ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​​អនុញ្ញាត​ឲ្យ​ផ្តល់សំណង​សមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី


នៅ​លើជញ្ជាំង​ក្នុងបន្ទប់​ធ្វើ​ទារុណ​កម្ម​ជ្រមុជ​ទឹកនៅ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែងនេះគឺ​រូបគំនូរ​របស់លោក​វ៉ាន់ ណាត​រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​របស់​​ខ្មែរ​ក្រហម​នេះ។​
នៅ​លើជញ្ជាំង​ក្នុងបន្ទប់​ធ្វើ​ទារុណ​កម្ម​ជ្រមុជ​ទឹកនៅ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែងនេះគឺ​រូបគំនូរ​របស់លោក​វ៉ាន់ ណាត​រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​របស់​​ខ្មែរ​ក្រហម​នេះ។​
រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ផ្តល់​សំណង​សមូហភាព​មួយចំនួន​ដល់​ជន​រងគ្រោះ​ ដែល​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​នៃ​សាលាក្តី​ខ្មែរក្រហម។​ លោក ​សុខ ខេមរា ​នៃ​វីអូអេ​រាយ​ការណ៍​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​កើត​ឡើង​ក្រោយ​ពេល​ក្រុម​មេធាវី​បានធ្វើ​សំណើ​ទៅលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។​

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ស្រប​នឹង​សំណើ​របស់​មេធាវី​នៃ​សំណុំ​រឿង​ខ្មែរ ក្រហម​០០២​ ក្នុង​ការ​ផ្តល់​សំណង​សមូហភាព​មួយ​ចំនួន​ដល់​ដើម​បណ្តឹង​ រដ្ឋប្បវេណី​ ហើយ​សន្យា​ថា ​នឹងចាត់​វិធាន​ការណ៍​ច្បាប់​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ សំណង​នេះ។​

ក្រុម​មេធាវី​នាំមុខ​ទាំងពីរ​គឺលោក​ពេជ អង្គ​ ភាគី​កម្ពុជា ​និង​លោកស្រី​ អេលីហ្សា ប៊ែត​ ស៊ីម៉នណូ ​ហ្វត​ (Elizabeth​ SIMMONNEAU​ Fort) ​ភាគី​អន្តរជាតិ​បាន​ស្នើ​សុំ ជា​ផ្លូវការ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​មាន​ការ​កំណត់​ថ្ងៃ២០​ឧសភា​ជា ទិវាជាតិ​នៃ​ការ​ចងចាំ​ ការ​អភិរក្ស​ទីតាំង​ឧក្រិដ្ឋ​កម្ម​ជាច្រើន​ ការ​កសាង​បូជនីយ ដ្ឋាន​ បណ្ណាល័យ ​សារមន្ទីរ​តាំង​ពិព័រណ៍ ​ហើយ​នឹង​ការ​បញ្ចូល​ជាផ្លូវ​នូវ​ឯកសារ ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​ក្នុង​កម្ម​វិធី​សិក្សា​ថ្នាក់ទី​៧​ដល់​ថ្នាក់​ទី១២​និង​នៅ​ថ្នាក់ មូលដ្នាន​នៃ​ឧត្តម​សិក្សា​ផង​ដែរ។​ នេះ​ជា​លិខិត​ស្នើ​សុំ​របស់​ក្រុម​មេធាវី​ទាំងពីរ​ និង​ឯកសារ​យោង​ ចុះថ្ងៃ​ទី៧​ មិនា​ដែល​វីអូអេ​ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​ តុលាការ​ខ្មែរក្រហម។​

ជា​ការ​ឆ្លើយតប​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យល់ព្រម​កាលពី​ថ្ងៃ​២៨​ ឧសភា​ ហើយ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​ កាលពី​ថ្ងៃ​១១​ មិថុនា​ឆ្នាំ​២០១៣​ បាន​ចេញ​សេចក្តី​សម្រេច​ស.ជ.ណ.​មួយ​ដោយ​យោង​ទៅលើ​សំណើ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​សំណើ​របស់​ក្រុម​មេធាវី​នាំមុខ​ និង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ថា៖ ​«សេចក្តី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​ និង​យោង​ខាងលើ​ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ជម្រាប​ជូន​លោក​ លោកស្រីសហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​ជ្រាប​ថា​ រាជ​រដ្ឋាភិបាល​បាន​ឯកភាព​ផ្តល់ការ​អនុញ្ញាត​ជា​គោល​ការណ៍​តាម​ការ​ស្នើ​សុំ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​ជន​រងគ្រោះ»។​

សេចក្តី​សម្រេច​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ហ៊ីង ថូរ៉ាក់ស៊ី ​ជា​រដ្ឋ​លេខាធិការ​ បាន​បញ្ជាក់​លម្អិតពី​សំណើ​នេះ។​ សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ថា៖ ​«សម្រាប់​គម្រោង​សំណង ​និង​វិធានការ​ទាំងនេះ​ រាជ​រដ្ឋាភិបាល​នឹង​ចេញ​អនុក្រិត្យ សារាចរ​ណែនាំ​ឬសេចក្តី​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ យោង​ទៅ​តាម​កម្មវត្ថុ​នីមួយៗ​ ជាពិសេស​ក្រសួង​អប់រំ ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ក្រសួង​ទេសចរណ៍​និង​អាជ្ញាធរ​ដែនដី​ ខណ្ឌ ​ស្រុក​ រាជធានី​ ខេត្ត ក្រុង»។​

លោកស្រី ​នូស្ស៊ីន សាការាទី​(Nushin Sarkarati ) ​មន្ត្រី​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​របស់​ស.រ.អា. Center for Justice and Accountability​ ដែល​បាន គាំទ្រ​ដល់​ជនរងគ្រោះ​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ជន​ជាប់ចោទ​ក្នុង​សាលាក្តី​ បាន​បង្ហាញ​ការ​សាទរ​តិចតួច​ ដោយ​និយាយ​ថា​ សំណង​សមរម្យ​សម្រាប់​ជន​រងគ្រោះ​ដែល ចូល​រួម​ក្នុង​ការ​កាត់ក្តី​នេះ​គួរ​តែ​ជារង្វាន់​ដែល​ជួយ​ផ្សះផ្សារ​ការ​ខូចខាត​ដែល​ ពួក​គេ​បាន​ទ្រាំទ្រ​ចេញពី​ពី​បទ​ឧក្រិដ្ឋ​ដែល​កំពុង​កាត់ទោស។​

អ្នកស្រី​និយាយ​ថា៖ ​«ដូច្នេះ​តុលាការ​ត្រូវ​តែ​ពិចារណា​អ្វីទៅ​ជា​ការ​ខូចខាត​ដែល​ជន​រង​គ្រោះនៃ​ការ​បណ្តេញចេញ​បាន​ទ្រាំទ្រ?​ តើ​ការ​ខូចខាត​នេះ​បន្ត​យ៉ាងដូច​ម្តេច​ បច្ចុប្បន្ន​នេះ? ​សំណង​សមរម្យ​គឺអាច​ដោះស្រាយ​សំណួរ​ទាំងនេះ​ ហើយ​ផ្តល់​នូវ​វិធាន​ការណ៍​ដោះស្រាយ​យុត្តិធម៌​តាម​រយៈ​សំណង​ចំពោះ​ជន​រងគ្រោះ។​ ឧទាហរណ៍​ថា ​មាន​ជន​រង​គ្រោះ​ច្រើន​រងគ្រោះ​ពីការ​ឈឺចាប់​ផ្នែក​រាងកាយ​និង​ផ្លូវ​ចិត្ត​ចេញ​ពី​ឧក្រិដ្ឋកម្ម​ទាំង​នោះ។​ សំណង​គ្រប់គ្រាន់​គឺ​ការ​ផ្តល់​សេវា​កម្ម​ថែទាំ​សុខភាព​ និង​សុខភាព​ផ្លូវចិត្ត​ដើម្បី​ដោះ​ស្រាយការ​ខូចខាត​ដែល​កំពុង​បន្ត​កើត​មាន​ទាំងនេះ»។​

លោកស្រី​សាការាទី​បាន​អះអាង​ដែរ​ថា​ ការ​ចងក្រង​ឯកសារ​ប្រវត្តិ​សាស្ត្រ​អំពី​ ឧក្រិដ្ឋ​កម្ម​សម្រាប់​ការ​អប់រំ​ និង​ការ​រំឭក​ ចងចាំ​ស្តីពី​ឧក្រិដ្ឋ​កម្ម​នានា​ ជា​សំណង​ ដែល​ជន​រងគ្រោះ​បាន​លើក​ឡើង​ក្នុង​តុលាការ​នេះ​ ហើយ​ការ​ផ្តល់​សំណង​ទាំង​ នេះ​អាច​ជា​ការ​ដោះស្រាយ​ភាព​ចាំ​បាច់។​

លោក​អៀ សុផល ​ជន​រងគ្រោះ​និង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​ចំណោម​ ៣៨៦៦​នាក់​ បាន​អះអាង​ថា ​កាលពី​ឆ្នាំ​២០០៨ ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី។​ លោក​បាន​បង្ហាញការ​សាទរ​ដោយ​ប្រយ័ត្ន​ប្រយែង​ ដោយ​សារ​ថា ​បញ្ហា​លម្អិត​និង​ភាព​ជាក់លាក់​ស្ថិត​នៅ​ក្នុងការ​លាក់​កំបាំង​នៅ​ឡើយ។​ លោក​អះអាង​ថា ​គេ​ក៏​មិន​ដឹង​ថា ​តើ​គេ​ពិពណ៌នា​យ៉ាងណា​អំពី​ពេល​វេលា​ដ៏​ច្របូក​ច្របល់​ក្នុង​ឯកសារ​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្មវិធី​សិក្សា​ក្នុង​សាលា​នោះ។​

លោក​និយាយ​ថា៖ ​«ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ថា ​ប្រសិន​បើ​អង្គការ​ ដូចជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​បាន​ពិនិត្យ​មើល​រឿង​នេះ ​ហើយបាន​យល់ព្រម ​ពេល​នោះ​ខ្ញុំ​ទំនង​ជា​យល់ព្រម​ដែរ​ថា ​យ៉ាង​ហោច​ណាស់​ រឿងនេះ​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​ឯករាជ្យ។​ ចំពោះ​ថ្ងៃ​២០ ​ឧសភា​មិនមាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ថា​ ល្អ​ ឬ​អាក្រក់​ទេ។​ ​យើង​ដឹង​ហើយ​ថា ​កាល​បរិច្ឆេទ​នេះ​ក្នុង​ប្រទេស​កម្ពុជា​មាន​អត្តន័យ​សំខាន់​ច្រើន​ណាស់​ក្នុង​នយោបាយ​កម្ពុជា​ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ថ្ងៃ​ណា​ក៏បាន​ ដែលគេ​រើសនោះ​មិន​ត្រូវ​គេ​បង្វែរ​ទៅជា​រឿង​នយោបាយ​ ទៅជា​ព្រឹត្តិ​ការណ៍​នយោបាយ​សម្រាប់​បំពេញ​គោល​បំណង​អាជ្ញាធរ​ ឬ​គណបក្ស​កាន់​អំណាច​ទេ។​ ជារឿង​សំខាន់ ​ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​សម្រាប់​ជន​រងគ្រោះ​ មិន​មែន​ជា​ថ្ងៃ​សម្រាប់​គោល​បំណង​នយោបាយ»។​

គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ប្រារព្ធ​ថ្ងៃ២០​ឧសភា​នេះ​ជា​ថ្ងៃ​ចង​កំហឹង​នឹង​របប​ ខ្មែរក្រហម​ជារៀង​រាល់ឆ្នាំ​ ហើយ​នឹង​ថ្ងៃ​៧មករា​ ជាថ្ងៃ​ដែល​វៀតណាម​ចូលឈ្លាន​ពាន ​លុកលុយ​ប្រទេស​កម្ពុជា​ឆ្នាំ១៩៧៩​ដើម្បី​បណ្តេញ​ពួក​ខ្មែរក្រហម​នោះ​ផង​ដែរ​ថា​ ជា​ថ្ងៃ​សំខាន់។ ​តែ​ក្រុម​គណបក្ស​ជំទាស់​និង​អ្នក​រិះគន់​មិន​បាន​ទទួល​ស្គាល់​ ​ហើយ​កំពុង​ស្ថិត​នៅ​ជាថ្ងៃ​ដែល​ចម្រូង​ចម្រាស់។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​អៀ សុផល​ ដែលជា​អ្នក​និពន្ធ​សៀវភៅ​«តើ​ការ​ ពឹង​ផ្អែក​ជំនួយ​បរទេស​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រជាធិបតេយ្យ​កម្ពុជា​យ៉ាង​ដូច​ម្តេច​ (How ​Aid ​Dependence ​Undermines ​Cambodian ​Democracy)​ បាន​បន្ថែម​សេចក្តី​ថា ​ការ​អភិរក្ស​ទីតាំង​ឧក្រិដ្ឋ​កម្ម​ជារឿង​ល្អ​ជាជាង​ការ​យក​ទីនោះ​ទៅ​ឲ្យ​ឯក ជន​កាន់​កាប់។​ លោក​ក៏​បានបញ្ជាក់​ដែរ​ថា​ ជា​រឿង​ពិបាក​សម្រាប់​លោក​ក្នុង​ការ​ ទាមទារ​សំណង​ដោយសារ​ការ​បាត់បង់​មាន​ទំហំ​ធំពេក​សម្រាប់​ក្រុម​គ្រួសារ​ជា​ច្រើន​ រួម​ទាំង​ឳពុក​និង​ប្អូន​ប្រុស​របស់​លោក។ ​តែអ្វី​ដែល​លោក​ចង់​បាន​ពី​តុលាការ​គឺ​យុត្តិធម៌ ​ស្អាតស្អំ​ ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​និង​អំពើ​ពុករលួយ។​

ជន​រងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ទៀត​គឺ​លោក​ស៊ុំ ​ឫទ្ធី​បាន​អះអាង​ថា ​អ្វី​ ដែល​រដ្ឋាភិបាលអាច​ផ្តល់​ជា​សំណង​ ប្រសិន​បើមាន​មែន​ វា​ជា​ការ​ជួយ​ដោះ ស្រាយ​មួយ​ផ្នែក​ដល់​ជន​រងគ្រោះ។​

លោក​និយាយ​ថា៖​«ព្រោះទោះបី​ជាសង​ប៉ុន្មាន​ក៏វា​មិន​អាច​ទប់ទល់​នឹង​ការ​បាត់បង់​បាន​ដែរ។​ តែ​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ជន​រងគ្រោះ»។​

ក្រៅពី​ទាមទារ​ឲ្យ​តុលាការ​គិត​គូរ​ពី​សំណង​ផ្សេងៗ​ទៀត​ដល់ជន​រងគ្រោះ​ លោក​ ថ្លែង​ថា​ ចាំបាច់​ក៏ត្រូវ​មាន​លិខិត​បញ្ជាក់​ថា ​អ្នក​ជាប់គុក​សម័យ​ខ្មែរក្រហម​គឺ​ជាប់​ដោយ​គ្មាន​ទោស​កំហុស​ ហើយ​នេះ​ក៏​ជាការ​លើក​ទឹកចិត្ត​មួយ​ដែរ។ លោក​អះអាង​ថា​ លោក​ចង់​បង្ហាញ​ពិភព​លោក​ថា​ រឿង​ការ​ឃុំខ្លួន​និង​ការ​កាប់​សម្លាប់​មនុស្ស​មិន​គួរ​កើត​មាន​ទៀត​ទេ។​

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​កំពុង​កាត់ទោស​មេ​ដឹកនាំ​ខ្មែរ ក្រហម​កំពូល​ពីរ​នាក់​ គឺនួន ជា ​បងធំ​ទី២​ និង​ខៀវ សំផន​ ប្រមុខរដ្ឋ​របបខ្មែរ​ក្រហម​ ពីបទ​ឧក្រិដ្ឋ​កម្ម​ជាច្រើន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។​

តុលាការ​នឹង​សម្រេច​ផ្តល់​សំណង ​ឬមិនផ្តល់​ពេល​បញ្ចប់​ការ​កាត់ទោស។​ ជន​ជាប់​ចោទ​អាច​ត្រូវ​គេ​បង្គាប់​បញ្ជាឲ្យ​ផ្តល់​សំណង​ឬ​មិន​សង។ ជាមួយគ្នាដែរ​រដ្ឋាភិបាល​អាច​សម្រេច​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​តាម​លទ្ធភាព​ និង​គោល​ការណ៍​ជាមុន ​ដើម្បីបញ្ចៀស​ឧបសគ្គ​ពេល​តុលាកា​រចេញមាន​សាលក្រម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG