ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នករិះគន់រដ្ឋាភិបាល កំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរតាមរយៈការអនុវត្តច្បាប់ ដែលមាន«លក្ខណៈគាបសង្កត់» និងវិធានការតាមដានឃ្លាំមើលរបស់អាជ្ញាធរកាន់តែធ្ងន់ធ្ងរ ជាពិសេសអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិមួយមានឈ្មោះថា The Observatory for the Protection of Human Rights Defenders។
ក្រុមអង្គការសិទ្ធិមនុស្សនេះបានបញ្ចេញរបាយការណ៍ចុងក្រោយថ្មីមួយ ដែលពណ៌នាលម្អិតអំពីការកើនឡើងនៃការគាបសង្កត់កាន់តែខ្លាំងឡើងមកលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ដីធ្លី និងអ្នកសារព័ត៌មាន។ របាយការណ៍បង្ហាញថា ការរាតត្បាតនៃវីរុសកូរ៉ូណា ដែលបានចាប់ផ្តើមតាំងពីខែមីនាមកនោះ បានផ្តល់ឲ្យរដ្ឋាភិបាលនូវឧបករណ៍ និងទឡ្ហីករណ៍បន្ថែម ដើម្បីបង្កើនការបង្រ្កាបអ្នកដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។ របាយការណ៍ដែលមានចំណងជើងថា «ទ្រោមខ្លួន តែមិនចុះចាញ់» ឬ DOWN, BUT NOT OUT នេះ បានពណ៌នាថា ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺជាឆុតឆាកចុងក្រោយនៃការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីបំបិទលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល។
របាយការណ៍ដែលមានកម្រាស់៣៦ទំព័រនេះ កត់សម្គាល់ថា ជាច្រើនឆ្នាំកន្លងមកនេះអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលកម្ពុជាភ្ជាប់ទៅនឹង«បដិវត្តន៍ពណ៌»មួយ ហើយត្រូវបានចោទថា ដឹកនាំដោយគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។
របាយការណ៍បញ្ជាក់ថា៖ «លំហសង្គមស៊ីវិលបានរួមតូចបន្ថែមទៀតចាប់តាំងពីរដ្ឋាភិបាលផ្តួចផ្តើមការបង្ក្រាបរបស់ខ្លួននៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ហើយគិតចាប់តាំងពីពេលនោះមក ក្រុមអ្នកការពារសិទ្ធិមនុស្សបានធ្វើការក្នុងបរិយាកាសគាបសង្កត់ដែលមិនធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ»។
នៅក្នុងការចេញផ្សាយរបាយការណ៍នេះអង្គការ The Observatory for the Protection of Human Rights Defenders បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយបានស្រង់សម្តីអគ្គលេខាធិការរបស់អង្គការដដែលនេះ គឺលោក Adilur Rahman Khan ក្នុងន័យដើមថា៖ «ក្នុងប្រទេសកម្ពុជា បុគ្គលនិងសហគមន៍ជាច្រើនត្រូវបានគេវាយប្រហារជាប្រក្រតី និងធ្វើឲ្យក្លាយជាឧក្រិដ្ឋជនសម្រាប់ការពារសិទ្ធិមនុស្ស។ អាជ្ញាធរកម្ពុជាត្រូវតែកែប្រែការអនុវត្តដែលមិនអាចទទួលយកបានរបៀបនេះ ដោយអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល បានធ្វើការងារដោយសុវត្ថិភាពនិងទទួលស្គាល់ភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្ស ព្រោះបើមានអ្នកក្រោកឈរកាន់តែច្រើនដើម្បីសិទ្ធិមនុស្សនោះ នោះការអភិវឌ្ឍនិងយុត្តិធម៌សង្គមនឹងមានសម្រាប់មនុស្សទូទៅ»។
របាយការណ៍បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៤មក រដ្ឋាភិបាលកម្ពុជាបានអនុវត្តច្បាប់ដែលមានលក្ខណៈបង្កហានិភ័យជាច្រើន ហើយបានធ្វើវិសោធនកម្មបទបញ្ញត្តិដែលកំពុងមានស្រាប់ដើម្បីរាំងខ្ទប់និងដាក់ទោសទណ្ឌលើការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយការកាត់បន្ថយគួរឲ្យកត់សម្គាល់នូវលំហសម្រាប់អង្គការក្រៅរដ្ឋាភិបាល សហជីពនិងធ្វើឲ្យការងាររបស់អ្នកការពារសិទ្ធិមនុស្សមិនមានភាពស្របច្បាប់។ របាយការណ៍សង្កត់ធ្ងន់ថា៖ «ជាលទ្ធផល អ្នកការពារសិទ្ធិមនុស្សជាច្រើនបានប្រឈមការយាយីតាមផ្លូវច្បាប់និងការជាប់ឃុំឃាំងកាន់តែច្រើនឡើង»។
អង្គការ The Observatory for the Protection of Human Rights Defenders ក៏បានពិនិត្យទៅលើច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលជាច្បាប់ទើបតែត្រូវបានរដ្ឋសភាអនុម័តក្នុងគ្រាមានការឆ្លងជំងឺកូវីដ១៩។
អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស និងប្រទេសបារាំងនេះនិយាយថា ច្បាប់នេះ «នឹងនាំទៅរកការឲ្យមានការរាំងខ្ទប់បន្ថែមនូវសិទ្ធិស៊ីវិលនិងសេរីភាពផ្សេងទៀត ដូចជាសេរីភាពដើរហើរ ការបញ្ចេញមតិ ការជួបប្រជុំ និងការប្រមូលផ្តុំដោយសន្តិវិធី ក៏ដូចជាសិទ្ធិក្នុងការជូនដំណឹង ឬ ត្រូវបានជូនដំណឹង»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានការពារវិធានច្បាប់របស់កម្ពុជា ដោយថា អ្នករិះគន់មិនបានដឹងលម្អិតអំពីនីតិវិធីដែលមានជាធរមាននៅកម្ពុជានោះទេ។ លោកមានប្រសាសន៍ថា វិធានការច្បាប់ដែលធ្វើទៅលើក្រុមអ្នកការពារសិទ្ធិមនុស្សនោះ គឺផ្អែកទៅតាមមូលដ្ឋានច្បាប់ដែលគាំទ្រដល់ការបង្ក្រាបបទលើ្មសជាក់លាក់។
«ក្រុមសកម្មជនមួយចំនួនដែលប្រឈមមុខនឹងផ្លូវច្បាប់ដោយសារតែមានមូលដ្ឋានគ្រប់គ្រាន់បញ្ជាក់ថា គេបានប្រព្រឹត្តបទល្មើស។ អ៊ីចឹងគួរតែពិចារណាទៅលើសកម្មភាព និងទិដ្ឋភាពច្បាប់ផងថា តើមានមូលដ្ឋានច្បាប់អីខ្លះដែលគេចោទប្រកាន់ហ្នឹងមិនថាក្នុងស្ថានភាពកូវីដ ឬ ក៏មិនកូវីដនោះទេ»។
ទាក់ទិននឹងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះលោក ជិន ម៉ាលីន លើកឡើងថា ច្បាប់នេះបង្កើតឡើងដើម្បីការពារសុវត្ថិភាពសុខភាពសាធារណៈ។
ទោះជាយ៉ាងណា លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា សិទ្ធិមនុស្សនៅកម្ពុជានៅពេលនេះ គឺស្ថិតក្នុងស្ថានភាពអាក្រក់មួយ ព្រោះគ្រាន់តែការជួបជុំតស៊ូមតិដែលមានចំនួនមនុស្សតិចតួច ក៏រងការរំខានពីអាជ្ញាធរដែរ។ លោកលើកឧទាហរណ៍ថា សកម្មភាពរបស់ក្រុមយុវជនការពារបរិស្ថានមួយក្រុម ដែលជិះកង់ស្វែងរកការគាំទ្រពីមហាជន ដើម្បីការពារតំបន់កោះកុងក្រៅ និងការជួបជុំរំឭកខួបការស្លាប់របស់អ្នកវិភាគនយោបាយមួយរូប គឺលោក កែម ឡី នោះសុទ្ធតែត្រូវបានរារាំង។
របាយការណ៍របស់អង្គការ The Observatory for the Protection of Human Rights Defenders ក៏បានលើកឡើងអំពីករណីក្តីក្តាំជាច្រើនរបស់សកម្មជនសិទ្ធិមនុស្ស និងអ្នកការសែត និងការចាប់ឃុំខ្លួនអ្នកការពារបរិស្ថានមួយចំនួន។ របាយការណ៍បានកត់ត្រាករណីចាប់ខ្លួនសកម្មជនការពារបរិស្ថានចុង ក្រោយមួយ គឺការចាប់ឃុំខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងសកម្មជនការពារព្រៃឈើបីនាក់ផ្សេងទៀតនៅតំបន់ព្រៃឡង់។
ចំណែកលោក គង់ រ៉ៃយ៉ា ដែលតែងរិះគន់រដ្ឋាភិបាល ហើយដែលត្រូវបានចងក្រងក្នុងរបាយការណ៍នេះដែរ មានប្រសាសន៍ថា លោកបានភៀសខ្លួនទៅក្រៅប្រទេស ដោយសារមិនអាចទ្រាំទ្របាននូវការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកម្ពុជា ខណៈលោក ត្រូវបានចោទប្រកាន់រឿងលក់អាវយឺតដែលមានរូបលោក កែម ឡី។
«បើសិនជាខ្ញុំនៅស្រុកខ្មែរ ទោះខ្ញុំធ្វើអីក៏ខុសដែរ ឲ្យតែខ្ញុំនៅតែបន្តបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជាហ្នឹង ជាពិសេស គឺរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាហ្នឹង។ អ៊ីចឹងហើយ ទើបខ្ញុំរត់គេច រត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសថៃនេះបាទ»។
លោកនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថា អាជ្ញាធរកម្ពុជាគ្រាន់តែបានអនុវត្តនីតិវីធីចាប់ខ្លួនតែទៅតាមដីការបស់តុលាការ និងបទល្មើសប៉ុណ្ណោះ។
«ការចាប់ខ្លួនគឺសុទ្ធតែអនុវត្តទៅតាមដីកាតុលាការ។ បើអត់មានរឿងអត់មានកំហុស គេអត់ចាប់ទេ។ នែ៎អានេះជាគោលការណ៍នែ៎! ហើយបើថា ចង់ដឹងថា ការចាប់ខ្លួនហ្នឹង វាត្រឹមត្រូវ មិនត្រឹមត្រូវអាហ្នឹងយើង អាឡូវប្រទេសនីតិរដ្ឋតើ! យើងឡើងតុលាការ។ យើងរកហេតុផលបំភ្លឺបង្ហាញទៅ!»
នៅក្នុងករណីចាប់ឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩នោះ លោកមានប្រសាសន៍ថា ការឃាត់ខ្លួន ធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យមានភាពវឹកវរក្នុងសង្គម។
បើតាមការបញ្ជាក់របស់លោក អំ សំអាត មន្រ្តីអង្គការលីកាដូ មានករណីឃាត់ខ្លួននិងឃុំខ្លួនមនុស្សមិនតិចជាង៣០ករណីទេ ពាក់ព័ន្ធទៅនឹងការអត្ថាធិប្បាយ និងចែករំលែកព័ត៌មាននានា ដែលមានទំនាក់ទំនងនឹងវិបត្តិជំងឺឆ្លងកូវីដ១៩នេះ៕