មាន​ឈ្មូញ​កណ្តាល និង​ដោយ​មិន​ប្រើប្រាស់​អ្វី​ផ្សេង​ក្រៅ​ពី​ទូរស័ព្ទ​ដៃ។

លោក​បាន​និយាយ​ថា៖ «​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​ស្មើភាព​ជាង​មុន»។

​ក្រុម​អ្នក​គាំទ្រ​មួយ​ក្រុម​ទៀត បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ​Blockchain ដូច​ដែលប្រទេស​កាណាដា សិង្ហបុរី ចិន និង​អាល្លឺម៉ង់​ធ្លាប់​បាន​ធ្វើ​ ដែល​ប្រទេស​ទាំង​នេះ​អាច​កំពុង​តែ​ស្វែងយល់ ឬ​ធ្វើការ​សាកល្បង​ផ្ទាល់​ទៅ​លើរូបិយប័ណ្ណ​ឌីជីថល​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain។

លោក Michael Hsieh ដែល​ជា​សមាជិក​មិន​មែន​អចិន្រ្តៃយ៍​នៅមជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Stanford បាន​សរសេរ​នៅ​ក្នុង​សារ​អាឡិចត្រូនិច​មួយ​ថា៖

«នៅ​ក្នុង​រយៈពេល​វែង យើង​ជឿ​ថា ប្រសិន​បើ​មាន​ការ​គំរាមកំហែង​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​នានា នោះ​គឺ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ដែល​បង្ក​ឲ្យ​មាន​ អំពើពុករលួយ​ថយ​ចុះ​ តម្លាភាព​ និង​សន្តិសុខ​ខ្ពស់ ដែល​នឹង​នាំ​ឲ្យ​មាន ជំនឿ​ទុកចិត្តលើ​ផ្នែក​ជំនួញ ការ​វិនិយោគ និង​ទៅ​លើ​ម្ចាស់​ភាគ​ហ៊ុន»។

លោក​បាន​បន្ត​ថា៖

«ប្រទេស​ណា ដែលនឹង​នាំ​មុខ​គេនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ច្នៃ​ប្រឌិតក្នុងវិស័យ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សតវត្សរ៍​ទី២១​នេះ​ នឹង​កេង​ចំណេញ​ពីមូលធន និង​ផលិតភាព​ពី​ប្រទេស​ណា​ ដែល​យឺតយ៉ាវ»៕

ប្រែសម្រួល​ដោយណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG