ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សេដ្ឋកិច្ច​ថា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​មិន​អាច​ទៅ​រួច


កម្ពុជា​ ឡាវ​ និង​ភូមា​ត្រូវបាន​ចាត់​ទុកថា ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​ ហើយ​កែ​ទម្រង់​ជា​ច្រើន​ទៀត​ដើម្បី​អាច​ពន្លឿន​សមត្ថភាព​ឲ្យ​ដើរ​ទាន់​ប្រទេស​ដទៃ។
គម្រោង​បង្កើត​សហគមន៍​សេដ្ឋកិច្ចរួម​នៅ​ឆ្នាំ​២០១៥​របស់​បណ្តា​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ​ទំនង​មិន​អាច​ចាប់​ផ្តើម​ដូច​ការ​គ្រោង​ទុក​បាន​ទេ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់មន្ត្រី​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​នៅ​ថ្ងៃ​ពុធ​នេះ។ មូលហេតុ​ដោយសារ​តែ​គម្លាត​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក។

លោក ចាយាន​ មេនុន (Jayant Menon) មន្ត្រី​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្តី​ពី​សមាគមសេដ្ឋកិច្ច​អាស៊ាន «ស្តី​ពី​ការងារដែល​កំពុង​ធ្វើ» បានថ្លែង​ក្នុង​សន្និសីទ​កាសែតក្នុង​ទី​ក្រុង​ភ្នំពេញ​ថា សមាហរណកម្ម​តំបន់​អាស៊ី​អាគេ្នយ៍​ទំនង​អាច​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០២៥។

«គ្មាន​ប្រទេស​ណា​មួយ​នឹង​អាច​គោរព​តាមគម្រោង​ឆ្នាំ​២០១៥​បាន​ទេ។ មិន​មែន​មាន​តែ​កម្ពុជា​នោះ​ទេ។ អ្នក​ទាំង​អស់​គ្នា​ហ្នឹង។ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ជា​គម្រោង​មួយ​ដែល​ធំ។ ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​ឆ្នាំ​២០២៥​ដែរ។ ប្រទេស​ទាំងអស់ត្រូវ​ពន្លឿន​កំណែ​ទម្រង់​របស់​ខ្លួន»។

លោក​ ​ចាយាន​ មេនុន (Jayant Menon) ចាត់​ទុក​ថា គម្រោង​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រទេស​កម្ពុជា វៀតណាម ឡាវ ភូមា ថៃ សិង្ហបុរី ហ្វ៊ីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូណេស៊ី ឲ្យ​ទៅ​ជា​សហគមន៍​សេដ្ឋកិច្ច​តែមួយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ទាម​ទារ​ឲ្យ​ប្រទេស​ទាំង​អស់​ចូលរួម​និង​កំណែ​ទម្រង់​ស្រប​គ្នា។

សៀវភៅ​ស្តី​ពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន «ស្តី​ពី​ការ​ដែល​កំពុង​ធ្វើ» បាន​ឲ្យ​ដឹង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​មិន​ទាន់​បាន​ត្រៀម​ខ្លួន​និង​មិន​ទាន់​បាន​បង្ហាញ​ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​គោរព​តាម​កាល​កំណត់​នៅ​ឆ្នាំ​២០១៥​នៅ​ឡើយ។ សៀវភៅ​កម្រាស​ជាង​៥០០​ទំព័រ​ដែល​សិក្សា​លម្អិត​ថា​ភាព​យឺត​យ៉ាវ​ដើម្បី​សម្រេច​ឲ្យ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ានបណ្តាល​មក​ពី​ភាព​រីក​ចម្រីន​មិន​ស្នើរ​ភាព​គ្នា​របស់​ប្រទេស​ក្នុង​តំបន់។​

កម្ពុជា​ ឡាវ​ និង​ភូមា​ត្រូវបាន​ចាត់​ទុកថា ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​ ហើយ​កែ​ទម្រង់​ជា​ច្រើន​ទៀត​ដើម្បី​អាច​ពន្លឿន​សមត្ថភាព​ឲ្យ​ដើរ​ទាន់​ប្រទេស​ដទៃ។ សម្រាប់​ប្រទេសទាំង​បី បញ្ហា​ធំៗ​ដែល​ត្រូវ​ដោះស្រាយ​ជា​អទិភាព​មាន​ដូច​ជា​អំពើ​ពុក​រលួយ​ កំ​ណែទម្រង់​ប្រព័ន្ធ​ពន្ធគយ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាដើម​។

លោក ប៉ាន​ សួរស័ក្ត រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ​ដែរ​ដោយ​ទទួល​ស្គាល់​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​តិច​នៅ​ឡើយ។​

«យើង​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន។ ប៉ុន្តែ​មាន​កិច្ចការ​មួយ​ចំនួន​ដែល​ប្រទេស​យើង​នៅ​កង្វះ​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ធនធាន​មនុស្ស​សម្រាប់​សមាហរណ​កម្ម​អាស៊ាន​នេះ។ ចំពោះ​ខ្ញុំ ឃើញ​មាន​ការអភិវឌ្ឍ​ច្រើន​សាធារណៈ​ជន ​និង​ស្ថាប័ន​បាន​ខិត​ខំប្រឹង​ប្រែង​។»

លោក​ឈាង​ វណ្ណារិទ្ធិ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ថ្លែង​ថា​យ៉ាង​ហោច​ណាស់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ដូចជា​កម្ពុជា​ ឡាវ​ និងភូមា​ត្រូវ​ការ​ពេល​វេលា​យ៉ាង​តិច​ពីបី​ទៅ​បួន​ឆ្នាំ​ទៀត​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ដ​ទៃ​ទៀត៕
XS
SM
MD
LG