អតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានត្រឡប់មកប្រើបណ្ដាញសង្គមហ្វេសប៊ុកវិញហើយ នៅថ្ងៃអាទិត្យម្សិលមិញ ដោយអះអាងថា បណ្តាញសង្គមដ៏ធំមួយនេះ បានផ្តល់យុត្តិធម៌ដល់លោក ដោយមិនបានផ្អាកគណនីរបស់លោក បន្ទាប់ពីលោកបានបង្ហោះសារដែលមានខ្លឹមសារគំរាមកំហែងហិង្សាលើបណ្តាញសង្គមនេះរួចមក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ៊ុន សែន បាននិយាយនៅក្នុងសារបង្ហោះថា បណ្តាញសង្គមហ្វេសប៊ុក បានទាត់ចោលនូវអនុសាសន៍មួយរបស់ក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុននេះ ដើម្បីផ្អាកគណនីរបស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូគំរាមវាយគូប្រជែងរបស់លោករួចមក។
«ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ ... បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុកទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ»។ នេះបើតាមសារបង្ហោះរបស់លោក ហ៊ុន សែនកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយលោកនិយាយយោងទៅដល់ក្រុមប្រឹក្សាត្រួតពិនិត្យ Oversight Board នៃក្រុម Meta។
ទំព័រហ្វេសប៊ុកដ៏ពេញនិយមរបស់លោក ហ៊ុន សែន ដែលមានអ្នកតាមដានមើលរហូតដល់ ១៤ លាននាក់នោះ ត្រូវបានដំណើរការឡើងវិញកាលពីខែកក្កដាកន្លងទៅ ប៉ុន្តែនៅពេលនោះ ជំនួយការបណ្តាញសង្គមរបស់លោកអះអាងថា លោកទេជាអ្នកគ្រប់គ្រងផ្ទាល់ជំនួសលោក ហ៊ុន សែន។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក មិនបានឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន AFP នោះឡើយ៕