ការសម្លាប់សាច់សុនខយកសាច់លក់ ដើម្បីធ្វើម្ហូបត្រូវបានបង្ក្រាបនៅក្នុងប្រទេសកម្ពុជា នៅពេលអាជ្ញាធរបង្កើនការប្រឹងប្រែងបង្ក្រាបការសម្លាប់សត្វដ៏ស្មោះត្រង់នឹងម្ចាស់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
កន្លែងសម្លាប់សត្វសុនខយកសាច់លក់ ដើម្បីធ្វើម្ហូបមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម ដែលបានសម្លាប់សត្វសុនខជាង ១ លានក្បាលបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការជួញដូរសាច់សត្វសុនខ។
ជារៀងរាល់ឆ្នាំ សត្វសុនខរវាងពី ២ លានទៅ ៣ លានក្បាល ត្រូវបានសម្លាប់យកសាច់លក់សម្រាប់ធ្វើម្ហូប។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការ Four Paws ដែលសង្គ្រោះសត្វ។ នៅក្នុងទីក្រុងភ្នំពេញ មានភោជនីយដ្ឋានជាង ១០០ កន្លែងដែលលក់សាច់សត្វសុនខ។
ទីតាំងលក់សាច់សត្វសុនខដ៏ធំមួយនៅស្រុកស្គន់ គឺជាប្រភពនៃការលក់ចែកចាយសាច់សត្វសុនខនៅរាជធានីភ្នំពេញ ប៉ុន្តែលោក អ៊ុក ម៉ុល អតីតយុទ្ធជន អាយុ ៥០ ឆ្នាំ ដែលជាម្ចាស់អាជីវកម្មសាច់សត្វសុនខនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកនឹងឈប់សម្លាប់សត្វសុនខយកសាច់លក់តទៅទៀតហើយ។
ចាប់តាំងពីលោកបានបើកអាជីវកម្មនេះ កាលពីឆ្នាំ ១៩៩៥ អាជីវកម្មរបស់លោកបានរីកកាន់តែធំ។លោកថា អាជីវកម្មនេះបានសម្លាប់សត្វសុនខជាង ១ លានក្បាល ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ។
«ខ្ញុំចង់ឈប់រកស៊ីមុខរបរនេះហើយ ព្រោះខ្ញុំកាន់តែចាស់ ហើយមនុស្សជាច្រើនគេរិះគន់ខ្ញុំអំពីការលក់សាច់ឆ្កែ។ ខ្ញុំខ្មាស់ខ្លួនឯង»។
នៅផ្ទះលក់សាច់សុនខនេះ មានទ្រុងជាច្រើនដែលដាក់សត្វសុនខ មានអាងទឹកពីរដែលប្រើសម្រាប់ជ្រមុជសម្លាប់សត្វសុនខ មានជញ្ជីង មានឧបករណ៍រោលរោមសុនខ។ អាជីវកម្មមួយនេះសម្លាប់សត្វសុនខយ៉ាងតិច ២០០ ក្បាលក្នុងមួយថ្ងៃ។
កាលពីថ្ងៃព្រហស្បតិ៍ នៅពេលអាជីវកម្មនេះត្រូវបិទទ្វារ គេឃើញសត្វសុនខ ១៦ ក្បាល ដែលជាប់ក្នុងទ្រុង។ សកម្មជនការពារសិទ្ធិសត្វ Four Paws បានជួយសង្គ្រោះសត្វសុនខទាំងនោះ ហើយបញ្ជូនពួកវាទៅកន្លែងមើលថែ។ សាធារណជនអាចយកសត្វទាំងនេះទៅចិញ្ចឹម នៅក្រៅប្រទេស។
លោក អ៊ុក ម៉ុល និងក្រុមគ្រួសារ បានសម្រេចចិត្តឈប់ធ្វើអាជីវកម្មនេះ បន្ទាប់ពីក្រុមយុទ្ធនាការប្រចាំអង្គការ Four Paws សង្គ្រោះសត្វ បានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារលោក ឲ្យបើកអាជីវកម្មលក់គ្រឿងទេសវិញ។
អ្នកស្រី សៅ ផល្លី ភរិយារបស់លោក អ៊ុក ម៉ុល បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ្នកស្រីរីករាយដែលបានដកខ្លួនចេញពីអាជីវកម្មនេះ។
«យើងតែងតែបារម្ភពីកម្មពៀរ ព្រោះយើងសម្លាប់សត្វ។ អ្នកជិតខាងគេមើលមកយើងក្នុងផ្លូវមិនល្អ»។
កាលពីឆ្នាំមុន ក្រុងសៀមរាបបានដាក់បម្រាមមិនឲ្យមានការជួញដូរសាច់សត្វសុនខ។ បម្រាមនោះគឺជាជោគជ័យសម្រាប់ក្រុមយុទ្ធនាការការពារសិទ្ធិសត្វ ដែលបាននិយាយថា ក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជានោះ ជាទីតាំង «សំខាន់» នៃការលក់សាច់សត្វសុនខ។
ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍បរិភោគសាច់សត្វសុនខ ដែលជាប្រភពប្រូតេអ៊ីនមានតម្លៃតម្លៃថោក ហើយការបរិភោគសាច់សត្វសុនខនេះពេញនិយមនៅប្រទេសវៀតណាមខ្លាំងជាងប្រទេសកម្ពុជា៕