ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អាជីវករ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ទៀត ដើម្បី​ប្រឆាំង​​ការ​បណ្ដេញ​ចេញ


រូបឯកសារ៖ ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០០៦។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០០៦។ (AP/ហេង ស៊ីនិត)

ការ​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​​ម្ដង​ទៀត​របស់​ក្រុម​អាជីវករ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង ​នៅ​ខណៈ​ដែល​​ពួក​គេ​នៅ​សល់​​ពេល​មិន​ដល់​​​២​សប្ដាហ៍​​ទៀត​ប៉ុណ្ណោះ​ សម្រាប់​ការ​ត្រៀម​ខ្លួន​រុះ​រើ​សំណង់​អាជីវកម្ម​របស់​ពួក​គេ​ ដែល​អាជ្ញាធរ​ចោទ​ថា​ បាន​សង់​លើ​ដី​ចំណី​ឆ្នេរ។

ក្រុម​អាជីវករ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ នឹង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ម្ដង​ទៀត​នៅ​ក្នុង​សប្ដាហ៍​ខាងមុខ​ ដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​រដ្ឋសភា​ជាតិ និង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ អំពី​សំណើ​ដែល​ពួកគេ​សុំ​ឲ្យ​មានការ​អភិវឌ្ឍ​កន្លែង​លក់​ដូរ​របស់​ពួក​គេ​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រកាស​ថា​ អាជ្ញាធរ នឹង​អនុវត្ត​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​រុះ​រើ​សំណង់​អាជីវកម្ម​របស់​ក្រុម​អាជីវករ​ដូច​ការ​គ្រោង​ទុក។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​តំណាងក្រុម​អាជីវករ។

ការ​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញម្ដង​ទៀត​របស់​ក្រុម​អាជីវករ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង ​នៅ​ខណៈ​ដែលពួក​គេ​នៅ​សល់ពេល​មិន​ដល់​២​សប្ដាហ៍ទៀត​ប៉ុណ្ណោះ​ សម្រាប់​ការ​ត្រៀម​ខ្លួន​រុះ​រើ​សំណង់​អាជីវកម្ម​របស់​ពួក​គេ​ ដែល​អាជ្ញាធរ​ចោទ​ថា​ បាន​សង់​លើ​ដី​ចំណី​ឆ្នេរ។

លោក​ ឯក​ វិធាន​ តំណាង​អាជីវករ​នៅ​ក្នុង​តំបន់​ឆ្នេរ​អូ​ត្រេះ​ បាន​មានប្រសាសន៍​ថា​ ក្រុម​អាជីវករ​សម្រេចមក​រាជធានី​ភ្នំ​ពេញ​ម្ដង​ទៀត​ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ កាលពី​ថ្ងៃ​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ បាន​ចុះ​ទៅ​ប្រាប់​ក្រុម​អាជីវករ​ជា​សាធារណៈ​ថា​ អាជ្ញាធរ​ខេត្ត ​នឹង​ចុះ​រុះរើ​តូប​របស់​ក្រុម​អាជីវករ​ ដែល​មិន​ព្រម​រុះ​រើ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​ក្នុង​ពេល​ជួប​ជុំ​ជាមួយ​អាជីវករ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ មិន​បាន​ឲ្យ​ដឹង​ថា​ អាជីវករ ​អាច​រក្សា​សំណង់​អាជីវកម្ម​របស់​គេ​ ដើម្បី​បន្ត​ការ​លក់​ដូរ​ទៀត​នោះ​ទេ។

«គេ​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ ដឹង​ឮ​ថា​ គេ​បាន​ផ្សព្វផ្សាយ​ ដល់​ពលរដ្ឋ​អស់​ហើយ​ ជា​សាធារណៈ​ សន្និសីទ​អញ្ចឹង​ គឺថា​គ្មាន​ផល​វិជ្ជមាន​សម្រាប់​ពួកអាជីវករ​ទេ​គឺ​គេ​ត្រូវ​តែ​អនុវត្តន៍​តាម​ច្បាប់»។

លោក​ ឯក​ វិធាន បាន​ឲ្យដឹង​បន្ថែម​ថា​ អាជ្ញាធរ​ខេត្ត​ ទំនង​ជា​មាន​ចេតនា​ចង់​យក​តំបន់​ឆ្នេរ​នេះ​ ទៅ​ឲ្យ​ភាគី​ឯកជន​ណាមួយ​ដើម្បី​គ្រប់​គ្រង។​

លោក​ អះ​អាង​ថា​ ក្រុម​អាជីវករ​មិន​អាច​ទទួល​យក​ការណ៍​នេះ​ បាន​ទេ​ ព្រោះ​ក្រុម​អាជីវករ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឲ្យ​មក​លេង​ខេត្ត​ព្រះសីហនុ។

«គម្រោង​ថា​ គេ​មាន​អ្នក​គ្រប់​គ្រង​ អញ្ចឹង​បាន​ន័យ​ថា​ បើ​មិន​រដ្ឋ​គឺ​ឯក​ជន។​ អញ្ចឹង​ភាសា​ហ្នឹង​ បាន​ន័យ​ថា​ រដ្ឋ​យក​ឆ្នេរ​នេះ​របស់​យើង ពី​អាជីវករ​ទៅ​ឲ្យ​ ក្រុមហ៊ុន​ណាមួយ​ ឬ​រដ្ឋ​ជា​អ្នក​ធ្វើ​ប្លង់​មេ​ ហើយ​លក់​ជួល​ ឬ​ក៏​លក់​ ឬក៏​ជួល​ ឲ្យ​អាជីវករ​វិញ។​ អា​នេះ​វា​តាម​ដែល​ខ្ញុំ​គិត​ទេ​ណា៎​ពីព្រោះ​គាត់​ គាត់​ថា​ សម្រាប់​ឲ្យ​អ្នក​មាន​អ្នក​គ្រប់​គ្រង​តំបន់​ឆ្នេរ»។

យោង​ទៅ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្ត​ព្រះសីហនុ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​ខេត្ត យន្ត​ មីន​ នៅ​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​ ស្នើ​ឲ្យ​អាជីវករ​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ នៅ​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើ​ទាល​ (ទល់មុខ​ដី​ក្រុមហ៊ុន​ សុខា​ អូតែល​ អតីត​ដី​អារីស្តុន)​ និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួកគេ​ចេញ​ពី​ដី​ចំណី​ឆ្នេរ​នៅ​ក្នុង​តំបន់​ទាំង​បីនេះ ក្នុង​រយៈពេល​មួយ​ខែ ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​១៣ ​ខែ​មីនា​ ឆ្នាំ​២០១៦។

​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ បាន​បញ្ជាក់​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា បើ​សិន​ជា​ផុត​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​រុះរើ ហើយ​អាជីវករ​មិនព្រម​រុះរើ​ទៀត​នោះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ​ចុះ​រុះរើ​ ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ទេ។

លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ថ្លែងប្រាប់​VOAថា​ អាជ្ញាធរ ខេត្ត​បាន​បញ្ជូន​សំណើ​របស់​ក្រុម​អាជីវករ មក​កាន់​រដ្ឋបាល​ថ្នាក់​ជាតិ​សម្រាប់​ការ​ពិចារណា​ហើយ។

លោក​បន្ថែម​ថា​ លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ​ ពី​រដ្ឋបាល​ថ្នាក់​ជាតិ។

លោក យន្ត​ មីន​ ​បញ្ជាក់​ថា​ ​ពុំ​មាន​ផែនការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ណាមួយ​មក​វិនិយោគ​លើ​តំបន់​ឆ្នេរ​ទាំង​បី​ទីតាំង​នេះ​ទេ​ ហើយ​ក៏​មិន​មាន​គោល​ការណ៍​សង់​តូប​សម្រាប់​ជួល​ទៅ​ឲ្យ​អាជីវករ​ដែរ។

«ការ​អភិវឌ្ឍ​ហ្នឹង គឺ​វា​អភិវឌ្ឍន៍​ហើយ។​ ប៉ុន្តែ​មិនមែន​ អភិវឌ្ឍន៍​ទៅ​ជា​កន្លែង​លក់​ដូរ​ ឬក៏​សួន​ច្បារ​ដូច​អី​អញ្ចឹង​ទៅ​ណា៎។​ អត់​មាន​អាច​ឲ្យ​គាត់​នៅ​លក់​ដូរ​អញ្ចឹង»។

តំណាងអាជីវករ​ផ្សេង​ទៀត​ ធ្លាប់​បាន​ឲ្យVOA​ ដឹង​ថា​ ​ទីតាំង​ដែល​ត្រូវ​អាជ្ញាធរ​ឲ្យ​រុះរើ​នេះ​ គឺ​ជា​ទីតាំង​ ដែល​ធ្លាប់​រង​ការ​ឈូស​ឆាយ​ បង្ក​ឲ្យ​មាន​ខូចខាត​ជាច្រើន​ពី​ខាង​ក្រុមហ៊ុន​ សុខា ​អូតែល​ កាល​ពី​ឆ្នាំ​២០០៦។​ ទំហំ​នៃ​ការ​ខូចខាត​កាល​ពី​ពេល​នោះ​ គឺ​មាន​ចាប់​ពី​ ១០០០០​ដុល្លារ​អាមេរិក​ រហូត​ដល់​ជិត​១០០០០០​ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​អាជីវករ​ម្នាក់ៗ។

ក្រសួង​មហា​ផ្ទៃ​ បាន​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​អាជីវករទទួល​យក​ប្រាក់​សំណង​៣៥០០​ដុល្លារ​អាមេរិក​ តែ​ពួកគេ​មួយ​ចំនួន​ បាន​បដិសេធ​សំណង​នេះ។ ​

លោក​ ជា ប៉ូច​ ជាអ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ និង​ជា​សមាជិក​នៃ​ គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្ដឹង​នៃ​សភាជាតិ ថ្លែង​ថា​ លោក​ និង​ អ្នក​តំណាងរាស្ត្រ​មកពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ គឺ​លោក​ស្រី​ ឡោក​ ខេង​ កំពុង​ព្យាយាម​ទាក់​ទង​មន្ត្រី​ខេត្ត​ព្រះ​សីហនុ ដើម្បី​រក​ពេល​ជួប​ពិភាក្សា​លើ​សំណើ​របស់​ក្រុម​អាជីវករ​ដែលចង់​បាន​ការ​អភិវឌ្ឍន៍​នៅនឹងកន្លែង។​

«ខ្ញុំ​កំពុង​ ជាមួយ​លោក​ជំទាវ​ ឡោក​ ខេង​ កំពុង​ទាក់​ទង​អាជ្ញាធរ​សិន​ណ៎ា។​ ខ្ញុំ​អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​ទៀត​ ដោយសារ​ ជួប​អាជ្ញាធរ​សិន​ បាន​ខ្ញុំ​អាច​និយាយ​បាន។​ ដឹង​ហើយ​ណ៎ា»។

ក្រុម​អាជីវករ​ប្រមាណ​ជា​១០០​នាក់​ បា​ន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ ខែ​កុម្ភៈ​ ហើយ​បាន​ស្នើ​សុំ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ រដ្ឋសភា​ជាតិ​ និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ អភិវឌ្ឍន៍​តូប​លក់​ដូរ​របស់​ខ្លួន​នៅ​ទីតាំងទាំង​បី​នោះ។

មួយថ្ងៃ​ក្រោយ​ម​ក គឺ​ថ្ងៃសុក្រទី​ ១៩​ ខែ​កុម្ភៈ​ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​ អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ បាន​ផ្ដល់​ការ​យល់​ព្រម​លើ​ផែន​ការ​រៀបចំ​ឆ្នេរ​ និង​វិធានការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ចុះ​រុះរើ​សំណង់​អាជីវកម្ម​របស់​អាជីវករ​ទាំង​នោះ​ ដោយ​បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​របស់​ក្រុម​អាជីវករ។​ នេះ​បើ​យោងតាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​រៀបចំ​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់។

អាជ្ញាធរ អះអាង​ថា គណៈកម្មាធិការជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​សាលាខេត្ត​ព្រះសីហនុ​ គ្រោង​រៀប​ចំ​កែលំអ​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់​គ្រង​ និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG