នៅតាមផ្លូវទៅកាន់ភ្នំមួយដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទិសនិរតីនៃរាជធានីភ្នំពេញបុរសមួយក្រុមកំពុងរៀនសូត្រអំពីប្រវត្តិសាស្ត្រជូរចត់របស់ប្រទេសដែលពួកគេត្រូវបានបញ្ជូនទៅវិញ។
អំពើឃោរឃៅរបស់ខ្មែរក្រហមដែលពួកគេទើបនឹងដឹងបានឆ្លុះបញ្ចាំងឲ្យឃើញពីកន្លែងនរកដែលឪពុកម្តាយរបស់ពួកគេបាននាំពួកគេចេញពីទីនេះ នៅពេលដែលពួកគេជាកុមារកាលពីប៉ុន្មានទសវត្សរ៍កន្លងមក នៅពេលឪពុកម្តាយពួកគេធ្វើដំណើរទៅកាន់តំបន់ជនភៀសខ្លួននៅសហរដ្ឋអាមេរិក។
សិស្សនៅថ្ងៃនេះគឺជាពួកអ្នកដែលត្រូវបានសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។ ពួកគេគឺជាកូនៗរបស់ក្រុមជនភៀសខ្លួនខ្មែរហើយពួកគេបានជាប់ពាក់ព័ន្ធនៅក្នុងប្រព័ន្ធបទល្មើសព្រហ្មទណ្ឌរបស់អាមេរិក។ ពួកគេបានធំដឹងក្តីនៅទីនោះហើយត្រូវបានចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញ ដោយសារតែការកាត់ទោសពីបទឧក្រិដ្ឋ នៅក្រោមគោលនយោបាយតាំងទីលំនៅឡើងវិញដ៏ចម្រូងចម្រាសមួយ។
គ្រូប្រវត្តិសាស្ត្ររបស់ពួកគេគ៏ជាអ្នកត្រូវបានចាប់បញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញដែរ។ ពួកគេជាក្រុមមនុស្សដែលព្យាយាមកសាងអនាគតថ្មីមួយសម្រាប់ខ្លួនឯង។ ពួកគេនិយាយថា ការរៀនសូត្ររបស់ពួកគេក្នុងដំណើរកម្សាន្តចុងសប្តាហ៍គឺប្រឈមនឹងបញ្ហាជាច្រើនហើយនាំឲ្យពួកគេរៀនសូត្របានច្រើនតាមរយៈបទពិសោធន៍នេះ។
លោក Jimmy Heim ជាសហស្ថាបនិកនៃក្រុមហ៊ុន Zin ដែលជាក្រុមហ៊ុនទេសចរណ៍បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំមុន ដោយមនុស្ស៥នាក់ដែលត្រូវបានចាប់បញ្ជូនខ្លួនមកកម្ពុជាវិញ។
លោកនិយាយថា៖ «តាមពិតទៅ នៅពេលដែលខ្ញុំពន្យល់ពីអ្វីដែលបានកើតឡើង ពួកគេបើកភ្នែក និងហាមាត់ធំៗ។ ពួកគេហាក់ដូចជាចង់និយាយថាពួកគេមិនដែលដឹងរឿងហ្នឹងទាល់តែសោះ»។
នៅតាមផ្លូវទៅភ្នំមួយ ពួកគេបានចូលលេងវត្តស្ងួនពេជ្រ ដែលធ្លាប់ជាពន្ធនាគារមួយរបស់ខ្មែរក្រហម ក្នុងចំណោមពន្ធនាគារជាង២០០ នៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មនុស្ស ដែលគេយល់ថាជាសត្រូវនៃរបបខ្មែរក្រហម។ មនុស្សរាប់រយនាក់ត្រូវបានគេជឿថាត្រូវបានពួកខ្មែរក្រហមសម្លាប់នៅទីនោះ។
លោក Heim បានរៀបរាប់រឿងរ៉ាវពីការលះបង់ព្រះជន្មរបស់ព្រះសង្ឃមួយអង្គដែលបានព្យាយាមបង្អាក់ការប្រយុទ្ធគ្នាដោយគង់កណ្តាលសមរភូមិប្រយុទ្ធរវាងកងកម្លាំងរដ្ឋាភិបាលនិងខ្មែរក្រហមនៅមុនពេលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាទាំងមូល។
បន្ទាប់មក ពួកគេឈប់ចតនៅវត្តអំពែភ្នំដែលជាវត្តមួយទៀតដែលខ្មែរក្រហមបានយកមកធ្វើជាពន្ធនាគារ។ លោក Heim និយាយថា មានមនុស្សជាង៤ពាន់នាក់ត្រូវបានសម្លាប់នៅទីនោះ។
កន្លែងភាគច្រើនដែលពួកគេទៅទស្សនាជាកន្លែងសាហាវមានដូចជាជំរំធ្វើទារុណកម្ម ដែលមនុស្សរាប់ពាន់នាក់ត្រូវបានគេធ្វើទារុណកម្មនៅទីនោះ បង្អត់អាហារ និងត្រូវបានសម្លាប់ដោយសារតែការសម្លាប់រង្គាលក្រោមរបបខ្មែរក្រហមនៅក្នុងទសវត្សរ៍១៩៧០។
ប៉ុន្តែមគ្គទេសក៍ទេសចរណ៍របស់ក្រុមហ៊ុន Zin កំពុងយករឿងដ៏សោកសៅនេះ និងការចាប់បញ្ចូនខ្លួនពួកគេមកប្រទេសកម្ពុជាវិញ ដើម្បីបង្កើតទៅជារឿងវិជ្ជមានមួយគឺការបង្កើតការងារសម្រាប់មនុស្សដែលកំពុងតែត្រូវការងារធ្វើជាបន្ទាន់។
នៅក្នុងដំណើរកម្សាន្តនេះ ពួកគេបានទៅសួនឧទ្យានគីរីរម្យ ដែលជាភ្នំដ៏ទាក់ទាញមួយនៅក្នុងព្រៃ ដែលត្រូវបានខ្មែរក្រហមយកធ្វើជាជំរំទាហាន។ នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុននេះក៏ធ្វើដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ ដោយណែនាំអ្នកទេសចរណ៍ឲ្យស្គាល់ពីស្ថាបត្យកម្មដែលគេមិនសូវស្គាល់ ដូចជាព្រះវិហារបុរាណ និងព្រះវិហារចិនជាច្រើន។
លោក Heim ដែលជាសមាជិកនៃក្រុមគាំទ្រអ្នកត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជាមួយហៅថា ក្តីស្រឡាញ់មួយសម្រាប់កម្ពុជា ឬ 1Love Cambodia និយាយថា គម្រោងនេះ ទើបតែចាប់ផ្តើម ហើយកំពុងតែពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីបង្កើតការងារចំនួន៤០ដល់អ្នកត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជា។ អ្វីដែលសំខាន់គឺថា ពួកគេធ្វើការជាមួយនឹងក្រុមហ៊ុនទេសចរណ៍ធំៗដែលលក់កញ្ចប់នៃសេវាធ្វើដំណើរកម្សាន្តដែលមានតម្លៃរាប់ពាន់ដុល្លារ។
សម្រាប់អ្នកដទៃ វាគ្រាន់តែជាការជួយពួកគេឲ្យមានភាពស្និទស្នាលនៅក្នុងបរិស្ថានថ្មីដែលគួរឲ្យខ្លាចមួយតែប៉ុណ្ណោះ។
លោក Heim បាននិយាយថា «សម្រាប់មនុស្សភាគច្រើននៅទីនេះ នៅពេលពួកគេមកដល់ ពួកគេមានការភ័យខ្លាច។ ពួកគេមិនចង់ចេញទៅណានោះទេ។ ពួកគេខ្លាច និងមិនចង់ចេញពីផ្ទះនោះទេ»។
ការងារគឺបញ្ហាមួយក្នុងចំណោមបញ្ហធំៗជាច្រើនសម្រាប់អ្នកដែលព្យាយាមជួយដល់ពលរដ្ឋខ្មែររាប់រយនាក់ដែលត្រូវបានគេបង្ខំឲ្យត្រឡប់មកប្រទេសកម្ពុជាវិញតាំងពីឆ្នាំ២០០២មក។
ទោះបីជាសេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងរយៈពេលពីរទសវត្សរ៍នេះក៏ដោយក៏នៅមិនទាន់មានការបង្កើតការងារផ្សេងៗឲ្យបានច្រើនប្រភេទនិងក៏មានការខ្វះការងារធ្វើផងដែរ។
ស្ថានភាពការងារមានភាពអាក្រក់យ៉ាងខ្លាំងបណ្តាលឲ្យមនុស្សជាង១លាននាក់បានចាកចេញពីប្រទេសដើម្បីស្វែងរកការងារធ្វើនៅប្រទេសជិតខាង។ ប្រាក់ឈ្នួលសម្រាប់អ្នកធ្វើការនៅក្នុងប្រទេសអាចចាប់ផ្តើមតិចជាង១០០ដុល្លារក្នុងមួយខែ។
ប្រវត្តិនៃការមានទោសបទល្មើសព្រហ្មទណ្ឌធ្វើឲ្យពួកអ្នកដែលត្រូវបញ្ជូនទៅកម្ពុជាវិញពិបាករកការងារធ្វើហើយស្នាមសាក់ជាច្រើននៅលើខ្លួនពួកគេក៏មិនបានជួយពួកគេទេ។ពួកគេរងគ្រោះដោយសារបញ្ហាចិត្តសាស្ត្រ ដោយសារការជាប់ពន្ធនាគារយូរ ការបាក់ទឹកចិត្ត ការព្រួយបារម្ភ ការភ័យខ្លាចដោយគ្មានមូលហេតុនិងភាពងាយញៀននឹងអ្វីមួយ។ ពួកគេមានបញ្ហាចិត្តសាស្ត្រកាន់តែខ្លាំង នៅពេលដែលពួកគេបានដឹងថា ពួកគេទំនងនឹងមិនបានជួបគ្រួសាររបស់ពួកគេនៅលើទឹកដីអាមេរិកវិញនោះទេ។
អ្នកខ្លះអាចនិយាយភាសាខ្មែរបានល្អគ្រាន់បើ ទោះណាការបញ្ចេញសំឡេងរបស់ពួកគេបង្ហាញច្បាស់ថា ពួកគេជាជនបរទេសក៏ដោយ។ នេះជាលទ្ធផលនៃទំនោរនៃការប្រើប្រាស់ភាសា និងគម្លាតភាសា ដែលកើតមានឡើងនៅពេលពួកគេបង្ខំចិត្តនិយាយភាសាដែលគេនិយាយនៅក្នុងសហរដ្ឋអាមេរិក។ ភាពស្ទាត់ជំនាញរបស់ពួកគេក្នុងភាសាអង់គ្លេសហើយនឹងភាពទុកចិត្តខ្លួនឯងនៅពេលនិយាយជាសាធារណៈគឺជាចំណុចពិសេសពីររបស់ពួកគេ។
នៅក្នុងដំណើរកម្សាន្តនេះ ក្រុមហ៊ុន Zin បានធ្វើការវាយតម្លៃលើជំនាញរបស់អ្នកត្រូវបានគេចាប់បញ្ជូនខ្លួនចំនួន១៦នាក់។ ម្នាក់ក្នុងចំណោមពួកគេគឺ Sang Nin ដែលមានវ័យ៤០ឆ្នាំ និងត្រូវបានគេចាប់បញ្ជូនខ្លួន ដោយសារតែមានបទល្មើសមួយចំនួនដែលលោកនិយាយថា លោកបានប្រព្រឹត្តកាលពីជាង២០ឆ្នាំមុន។
លោក Nin ដែលបានចាកឆ្ងាយពីកូន៤នាក់នៅសហរដ្ឋអាមេរិកបាននិយាយថា «ខ្ញុំមិនមានទំនាក់ទំនងជាមួយនឹងសាច់ញាតិរបស់ឪពុកម្តាយខ្ញុំទេ ហើយមិនដឹងថា ត្រូវស្វែងរកពួកគេដោយរបៀបណានោះទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចកសាងជីវិតថ្មីនៅលើទឹកដីកម្ពុជា ដោយព្យាយាមរកការងារធ្វើដើម្បីចិញ្ចឹមជីវិតនៅទីនេះ»។
នៅវត្តអំពែភ្នំ គ្រូទាយ១រូបបានប្រាប់ Nin លោកអាចនឹងមានសំណាងល្អ។
គ្រូទាយនោះនិយាយថា «អតីតកាលរបស់អ្នកពិតជាកំសត់ណាស់ ប៉ុន្តែអ្នកនឹងមានភាពល្អប្រសើរទៅៗ ចាប់ពីនេះតទៅ»។
គ្រូទាយនោះពិតជាទាយឆុតមែន។ នៅចុងសប្តាហ៍នោះ លោកត្រូវក្រុមហ៊ុន Zin ផ្តល់ការងារឲ្យធ្វើជាមគ្គទេសក៍ទេសចរណ៍ថ្មីរបស់ក្រុមហ៊ុន៕