ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទស្សនីយភាព​របាំ​សហសម័យ​ខ្មែរ​ទៅ​សម្តែង​លើក​ដំបូង​នៅ​រោង​មហោស្រព Baryshnikov Arts Center នៅ​ទី​ក្រុង​ New York​


អ្នករបាំ ជុំវ៉ាន់ សុដាជីវី (ឆ្វេង) អ្នកគ្រូ​ សំ សត្យា​ (កណ្តាល) និងអ្នករបាំ២នាក់(ស្តាំ) កំពុងហាត់សមរបាំសហសម័យ។

ក្រុម​ប្រឹក្សា​នៃ​អង្គការ​អម្រឹតា​សិល្បៈ​នឹង​នាំ​សិល្បៈ​ខ្មែរ​តាម​បែប​សហ​សម័យ​មាន​ឈ្មោះ​ថា​ “Khmeropedies I & II” ទៅ​សម្តែង​នៅ​ទី​ក្រុង New York ពី​ថ្ងៃ​ទី២៤​ទៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ ឆ្នាំ២០១០​នៅ​រោង​មហោស្រព Baryshnikov Arts Center។

អ្នកស្រី​ នុច សារីតា​មាន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ៖

ទស្សនីយភាព​របាំ​សហសម័យ​ខ្មែរ​មួយ​ទើប​បង្កើត​ថ្មី​ មាន​ឈ្មោះ​ថា​“Khmeropedies I & II” នឹង​សម្តែង​លើក​ដំបូង​នៅ​មហោស្រព​សិល្បៈ​នឹង​គំនិត​ហៅ Festival ​of ​Arts​ & Ideas នៅ​ទី​ក្រុង New​ Haven រដ្ឋ Connecticut ពី​ថ្ងៃ​ទី​១៦​មិថុនា​ដល់​ថ្ងៃ​ទី​១៩​ ដោយ​សិល្បករ​បួន​នាក់​មក​ពី​ប្រទេស​កម្ពុជា​ ហើយ​នឹង​បន្ត​ទៅ​សម្តែង​នៅ​ទី​ក្រុង New York បី​ថ្ងៃ​នៅ​រោង​មហោស្រព Baryshnikov ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ ឆ្នាំ​២០១០ ។

ក្រុម​អ្នក​សម្តែង​នៅ​ក្នុង​ទស្សនីយភាព​របាំ​សហសម័យ​ “Khmeropedies” នេះ ​ដែលជា​ក្រុម​សិល្បករ​នឹង​គ្រូ​របាំ​ក្បាច់​បូរាណ​ខ្មែរ​ នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ប្រឌិត​ញាណ​នៃ​សិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ​ ដល់​ទស្សនិកជន​អន្តរជាតិ ។

របាំ​ “Khmeropedies” ជា​របាំ​ក្បាច់​ខ្មែរ​លាយ​ក្បាច់​បស្ចិម​ប្រទេស​ ទើប​បង្កើត​ថ្មី​ដោយ​អ្នកស្រី​ អេម៉ានុយអែល ភួន ( Emmanuele Phuon) នៅ​ឆ្នាំ​២០០៧។

អ្នកស្រី​ អេម៉ានុយអែល ភួន​ជា​ជន​ជាតិ​បារាំង​កាត់​ខ្មែរ​ សព្វ​ថ្ងៃ​រស់​នៅ​នៅ​ទី​ក្រុង Brussels, ប្រទេស Belgique ។ ​ កាល​នៅ​អាយុ​៥ឆ្នាំ​ កុមារី​ អេម៉ានុយអែល​ បាន​ហាត់​រាំរបាំ​ក្បាច់​បូរាណ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ។​ ឆ្នាំ​១៩៧៥​ អេម៉ានុយអែល​បាន​ទៅ​រស់​នៅ​ទី​ក្រុង​បាងកក​ជា​មួយ​ម្តាយ​ដែល​ជា​ជន​ជាតិ​បារាំង ។​ ក្រោយ​មក​ គាត់​ក៏​ផ្លាស់​ទៅ​នៅ​ទី​ក្រុង Avignon ប្រទេស​បារាំង ។​ អ្នកស្រី​ ភួន​ បាន​សិក្សា​របាំ​បាឡេ​និង​បាន​ទទួល​បរិញ្ញាប័ត្រពី​សាលា Conservatoire​ National​ de​ Dance នៅ​ឆ្នាំ​១៩៨៦ ។​ ឆ្នាំ​១៩៨៧​ អ្នកស្រី​ ភួន​ បាន​ទៅ​ទី​ក្រុង New York សម្តែង​របាំ​បាឡេ​ជា​មួយ​ក្រុម Elisa ​Monte​ Dance​ Company នឹង​ក្រុម Baryshnikov ​White​ Oak​ Dance​ Project រហូត​ដល់​ឆ្នាំ​២០០១ ។

អ្នកស្រី​ ភួន​ ជា​អ្នក​បង្កើត​ក្បាច់​ នៅ​ក្នុង​របាំ​សហសម័យ ​“Khmeropedies” ភាគ​ទី​មួយ​នឹង​ភាគ​ទី​ពីរ ។​ អ្នកស្រី​ ភួន​ បាន​ប្រាប់​វីអូអេ​ថា​ “Khmeropedies” ជា​សិល្បៈ​មួយ​ដែល​បង្កើត​ឡើង​ដោយ​យក​ក្បាច់​របាំ​បូរាណ​ ពាក្យ​ពេចន៍​នឹង​ភ្លេង​ខ្មែរ​ ទៅ​លាយ​ជា​មួយ​ភ្លេង Gymnopedies របស់​អ្នក​និពន្ធ​បទ​ភ្លេង​នឹង​តន្ត្រីករ Piano ជាតិ​បារាំង, លោក Erik​ Satie នៅ​ឆ្នាំ​១៨៨៧ ។

“គោល​បំណង​ធំ​នៃ​របាំ​ “Khmeropedies” គឺ ​ជា​ការ​ចែក​រំលែក​នូវ​ការ​ពិសោធន៍​របស់​ខ្ញុំ​ ជា​អ្នក​របាំ​នៅ​បស្ចិម​ប្រទេស​ ជា​មួយ​អ្នក​របាំ​ក្បាច់​បូរាណ​ខ្មែរ​ ដែល​របាំ​ទាំង​ពីរ​នេះ​មាន​ក្បាច់​រាំ​ខុស​គ្នា​ស្រឡះ​ ហើយ​ចង់​ឃើញ​ថា​តើ​សិល្បះ​ទាំង​ពីរ​នេះ​អាច​រស់​ជា​មួយ​គ្នា​បាន​ដែរ​ឬ​ទេ” ។

អ្នកស្រី ​ភួន​ ថ្លែង​ថា​គំនិត​ដើម​ដំបូង​នៃ​សិល្បះ​សហសម័យ​នេះ​ គឺ​ចង់​យក​របាំ​ក្បាច់​បូរាណ​ខ្មែរ​ទៅ​លាយ​ជា​មួយ​លំនាំ​ភ្លេង​នឹង​ក្បាច់​ រាំ​ផ្សេងៗ​ទៀត​ ប៉ុន្តែ​នៅ​រក្សា​លក្ខណៈ​មួយ​ដែល​ទស្សនិកជន​ដឹង​ថា​ចេញ​ពី​របាំ​របស់​ខ្មែរ ។

នាង ​ជ័យ ចាន់កេត្យា​ អ្នក​របាំ​ក្បាច់​បូរាណ​ខ្មែរ​ម្នាក់​ ដែល​បាន​ទទួល​អាហារូបករណ៍​សំរាប់​ចាត់​ចែង​រៀប​ចំ​ក្បាច់​សិល្បៈ ​ពី​សាកល​វិទ្យាល័យ UCLA នៅ​ទី​ក្រុង Los Angeles រដ្ឋ California ហើយ ​ថ្មីៗ​នេះ​នាង​ទើប​បាន​បញ្ចប់​កម្មវិធី​សិក្ខាសាលា​អំពី​មហោស្រព​សិល្បៈ​នៅ ​ប្រទេស​សឹង្ហបូរី ​ បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ជា​ការ​ប្រសើរ​ណាស់​ដែល​សិល្បករ​ខ្មែរ​បាន​រួម​ចំណែក​នៅ​ក្នុង​ ព្រឹត្តិការណ៍​ដូច​ជា​មហោស្រព​សិល្បៈ Festival​ of​ Arts ​&​ Ideas ជា​ដើម​នេះ​ ពីព្រោះ​ព្រឹត្តិការណ៍​ទាំង​នេះ​ ផ្តល់​នូវ​បរិយាកាស​សំរាប់​ការ​អភិវឌ្ឍន៍​សិល្បៈ​របស់​ខ្លួន។

“យើង​គ្រាន់​តែ​យក​ក្បាច់​បូរាណ​ទៅ​ថែម​ជា​មួយ​បច្ចេកទេស​ទំនើប​ដោយ​មិន​បាន​ ធ្វើ​អ្វី​ឲ្យ​ខូច​ដល់​សិល្បៈ​ដើម​របស់​ខ្មែរ​ទេ ។​ និស្សិត​ក្មេងៗ​នៅ​ក្នុង​របាំ​បូរាណ​ មាន​របាំ​ល្ខោន​ខោល​ជា​ដើម​ ចង់​អភិវឌ្ឍន៍​នូវ​ទម្រង់​របាំ​របស់​ខ្លួន​ ដូច្នេះ​ទើប​ពួក​គេ​ព្យាយាម​ចង់​ធ្វើ​ឲ្យ​មាន​ទម្រង់​ថ្មី​ ប៉ុន្តែ​ក្រុម​អ្នក​គ្រូ​ចាស់ៗ​មិន​បាន​ជួយ​ជ្រោម​ជ្រែង​ពួក​យើង​ទេ​ហើយ​ក៏​ មិន​បាន​បដិសេធ​ដែរ ។​ នៅ​ក្នុង​របាំ​“Khmeropedies” នេះ​ យើង​បាន​យក​ក្បាច់​របាំ​បូរាណ​ ក្បាច់​ល្ខោន​ខោល​ មក​លាយ​ជា​មួយ​ក្បាច់​សហ​សម័យ​ហៅ Contemporary ឲ្យ​ចេញ​ជា​ទម្រង់​ក្បាច់​មួយ​យ៉ាង​ថ្មី​ស្រឡាង” ។

នាង​ ជុំវ៉ាន់ សុដាជីវី​ ជា​តារា​ឯក​នៅ​ក្នុង​របាំ​ “Khmeropedies” ភាគ​ទី​មួយ​ បាន​ចូល​ហាត់​រាំ​របាំ​ក្បាច់​បូរាណ​ខ្មែរ​នៅ​ឆ្នាំ​១៩៩៤ ។​ នាង​បាន​ហាត់​ក្បាច់​តួ​នាយ​រោងឬ​រាំ​តួ​ប្រុស​ របាំ​ប្រជាប្រីយ៍​ នឹង​របាំ​ស្បែក​ធំ​ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្រុង​ភ្នំពេញ ។​ នាង​ សុដាជីវី ​បាន​ចូល​រួម​ក្នុង​មហោស្រព​របាំ​អន្តរជាតិ​ជា​ច្រើន​លើក​ ព្រម​ទាំង​បាន​ចូល​រួម​សិក្ខាសាលា​ជា​មួយ​ក្រុម​សិល្បករ​អន្តរជាតិ​មក​ពី​ ប្រទេស​ឥណ្ឌា​ ឥណ្ឌូណេស៊ី​ សរអ​ នឹង​ ក្រុម​សម្ព័ន្ធ​របាំពិភពលោក​ជា​ច្រើន​លើក​ផង​ដែរ ។

“របាំ​“Khmeropedies I” សម្តែង​ដោយ​សិល្បករ​ម្នាក់​ “Khmeropedies II” សម្តែង ​ដោយ​សិល្បករ​បួន​នាក់ ។​ ការ​សម្តែង​របាំ​នេះ​មើល​ទៅ​ឃើញ​ប្លែក​ ប៉ុន្តែ​ទ្រង់​ទ្រាយ​សិល្បៈ​នៅ​តែ​មាន​លក្ខណៈ​ជា​ខ្មែរ ។​ ទស្សនិកជន​បរទេស​ដែល​ធ្លាប់​ស្គាល់​របាំ​ក្បាច់​បូរាណ​ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លះ​ដែរ​ ប៉ុន្តែ​គេ​បាន​សរសើរ​ចំពោះ​កិច្ច​ការ​ថ្មី​របស់​យើង​ ថា​ជា​ផលិតកម្ម​ថ្មី​មួយ​ចេញ​ពី​សិល្បៈ​ខ្មែរ​ ដែល​មិន​លួច​ចម្លង​ពី​គេ” ។

នៅ​ក្នុង​ភាគ​ទី​ពីរ​នៃ​របាំ ​“Khmeropedies” អ្នកស្រី ​ ភួន​ និយាយ​ថា​ ជា​ការ​សម្តែង​ឆាក​មួយ​ ដែល​គ្រូ​របាំ​នឹង​សិស្ស​របាំ​បី​នាក់​សន្ទនា​គ្នា​អំ​ពី​ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​ចង់​បាន​ការ​ពិសោធន៍​ជា​មួយ​នឹង​ក្បាច់​របាំ​ដទៃ​ទៀត​ បើ​ក្បាច់​របាំ​បូរាណ​ខ្មែរ​មាន​ស្រាប់​យ៉ាង​ល្អ​ឯកមាន​គេ​ស្គាល់​រួច​ទៅ​ហើយ​នោះ ។

អ្នក​របាំ​បួន​នាក់​ដែល​ត្រូវ​សម្តែង​របាំ​ “Khmeropedies” នៅ​ទី​ក្រុង New York គឺ​អ្នកគ្រូ​ សំ សត្យា​ នាង​ ជុំវ៉ាន់ សុដាជីវី​ នាង​ ជ័យ ចាន់កេត្យា​ នឹង​លោក​ ផុន សុភាព ៕

XS
SM
MD
LG