ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ផ្តោត​លើ​«អនាគត»​របស់​សាកល​លោក


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា ថ្លែងនៅក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា ថ្លែងនៅក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ សុខ ចិន្តាសោភា ​បាន​ចូល​រួម​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​លើក​ទី ​៧៩ ​ក្រោម​មូលបទ ​«ការ​មិន​ទុក​នរណា​ម្នាក់​ចោល»​ និង​កិច្ច​ប្រជុំ​កំពូល​ស្តីពី ​«អនាគត» ​នៅ​ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២២ ​ដល់​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា​ ឆ្នាំ ​២០២៤។​

កិច្ច​ប្រជុំ​កំពូល​ស្តីពី ​«អនាគត» ​នឹង​បើក​ផ្លូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប.)​ ធ្វើ​ការ​រួមគ្នា​ដើម្បី​លើក​ស្ទួយ​សន្តិ​ភាព ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស ​ជាតិ​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន ​និង​ទៅ​ថ្ងៃ​អនាគត។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ថ្លែង​ថា​ ការ​ចូល​រួម​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បទេស​ លោក​ សុខ ចិន្តាសោភា​ ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​និង​កិច្ច​ប្រជុំ​កំពូល​ផ្សេង​ទៀត ​នៅ​ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក​ គឺ​ជា​នយោបាយ​ការទូត​របស់​ប្រទេសជា​សមាជិក។​

បើ​តាម​លោក ​ឯម សុវណ្ណារ៉ា ​បើសិន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា ​ដឹកនាំ​កិច្ច​ការ​ងារ​នេះ​បាន​ល្អ ​នោះ​វា​នឹង​ជួយ​ពង្រីក​សកម្ម​ភាព​ និង​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«សហគមន៍​អន្តរជាតិ ​ឬ​មតិ​អន្តរ​ជាតិ ​គេ​អាច​អង្កេត​តាម​ដាន​មើល​អំពី​ខ្លឹម​សារ​ឬ​ជំហរ​នៃ​ការ​ថ្លែង​របស់​គាត់​នៅ​ក្នុង​វេទិការ​អន្តរជាតិ​ហ្នឹង​ដែរ»។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​«អនាគត» ​លោក ​សុខ ចិន្តាសោភា ​ឧបនា​យក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​កញ្ញា​ បាន​ថ្លែង​សុន្ទរក​ថា ​នូវ​គន្លឹះ​ចំនួន ​៥ ​ចំណុច​ ដែល​រួម​មាន៖ ​ទី ១​ ភាព​កាន់​តែ​ផុយ​ស្រួយ​នៃ​សន្តិភាព ​និង​សន្តិសុខ​អន្តរ​ជាតិ។ ​ទី ២​ តម្រូវ​ការ​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​ទី ៣​ ដំណោះ​ស្រាយ ​និង​ហានិភ័យ​នៃ​ការ​រីក​ចម្រើន​នៃ​វិទ្យាសាស្ត្រ ​បច្ចេក​វិទ្យា​ឌីជីថល ​និង​នវានុវត្តន៍​ចំពោះ​ការ​អភិវឌ្ឍ​មនុស្ស​ជាតិ។ ​ទី ៤​ សារៈ​ សំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​ការ​អភិវឌ្ឍ ​និង​ទី ៥​ សារៈ​សំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​អភិបាល​កិច្ច​សាកល​សម្រាប់​សន្តិភាព ​ស្ថិរភាព ​និង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ ​នេះបើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។​

នៅ​ក្នុង​មហា​សន្និបាត​នោះ ​កម្ពុជា​ក៏​បាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស ​G20​ ហើយ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន-សម្ព័ន្ធ​ប៉ាស៊ីហ្វីក​លើក​ទី​ ៧​ និង​គ្រោង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ឥស្សរ​ជន​ជាន់​ខ្ពស់​របស់​បណ្តា​ប្រទេស​នានា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពីថ្ងៃ​ទី ​២៦​ ខែ​កញ្ញា កិច្ច​ប្រជុំ​ស្តីពី​ «អនាគត» ​ក្រោម​ប្រធាន​បទ ​«ដំណោះ​ស្រាយ​ពហុភាគី​សម្រាប់​ថ្ងៃ​ស្អែក​កាន់​តែ​ល្អ​ប្រសើរ» ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២២​ និង​ ២៣​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ នៅ​ទីស្នាក់​ការ​អង្គការ​សហ​ប្រជាជាតិ ​ក្នុង​ទីក្រុង​ញូវយ៉ក ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​ពហុភាគី​និយម​សម្រាប់​ការ​ថែ​រក្សា​សន្តិភាព ​និង​សន្តិសុខ​អន្តរ​ជាតិ​ និង​ការ​សម្រេច​បាន​នូវ​របៀប​វារៈ​ឆ្នាំ​ ២០២៣ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

កិច្ច​ប្រជុំ​ស្តីពី ​«អនាគត» ​បាន​ពិភាក្សា ​និង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សកម្ម​ភាព​មួយ​ចំនួន ​ដើម្បី​រក្សា​សន្តិភាព ​និង​សន្តិសុខ​សកល​លោក ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ​ភាព​ក្រីក្រ ​វិសម​ភាព ​និង​ធានា​ថា​ ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​នឹង​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព ​និង​ការ​អភិវឌ្ឍ​មនុស្ស​ជាតិ។​

លោក​ វណ្ណ ប៊ុនណា ​ប្រធាន​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ប្រាប់​វីអូអេ​ថា ​នៅ​ពេល​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ក្នុង​ចូលរួម​កិច្ច​ប្រជុំ​ស្តីពី ​«អនាគត» ​និង​កិច្ច​ប្រជុំ​ «G20» ​គឺ​ជា​ឱកាស​សម្រាប់​កម្ពុជា​ដើម្បី​បង្ហាញ​មុខ​មាត់​របស់​ខ្លួន ​ជាពិសេស​ការ​ភ្ជាប់​ និង​ការ​បង្កើត​ចំណង​ការ​ទូត​ជាមួយ​ប្រទេស​ដទៃ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ទាក់ទង​វត្តមាន​របស់​កម្ពុជា​ វា​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​វឌ្ឍន​ភាព​ ឬ​ក៏​តួ​អង្គ​បង្ហាញ​ពី​ភាព​សកម្ម​ ជាពិសេស​នៅ​ក្រោយ​ពេល​ដែល​កម្ពុជា​បង្ហាញ​អំពី​ការ​មិន​គាំទ្រ​លើ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហ្នឹង ​[ដែល]​បាន​ធ្វើ​ឱ្យ​កម្ពុជា​បង្ហាញ​អំពី​ យុទ្ធ​សាស្ត្រ​ការទូត​បែប​បទ​បែន ​ដែល​ជា​ផ្នែក​មួយ​ដែល​សំខាន់​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​តួអង្គ​មួយ​សំខាន់​ដែល​លែង​នៅ​ក្រោម​រណប​របស់​ពី​ណា ​ឬ​ប្រទេស​ណា​មួយ ​ដូចការ​ដែល​គេ​ធ្លាប់​គិត​កន្លង​ទៅ​ទេ»។​

បើ​តាម​លោក​ វណ្ណ ប៊ុនណា ​ការណ៍​ដែល​កម្ពុជា​ចាត់​រដ្ឋ​មន្ត្រី​ការ​បរទេស​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ ក្នុង​នាម​តំណាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ គឺ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ​ដោយ​សារ​ការ​ប្រជុំ​នោះ​ផ្តោត​ត្រឹម​កម្រិត​រដ្ឋ​មន្ត្រី។

លោក​បន្ថែម​ថា៖​ «ទាក់ទង​រដ្ឋមន្ត្រី​ការ​បរទេស ​ចូល​រួម​ជំនួស​ អាហ្នឹង​វាជា​រឿង​ធម្មតា​ក្នុង​វិស័យ​ការទូត។ ​ហើយ​មែន​ទែន​ទៅ​ បើ​សិន​ជា​យើង​មើល​ទាក់ទង​នឹង​កិច្ច​ប្រជុំ​ហ្នឹង​ក៏​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​ឋានៈ​អ្នក​ចូលរួម​ជា​កម្រិត​រដ្ឋ​មន្ត្រី»។​

គួរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​ ២០២២ ​កម្ពុជា​បាន​ខកខាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G20 ​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី ​និង​កិច្ច​ប្រជុំ​កំពូល​នៃ​មេ​ដឹក​នាំ​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​(AP​EC) ​នៅ​ប្រទេស​ថៃ​ ដោយ​សារ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន ​ឆ្លង​ជំងឺ​កូវីដ១៩។ ​នាពេល​នោះ ​អ្នក​នយោបាយ ​និង​អ្នក​តាម​ដាន​សង្គម​កម្ពុជា​យល់​ថា ​កម្ពុជា​បាត់បង់​ឱកាស​ដ៏​កម្រ​មួយ​ជាមួយ​ប្រទេស​មហា​អំណាច​ទាំង ​២០ ​និង​បាន​ខកខាន​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រទេស​ជឿន​លឿន​ទាំង​នោះ ​ជាពិសេស​ផ្នែក​សេដ្ឋ​កិច្ច៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG